សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

ធនាគារពិភពលោកព្រមានថា កម្ពុជា និងប្រទេសក្នុងតំបន់ អាចប្រឈមនឹងអន្ទាក់ពាណិជ្ជកម្ម ហានិភ័យការងារ និងភាពក្រីក្រ

កម្មករកំពង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករកំពង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥​។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារពិភពលោកកាលពីថ្ងៃទី៧ ខែតុលា បានជំរុញឱ្យប្រទេសនានានៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផងដែរ បង្កើនការវិនិយោគ​លើជំនាញការងារ ការបង្កើតការងារ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីចៀសវាង «អន្ទាក់​ពាណិជ្ជកម្ម» និងការកើនឡើងនៃភាពក្រីក្រចំពេលកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ។

ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ចុងក្រោយ​របស់​ខ្លួន គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​បាន​លើកឡើងថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (EAP) នៅ​តែ​ខ្ពស់​ជាង​មធ្យមភាគ​សកល ប៉ុន្តែ​ត្រូវ​បាន​ព្យាករ​ថា​នឹង​ថយ​ចុះ​នៅ​ឆ្នាំ​២០២៥ និង​ម្តងទៀត​នៅ​ឆ្នាំ​២០២៦។

របាយការណ៍​នេះបានលើកឡើងពីសន្ទុះយឺតយ៉ាវ ដោយការលក់រាយបានកើនឡើង ប៉ុន្តែទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅតែមានកម្រិតទាបជាងមុនជំងឺកូវីដ-១៩ កំណើនឧស្សាហកម្មមិនអាចជួយលើកកម្ពស់ទំនុកចិត្តអាជីវកម្មដែលកំពុងធ្លាក់ចុះ ចំណែកការកើនឡើងនៃការនាំចេញ ប្រឈមនឹងការថយចុះនៃការបញ្ជាទិញ ក្រោមអត្រាពន្ធខ្ពស់។

លោក អាឌីទ្យា ម៉ាតូ (Aaditya Mattoo) ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាន​ថ្លែង​ថា៖ «កំណើន​ដែល​ផ្តោត​លើ​ការ​នាំ​ចេញ​និង​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​របស់​អាស៊ី​បូព៌ា​បាន​ជួយ​មនុស្ស​រាប់​ពាន់​លាន​នាក់​ឱ្យ​រួច​ផុត​ពី​ភាពក្រីក្រ​ក្នុង​​រយៈ​ពេល​បី​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​តំបន់​នេះ​ឥឡូវ​នេះ​ប្រឈម​នឹង​បញ្ហា​ប្រឈម​ទ្វេពីរយ៉ាង គឺការ​ការពារ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ការងារ»។ លោក​បាន​បន្ថែម​ថា ការកែ​ទម្រង់​បរិយាកាស​អាជីវកម្ម និង​ការ​កែលម្អ​ការ​អប់រំ​អាច​ជំរុញ​ឱកាស និង​សមត្ថភាព។

ធនាគារ​ពិភពលោក​បាន​ឱ្យដឹង​ថា កម្មករ​ជា​ច្រើន​នៅ​ទូទាំង​តំបន់ រួម​ទាំង​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបី នៅ​តែ​ស្ថិត​ក្នុង​វិស័យ​ផលិតភាព​ទាប ឬ​ក្រៅ​ប្រព័ន្ធ ខណៈ​ចំនួន​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នឹង​ការ​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ​ឥឡូវ​នេះ​លើស​ពី​ទំហំ​នៃ​វណ្ណៈ​កណ្តាល​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន។

ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ធនាគារ​ពិភពលោក​ទម្លាក់​ចុះ​មក​ត្រឹម ៤.០ភាគរយ នៅដើមឆ្នាំនេះ ពីការព្យាករពីមុន ៥.៥ភាគរយ ក្នុងខែមិថុនា។ នេះបើធៀបនឹងកំណើន ៥.៤ភាគរយ ក្នុងឆ្នាំ២០២៤ និងនៅតែទាបជាងអត្រា ៧.០ភាគរយ ក្នុងមួយឆ្នាំដែលអង្គកាសហប្រជាជាតិថ្លែងថា ប្រទេសអភិវឌ្ឍន៍តិចតួចត្រូវការដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប​ដោយ​​ចីរភាព។

ក្នុង​អំឡុង​ពេល​បើក​បង្ហាញពី​របាយការណ៍​របស់ខ្លួន តាម​រយៈ​ប្រព័ន្ធ​អនឡាញ លោក Mattoo បាន​គូស​បញ្ជាក់​ពី​ ហានិភ័យ​ដែល​កំពុង​កើន​ឡើង​ពី​ការបង្កើន​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ភាព​មិន​ប្រាកដ​ប្រជា​ជា​សកល​កាន់​តែ​ទូលំទូលាយ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «កម្ពុជា​មាន​សក្តានុពល​យ៉ាង​ខ្លាំង ហើយ​ទទួល​បាន​ផល​ប្រយោជន៍​​យ៉ាង​ច្រើន​ពី​ការ​បើក​ចំហ ប៉ុន្តែ​ឥឡូវ​នេះ​កំពុង​ជាប់​ក្នុង​អន្ទាក់​ពាណិជ្ជកម្ម» ដោយ​ចង្អុល​បង្ហាញ​ពី​ការ​ពឹង​ផ្អែក​របស់​ប្រទេស​នេះ​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដែល​មាន​ជំនាញ​ទាប។

ពន្ធ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ទីផ្សារ​ធំ​ជាងគេ​ទី​ពីរ​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ខ្លួន ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ១៩% កាលពី​ពេល​ថ្មីៗ​នេះ ធ្លាក់​ចុះ​ពី​អត្រា​មុន​គឺ ៤៩% និង ៣៦% ដែល​បាន​ដាក់​បន្ទាប់​ពី​ការ​ចាប់​ផ្តើម​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ត្រាំ។

បន្ទាប់​ពី​ការ​ភ័យ​ខ្លាច​ដំបូង​មុន​ពេល​ពន្ធ​ត្រូវ​បាន​បន្ទាប​មក​កម្រិត​ប្រកួត​ប្រជែង ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែក​ជើង ទំនិញ​ធ្វើ​ដំណើរ (GFT) និង​កង់​របស់​កម្ពុជា​បាន​ងើប​ឡើង​វិញ។ ប៉ុន្តែ​លោក Mattoo បាន​ព្រមាន​ថា ឆ្នាំ​ក្រោយ​ទំនង​ជា​នឹង​មាន​ការ​លំបាក​ជាង​នេះ។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់​ ស្បែកជើង​ និងផលិតផលធ្វើដំណើរផ្តល់ការងារដល់កម្មករក្នុងប្រទេសកម្ពុជាជិត១លាននាក់

រថយន្ត​ដឹក​កម្មករ​កាត់​ដេរ​ទៅ​រោងចក្រ ​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ខណៈ​ពេល​ដែល​ធនាគារ​ពិភពលោក​បាន​កត់​សម្គាល់​ថា ស្វ័យប្រវត្តិកម្មនឹងផ្លាស់ប្តូរទីផ្សារការងារក្នុងតំបន់ ដែលអាចធ្វើឱ្យកម្មករជំនាញទាបបាត់បង់ការងារ ធនាគារ​ពិភពលោក​បាន​គូស​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ជា​ច្រើន​កំពុង​ជាប់​គាំង​ក្នុង​ការងារ​ក្រៅ​ប្រព័ន្ធ។

យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ កម្មករ​កម្ពុជា​ជាង៨៨ភាគរយកំពុង​ធ្វើ​ការ​ក្នុង​ការងារ​ក្រៅ​ប្រព័ន្ធ​ដែល​មាន​អត្ថប្រយោជន៍​មាន​កម្រិត។

លោក Mattoo បាន​ថ្លែង​ថា៖ «បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​ដូច​ជា​កម្ពុជា​ គឺ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ការពង្រីក​ការ​អប់រំ​ជាមួយ​នឹង​ការ​បង្កើត​ឱកាស​ការងារ​ដែល​មាន​គុណភាព ឬប្រឈមនឹងការកើនឡើងនៃអត្រាអ្នកអត់ការងារធ្វើ និងការមិនពេញចិត្ត» ដោយ​សំដៅ​លើ​ចំណុច​ខ្វះខាត​នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស។

កម្ពុជា​មាន​កម្ចី​មិន​ដំណើរការ​ចំនួន ៧ភាគរយនៃ​កម្ចី​សរុប ដែល​ខ្ពស់​ជាង​គេ​ទី​ពីរ​ក្នុង​ចំណោម​ប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែល​ជា​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​មួយ​ទៀត​ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​នេះ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ថ្លែង​ថា កម្ពុជា​នៅ​តែ​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប ជា​ពិសេស​នៅ​ក្នុង​រោងចក្រ និង​ការដ្ឋាន​សំណង់។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដូច​ដែល​យើង​អាច​មើល​ឃើញ ប្រជាពលរដ្ឋ​របស់​យើង​ជា​ច្រើន​មាន​ជំនាញ​កម្រិត​ខ្ពស់​តិចតួច ជា​ពិសេស​នៅ​ក្នុង​បច្ចេកវិទ្យា​ឌីជីថល»។ លោកបន្តថា៖ «យើង​មិន​ខ្វះ​កម្មករ​ទេ ប៉ុន្តែ​យើង​ខ្វះ​បុគ្គលិក​ដែល​មាន​ជំនាញ​ខ្ពស់​សម្រាប់​មុខ​តំណែង​គ្រប់គ្រង​ជាន់​ខ្ពស់»

បន្ទាប់​ពី​ការប៉ះទង្គិច​គ្នា​ នៅ​តាមព្រំដែន​ដ៏​ខ្លី​ជាមួយ​ប្រទេស​ថៃ​ ដែលបណ្តាលឱ្យមានស្លាប់និងរបួសទាំងសងខាង កាលពី​ខែ​កក្កដា កម្មករ​ចំណាក​ស្រុក​យ៉ាង​ហោច​ណាស់ ៩០ម៉ឺន​នាក់​បាន​វិល​ត្រឡប់​មក​វិញ។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​រដ្ឋាភិបាល។

ខណៈ​ពេល​ដែល​រោងចក្រ​ខ្លះ​បាន​បង្កើន​ការ​ជួល​បុគ្គលិក​ដើម្បី​ស្រូប​យក​លំហូរ​ចូល​នេះ លោក ពៅ បាន​ព្រមាន​ថា ប្រទេស​យើងអាច​ប្រឈម​មុខ​នឹង​សម្ពាធ​សេដ្ឋកិច្ច​បន្ថែម​ទៀត ប្រសិន​បើ​ជំនាញ​របស់​កម្មករ​មិន​ត្រូវ​បាន​ពង្រឹង​នោះ​ទេ។

លោក​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​កង្វះ​ខាត​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​របស់​កម្ពុជា ដូច​ជា​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​អេឡិចត្រូនិក និង​ការ​ផលិត​យានយន្ត ដែល​ជា​វិស័យ​ដែល​ប្រទេស​ជិត​ខាង​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​ពិភពលោក។

កម្មករ​សម្អាត​កញ្ចក់​លើ​អគារ​មួយ​នៅ​ភ្នំពេញ នៅថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២៥។ អ្នក​ជំនាញ​និយាយ​ថា កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​បណ្តាក់​ទុន​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​ជំនាញ​ដល់​កម្មករ​ដើម្បី​គាំទ្រ​ ទស្សនវិស័យ​ GDP របស់​ខ្លួន​ចំពេល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយ​ចុះ។ (ខេមបូចា/ ព្រីង សំរាំង)

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​កំពុង​ជំរុញ​គោល​នយោបាយ​ដើម្បី​បង្កើន​ជំនាញ​ដល់​កម្មករ និង​ទាក់ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ចំពេល​ភាព​មិន​ប្រាកដ​ប្រជា​កើន​ឡើង។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានលើកឡើងថា ក្រសួងបានបណ្តុះបណ្តាលកម្មកររាប់សែននាក់ទូទាំងប្រទេសក្នុងវិស័យអាទិភាពវិជ្ជាជីវៈ ដែលរួមមាន អគ្គិសនី សំណង់ បច្ចេកវិទ្យា និងទេសចរណ៍។

ចាប់​ពី​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ក្រសួង​គ្រោង​នឹង​ពង្រីក​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ទូទាំង​កម្មវិធី​ចំនួន ៤៥ នៅ​ក្នុង​សាលា​ចំនួន ៣៧ លោក មេសា បាន​ថ្លែង​ដូច្នេះ ដោយ​មាន​គោល​បំណង​ទាក់ទាញ​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន ដូច​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​មេកានិច MinebeaMitsumi ដែល​ដំណើរការ​រោងចក្រ​ដំឡើង​មួយ​នៅ​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច លោក មាស សុខសេនសាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ផ្តោត​លើ​ទាំង​ធនធាន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច។

ទាក់ទងនឹងពលករដែលទើបត្រលប់មកពីថៃវិញ​ លោកបានឱ្យដឹងថា​ ក្រសួងការងារកំពុងចូលរួមផ្តល់ការគាំទ្រ​ ប៉ុន្តែលោកក៏បានកត់សម្គាល់ផងដែរថាបើពួកគេមិនអាចស្វែងរកការងារថ្មីបានទេ​ រដ្ឋាភិបាលអាចប្រឈមនឹងការទទួលខុសត្រូវបន្ថែមទៀត​៕

(រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម និង មួន លីហ្សា)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Bank Warns Cambodia, Region Face Trade Trap, Job, Poverty Risks

2,278 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម