សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ វិសោធនកម្មក្រមព្រហ្មទណ្ឌ៖ ឱកាសជាប្រវត្តិសាស្ត្រសម្រាប់​ច្បាប់ច្បាស់លាស់ និង​នីតិរដ្ឋពិតប្រាកដនៅកម្ពុជា 

សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ការប្រកាសពីគម្រោងត្រួតពិនិត្យ និងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដោយក្រសួងយុត្តិធម៌ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា និងអាចក្លាយជាឱកាស ជាប្រវត្តិសាស្ត្រ​សម្រាប់ ការធ្វើទំនើបកម្មច្បាប់ព្រហ្មទណ្ឌឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និង​ស្ដង់​ដារនីតិរដ្ឋ​សម័យទំនើប។ 

ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ដែលបានបម្រើជាឆ្អឹងខ្នងនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអស់រយៈពេល​ជាងមួយទសវត្សរ៍មកនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម និងកំណត់គោលការណ៍នៃការផ្តន្ទាទោស។ ទោះជាយ៉ាងណា ក្រោយរយៈពេលជាងដប់ឆ្នាំនៃការអនុវត្តបរិបទសង្គម នយោបាយ និងបច្ចេកវិទ្យា បានផ្លាស់ប្ដូរយ៉ាងខ្លាំង ដែលធ្វើឱ្យការពិនិត្យឡើងវិញនៃក្រមនេះក្លាយជាការចាំបាច់។ 

ជោគជ័យនៃវិសោធនកម្មនេះ មិនគួរត្រូវវាស់វែងត្រឹមតែការបង្កើនទោស ឬការបង្កើតបទល្មើស​​ថ្មីៗ នោះទេ។ ផ្ទុយទៅវិញ វាគួរត្រូវវាស់វែងលើសមត្ថភាពរបស់ច្បាប់ក្នុងការបង្កើត ភាពច្បាស់លាស់នៃបទប្បញ្ញត្តិ តុល្យភាពរវាងការការពារសណ្ដាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងសមាមាត្រនៃការផ្តន្ទាទោស។ 

ប្រសិនបើច្បាប់ព្រហ្មទណ្ឌត្រូវបានសរសេរដោយពាក្យពេចន៍ទូលាយពេក ឬអនុវត្តដោយគ្មានព្រំដែនច្បាស់ នោះវាអាចបង្កើតភាពមិនប្រាកដប្រជាផ្នែកច្បាប់ និងបង្កើតបរិយាកាសដែលប្រជាពលរដ្ឋ ភ័យខ្លាចក្នុងការបញ្ចេញមតិ ការតវ៉ា ឬការតាមដានស្ថាប័នសាធារណៈ។ 

ក្នុងកម្រិតរដ្ឋធម្មនុញ្ញ បញ្ហានេះមានសារៈសំខាន់ជាពិសេស។ មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិមនុស្សដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងការចូលរួម ក្នុងជីវិតសាធារណៈ។

ដូច្នេះ ច្បាប់ព្រហ្មទណ្ឌ មិនគួរត្រូវបានតាក់តែង ឬអនុវត្តក្នុងលក្ខណៈ ដែលអាចកម្រិតសិទ្ធិទាំងនេះដោយ គ្មានភាព ច្បាស់លាស់ ឬលើសពីអ្វីដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ​ឡើយ​។ គោលការណ៍នៃភាពច្បាស់លាស់នៃបទល្មើស(legality) និងសមាមាត្រនៃការដាក់ទោស (proportionality) គឺជាស្នូលសំខាន់ក្នុងការធានាថា ច្បាប់ព្រហ្មទណ្ឌបន្តបម្រើតួនាទី ជាឧបករណ៍ការពារសង្គម ដោយមិនបំផ្លាញសិទ្ធិសេរីភាពដែលរដ្ឋធម្មនុញ្ញបានធានា។ ក្នុងន័យនេះ ការកែទម្រង់ក្រមព្រហ្មទណ្ឌ គួរតែត្រូវបានមើលឃើញថាជាឱកាសសម្រាប់ ការធ្វើទំនើបកម្ម នៃទស្សនាទាន ច្បាប់ព្រហ្មទណ្ឌ និងការពង្រឹងនីតិរដ្ឋ។ ផ្អែកលើការវិភាគបែបគតិយុត្ត និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ មានចំណុចស្នូលមួយចំនួនដែលគួរត្រូវបានដាក់ជាអាទិភាព​ក្នុងវិសោធនកម្មនេះ។ 

១. ភាពស្រពិចស្រពិលនៃនិយមន័យ បទល្មើស និងហានិភ័យនៃការបកស្រាយហួសហេតុ

គោលការណ៍មូលដ្ឋានមួយនៃច្បាប់ព្រហ្មទណ្ឌសម័យទំនើប គឺគោលការណ៍នៃភាពច្បាស់​លាស់​នៃបទល្មើស (principle of legal certainty)។ ប្រជាពលរដ្ឋគួរតែអាចដឹងបានជាមុនថា សកម្មភាពណាខ្លះអាចនាំឱ្យមានទោសព្រហ្មទណ្ឌ។ ប៉ុន្តែមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌបច្ចុប្បន្ន ត្រូវបានសរសេរដោយប្រើពាក្យពេចន៍ទូលាយ ដែលអាចបើកចំហឱ្យមានការបកស្រាយខុសគ្នា និងផ្តល់អំណាចឆន្ទានុសិទ្ធិធំធេងដល់អាជ្ញាធរអនុវត្តច្បាប់។ ឧទាហរណ៍ មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ស្ដីពីបទញុះញង់ មានពាក្យពេចន៍ ដែលអាចបកស្រាយបាន ទូលាយ ដូចជា «ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»«ញុះញង់» ដោយគ្មាន​ការកំណត់និយមន័យច្បាស់លាស់។ 

ស្ថានភាពនេះអាចនាំឱ្យសកម្មភាពមួយចំនួន ដែលជាការបញ្ចេញមតិដោយសន្តិវិធី ឬការរិះគន់​​គោលនយោបាយសាធារណៈ ត្រូវបានបកស្រាយថាជាបទល្មើសព្រហ្មទណ្ឌ។ 

ស្រដៀងគ្នានេះដែរ មាត្រា ៤៣៧ ស្ទួន ស្ដីពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ក៏បង្ហាញពីបញ្ហានៃការខ្វះភាពច្បាស់លាស់ក្នុងការបែងចែករវាង«ការប្រមាថ» និង​«ការបញ្ចេញមតិធម្មតា»។ ច្បាប់ដែលខ្វះភាពច្បាស់លាស់ មិនត្រឹមតែបង្កើតភាពមិនប្រាកដប្រជាផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត “chilling effect” ដែលធ្វើឱ្យប្រជាពលរដ្ឋ មេធាវី ឬអ្នកសារព័ត៌មាន មិនហ៊ានប្រើប្រាស់សិទ្ធិរបស់ខ្លួន។ 

សហជីព និងកម្មករ អបអរសាទរទិវាអន្តរជាតិនារី លើកទី១១៥ នៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)
សហជីព និងកម្មករ អបអរសាទរទិវាអន្តរជាតិនារី លើកទី១១៥ នៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/ ព្រីង សំរាំង)

២. ការការពារស្ថាប័នរដ្ឋ និងតុល្យភាព ជាមួយសេរីភាពក្នុងការរិះគន់

ក្នុងសង្គមប្រជាធិបតេយ្យ ការការពារស្ថាប័នរដ្ឋជារឿងចាំបាច់ ប៉ុន្តែការការពារនេះ មិនគួរត្រូវបានប្រើប្រាស់ជារបាំងដើម្បីកម្រិតសេរីភាពក្នុងការរិះគន់ស្ថាប័នសាធារណៈឡើយ។ 

ក្រមព្រហ្មទណ្ឌ មាត្រា ៥០២ និង មាត្រា ៥០៤ ស្តីពីបទប្រមាថ និងរារាំងអ្នករាជការ សាធារណៈ មាត្រា ៥២២ ស្តីពីបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ និងមាត្រា ៥២៣ ស្ដីពីបទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ អាចនាំឱ្យមានការបកស្រាយដែលរារាំងដល់ការរិះគន់ដោយសុចរិតលើសកម្មភាពរដ្ឋ។ 

តាមទស្សនាទាននៃច្បាប់ទំនើប ការវែកញែក និងវិភាគសាលក្រមជាសាធារណៈ គឺជាផ្នែកមួយនៃការលើកកម្ពស់តម្លាភាព និងគុណភាពនៃយុត្តិធម៌។ ការរិះគន់ដោយសុចរិតពីសំណាក់មេធាវី អ្នកវិភាគច្បាប់ ឬសារព័ត៌មាន គួរត្រូវបានមើលឃើញថាជាកត្តាជួយពង្រឹងស្ថាប័ន​តុលាការ មិនមែនជាការបំផ្លាញស្ថាប័ននោះទេ។ 

៣. អបរិញ្ញាបនកម្ម និងការធ្វើទំនើបកម្ម 

ទស្សនាទាននៃការផ្ដន្ទាទោស ការវិវត្តនៃច្បាប់អន្តរជាតិបង្ហាញថា ប្រទេសជាច្រើនកំពុងផ្លាស់ប្តូរពីការផ្ដោតលើការដាក់ទោស ជាប់ពន្ធនាគារទៅរកវិធីសាស្ត្រ ដែលមានប្រសិទ្ធភាព និងមនុស្សធម៌ជាងមុន។ ក្នុងបរិបទនេះ កម្ពុជាគួរពិចារណា អបរិញ្ញាបនកម្ម (decriminalization) លើបទល្មើសពាក្យសម្តីមួយចំនួន ដូចជា បទបរិហារកេរ្តិ៍ និងបទជេរប្រមាថជាសាធារណៈ ដោយបម្លែងវាទៅជាសំណុំរឿងរដ្ឋប្បវេណីជំនួសវិញ។ ការរក្សាទោសព្រហ្មទណ្ឌលើបទល្មើសទាំងនេះ អាចបង្កើតហានិភ័យដល់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។ 

៤. ការការពារអ្នករាយការណ៍អំពើខុសច្បាប់

មាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ អាចបង្កើតឥទ្ធិពលអវិជ្ជមានលើការរាយការណ៍អំពើពុករលួយ ឬការរំលោភអំណាច។ 

ប្រសិនបើបុគ្គលម្នាក់រាយការណ៍អំពើខុសច្បាប់ដោយសុចរិត ប៉ុន្តែតុលាការរកមិនឃើញភស្តុតាងគ្រប់គ្រាន់ នោះអ្នកប្ដឹងអាចប្រឈមនឹងការចោទប្រកាន់វិញ។ ស្ថានភាពនេះអាចបង្កើតបរិយាកាសភ័យខ្លាចក្នុងការរាយការណ៍អំពើពុករលួយ។ 

ដូច្នេះ ក្រមព្រហ្មទណ្ឌគួរត្រូវបញ្ចូលយន្តការការពារអ្នករាយការណ៍ (whistleblower protection) ដើម្បីលើកទឹកចិត្តឱ្យមានការលាតត្រដាងអំពើខុសច្បាប់ក្នុងប្រយោជន៍សាធារណៈ​។ 

៥. ការការពារសិទ្ធិកូដកម្ម និងការធ្វើបាតុកម្ម ដោយសន្តិវិធី 

ការតវ៉ារបស់កម្មករ សហជីព ឬសហគមន៍ មូលដ្ឋាន មិនគួរត្រូវបានបកស្រាយថា ជាបទបះបោរឡើយ លុះត្រាតែមានភស្តុតាងច្បាស់ អំពីការប្រើប្រាស់ហិង្សា ឬអាវុធ។ 

សិទ្ធិក្នុងការធ្វើកូដកម្ម និងធ្វើបាតុកម្ម ដោយសន្តិវិធី គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញ ធានាសិទ្ធិកូដកម្ម ខណៈ មាត្រា ៣១ ទទួលស្គាល់សិទ្ធិ សេរីភាពក្នុងការជួបជុំដែលមានចែងក្នុងអត្ថបទទី២១ នៃ ICCPR។ ក្នុងសង្គមដែលគោរពនីតិរដ្ឋ ការតវ៉ាដោយសន្តិវិធីគួរត្រូវបានមើលឃើញថាជាផ្នែកមួយនៃការចូលរួមសាធារណៈ មិនមែនជាការគំរាមកំហែងដល់រដ្ឋឡើយ។ 

ទោះជាយ៉ាងណា ការអនុវត្តជាក់ស្ដែងបង្ហាញថា មាត្រា ៤៥៦ ដល់មាត្រា ៤៦០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងកុបកម្ម ត្រូវបានយកមកប្រើប្រាស់ជាការឆ្លើយតបទៅនឹងការតវ៉ាខ្លះៗ។ ដើម្បីជៀសវាងការបកស្រាយទូលាយពេក ក្រមព្រហ្មទណ្ឌគប្បីត្រូវបញ្ជាក់ឱ្យច្បាស់ក្នុង វិសោធនកម្មថា ត្រូវញែកឱ្យដាច់ស្រឡះរវាងការប្រមូលផ្តុំតវ៉ា ដោយសន្តិវិធី និងការបះបោរដោយប្រើប្រាស់ហិង្សា ឬអាវុធប្រឆាំងអំណាចរដ្ឋ។ 

ការតវ៉ាដោយសន្តិវិធី ប្រសិនបើមិនមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ឬបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈកម្រិតស្រាល មិនគួរត្រូវបានចាត់ទុកថាជាបទកុបកម្មឡើយ។ ការចោទប្រកាន់ពីបទនេះគួរត្រូវធ្វើឡើងតែពេលមានភស្តុតាងជាក់ស្ដែងនៃសកម្មភាពហិង្សា ឬសកម្មភាព (overt acts) ដែលបង្ហាញពីការរៀបចំប្រើប្រាស់អាវុធ ឬហិង្សាប្រឆាំងអំណាចរដ្ឋ​។ ការបញ្ជាក់ព្រំដែនផ្លូវច្បាប់ឱ្យបានច្បាស់បែបនេះ នឹងជួយរក្សាតុល្យភាពរវាងការការពារសណ្ដាប់ធ្នាប់សាធារណៈ និងការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ការតវ៉ារបស់កម្មករ សហជីព ឬសហគមន៍មូលដ្ឋាន មិនគួរត្រូវបានបកស្រាយថាជាបទកុបកម្មឡើយ លុះត្រាតែមានភស្តុតាងច្បាស់អំពីការប្រើប្រាស់ហិង្សា ឬអាវុធ។ 

៦. ការកែទម្រង់គោលនយោបាយផ្តន្ទាទោស និងការពង្រីកជម្រើសទោសជំនួស

វិសោធនកម្មក្រមព្រហ្មទណ្ឌមិនគួរមើលតែការកែប្រែនិយមន័យនៃបទល្មើសប៉ុណ្ណោះទេ ប៉ុន្ដែគួរត្រូវពិនិត្យឡើងវិញផងដែរលើគោលនយោបាយនៃការផ្តន្ទាទោស។ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជាមានទំនោរផ្ដោតលើការដាក់ទោសជាប់ពន្ធនាគារ សូម្បីតែក្នុងករណីបទល្មើសអហិង្សា។ ទស្សនាទាននេះមិនត្រឹមតែបង្កើនភាពចង្អៀតណែនក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនមានប្រសិទ្ធភាពក្នុងការកែប្រែអាកប្បកិរិយាបុគ្គលផងដែរ។ 

ដូច្នេះ ក្រមព្រហ្មទណ្ឌគួរត្រូវពង្រីកការប្រើប្រាស់ទោសជំនួសការឃុំឃាំង ដូចជា ការងារបម្រើសង្គម ការផាកពិន័យជាប្រាក់ ការព្យួរទោស និងយុត្តិធម៌ស្តារនីតិសម្បទា។ 

រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)
រូបភាពអ្នកសារព័ត៌មានកំពុងសម្ភាសន៍ជាមួយប្រភព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។(ខេមបូចា/ ព្រីង សំរាំង)

៧. ការធានាសង្គតិភាពរវាងក្រមព្រហ្មទណ្ឌ និងច្បាប់ពិសេស

ក្នុងដំណើរការវិសោធនកម្ម ក៏គួរត្រូវពិនិត្យ ពាក្យពេចន៍ និងវិសាលភាពនៃបទល្មើសក្នុងក្រមព្រហ្មទណ្ឌ ដើម្បីធានាថាវាមានសង្គតិភាពជាមួយច្បាប់ពិសេស និងបទប្បញ្ញត្តិវិស័យផ្សេងៗ ដែលគ្រប់គ្រង សកម្មភាពសាធារណៈ។ ក្នុងការអនុវត្តជាក់ស្ដែង សកម្មភាពមួយចំនួនដែលត្រូវបានគ្រប់គ្រងដោយច្បាប់ជាក់លាក់ ដូចជា ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីសហជីព ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពី អង្គការសង្គមស៊ីវិល អាចនាំឱ្យមានការបកស្រាយផ្លូវច្បាប់ដែលប៉ះទង្គិចគ្នា ប្រសិនបើពាក្យពេចន៍​ក្នុងក្រមព្រហ្មទណ្ឌមិនមានភាពច្បាស់លាស់។ 

ជាក់ស្តែង នៅពេលមានបទល្មើសព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌតែងតែមានឧត្តមភាពក្នុងការអនុវត្ត។ ទោះជាយ៉ាងណា ដើម្បីធានាភាពសមហេតុផល និងការអនុវត្តច្បាប់ដែលអាចទាយទុកជាមុនបាន ការតាក់តែងបទល្មើសក្នុងក្រមព្រហ្មទណ្ឌគួរត្រូវធ្វើឡើងដោយគោរពគោលការណ៍សង្គតិភាពនៃប្រព័ន្ធច្បាប់ និងគោលការណ៍ lex specialis derogat legi generali tuj ជៀសវាងការបកស្រាយដែលអាចប៉ះពាល់ ដល់សកម្មភាពស្របច្បាប់ក្នុងវិស័យ សារព័ត៌មាន សហជីព សង្គមស៊ីវិល ឬនយោបាយ។ 

ការធានាសង្គតិភាពបែបនេះ នឹងជួយបង្កើតប្រព័ន្ធច្បាប់ដែលមានភាពច្បាស់លាស់ ស្ថិរភាព និងអាចទាយទុកជាមុនបាន ខណៈ ពេលដែលបន្តរក្សាបាននូវតួនាទីសំខាន់របស់ ច្បាប់ព្រហ្មទណ្ឌក្នុងការការពារសណ្ដាប់ធ្នាប់សង្គម។ 

អនុសាសន៍សម្រាប់វិសោធនកម្ម៖ ដើម្បីធានាថាវិសោធនកម្មនេះមានអត្ថន័យជ្រាលជ្រៅ ក្រមព្រហ្មទណ្ឌគួរត្រូវបញ្ចូលគោលការណ៍សំខាន់ពីរយ៉ាង៖ 

១.ភាពច្បាស់លាស់នៃនិយមន័យ (Definitional Precision) ត្រូវកំណត់ធាតុផ្សំនៃបទល្មើសនីមួយៗឱ្យបានច្បាស់ ដើម្បីកាត់បន្ថយការបកស្រាយដោយឆន្ទានុសិទ្ធិ។ 

២. ការលើកលែងដោយសុចរិតភាព (Good Faith Exception) ត្រូវមានបទប្បញ្ញត្តិដែលបញ្ជាក់​ថា ការបញ្ចេញមតិ ការរាយការណ៍ ឬការតវ៉ាដែលធ្វើឡើងដោយសុចរិត ដើម្បីការពារប្រយោជន៍សាធារណៈ មិនត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌឡើយ។ 

សេចក្តីសន្និដ្ឋាន៖ ច្បាប់ព្រហ្មទណ្ឌដែលមានគុណភាព មិនមែនជាច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការនិយាយការពិតនោះទេ។ ផ្ទុយទៅវិញ វាគួរតែជាច្បាប់ដែលធានាបាននូវភាពច្បាស់លាស់ ការពារសិទ្ធិស្របច្បាប់ និងលើកកម្ពស់តម្លាភាពក្នុងសង្គម។ 

ប្រសិនបើវិសោធនកម្មក្រមព្រហ្មទណ្ឌលើកនេះអាចសម្រេចបានគោលការណ៍ទាំងនេះ វា នឹងមិនត្រឹមតែជាការកែប្រែអត្ថបទច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាជំហានដ៏សំខាន់ មួយក្នុងការពង្រឹងនីតិរដ្ឋ និងការកសាងទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌កម្ពុជា៕

ចំណាំ៖ អត្ថបទទស្សនៈនេះសរសេរដោយ លោក ឡុង បញ្ញាវុឌ្ឍ ដែលជាមេធាវីនៅ PAN & Associates Law Firm

ព័ត៌មានថ្មី

អត្ថបទពេញនិយម