សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កុមារ​ជាង ​៣០​ម៉ឺន​នាក់ ក្នុងនោះកុមារ​ភៀសសឹក​ជាង​ ១៨០០នាក់នៅខេត្តព្រះវិហារ​​ ទទួល​បាន​អាហារពេល​ព្រឹក

រដ្ឋមន្ត្រក្រសួងអប់រំ លោក​ ហង់ជួន ណារ៉ុន និងនាយិកាប្រចាំប្រទេស ​នៃកម្ម​វិធីស្បៀង​​អាហារពិភពលោក ​ប្រចាំនៅកម្ពុជា លោកស្រី ឃ្យុង ណាន់ផាក ដួសអាហារពេល​ព្រឹកឱ្យ​សិស្សនៅ​សាលា​ក្នុង​ភូមិតាកឹងបៃតង នៃតំបន់ភៀសសឹក​ក្នុង​ខេត្តព្រះវិហារកាលពីថ្ងៃទី​៥កញ្ញា​។ (រូបភាព៖ WFP)
រដ្ឋមន្ត្រក្រសួងអប់រំ លោក​ ហង់ជួន ណារ៉ុន និងនាយិកាប្រចាំប្រទេស ​នៃកម្ម​វិធីស្បៀង​​អាហារពិភពលោក ​ប្រចាំនៅកម្ពុជា លោកស្រី ឃ្យុង ណាន់ផាក ដួសអាហារពេល​ព្រឹកឱ្យ​សិស្សនៅ​សាលា​ក្នុង​ភូមិតាកឹងបៃតង នៃតំបន់ភៀសសឹក​ក្នុង​ខេត្តព្រះវិហារកាលពីថ្ងៃទី​៥កញ្ញា​។ (រូបភាព៖ WFP)

បច្ចុប្បន្ន​មាន​កុមារ​ជាង​ ៣០​ ម៉ឺន​នាក់ ក្នុងនោះ​កុមារ​ជាង​ ១ ៨០០នាក់​នៅ​​តំបន់​ភៀស​សឹក​ចំនួន៣ ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​ទទួល​អាហារ​ពេល​ព្រឹក ពី​​អង្គការ​ស្បៀង​អាហារ​ពិភពលោក​​ ដោយ​មាន​កិច្ច​សហការ ជាមួយ​ក្រសួង​អប់​រំ យុវជន ​និងកីឡា​ និង​អាជ្ញាធរ​ដែន​ដី​។

អាណាព្យាបាល​សិស្ស​មានការ​ត្រេកអរ និងអរគុណ​ចំពោះការផ្តល់​អាហារពេល​ព្រឹក​ដល់​សិស្ស​​នៅ​តំបន់​ភៀសសឹក​​ក្នុង​គ្រា​ដ៏លំបាកនេះ។ ជាមួយគ្នា​នេះក្រៅពីការ​ផ្តល់​អាហារ​ពេល​ព្រឹកដល់កុមារ អា​ជ្ញា​ធរ​ខេត្ត​ជាប់​ព្រំដែន ​​បាន​អំពាវ​នាវ​សូម​ឱ្យ​អង្គការ​អន្តរជាតិ​នានា​ ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដាក់​សម្ពាធថៃ ​ឱ្យ​ដក​កងទ័ព​ចេញពី​​ដី​កម្ពុជា​​ឱ្យ​បាន​ឆាប់​ដើម្បីធ្វើ​ឱ្យ​តំបន់​ព្រំដែន ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ។

អង្គការស្បៀងអាហារពិភពលោក (World Food Programme)​​​​បាន​ប្រកាស​ឱ្យ​ដឹងកាលពីថ្ងៃទី​១១ ខែ​​កញ្ញាថា ចាប់ផ្តើមពីការផ្តល់អាហារតាមសាលារៀន រហូតដល់តំបន់ជនភៀសសឹក ដោយ​​ការខិតខំប្រឹងប្រែងរបស់ WFPនឹងនៅតែបន្ត ដើម្បីគាំទ្រដល់កុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន នៅខេត្តព្រះវិហារ។

ដោយមានការគាំទ្រដ៏សប្បុរសរបស់ប្រជាជនជប៉ុន សហគមន៍ដែលរងផលប៉ះពាល់ដោយ​សារជម្លោះតាមព្រំដែនកម្ពុជា-ថៃ​បានទទួលជំនួយយ៉ាងសំខាន់ ជាមួយកម្មវិធីផ្តល់អាហារពេលព្រឹក ដល់សិស្សានុសិស្ស ដែលជាផ្នែក​មួយជួយឲ្យកុមាររក្សាបានសុខភាពល្អ អាចបន្តការសិក្សា និងរក្សាក្តីសង្ឃឹម សម្រាប់អនាគតដ៏ភ្លឺស្វាង។ នេះ​បើ​យោង​តាម​ WFP ។

ជាមួយគ្នា​នេះ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំនៅកម្ពុជា(United Nations in Cambodia​) និង ​WFP បាន​ឱ្យ​ដឹងថា រៀងរាល់ថ្ងៃសិក្សា កុមារកម្ពុជាជាង ៣០០ ០០០នាក់ ទទួល​​ទានអាហារក្តៅ និងមានជីវជាតិ ដែលរៀបចំពីកសិផលដែលប្រមូលទិញពីកសិករក្នុងស្រុក។ តាមរយៈ«កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍» (National Home-Grown School Feeding Programme) WFP រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា កំពុងភ្ជាប់ផលកសិកម្មក្នុងស្រុក ជាមួយការលើកកម្ពស់អាហារូបត្ថម្ភ និងការអប់រំ។ កុមារដែលទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រ លូតលាស់បានល្អ និងបន្តការសិក្សានៅសាលា។

លោក​ស្រី ឃ្យុង ណាន់​ផាក នាយិការប្រចាំប្រទេស ​នៃកម្ម​វិធីស្បៀង​អាហារពិភពលោក ​ប្រចាំនៅកម្ពុជា ​​បាន​ថ្លែង​នៅពេល​ចុះ​ទៅ​ជំរំ​ភៀស​សឹក ​នៅក្នុង​ខេត្ត​ព្រះវិហារ​ កាលពីថ្ងៃទី​៥ ខែ​កញ្ញា​​​​ថា លោក​ស្រី​បាន​មក​​ជំរំ​ភៀស​សឹកនេះ​ ​បន្ទាប់​ពីមាន​ជម្លោះ​ព្រំដែន​កាល​ពីឆ្នាំ​២០២៥។ នៅពីក្រោយ​វិបត្តិ​ដ៏ធ្ងន់​ធ្ងរនេះ ​មាន​ប្រជាជនកម្ពុជា​​រាប់​សែន​​​នាក់​​ ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​​​ពួកគេ ​ខណៈ​​ប្រជាជន​ខ្លះ ​បាន​ត្រឡប់​ទៅ​វិញ​។

លោក​ស្រី​បាន​បញ្ជាក់​តាម​រយៈ​វីដេអូមួយ​របស់​ WFPថា៖ «នៅមាន​កុមារ​ប្រមាណ​ជាង​ ១ ៨០០​នាក់​ នៅ​តែបន្តរស់នៅជំរំភៀស​សឹក​ចំនួន​៣ទីតាំង ក្នុង​ខេត្ត​ព្រះ​វិហារ​ ហើយ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញបាន​។ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ​កំពុង​គាំទ្រ​ការ​ផ្តល់​អាហារ​ពេល​ព្រឹក​ សម្រាប់​សិស្សានុសិស្ស​​ទាំង​អស់​ដែល​នៅទីនេះ​»។

លោក​ស្រី​បញ្ជាក់​ថា ទោះ​បីជាកុមារ​ទាំងនោះ​ កំពុងស្ថិតនៅក្នុង​ជំរំ​ភៀស​សឹក ​​ប៉ុន្តែ​កុមារ​គឺ​នៅ​តែ​​បន្ត​ទៅ​សាលា​រៀន​។ សាលា​រៀន​​មិន​ត្រឹម​តែផ្តល់​ការ​អប់​រំប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​មិត្ត​ភាព​ ស្ថិរភាព​ អារម្មរណ៍​វិល​ត្រឡប់​ទៅ​ជីវិតធម្មតា​វិញ ​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​។

បន្ថែម​ពីនេះ អាហារ​ពេល​ព្រឹក​ជាប្រចាំថ្ងៃនេះ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ដែល​បាន​ជួយ​ឱ្យ​កុមារ​​ទទួល​បាន​អាហារូបត្ថម្ភ ​មាន​ការ​ផ្តោត​អារម្មរណ៍ ​និង​ផ្ចង់​ក្នុងការសិក្សា​។ ទាំងនេះ​ជាការ​ខិតខំប្រឹងប្រែង​រួម​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយការគាំទ្រ​ពីសំណាក់​សាលា ​ឪពុកម្តាយ​សិស្ស​​ សហគមន៍ ​អាជ្ញាធរមូល​ដ្ឋាន​ និង​WFP ។

សិស្ស​សាលា​ នៅ​ភូមិ​តាកឹងបៃតង ឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ពេល​ទទួលទាន​អាហារពេល​ព្រឹក កាលពីថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២៦​។ (រូប​ភាព៖ WFP)

អ្នក​ស្រី​ សាយ សំអាត​ អាយុ ​៣៥ឆ្នាំ​ជាជន​ភៀសសឹក​ បច្ចុប្បន្ន​កំពុង​រស់​នៅ​ផ្ទះ​បណ្តោះ​អាសន្ន​ក្នុង​ភូមិ​ តាកឹងបៃតង ឃុំថ្មី ស្រុកគូលេន​ ខេត្ត​ព្រះវិហារ ​​បាន​រៀប​រាប់​ឱ្យ​ដឹងនៅ​ថ្ងៃ​ទី​១១​កញ្ញា​ថា បច្ចុប្បន្ន​អ្នក​ស្រី​​រស់នៅ​ជាមួយកូន​ ​២​នាក់ កូនប្រុស​អាយុ ១៣​ឆ្នាំ​ រៀន​ថ្នាក់ទី​៧ និង​កូន​ស្រី​ពៅ​អាយុ ៩ឆ្នាំ ​រៀន​ថ្នាក់​ទី​៣។ ចំណែកប្តី​របស់​អ្នក​ស្រី​ ជាទាហាន​ជួរមុខ​ ប្រចាំការ​នៅ​តំបន់​ជាំតែ​​។ បច្ចុប្បន្ន​កូន​អ្នក​ស្រី​បាន​ទៅ​រៀន​នៅសាលា​​នៅ​ក្នុង​ឃុំថ្មី​ ដោយ​ទទួល​បាន​អាហារ​​​ពេល​ព្រឹក​ដែល​គេចែក​ឱ្យ​នៅ​សាលា។

អ្នក​ស្រី​និយាយ​ថា៖ «យើងជន​ភៀស​សឹក​ វាក្រីក្រ វាលំបាក​​ បច្ចុប្បន្ន​មិន​​មានការ​ងារ​ឬក៏មុខ​របរ​អ្វី​ដើម្បី​រក​ប្រាក់នោះទេ រស់ដោយសារប្រាក់ខែប្តី​ និង​ជំនួយ​បន្តិចបន្តួច​ ពីអង្គការ​​ពី​សប្បុរស​​ជន។ ដល់​អ៊ីចឹង​វា​ជួយ​សម្រាល​ទុក្ខលំបាក​បស់​យើងដែល​កំពុង​តែលំបាក​​បាន​មួយ​ផ្នែក​ដែរ នៅ​ពេល​កូន​ទៅ​រៀន​ បាន​ហូប​អាហារ​ឆ្អែតនៅ​សាលា»។

បន្ថែមពីនេះស្ត្រីជន​ភៀសសឹក​រូបនេះ​​បាន​រំឭក​ថា នៅ​ពេល​ដែល​ថៃ​បាន​បាញ់​ផ្លោង​ចូល​ឈ្លាន​ពាន​កម្ពុជា​ កាលពីចុង​ឆ្នាំ​២០​២៥ ​​អ្នក​ស្រី​បាន​នាំ​កូនស្រវា​យក​បាន​តែខោអាវ​​បន្តិច​បន្តួច​រត់​ឡើង​ជិះ​គោយន្តក្មួយ​នៅក្បែរផ្ទះ​ប្រជ្រៀត​គ្នា ដើម្បី​គេច​ចេញ​ពីគ្រាប់​ផ្លោង​របស់​យោធាថៃ​ ខណៈ​ប្តី​អ្នក​ស្រី​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​នៅជួរមុខ។

ចំណែក​អ្នក​ស្រី​ ម៉ៅ លន ​ដែល​មាន​ប្តីវ័យ​ជិត​ ៦០​ឆ្នាំ ​​និង​កូនប្រសារ​ប្រុស​វ័យ​ជាង ​៣០​ឆ្នាំ សុទ្ធ​តែជា​ទាហាន​ជួរមុខ​ កំពុង​ឈរជើង​នៅ​តំបន់​មុំ​បី​ ដែល​កំពុង​រស់នៅ​​ផ្ទះ​បណ្តោះ​អាសន្នក្នុង​ភូមិ​តាកឹងបៃ​តងផង​​ដែរ​ ​​បាន​និយាយ​ថា បច្ចុប្បន្ន​អ្នក​ស្រី​រស់​នៅជាមួយ​កូន​ស្រី​ និង​ចៅ​ពីរនាក់។

ស្រ្តី​វ័យ​ជាង ​៥០​ឆ្នាំ​រូប​នេះ​និយាយថា៖«នេះជាពេល​វេលា​ដ៏លំបាក​បំផុត​សម្រាប់​អ្នក​រស់នៅ​​ជាយ​ដែនថៃ ​​ខ្ញុំ​ពិបាក​នឹង​រកពាក្យ​មក​និយាយ។ ខ្ញុំ​ខូច​ចិត្ត ខ្ញុំ​អស់​សង្ឃឹមពីព្រោះ​មិន​ដឹងពេល​ណា​ថៃ​វាដក​ទ័ព​ចេញពីដី​យើង​នោះទេ។ ខ្ញុំ​អរគុណណាស់​ដែល​អង្គការ​មក​ជួយ​ផ្តល់​អាហារ​ពេល​ព្រឹក​ឱ្យ​ចៅៗនៃ​គ្រួសារ​ជន​ភៀសសឹកយើង​​ហូបនៅ​សាលា​​»។

លោក គឹម​ ចាន់​បញ្ញាអភិបាល​រងនិងជាអ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​សារព័ត៌​មាន​​ខេមបូចា ​កាលពីថ្ងៃទី ​១១​កញ្ញាថា​ បច្ចុប្បន្នក្រសួងអប់រំ បាននិងកំពុងសហការជាមួយអង្គការស្បៀងអាហារពិភពលោក និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដោយ​បាន​ផ្តល់អាហារពេលព្រឹក​ដល់កុមារ​គ្រប់​រូប​ នៅតាមសាលារៀនក្នុងតំបន់ភៀសសឹក​ ក្នុង​ខេត្តព្រះវិហារ​ទាំងអស់​។
លោក​បញ្ជាក់ថា ចាប់តាំងពីក្រោយបទឈប់បាញ់ លារៀនទាំងអស់នៅតាមតំបន់ដែលរងការវាយប្រហារពីយោធាថៃ បានបើកដំណើរការឡើងវិញ លើកលែងតែតំបន់ស្ថិតនៅតំបន់លឿង ដែលមិន​ទាន់​អាចត្រឡប់​ទៅ​វិញ​បាន។

ក្រៅពីសំណូម​ពរ​សូមឱ្យ​អង្គការ​អន្តរជាតិ​និង​សប្បុរសជន​ បន្តជួយឧបត្ថម្ភអាហារពេលព្រឹកដល់កុមារ​ និង​ជួយ​ឧបត្ថម្ភដល់​ជន​ភៀស​សឹក​ ក្នុងនាមអាជ្ញាធរដែនដី លោក ​គឹម ចាន់​បញ្ញា​ថ្លែង​ថា​៖ «ខ្ញុំ​សំណូមពរឱ្យអង្គការអន្តរជាតិ ជួយជំរុញឲ្យភាគីថៃ គោរពបទឈប់បាញ់ក៏ដូចជាវិលត្រឡប់មកតុ​ចរចាវិញឱ្យបាន​ឆាប់តាមតែអាច​ធ្វើទៅបាន»។ បើ​តាម​លោក​អភិបាល​រងខេត្ត​ បច្ចុប្បន្ន ខេត្តបាននិង​កំពុងបន្ត​ធ្វើជម្រកស្នាក់នៅបណ្ដោះសន្នសមរម្យជូនជនភៀសសឹក​និងសាង​សង់​ថ្នាក់​រៀន​សម្រាប់សិស្សានុសិស្សរៀននៅភូមិតាកឹងបៃតង។

លោកស្រី ឃួន វិច្ឆិកា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និងកីឡា ​​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ​តាម​បណ្តាញ​តេឡេក្រាម និង​តាម​ទូរសព្ទ​​របស់​សារព័ត៌មាន​ខេម​បូចា នៅថ្ងៃទី​១១ ​និង​ថ្ងៃ​ទី​១២​កញ្ញានេះទេ។

ប៉ុន្តែ​យ៉ាងណាក្តី​លោក ​ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បាន​ថ្លែងនៅ​ពេល​ចុះ​ទៅជំរំភៀសសឹក ​ក្នុង​ភូមិ​តាកឹង​បៃតង ជាមួយ​ថ្នាក់​ដឹកនាំ​អង្គការ​WFP ​កាលពីថ្ងៃទី​ ៥ ខែកញ្ញា​ថា តាំង​នាម​ឱ្យកុមារទាំងអស់​ ដែល​រងគ្រោះ​ដោយ​សារ​ជម្លោះ​នៅ​តាម​ព្រំដែន​ សូម​ថ្លែង​​អំណរគុណ​ដល់​អង្គការ​ស្បៀង​អាហារពិភពលោក ​ដែល​បាន​ទទួល​ជំនួយ​ពី​សប្បុរសជន ​មក​ពីប្រទេសជប៉ុន ​ដែល​ជួយ​ដល់កុមារ​នៅក្នុងការ​ផ្តល់​អាហារ​ពេល​ព្រឹក​​ សម្រាប់​​កុមារ នៅ​ក្នុង​​តំបន់​ជន​ភៀស​សឹក ​​តាកឹងបៃតងនេះ។

បន្ថែម ពីនេះ លោក​ស្រី ឃ្យុង ណាន់​ផាក បានថ្លែង​ទៀតថា៖ «យើង​ត្រូវ​រួមគ្នា​ដើម្បី​ធានាថា កុមារ​​នៅ​តែបន្តទទួល​បានអាហារពេល​ព្រឹក​ជារៀង​រាល់​ថ្ងៃ មិន​ថាពួកគេ ​កំពុង​ស្ថិតនៅ​កន្លែង​​​ណា​នោះទេ​។ បទពិសោធន៍​របស់​កម្ពុជា​បាន​បង្ហាញ​ឱ្យ​ឃើញពីតម្លៃ​នៃ​ប្រព័ន្ធ​ថ្នាក់​ជាតិ​​ដ៏រឹងមាំ​ នៅពេល​វិបត្តិថ្នាក់​ជាតិ​ អាច​សម្របខ្លួនបាន​ ហើយ​អាច​បន្តជួយ​ការពារ​កុមារ​គ្រប់​រូបបាន​។ តាម​រយៈ​ការ​ធ្វើការ​រួមគ្នា​ យើង​អាច​ធានាបានថា ការផ្លាស់ទីឬលំនៅឋាន​មិន​អាច​បញ្ឈប់​ការ​សិក្សា​ឬក៏អនាគត​របស់កុមារបាននោះទេ»។

ក្រុម​មន្ត្រី​អង្គការ UNICEF Cambodia ពេល​ចុះ​ទៅ​ពិនិត្យ​សាលា​រៀន​មួយ​នៅ​តំបន់​ព្រំដែន​ដែល​រងការបាក់​បែក​ដោយសារគ្រាប់​កាំភ្លើង​របស់​យោធាថៃកាលពីថ្ងៃទី​១០កញ្ញា។ (រូបភាព៖ UNICEF Cambodia)

ទាក់​ទង​នឹង​កុមារនៅ​តំបន់​ភៀស​សឹកនេះដែរ​ លោក​ នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកនោះ​ទេ ​ដោយ​លោក​ចោទ​សួរថា តើពេល​ណាទើបកុមារជនភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនរបស់ពួកគេបាន?

ជំនួយ​មនុស្សធម៌ អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។

លោក​លើកឡើងថា រូបភាពកុមារជនភៀសសឹកកម្ពុជា ទទួល​បាន​អាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ គួរនាំឱ្យយើងសួរសំណួរលើសពីរឿងអាហារមួយពេល​ ថាតើ​ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? ហេតុអ្វីពួកគេមិនទាន់អាចត្រឡប់ទៅផ្ទះ ភូមិ និងសាលារៀនរបស់ពួកគេវិញ​បាន​?

បើ​តាម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ​ជាង​ ២០ ០០០ នាក់ ​មានកុមារចំនួន ៦ ០៦៦ នាក់។ លោក​បញ្ជាក់​ថា៖ «ផ្ទះរបស់ពួកគេ សាលារៀនរបស់ពួកគេ មិត្តភក្តិ សហគមន៍ និងអារម្មណ៍សុវត្ថិភាពដែលកុមារគ្រប់រូបគួរតែទទួលបាន។ កុមារទាំងនេះកំពុងជាអ្នកបង់ថ្លៃចំពោះផលវិបាកនៃសង្គ្រាមឈ្លាន​ពានរបស់យោធាថៃមកលើទឹកដីកម្ពុជា»។

សម្រាប់​លោក​ នេត្រ ភក្រ្តា សាលាបណ្តោះអាសន្នអាចជួយកុំឱ្យការសិក្សារបស់ពួកគេដាច់។ អាហារពេលព្រឹក អាចជួយឱ្យពួកគេមានកម្លាំងចូលរៀន។ ប៉ុន្តែ «បណ្តោះអាសន្ន» មិនគួរក្លាយ​​​​ជា «អចិន្ត្រៃយ៍» សម្រាប់កុមារទាំងនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទាមទារឱ្យថៃត្រូវគោរពឱ្យបានជាដាច់ខាត នូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែល​​​ត្រង់​ប្រការ៤ អនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញប្រកប​ដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។ លោក​លើកឡើងថា បន្លាលួសមិនត្រឹមតែបិទយកដីកម្ពុជាទេ វាបិទផ្លូវកុមារទៅផ្ទះ និងសាលារៀនរបស់ពួកគេ។ នេះ​បើ​យោង​តាម​សំណេរ​នៅ​លើ​ហ្វេស​ប៊ុក​​របស់​​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កាលពីថ្ងៃទី​១០ ខែកញ្ញា។

សូម​បញ្ជាក់​ផងដែរថា នៅ​ក្នុងសប្តាហ៍នេះ លោកស្រី ដាម៉ាច ម៉ាហា (Maha Damaj ) នាយិកាថ្មី​នៃ​អង្គការ​យូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់នៅខេត្តចំនួន៣ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនានារបស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះ។

ក្នុងនោះផងដែរ យូនីសេហ្វបានគាំទ្រក្នុងការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីជួយឱ្យកុមារបានបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។ ជាមួយគ្នានេះដែរ យូនីសេហ្វក៏បានជួយសម្រួលដល់គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំសុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គម។

UNICEF Cambodia បាន​បញ្ជាក់​នៅលើ​ហ្វេស​ប៊ុក​របស់​​ខ្លួន​កាលពីថ្ងៃ​ទី​១១ ខែ​កញ្ញាថា៖ «យើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថា កុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ បន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹមសម្រាប់អនាគត»។

លោក​ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី​១០​ ខែកញ្ញា ​បានទទួលជួបជាមួយគណៈប្រតិ​ភូ​អង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Maha Damaj ចូលជួបដើម្បី​ជម្រាបអំពីលទ្ធផល ក្នុងឱកាសដែលលោកស្រី និងប្រតិភូបានបញ្ចប់​​បេសកកម្មទស្សនកិច្ចការងារនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោកស្រី Maha Damaj បានជម្រាបជូនអំពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់ប្រតិភូយូនីសេហ្វ ក្នុងការចុះពិនិត្យលើការអនុវត្តគម្រោងគាំពារកុមារ ការអប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ព្រមទាំងអាហាររូបត្ថម្ភនៅតាមសហគមន៍នាពេលកន្លងមក។

លោក​អភិបាល​ខេត្ត​ព្រះវិហារ​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយូនីសេហ្វ ដែលតែងតែជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សក្នុងខេត្ត។ លោក​ថ្លែង​ថា ៖ «រដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថា ការអភិវឌ្ឍជួយដល់កុមារ និងស្ត្រីចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់»។

សម្រាប់​អ្នក​ស្រី​ សាយ សំអាត ដែល​ជាភរិយា​កងទ័ព​ជួរ​មុខសង្ឃឹម​ថា ថៃ​និង​ដកកងទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ដើម្បី​ឱ្យក្រុមគ្រួសារ​អ្នក​ស្រី​ និង​អ្នក​ភូមិដទៃ​ទៀត​ដែល​កំពុង​រស់នៅ​តំបន់​ភៀសសឹក​​ ​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ផ្ទះក្នុងភូមិ តេជោបុស្បូវ​ ឃុំ​ស្រអែម​ស្រុក​ជាំក្សាន្តវិញ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម