ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលដៅបញ្ចូលកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា នៅតាមសាលាគោលដៅមួយចំនួននៅក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មវិស័យអប់រំ ដើម្បីបង្កើនការរៀនមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
ដើម្បីសម្រេចគោលដៅនេះ ក្រសួងអប់រំបានដាក់ចេញនូវផែនការមួយចំនួនរួមមាន ការអនុវត្តកំណែទម្រង់សាលារៀនដោយជំរុញការអនុវត្តស្ដង់ដារសាលារៀនគំរូ អនុវត្តកម្មវិធីអំណាន និងអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា បង្កើនការរៀនមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
បន្ថែមពីនេះត្រូវអនុវត្តកំណែទម្រង់សាលាគរុកោសល្យ ដោយប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ និងបណ្ដុះបណ្ដាលគ្រូកិច្ចព្រមព្រៀងសមិទ្ធកម្ម។ ការអនុវត្តកំណែទម្រង់ឧត្តមសិក្សា ដោយធ្វើការកែលម្អការចូលរៀន គុណភាព ភាពឆ្លើយតបនៃការអប់រំ និងការស្រាវជ្រាវនៅឧត្តមសិក្សា ធ្វើទំនើបកម្ម និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា។
បន្ថែមពីនេះ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ឆ្នាំ២០២៧ គឺផ្តោតទៅលើការអនុវត្តភាពជាដៃគូក្នុងការសិក្សាផ្សារភ្ជាប់នឹងការងារ ការគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលគ្រូបង្រៀនអប់រំបច្ចេកទេសលើជំនាញ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីការពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២៧ កម្រិតថ្នាក់ដឹកនាំរវាងក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានលើកឡើងថា សមិទ្ធផលអប់រំសំខាន់ៗក្នុងរយៈពេល ១៣ឆ្នាំ គឺបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងគុណភាពគ្រូ ដែលជាគន្លឹះក្នុងការលើកកម្ពស់គុណភាពអប់រំ។ កំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ដោយឈរលើគោលការណ៍ “អ្នកចេះ គឺជាប់” បានកែលម្អបរិយាកាសសិក្សា ធ្វើឱ្យសិស្សប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា គម្រោងនេះនឹងចាប់ផ្តើមឆ្នាំសិក្សា២០២៦-២០២៧ ជាមួយសាលាជំនាន់ថ្មីចំនួន១៥ ដោយពង្រឹង និងពង្រីកបច្ចេកវិទ្យា និងទំនើបកម្មថ្មីៗដល់សិស្សានុសិស្ស។
លោកស្រី វិច្ឆិកា បញ្ជាក់ថា៖ «ការដាក់ចេញគន្លងអប់រំថ្មីសាលាជំនាន់ថ្មី គឺរៀបចំឡើងដើម្បីឆ្លើយតប ទីមួយទៅនឹងសមត្ថភាពប្អូនៗ ក៏ដូចជាទេពកោសល្យរបស់ប្អូនៗ ហើយទីពីរ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងពេលបច្ចុប្បន្ន»។
ក្នុងដំណើរការនេះ ក៏មានបញ្ហាមួយចំនួន ដែលជាឧបសគ្គ គឺទាក់ទងនឹងការផ្សព្វផ្សាយ និងការពន្យល់ទៅដល់អាណាព្យាបាល និងសាធារណជនឱ្យយល់ដឹងអំពីសារៈប្រយោជន៍ក្នុងគម្រោងនេះ។ លោកស្រីបញ្ជាក់ថា៖ «ការសិក្សាផ្នែកអប់រំបច្ចេកទេសនេះ គឺមិនមានការបង់ ថវិកាពីសិស្សានុសិស្សនោះទេ»។
លោក សាន ម៉េងលី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លើកឡើងថា ការដែលក្រសួងអប់រំ បញ្ចូលកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបង្កើនការរៀនមុខវិជ្ជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅពេលនេះ ជាពេលវេលាដ៏សមស្របបំផុត ព្រោះមិនអាចបង្អង់យូរបានទៀតឡើយ ខណៈសន្ទុះរីកចម្រើននៃបច្ចេកវិទ្យាគឺលឿន។ប្រសិនបើយើងមិនធ្វើកំណែទម្រង់ខ្លាំងក្លានៅឆ្នាំ២០២៧ទេ ធនធានមនុស្សរបស់យើង ប្រាកដជាមិនមានចំណេះជំនាញតាមទាន់ការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យារបស់ពិភពលោកឡើយ។
លោកគ្រូបញ្ជាក់ថា៖ «ចំពោះគម្រោងមួយនេះ ខ្ញុំជាគ្រូបង្រៀនយល់ឃើញថា ជាជំហានវិជ្ជមាននិងជាយុទ្ធសាស្ត្រគន្លឹះថ្មី ក្នុងការលើកកម្ពស់គុណភាពអប់រំកម្ពុជាឱ្យដើរទាន់យុគសម័យឌីជីថល ជាពិសេស គឺជាការបណ្តុះគ្រឹះឌីជីថលដល់កុមារកម្រិតបឋមសិក្សានៅកម្ពុជាផងដែរ»។
លោកគ្រូ ម៉េងលី ក៏បានលើកឡើងពីសារៈប្រយោជន៍យ៉ាងច្រើនដល់តួអង្គ ដូចជាគ្រូបង្រៀន មានឱកាសអភិវឌ្ឍសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ផ្លាស់ប្តូរពីវិធីសាស្ត្រទូន្មានបែបបុរាណ មកជាការសម្របសម្រួល និងជំរុញការគិតបែបស៊ីជម្រៅរបស់សិស្សវិញ។ ចំពោះសង្គមជាតិ ទទួលបានធនធានមនុស្សឌីជីថល ដែលជាធនធានជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យក្លាយជា «ប្រទេសមានចំណូលខ្ពស់» តាមចក្ខុវិស័យឆ្នាំ២០៥០ ។
លោកបន្តថា៖ «សិស្សានុសិស្ស ទទួលបានការអប់រំដែលមានគុណភាពខ្ពស់ និងមានជំនាញបច្ចេកវិទ្យាដែលជាទុនជីវិត សម្រាប់ប្រកួតប្រជែងការងារ និងបង្កើតការច្នៃប្រឌិតថ្មីៗ»។

ចំណែកអ្នកស្រី ហ៊ុន ឃុន ដែលមានកូនពីរនាក់កំពុងរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យចាន់រ៉ា “ក” ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ថ្លែងថា រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់បានដឹងឬទទួលបានព័ត៌មានអំពីគម្រោងនេះនៅឡើយ។ តែយ៉ាងណាអ្នកស្រី នឹងរីករាយ និងគាំទ្រគម្រោងរបស់ក្រសួងអប់រំ បើបានផ្តល់ឱកាសឱ្យកូនសិស្សបានរៀនសូត្រអំពីបច្ចេកវិទ្យា ឬក៏ប្រព័ន្ធឌីជីថល។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ការរៀនសូត្រតាមបែបបទទំនើប ឬបច្ចេកវិទ្យាវាក៏ល្អដែរ ព្រោះសង្គមកាន់តែទំនើប តែត្រូវកុំឱ្យកូនសិស្សញៀនបច្ចេកវិទ្យាពេក»។
យ៉ាងណាក្តី សាលារបស់កូនអ្នកស្រី ហ៊ុន ឃុន នៅឆ្ងាយពីទីក្រុង ដូច្នេះអ្នកស្រីមិនដឹងថា ប៉ុន្មានឆ្នាំទៀត ទើបគម្រោងសាលារៀនជំនាន់ថ្មី បានទៅដល់សាលាក្នុងភូមិស្រុករបស់អ្នកស្រីនោះទេ។ ម្តាយសិស្សរូបនេះ ជំរុញឱ្យក្រសួងអប់រំអនុវត្តគម្រោងនេះឱ្យបានលឿន និងឆាប់បានទៅដល់សាលាកូនរបស់អ្នកស្រី។
អ្នកស្រី ឃុន ស្នើថា៖ «ខ្ញុំឱ្យក្រសួងអប់រំដាក់គម្រោងនេះឆាប់ដល់ភូមិស្រុកខ្ញុំ ហើយផ្សព្វផ្សាយផលប្រយោជន៍ និងអ្វីដែលក្រសួងត្រូវធ្វើ ដល់អាណាព្យាបាល»។
ជុំវិញបញ្ហានេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បង្ហាញការមិនសប្បាយចិត្តចំពោះគម្រោង សាលារៀនជំនាន់ថ្មី នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ប្រសិនបើគម្រោងនេះតម្រូវឱ្យមានការបង់ប្រាក់ពីសិស្សានុសិស្ស ខណៈស្ថានភាពជីវភាពបច្ចុប្បន្នរបស់អាណាព្យាបាលសិស្សកំពុងតែក្រីក្រ និងប្រឈមអត់ការងារធ្វើ។
អ្នកគ្រូឆាយ៉ាវីបញ្ជាក់ថា៖ «ដែលជាគម្រោងថ្មីៗហ្នឹង គឺខ្ញុំហាក់បីដូចជាមិនគាំទ្រ ដោយសារតែកាលដែលសិស្សានុសិស្សគាត់ចូលរៀន គាត់ត្រូវតែបង់ប្រាក់»។
ជាមួយគ្នានេះ អ្នកស្រី អ៊ុក ឆាយ៉ាវី សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរកម្មវិធីសិក្សាលឿនឬញឹកញាប់ពេក ក៏ជះផលមិនល្អដល់ការសិក្សារបស់សិស្សដែរ។ បញ្ហាប្រឈមផ្សេងទៀត ដូចជាខ្វះរចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធអ៊ីនធឺណិតមិនដំណើរការល្អ ឬសេវាមិនគ្រប់គ្រាន់ ក៏ជះឥទ្ធិពលមិនល្អដល់ការបង្រៀននិងរៀនផងដែរ។ ទន្ទឹមនឹងនេះអ្នកគ្រូថា សាលាបឋមសិក្សា ឬមធ្យមសិក្សាត្រូវផ្តោតលើការបង្រៀនភាសាជាតិឱ្យបានច្បាស់លាស់ ជាជាងមុខវិជ្ជាផ្សេងទៀត។
អ្នកស្រីបន្ថែមថា៖«អ្វីដែលយើងមើលឃើញសិស្សានុសិស្សកាលពីមុន គឺគាត់រៀនធ្វើម៉េចឱ្យគាត់ស្គាល់តួអក្សរច្បាស់ ស្រះច្បាស់លាស់ ហើយផ្គុំឡើង ដូចរាល់ថ្ងៃនេះថ្នាក់ទី១២ខ្លះ សឹងតែមិនទាន់ស្គាល់ “កខ” អស់ផង»។
កាលពីពេលថ្មីៗនេះ ក្នុងវេទិកា “ឧត្តមគតិ” ក្រោមប្រធានបទ “ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ” លោក ជេត ជាលី ជាអ្នកជំនាញអប់រំ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាត់ទុកប្រព័ន្ធអប់រំថ្នាក់មូលដ្ឋានថា ដើរតួដ៏ចម្បងក្នុងការបណ្តុះមនសិការស្នេហាជាតិ ឬសតិជាតិ។
លោកបានបន្តថា នៅពេលកុមារទទួលបានការអប់រំ ឬបណ្តុះបណ្តាលនូវអ្វីដែលមានភាពជាខ្មែរ វប្បធម៌ខ្មែរ និងអត្តសញ្ញាណខ្មែរ ពួកគេនឹងមានស្មារតីដឹងខុសត្រូវ និងយល់អំពីកាតព្វកិច្ច ដែលពួកគេត្រូវធ្វើដើម្បីជាតិសាសន៍ខ្មែរ។ លោកបន្ថែមថា កុមារប្រៀបដូចក្រដាសស ការផ្តល់ការអប់រំដល់ពួកគេបែបណា ពួកគេនឹងធ្វើបែបនោះ។
លោកសាស្រ្តាចារ្យបញ្ជាក់ថា៖ «យើងបង្រៀនភាពជាខ្មែរ ឲ្យស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរដល់គាត់មុនយើងបង្រៀនវិទ្យាសាស្ត្រ។ ការអប់រំយ៉ាងណា សង្គមយើងនឹងទៅជាបែបនោះ»។
គិតមកដល់ពេលនេះ មានសាលារៀនជំនាន់ថ្មី ចំនួន ៤៩ ដែលកំពុងដំណើរការនៅទូទាំងប្រទេស។ នៅឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ ក្រសួងអប់រំនឹងរៀបចំឱ្យមានសាលារៀនជំនាន់ថ្មីចំនួន ៨ បន្ថែមទៀត។ ក្នុងនោះពង្រីកសាលារៀនជំនាន់ថ្មីក្នុងខេត្តបាត់ដំបងចំនួន១ កំពង់ចាម១ ខេត្តរតនគិរី១ ក្រុងភ្នំពេញ១ ខេត្តកណ្តាល២ និងសាលារៀនជំនាន់ថ្មី ក្នុងខេត្តស្វាយរៀងចំនួន២។
គួររំលឹកថា នាពេលបច្ចុប្បន្នសាលារៀនជំនាន់ថ្មី មានតែនៅកម្រិតវិទ្យាល័យ ហើយត្រូវបានដាក់ឱ្យអនុវត្តដំបូង នៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីខែមិថុនា ឆ្នាំ២០១៦ ដោយបានបែងចែកថ្នាក់រៀនជាបន្ទប់រៀនគីមីវិទ្យា បំពាក់ដោយសម្ភារៈ បរិក្ខារពិសោធន៍ បន្ទប់រៀនជីវវិទ្យា បន្ទប់រៀនគណិតវិទ្យា និងបន្ទប់រៀនកុំព្យូទ័រ បំពាក់ដោយម៉ាស៊ីនកុំព្យូទ័រទំនើបជាដើម៕










