ផាន សម្បត្តិ និង ផាន សម្បូរ នៅទីបំផុតបានផ្សងគ្រោះថ្នាក់ លួចឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបានឆ្លងកាត់ការងារសំណង់មិនជាប់លាប់ចំនួនពីរកន្លែង នៅទីក្រុងភ្នំពេញ បើទោះបីក្រសួងការងារ បានបង្ហាញពីការខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់អត្ថប្រយោជន៍និងកែលម្អបរិយាកាសការងារនៅកន្លែងធ្វើការឱ្យបានល្អប្រសើរ និងមានស្តង់ដារយ៉ាងណាក្តី។
លោក ផាន សម្បត្តិ អាយុ ២៥ឆ្នាំ និងលោក ផាន សម្បូរ អាយុ ២៣ឆ្នាំបានវិលត្រឡប់ទៅផ្ទះ នៅឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យវិញ កាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២៦ បន្ទាប់ពីបានឡើងមកធ្វើការងារសំណង់នៅភ្នំពេញអស់រយៈពេលជាង៤ខែ។
ពួកគេទាំងពីរនាក់ ធ្លាប់ជាអតីតពលករខ្មែរ ដែលធ្វើចំណាកស្រុកទៅធ្វើការងារសំណង់នៅប្រទេសថៃ អស់រយៈពេលប្រមាណ៥ឆ្នាំ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីមានការផ្ទុះសង្គ្រាមខ្មែរ-ថៃ លើកទី១កាលពីអំឡុងខែកក្កដាឆ្នាំ២០២៥។
បងប្អូនប្រុសទាំងពីរនាក់នេះ ក៏ដូចកម្មករសំណង់ដទៃទៀតដែរ គឺធ្វើការងារសំណង់ហាលថ្ងៃហាលភ្លៀងក្នុង១ថ្ងៃៗ ទទួលបានប្រាក់ឈ្នួលពី ៥ម៉ឺនទៅ ៦ម៉ឺនរៀល ឬក៏៧ម៉ឺនរៀល។
ពេលឡើងមកភ្នំពេញដំបូង សម្បត្តិនិងប្អូនប្រុស បានទៅធ្វើការងារសំណង់នៅជិតម្តុំស្តាតចាស់ ក្នុងខណ្ឌទួលគោក។ ប៉ុន្តែធ្វើបានជាង១ខែ ត្រូវបានមេការបញ្ឈប់ដោយសារតែអស់ការងារធ្វើ។ ៣ថ្ងៃក្រោយមក ពួកគេក៏រកបានការងារធ្វើនៅម្តុំខាងកើតស្ពានជ្រោយចង្វារ។
សម្បត្តិនិយាយថា៖ «ពួកខ្ញុំធ្វើសំណង់នៅម្តុំជ្រោយចង្វារ មានការងារធ្វើច្រើន ប៉ុន្តែពិបាកបើកលុយ។ តាមការសន្យាត្រូវបើកលុយនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍។ កាលពី១ខែដំបូងបើកលុយរាងស្រួល ដល់ខែទី ២គឺលំបាកបើកលុយ។ នៅខែទី៣ធ្វើការដល់ដាច់ខែគេអត់បើកលុយឱ្យទេ គេថាចាំថ្ងៃនេះថ្ងៃនោះ ! បងប្អូនខ្ញុំនិងកម្មករ ៤នាក់ផ្សេងទៀតក្នុងក្រុមក៏ឈប់ធ្វើការ»។
បន្ទាប់ពីតវ៉ាជិត១សប្តាហ៍ មេការក៏គេចខ្លួនបាត់ មិនដឹងទៅរកនៅឯណា ហើយក៏មិនដឹងទៅប្តឹងនៅឯណា ដោយសារតែមិនសូវស្គាល់ភ្នំពេញ។ នៅទីបំផុត សម្បត្តិ និងសម្បូរបានបង្ខំចិត្តវិលត្រឡប់ទៅផ្ទះវិញ ដោយមិនទទួលបានប្រាក់ឈ្នួលសម្រាប់ការធ្វើការហាលក្តៅហាលភ្លៀងពេញមួយខែចុងក្រោយឡើយ។
ចំណែក លោក ឈឿន សារ៉ាយ រស់នៅភូមិសំរោង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលធ្លាប់ទៅធ្វើការងារសំណង់នៅប្រទេសថៃ១៣ឆ្នាំ និងអតីតពលករត្រឡប់មកពីថៃជិត៤០នាក់ផ្សេងទៀត ក៏ទទួលបានបទពិសោធន៍ស្រដៀងនឹង សម្បត្តិ និងសម្បូរផងដែរ ក្នុងការមកធ្វើសំណង់នៅភ្នំពេញ អស់រយៈពេលជាច្រើនខែ។
បើតាមសារ៉ាយ កាលលោកធ្វើការនៅប្រទេសថៃក្នុង១ខែ អាចរកប្រាក់បានប្រមាណពី ១៨ ០០០ ទៅ២០ ០០០បាត (ជាមធ្យមជិត៦០០ដុល្លារ)។ ក៏ប៉ុន្តែទោះយ៉ាងណា មុននឹងបានទៅដល់ប្រទេសថៃក៏ត្រូវចំណាយច្រើនដែរដូចជាចំណាយលើលិខិតឆ្លងដែន និងការធ្វើដំណើរ ។
យ៉ាងណាក្តីលោកថា ការធ្វើសំណង់នៅក្នុងស្រុក បើទោះបីមិនសូវរកប្រាក់បានច្រើនក៏គ្មានការចំណាយលើការធ្វើលិខិតឆ្លងដែននោះដែរ។
បុរសវ័យជិត ៣០ឆ្នាំរូបនេះនិយាយថា ៖«ជាទូទៅវាពិបាកដែរ យើងធ្វើការក្នុងស្រុកមិនសូវបានប្រាក់តម្លៃខ្ពស់ វាមានការលំបាកដោយសារខ្ញុំនៅជំពាក់អង្គការ ១៥ ០០០ដុល្លារ។ រាល់ថ្ងៃគឺត្រូវរកលុយបង់សងគេ និងត្រូវរកលុយផ្គត់ផ្គង់គ្រួសារ ឱ្យកូនរៀនសូត្រ។ ខ្ញុំរកលុយមិនបានសល់ទេ អ្នកធ្វើការសំណង់លំបាក»។
បើតាមលោក សារ៉ាយ ការធ្វើការងារសំណង់នៅក្នុងទីក្រុងភ្នំពេញ ក្នុង១ខែលោកអាចរកប្រាក់បានប្រមាណជិត ១លាន ៨០ម៉ឺនរៀល។ សារ៉ាយនិយាយថា៖ «បើនៅស្រុកខ្មែរយើងសម្បូរការងារអាចរកប្រាក់បានគួរសមប្រហាក់ប្រហែលនឹងការទៅធ្វើការនៅប្រទេសថៃដែរ បូករួមទាំងថ្លៃធ្វើលិខិតឆ្លងដែន វាមិនហួសគ្នាច្រើនទេដូច្នេះយើងគួរធ្វើការនៅក្នុងប្រទេសយើង»។
បុរសរូបនេះបានឱ្យដឹងថា៖ «ការចំណាយក្នុងការធ្វើលិខិតឆ្លងដែនទៅធ្វើការនៅថៃត្រូវចំណាយខ្ពស់។ គ្រួសារដូចជាពួកខ្ញុំ មិនសូវមានលុយកាក់មុននឹងទៅត្រូវចងកាប្រាក់គេនៅពេលទៅធ្វើការបានលុយផ្ញើមកសងគេ។ បើទៅប៉ះចំថៅកែល្អទៅវាមិនសូវមានវិបត្តិ ប៉ុន្តែបើប៉ះថៅកែមិនល្អយើងក៏មានបញ្ហាចឹងទៅ»។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៦ លោក សារ៉ាយ ក៏បានចូលរួមតវ៉ាជាមួយកម្មករសំណង់ជិត៤០នាក់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលសុទ្ធតែជាអតីតពលករធ្លាប់ទៅធ្វើការនៅប្រទេសថៃ ដើម្បីទាមទារប្រាក់ឈ្នួលដោយសារតែមេការសំណង់មិនបើកប្រាក់ឱ្យ។
លោក សារ៉ាយ បន្ថែមថា៖ «ការតវ៉ានោះដោយមានការសម្របសម្រួលពីអាជ្ញាធរនិងក្រសួងការងារនៅទីបញ្ចប់ម្ចាស់ផ្ទះបានយល់ព្រមបើកប្រាក់ឈ្នួលជំនួសមេការឱ្យកម្មករ ប៉ុន្តែបានតែ៧៥ភាគរយ ក៏បញ្ចប់ការតវ៉ាទៅ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្មករសំណង់ចំនួន ៣៨នាក់ ដែលជាអតីតពលករខ្មែរធ្លាប់ទៅធ្វើការនៅប្រទេសថៃ បានធ្វើការតវ៉ាទាមទារប្រាក់ឈ្នួលរបស់ពួកគេ ខណៈដែលមេការមិនព្រមបើកឱ្យហើយចេះតែបន្តពន្យារពេល។ មួយថ្ងៃក្រោយមក តំណាងក្រសួងការងារ បានកោះហៅពួកគេ និងម្ចាស់សំណង់ ទៅប្រជុំនៅសាលាខណ្ឌសែនសុខ។ ជាលទ្ធផលម្ចាស់ទីតាំងសំណង់ជាអ្នកទូទាត់ប្រាក់ឈ្នួលឱ្យកម្មករទាំង៣៨នាក់ ដោយចរចាគ្នាផ្តល់ត្រឹម ៧៥ភាគរយនៃប្រាក់ឈ្នួលដែលនៅសល់ដើម្បីបញ្ចប់រឿង។
សម្រាប់អ្នកស្រី សូ រឿន ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរមួយ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្តីជាអ្នកធ្វើសំណង់ និងសុទ្ធតែធ្លាប់ទៅធ្វើការនៅប្រទេសថៃជិត១០ឆ្នាំនិយាយថា រឿងតម្លៃប្រាក់ឈ្នួលខុសគ្នាមិនសូវជាបញ្ហានោះទេ។ ប៉ុន្តែបញ្ហាធំដែលកម្មករនៅស្រុកខ្មែរ ពិបាកទទួលយក គឺនៅពេលធ្វើការមានកំហុសមេការ ឬក៏អ្នកទទួលខុសត្រូវមួយចំនួនបានស្រែកជេរប្រមាថកម្មករ។
ស្រ្តីវ័យជិត៣០ឆ្នាំមកពីឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រូបនេះនិយាយថា៖ «ខ្ញុំទៅធ្វើការនៅរោងចក្រស្រុកថៃជិត១០ឆ្នាំ ពេលខ្ញុំធ្វើអ្វីខុសគេនិយាយណែនាំយើងគេមិនដែលជេរយើងទេ។ ប៉ុន្តែពេលខ្ញុំមកធ្វើការរោងចក្រនៅខ្មែរជិតកន្លះឆ្នាំខ្ញុំធ្លាប់ត្រូវបានមេការគោះតុជេរពីរដង។ វាពិបាកទទួលយក យើងធ្វើខុសគេមិនណែនាំយើងតែបែរជាគោះតុជេរយើង»។
យ៉ាងណាក្តី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែថ្លែង ប្រាប់ទៅអតីតពលករវិលត្រឡប់មកពីប្រទេសថៃថា ការងារនៅក្នុងប្រទេសកម្ពុជាគឺសម្បូរបែប។ ធ្វើការងារក្នុងស្រុក ល្អប្រសើរជាងការធ្វើការនៅថៃ ដូចជា ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ការព្យាបាលជំងឺឥតគិតថ្លៃ ការទទួលបានប្រាក់សោធនជាដើម។
លើសពីនេះលោកមានប្រសាសន៍ថា៖ «ធ្វើការនៅស្រុកខ្មែរអាចរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណី ក៏ដូចជាពិធីជួបជុំនានា។ ម្យ៉ាងទៀតដោយយើងខ្មែរដូចគ្នា គឺមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេស នៅកន្លែងធ្វើការ។
បន្ថែមពីនេះលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានប្រាប់សារព័ត៌មានខេមបូចាថា រាជរដ្ឋាភិបាលកម្ពុជា បានគិតពីការងារនេះតាំងពីយូរមកហើយដែលមានចែងនៅក្នុងសេចក្តីប្រកាស ការណែនាំ និងបទដ្ឋានគតិយុត្តិនានារបស់ក្រសួងការងារ។
លោកបញ្ជាក់ថា៖ «ជាក់ស្តែងទាក់ទងការជួយបងប្អូនអតីតពលករនេះក្រៅពីយើងបានដាក់វិធានការប្រមាណជាង៣០ចំណុចដើម្បីជួយដល់បងប្អូនអតីតពលករមកពីប្រទេសថៃនៅក្នុងហ្នុងក៏មានផងដែរ គឺការណែនាំទៅដល់រោងចក្រសហគ្រាសឱ្យប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យនិងយកចិត្តទុកដាក់ចំពោះបងប្អូនពលករមកពីប្រទេសថៃ»។
លោកបន្តថា សេចក្តីជូនដំណឹងនេះ បានចេញកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ បន្ថែមពីនេះក្រសួងការងារ ក៏បានចាត់វិធានការផងដែរទៅលើអ្នកដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើកម្មករនៅតាមរោងចក្រសហគ្រាសមួយចំនួនផងដែរ។
លោកបានលើកឡើងថា ការងារជួយពលរដ្ឋក្តី ការងារជួយកម្មករ ឬជួយដល់អតីតពលករមកពីថៃក្តី វាជាការងាររួមរបស់ខ្មែរគ្រប់រូប។ លោកបានអំពាវនាវដល់អង្គការសង្គមស៊ីវិលដែលធ្វើការលើកិច្ចការងារនេះ សូមជួយផ្តល់តួលេខ ផ្តល់ទិន្នន័យ ឬក៏លេខទូរសព្ទទំនាក់ទំនងទាំងឡាយណាដែលឈានទៅដល់ការជួយអតីតពលករមកពីថៃ ឬក៏កម្មករខ្មែរទូទៅ។
បន្ថែមពីនេះ លោក មេសា ថ្លែងថា ៖«ហីសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លក្ខខណ្ឌការងារចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងការផ្សព្វផ្សាយឱកាសការងារដ៏សម្បូរបែប ដើម្បីជួយទៅដល់បងប្អូនអតីតពលករហីបើសិនឃើញមានបញ្ហាភាពមិនប្រក្រតីណាមួយសូមរាយការណ៍មកអាជ្ញាធរ ឬក្រសួងដើម្បីក្រសួងអាចចាត់វិធានការទាន់ពេលវេលា»។
ពលករខ្មែរមួយចំនួនវិលត្រឡប់ទៅធ្វើការនៅថៃវិញ
លោក មឿន តុលា នាយកប្រតិបត្តិសង់ត្រាល់បានប្រាប់សារព័ត៌មានខេមបូចាថា អង់ការសង់ត្រាល់មិនទាន់បានធ្វើការសិក្សានៅឡើយទេ ទាក់ទងនឹងការលំបាករបស់អតីតពលករត្រឡប់មកពីថៃក្នុងការស្វែងរកការងារធ្វើនៅកម្ពុជា ខណៈមួយចំនួនបច្ចុប្បន្នបានវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញហើយ។
កាលពីពេលថ្មីៗនេះ អង្គការសង់ត្រាល់ធ្លាប់បានសម្ភាសអតីតពលករមកពីថៃច្រើននាក់ដោយសួរពួកគាត់ថា ហេតុអីបានពួកគាត់វិលត្រឡប់ទៅថៃវិញ?ពលករខ្លះបានឆ្លើយតបថា «ពួកគាត់រកការងារធ្វើដែរនៅតាមបណ្តាខេត្តមួយចំនួន ! ប៉ុន្តែអ្នកខ្លះធ្វើការបានតែមួយរយៈក្រុមហ៊ុនគេបិទទៅ ហីអ្នកខ្លះធ្វើការគេអត់បើកប្រាក់ខែឱ្យ ឬក៏អត់បើកប្រាក់ខែឱ្យពេញ ក៏ធ្វើឱ្យគាត់កាន់តែជំពាក់គេច្រើន។ ដល់អ៊ីចឹងទៅ ជម្រើសតែមួយគឺមានតែប្រថុយប្រថានត្រឡប់ទៅស្រុកថៃវិញចឹងទៅ»។
លោក តុលា បានឱ្យដឹងទៀតថា មានអតីតពលករជាច្រើនទទួលបានការងារធ្វើនៅតាមរោងចក្រ នៅតាមការដ្ឋានសំណង់ និងនៅតាមកសិដ្ឋាននានា ដែលលោកបានជួប។ លោកមិនមានតួលេខច្បាស់លាស់ទេ ប៉ុន្តែតាមការសួរនាំទៅពួកគាត់ហាក់មិនសូវជោគជ័យនោះទេ ខណៈការងារទាំងនោះអត់ជាប់លាប់ និងមិនមែនជាការងារដែលមានស្តង់ដារ។

លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ ប្រាប់ សារព័ត៌មានខេមបូចា ថា បើទោះបីជាមានការផ្ទុះសង្គ្រាមពីរលើកបានធ្វើឱ្យពលករ និងពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃប្រមាណ១លាននាក់បានសម្រុកវិលត្រឡប់មកកម្ពុជាវិញក្តី ក៏នៅតែមានពលករខ្មែរជាច្រើននៅតែបន្តធ្វើការនៅតាមរោងចក្រ ខាងទូកនេសាទ និងខាងកសិកម្ម នៅក្នុងប្រទេសថៃជាធម្មតា។ ប៉ុន្តែបានបង្កើនការប្រុងប្រយ័ត្នជាងមុនមិនសូវហ៊ានដើរចេញពីកន្លែងធ្វើការ និងផ្ទះស្នាក់របស់ខ្លួននោះទេ។
លោកបានឱ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំ២០២៦មក រហូតមកដល់បច្ចុប្បន្នពលករខ្មែរមួយចំនួនដែលបានវិលត្រឡប់មកកម្ពុជាវិញ ក៏បានវិលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញជាបន្តបន្ទាប់ក្នុងចំនួនច្រើន ប៉ុន្តែលោកមិនមានតួលេខពិតប្រាកដនោះទេ។
លោកបញ្ជាក់ថា៖ «បើតាមខ្ញុំសាកសួរពួកគាត់ដែលត្រឡប់មកថៃវិញហ្នឹង គឺគាត់លើកឡើងពីកក្តាជីវភាព ហីមួយទៀតគឺគាត់លើកឡើងពីការមិនមានប្រាក់ចំណូលបង់ធនាគារ។ ពួកគាត់លើកឡើងពីការរស់នៅក្នុងប្រទេសថៃកាលពីមុនពេលសង្គ្រាមគាត់មានការងារធ្វើមានប្រាក់ចំណូលសមរម្យទៀងទាត់ផ្ញើទៅឱ្យប្រពន្ធឪពុកម្តាយបងប្អូននៅស្រុកខ្មែរចាយវាយនិងបង់សងធនាគារ»។
ពលករខ្មែរទាំងនោះ បានរៀបរាប់ប្រាប់មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកទៀតថា នៅក្នុងកំឡុងពេលដែលពួកគាត់បានវិលត្រឡប់ពីប្រទេសថៃមករស់នៅកម្ពុជាវិញដោយសារសង្គ្រាម គឺពួកគាត់ជួបការលំបាកយ៉ាងខ្លាំងដោយមិនអាចរកប្រាក់បង់សងធនាគារបានឡើយ ពីព្រោះការរកបានការងារមិនទៀងទាត់ ដោយត្រូវប្តូរផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ សន្សំបានប្រាក់សម្រាប់ហូបស្ទើរតែមិនគ្រប់។
លោក លឹង សុផុន បន្ថែមថា៖ «បងប្អូនពលករខ្មែរយើងនឹងគាត់លើកឡើងពីកក្តាជីវភាពនិងការពិបាករកប្រាក់ចំណូល និងការពិបាករកការងារធ្វើនៅក្នុងប្រទេសកំណើតហ្នឹងច្រើន។ វាលំបាកវាអត់សម្បូរការងារដូចកន្លែងដែលពួកគាត់ធ្លាប់រស់នៅ នៅក្នុងប្រទេសថៃ»។
សម្រាប់ សម្បត្តិ និងសម្បូរ នៅពេលនេះក៏បានវិលត្រឡប់ទៅដល់ប្រទេសថៃវិញផងដែរ។ដោយបដិសេធប្រាប់ទីតាំងដែលកំពុងធ្វើសំណង់នៅក្នុងប្រទេសថៃ និងមិនចង់និយាយអ្វីពាក់ព័ន្ធនឹងការលួចឆ្លងដែនទាំងប្រថុយប្រថាន ត្រឡប់ទៅថៃវិញ សម្បត្តិបានបន្ថែមថា៖ «ខ្ញុំក៏ស្អប់ថៃដែរដែលឈ្លានពានទឹកដីយើង ប៉ុន្តែខ្ញុំគ្មានជម្រើសទេបង មានតែលាក់មុខលាក់មាត់ មកសម្ងំធ្វើការនៅថៃវិញដើម្បីរកប្រាក់សងបំណុលដែលនៅជំពាក់គេជាង១ម៉ឺនដុល្លារទៀតឱ្យរួចសិន។ ខ្ញុំត្រូវចិញ្ចឹមកូនខ្ញុំ២នាក់ឱ្យរៀនសូត្រ ថែមទាំងឪពុកម្តាយចាស់»៕










