សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ ការបង្រួញគម្លាត​ឌីជីថល​រវាង​គ្រូបង្រៀននៅទីក្រុង និងជនបទ ជាគន្លឹះឆ្ពោះទៅរកសមធម៌អប់រំនៅកម្ពុជា

សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)
សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)

ក្នុងសតវត្សទី២១ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោក ខណៈដែលប្រព័ន្ធអប់រំនៅកម្ពុជាក៏កំពុងបោះជំហានយ៉ាងលឿនទៅរកយុគសម័យឌីជីថល និងជាពិសេសការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (AI)បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅក្នុងថ្នាក់រៀន ការបញ្ចូលបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត(AI) បានបង្ហាញឱ្យឃើញពីតថភាពពីរដែលផ្ទុយគ្នាយ៉ាងស្រឡះបាននិងកំពុងកើតឡើង។

នៅរាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ក្តារខៀនវៃឆ្លាត(Smartboard) និង AI ដើម្បីរៀបចំកិច្ចតែងការបង្រៀនក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី។​​ ផ្ទុយទៅវិញនៅតាមសាលារៀនដាច់ស្រយាលក្នុងខេត្តជាប់ព្រំដែនលោកគ្រូអ្នកគ្រូមួយចំនួននៅតែប្រឈមនឹងការដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិតខ្សោយ និងកង្វះខាតសូម្បីតែកុំព្យូទ័រសម្រាប់វាយអត្ថបទមេរៀន។

ប្រសិនបើយើងចាត់ទុកការអប់រំជាកាតាលីករនៃអភិវឌ្ឍន៍ជាតិយើងមិនអាចបណ្តោយឱ្យបច្ចេកវិទ្យាក្លាយជា «ជញ្ជាំង» បំបែកឱកាសរវាងគ្រូ និងសិស្សនៅទីក្រុង និងជនបទនោះឡើយ​។ សំណួរគន្លឹះគឺ៖ តើធ្វើដូចម្តេចដើម្បីកាត់បន្ថយគម្លាតឌីជីថលនេះដើម្បីធានាបាននូវសមធម៌អប់រំសម្រាប់កុមារកម្ពុជាគ្រប់រូប?

ដើម្បីដោះស្រាយវិបត្តិនេះ យើងមិនអាចពឹងផ្អែកទាំងស្រុងលើការផ្តល់ជូនកុំព្យូទ័រ ឬការដាក់បណ្តាញអ៊ីនធឺណិតតែមួយមុខនោះទេ ប៉ុន្តែវាទាមទារនូវយុទ្ធសាស្ត្រស៊ីជម្រៅ និងការគិតគូរវែងឆ្ងាយដូចខាងក្រោម៖

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង «បច្ចេកវិទ្យាសន្សំសំចៃ»

យើងមិនអាចនិយាយពី AI ឬការបង្រៀនតាមអនឡាញបានឡើយបើសាលារៀននៅជនបទមិនទាន់មានអគ្គិសនីប្រើប្រាស់ថេរ។ រដ្ឋាភិបាល និងវិស័យឯកជនគួរតែ៖

  • ផ្តល់អាទិភាពលើថាមពល និងការតភ្ជាប់៖ ដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (Solar Energy) និងប្រើប្រាស់អ៊ីនធឺណិតតាមផ្កាយរណប (Satellite Internet)ដើម្បីផ្តល់សេវាអ៊ីធឺណិតប្រកបដោយស្ថិរភាពដល់សាលាជាតំបន់ដាច់ស្រយាល។
  • ជំរុញបច្ចេកវិទ្យាសន្សំសំចៃ (Frugal Technology)៖ បង្កើតប្រព័ន្ធផ្ទុកមេរៀនដែលដំណើរការដោយមិនប្រើអ៊ីនធឺណិត(Offline Educational Servers) ដើម្បីផ្ទុក និងចែកជូនគ្រូ ជាពិសេសគ្រូអាចទាញយកឯកសារបង្រៀនបានយ៉ាងងាយស្រួលទោះស្ថិតក្នុងតំបន់គ្មានសេវាក៏ដោយ។

ការដោះស្រាយវិបត្តិ «មានឧបករណ៍ តែគ្មានសេវា»

ឧបសគ្គធំរបស់គ្រូជនបទមិនមែនមកពីការខ្វះឆន្ទៈរៀនសូត្រនោះទេ។ ប៉ុន្តែ គឺវិបត្តិ «កម្លាំងសេវាដើរមិនទាន់ល្បឿនបច្ចេកវិទ្យា»។ ដើម្បីដោះស្រាយបញ្ហានេះអនុសាសន៍ជាក់ស្តែងមានដូចជា៖

  • តំបន់អាទិភាពអប់រំ (Educational Internet Zones)៖ ជំរុញឱ្យក្រុមហ៊ុនទូរគមនាគមន៍ដំឡើងអង់តែនបង្កើនកម្លាំងសេវា(Signal Boosters) ដើម្បីពង្រីកការគ្រប់ដណ្តប់ និងបង្កើនគុណភាពនៃការតភ្ជាប់អ៊ីនធឺណិតនៅតាមសាលារៀនសាធារណៈ។
  • កញ្ចប់ទិន្នន័យពិសេសសម្រាប់គ្រូ (Teacher Data Packages)៖ ផ្តល់ស៊ីមកាតពិសេសដែលមានអ៊ីនធឺណិតល្បឿនលឿនសម្រាប់តែការប្រើប្រាស់លើគេហទំព័រអប់រំនិងឧបករណ៍ AI។

ការផ្លាស់ប្តូរទម្រង់បណ្តុះបណ្តាល៖ ពីទ្រឹស្តីក្នុងសាលប្រជុំ មកជាការអនុវត្តដល់មូលដ្ឋាន

កន្លងមក វគ្គបណ្តុះបណ្តាលភាគច្រើនធ្វើឡើងនៅតាមទីរួមខេត្តដែលធ្វើឱ្យគ្រូនៅជនបទពិបាកចូលរួម។ ក្រសួងអប់រំ យុវជន និងកីឡា គួរតែ៖

  • បង្កើតក្រុមការងារចល័តឌីជីថល (Mobile Digital Trainers)៖ ចុះទៅបណ្តុះបណ្តាលផ្ទាល់ដល់សាលារៀន។
  • ខ្លឹមសារសាមញ្ញ និងជាក់ស្តែង៖ បង្រៀនពីរបៀបប្រើប្រាស់ទូរស័ព្ទដៃដើម្បីស្វែងរកគំនិតបង្រៀនថ្មីៗ និងការប្រើប្រាស់ AI ជាភាសាខ្មែរក្នុងកិច្ចការប្រចាំថ្ងៃ។
  • បង្កើតមជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យាក្នុងសហគមន៍៖ បង្កើតក្រុមគាំទ្របច្ចេកទេសនៅថ្នាក់មូលដ្ឋាន ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ផ្តល់ការណែនាំ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងសកម្មភាពអប់រំប្រចាំថ្ងៃ។
  • លើកកម្ពស់ការចូលរួមរបស់សហគមន៍៖ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មាតាបិតា និងសមាជិកសហគមន៍ចូលរួមគាំទ្រការអប់រំឌីជីថល ដើម្បីធានាការប្រើប្រាស់ធនធានបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពរយៈពេលវែង។

ការបង្កើត «បណ្តាញសាលាដៃគូ» (Twin-School Model)

ការបង្កើត «បណ្តាញសាលាដៃគូ» គឺជាយុទ្ធសាស្ត្រដែលចំណាយធនធានតិច ប៉ុន្តែអាចផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។ សាលារៀនជំនាន់ថ្មី (NGS)​ ឬសាលាទទួលបានជ័យលាភីល្អប្រចាំឆ្នាំនៅទីក្រុងនិងខេត្ត គួរតែចងសម្ព័ន្ធភាពជាមួយសាលានៅជនបទតាមរយៈកម្មវិធី «គ្រូបង្រៀនជួយគ្រូបង្រៀន»។ គ្រូនៅទីក្រុងខេត្តដែលមានជំនាញបច្ចេកវិទ្យាអាចធ្វើជាអ្នកផ្តល់ប្រឹក្សា (Mentor) ចែករំលែកស្លាយមេរៀន និងបទពិសោធន៍ឌីជីថលទៅកាន់សហការីនៅជនបទតាមរយៈបណ្តាញសង្គម។

ការធ្វើតូបនីយកម្មបច្ចេកវិទ្យា (Localization)

ភាសា និងវប្បធម៌ គឺជាឧបសគ្គដ៏ធំក្នុងការចូលរួមប្រើបច្ចេកវិទ្យាឌីជីថលនៅតំបន់ជនបទ។ ដើម្បីកាត់បន្ថយគម្លាតនេះក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ស្ថាប័នអប់រំ និងភាគីពាក់ព័ន្ធត្រូវសហការគ្នាអភិវឌ្ឍកម្មវិធីអប់រំ និងប្រព័ន្ធ AI ដែលគាំទ្រភាសាខ្មែរបានពេញលេញ ព្រមទាំងងាយស្រួលយល់ និងសមស្របនឹងបរិបទគ្រូជនបទ។

«បច្ចេកវិទ្យាមិនគួរត្រូវបានចាត់ទុកជាឯកសិទ្ធិ ឬជាឧបករណ៍សម្រាប់បម្រើតែការអភិវឌ្ឍនៅតំបន់ទីប្រជុំជននោះទេ ប៉ុន្តែវាត្រូវតែជាឧបករណ៍នៃសមធម៌ ដែលជួយជ្រោម ជ្រែង និងលើកកម្ពស់ជីវភាព ក៏ដូចជាសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងខ្វះខាតជាងគេ»

ការកាត់បន្ថយគម្លាតឌីជីថល មិនមែនជាការងារដែលអាចសម្រេចបានក្នុងរយៈពេលមួយប៉ព្រិចភ្នែក ហើយក៏មិនមែនជាការទទួលខុសត្រូវផ្តាច់មុខរបស់ក្រសួងអប់រំឡើយ។ វាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវធានាថា លោកគ្រូ-អ្នកគ្រូគ្រប់រូប មិនថានៅទីប្រជុំជន ឬតំបន់ដាច់ស្រយាល គឺសុទ្ធតែទទួលបាន «មូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា» ស្មើៗគ្នា ដើម្បីបណ្តុះបណ្តាលទំពាំងស្នងឫស្សីជំនាន់ក្រោយរបស់ជាតិ។ យើងដាច់ខាតមិនត្រូវទុកឱ្យគ្រូបង្រៀននៅជនបទ ដើរយឺតជាងការវិវត្តនៃយុគសម័យឌីជីថលនេះឡើយ៕

កត់ចំណាំ៖ អត្ថបទទស្សនៈនេះសរសេរដោយ និស្សិតមួយក្រុម រួមមាន៖ ប៊ី យី, ឆែម យូឡេង, ស៊ីម សៀប, និងយិន សុភារៈ ដែលរៀននៅវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងការងារអប់រំមុខវិជ្ជា Research Plan នៃវិទ្យាស្ថានសង្គមសាស្ត្រនិងបច្ចេកវិទ្យា សហការជាមួយ WESTLIME EDUCATION GROUP Co., Ltd

ព័ត៌មានថ្មី

អត្ថបទពេញនិយម