បក្សប្រឆាំងមួយចំនួន និងសង្គមស៊ីវិលជំរុញឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឡើងវិញនូវការអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដែលរដ្ឋសភាទើបតែបានអនុម័ត ដោយសារតែវិសោធនកម្មច្បាប់នេះនាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន។
ប្រតិកម្មទាំងនេះកើតមានឡើង បន្ទាប់ពីរដ្ឋសភា កាលពីថ្ងៃព្រហ្បតិ៍ទី២០ ខែសីហា បានធ្វើការបោះឆ្នោតអនុម័តដោយមានសំឡេងគាំទ្រលើសលប់លើ«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដោយកែសម្រួលមាត្រាចំនួន ៤ រួមមាន មាត្រា ៣៣, ៣៤, ៣៥ និង ៣៨។
ការធ្វើវិសោធនកម្មថ្មីនេះបានកំណត់តំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ បានទៅលើគណបក្សនយោបាយណាដែលទទួលបានសំឡេងឆ្នោត ពីរភាគបីនៃសំឡេងឆ្នោតសរុប ដែលជំរុញឱ្យមានក្ដីបារម្ភថា បក្សនយោបាយមានសំឡេងគាំទ្រតិច អាចបាត់បង់ក្នុងការចូលរួមកែលំអរនៅមូលដ្ឋាន។
វិសោធនកម្មច្បាប់ថ្មីនេះត្រង់មាត្រា៣៣ថ្មី ចែងថា បញ្ជីបេក្ខជនណាមួយបានសំឡេងពីរភាគបីនៃសំឡេងឆ្នោតសរុប ត្រូវជ្រើសរើស ឱ្យទទួលតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ តាមលំដាប់លេខរៀងក្នុងបញ្ជីបេក្ខជននោះ។
ចំណុចនេះ បានផ្ទុយពីមាត្រា៣៤ (ចាស់) ដែលចែងថា ការទទួលបានតំណែងមេឃុំ ឬចៅសង្កាត់ និងជំទប់/ចៅសង្កាត់រងទី១ និងជំទប់ចៅ/សង្កាត់រងទី២ ទាំងអស់ លុះត្រាតែឃុំសង្កាត់ណាដែលផ្ដល់សំឡេងគាំទ្រដល់បញ្ជីបេក្ខជនតែមួយ ដែលទទួលបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សា។
រីឯមាត្រា៣៣ (ចាស់) គូសបញ្ជាក់ថា ជំទប់/ចៅសង្កាត់រងទី១ និងជំទប់/ចៅសង្កាត់រងទី២ ត្រូវជ្រើសរើសចេញពីបេក្ខជនដែលមានឈ្មោះលេខរៀងលើគេនៃបញ្ជីបេក្ខជនដែលទទួលបានសំឡេងឆ្នោតលំដាប់ទី២ និងលំដាប់ទី៣។
បើតាម «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដែលរដ្ឋសភាទើបបានអនុម័តមាត្រា ៣៥ថ្មី ក៏បានបញ្ជាក់ដែរថា ក្នុងករណីដែលលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាមានបញ្ជីបេក្ខជនទទួលបានសំឡេងឆ្នោតស្មើគ្នា ការជ្រើសរើសសមាជិកក្រុមប្រឹក្សាឱ្យទទួលមុខតំណែងជាមេឃុំ ឬចៅសង្កាត់ ជំទប់/ចៅសង្កាត់រងទី១ និងជំនប់/ចៅសង្កាត់រងទី២ ត្រូវអនុវត្តផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សកម្លាំងជាតិកាលពីថ្ងៃសុក្រ ទី២១ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការសោកស្តាយ និងមិនគាំទ្រ ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នេះឡើយ។
គណបក្សប្រឆាំងមួយនេះបានចាត់ទុក ការកែប្រែនីតិវិធីនៃការជ្រើសរើសមេឃុំ និងជំទប់ទី១ និងជំទប់ទី២ បានទៅលើបក្សឈ្នះឆ្នោតច្រើនលើសលប់បែបនេះ ថានាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន ដែលនឹងធ្វើឱ្យមានអតុល្យភាពអំណាច និងងាយប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរមូលដ្ឋាន។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សកម្លាំងជាតិ បានស្នើទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ បង្អាក់ដំណើរការអនុម័តវិសោធនកម្មច្បាប់នេះ ដោយរក្សាទុកច្បាប់ចាស់ ឬបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈពីគ្រប់ភាគីពាក់ព័ន្ធសំដៅធានាឱ្យបាននូវការគោរពឆន្ទៈម្ចាស់ឆ្នោត។
ជាមួយគ្នានេះសមាជិកព្រឹទ្ធសភាកូតាគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា លើកឡើងថា បន្ទាប់ពីវិសោធនកម្មច្បាប់ថ្មីនេះ ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ គណបក្សប្រជាជនកម្ពុជាភាគច្រើនអាចនឹងទទួលបានតួនាទីនៅរដ្ឋបាលឃុំ-សង្កាត់ ។
ទន្ទឹមនឹងនេះលោក ថា អ្នកប្រជាធិបតេយ្យ និងបក្សក្រៅរដ្ឋាភិបាលក៏គួរតែដល់ពេលវេលាក្នុងការគិតគូររួបរួមគ្នាផងដែរ ដើម្បីធានាថា សំឡេងឆ្នោតដែលពលរដ្ឋបោះជូន មិនត្រូវបានបាត់បង់។
លោក និយាយថា៖ «ខ្ញុំគិតថា វាជាចំណុចមួយដែលជំរុញឱ្យគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសអ្នកប្រជាធិបតេយ្យផ្សេងៗហ្នឹង ត្រូវគិតគូរអំពីការរួបរួមគ្នា នៅពេលនេះ ដើម្បីធានាថាសំឡេង ឬសន្លឹកឆ្នោតរបស់ពលរដ្ឋដែលបានផ្ដល់ជូនខ្លួននោះមិនត្រូវបានគេទុកចោល»។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា យល់ថា បក្សដែលមានការគាំទ្រតិច អាចនឹងពិបាកក្នុងការប្រកួតប្រជែង ថែមទាំងបាត់បង់ឱកាស ក្នុងការបម្រើពលរដ្ឋ ដែលខុសពីច្បាប់ចាស់ដែលបានកំណត់។
លោក បន្តថា ប្រសិនបើទិដ្ឋភាពច្បាប់លម្អៀងលើបក្សមានសំឡេងគាំទ្រច្រើន នោះការប្រកួតប្រជែកក៏មិនស្មើភាពគ្នាផងដែរ។
លោក និយាយថា៖ «បើច្បាប់ចេញមកនៅក្នុងទម្រង់បែបនេះ វិសោធកម្មបែបនេះ វាធ្វើឱ្យគណបក្សតូចៗ គណបក្សក្រៅរដ្ឋាភិបាល កាន់តែបាត់បង់ឱកាស កាន់តែទន់ខ្សោយថែមមួយកម្រិតទៀត។ ចឹងទិដ្ឋភាព ស្មារតីច្បាប់ មានសារសំខាន់មែនទែន ធ្វើឱ្យមានភាពស្មើគ្នា»។
ដោយឡែក អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ថ្លែងថា លោកមិនមានអ្វីត្រូវអត្ថាធិប្បាយចំពោះមាត្រាដែលកំណត់សំឡេងពីរភាគបី កាន់មុខតំណែងសំខាន់នៅរដ្ឋបាលមូលដ្ឋានឡើយនិងថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងត្រៀមចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
លោកបន្ថែមថា សមាជិកសភាកូតាបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៤រូប រួមទាំងលោក ក៏បានបោះឆ្នោតគាំទ្រការធ្វើវិសោធកម្មច្បាប់នេះផងដែរ ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តមចក្រាវុធ ប្រធានគណបក្សពុំមានព្រះរាជវត្តមាននោះទេ ក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃព្រហ្បតិ៍ ដោយសារទ្រង់ជាប់បេសកម្ម។
យ៉ាងណាក្តី អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធ អះអាងថា ការធ្វើវិសោធកម្មច្បាប់នេះ ផ្អែកលើផលប្រយោជន៍ជាតិ ហើយមិនបានផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
លោកបន្ថែមថា ការសម្ដែងក្ដីបារម្ភ ឬកង្វល់អ្វីមួយរបស់អ្នកនយោបាយបក្សជំទាស់ គឺគ្រាន់តែជារឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យ។ បន្ថែមពីលើនេះ លោកក៏ផ្ដាំទៅបក្សប្រឆាំងទាំងនោះថា កុំបារម្ភប្រសិនបើពួកគេទទួលបានសំឡេងគាំទ្រច្រើនពីពលរដ្ឋ នោះក៏នឹងទទួលបានមុខតំណែងទាំងនេះផងដែរ។
លោកថ្លែងថា៖ «ការធ្វើវិសោធកម្មច្បាប់ឈរលើស្មារតី ប្រយោជន៍សម្រាប់ប្រទេសជាតិ ជាពិសេសមិនឱ្យប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់នោះឡើយ។ មួយទៀតនៅក្នុងគណបក្សនយោបាយ គឺយើងប្រកួតប្រជែងគ្នា បើយើងមានសំឡេងគាំទ្រច្រើន ពីប្រជាពលរដ្ឋ កុំបារម្ភ យើងទទួលបានអាសនៈ ឬឈ្នះទៅ»។
ទោះយ៉ាងណា អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលលោក កង សាវាង្ស លើកឡើងថា អង្គការខុមហ្រ្វែល មិនទទួលបានឱកាសក្នុងការផ្ដល់ ឬបើកឱ្យមានការបញ្ចេញមតិលើវិសោធកម្មច្បាប់នេះនោះទេ។ តែទោះជាយ៉ាងណា លោក ថា ការកំណត់នីតិវិធីនៃការជ្រើសរើសមេឃុំ ឬចៅសង្កាត់ ជំទប់ទី១ និងទី២ បានផ្ទុយពីច្បាប់ចាស់ ដែលអាចនាំឱ្យបក្សមានសំឡេងបន្ទាប់បន្សំបាត់បង់សំឡេងរបស់ខ្លួន។
លោកបន្តថា៖«ពីមុនមកជាប់សំឡេងច្រើន ដឹងតែមេឃុំហើយ បន្ទាប់មកយើងធ្វើការសមាមាត្រគ្នាសំឡេងណាច្រើន បានបន្តបន្ទាប់មក [ជំទប់ទី១ និងទី២]។ ដល់ពេលក្នុងមាត្រានេះ ស្ដាប់ទៅឱ្យតែពីរភាគបី យកដាច់បាត់ មេឃុំ ជំទប់ទី១ ទី២។ ចឹងនេះជាចំណុចមួយដែលត្រូវជជែកគ្នាដែរ សិក្សាឱ្យបានស៊ីជម្រៅដែរ»។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា មើលឃើញថា នៅពេលច្បាប់នេះចូលជាធរមានសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ រួមទាំងសមាជិកព្រឹទ្ធសភា មកពីបក្សចម្រុះ អាចនឹងមានតិចជាងមុន។ លោកលើកឡើងថា ច្បាប់ថ្មីនេះមានអំណោយផលដល់បក្សធំ ឬបក្សទទួលបានការគាំទ្រច្រើនពីពលរដ្ឋ។
លោកបន្ថែមថា៖ «ប្រជាធិបតេយ្យដែលនៅក្នុងឃុំ/សង្កាត់ វាតិចហើយ។ ការបោះឆ្នោតឃុំ/សង្កាត់មានបក្សតិច អ៊ីចឹងនៅក្នុងព្រឹទ្ធសភាក៏មានបក្សតិចដែរ ដែលកើតចេញពីបោះឆ្នោតអសកលចេញពីក្រុមប្រឹក្សាឃុំ»។
សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជា ក៏បានអនុម័តផងដែរ លើវិសោធកម្មច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយផ្លាស់ប្តូរមណ្ឌលបោះឆ្នោតពីភូមិភាគ មកមណ្ឌលបោះឆ្នោតកម្រិតរាជធានី-ខេត្ត ដែលត្រូវបានសមាជិកព្រឹទ្ធសភាចំនួន៣រូប មកពីបក្សឆន្ទៈខ្មែរពុំបោះឆ្នោតគាំទ្រឡើយ ក្រោមហេតុផលថា ការកែប្រែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ អាចប៉ះពាល់ដល់ភាពជាតំណាងតាមគោលការណ៍ប្រជាធិបតេយ្យ៕










