សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោកនាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ពង្រឹង​យុទ្ធសាស្រ្ត​ត្រៀម​ខ្លួន​នឹង​គ្រោះមហន្តរាយ ខណៈ​ហានិភ័យ​នៃអាកាសធាតុ​កើន​ឡើង​

ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​ក្នុង​ក្រុង​សិរីសោភ័ណ្ឌ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ផ្លាស់ទី​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​ កាល​ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​។ (ខេមបូចា/ យូសុះ អាប់ដុលរ៉ាស់ហ៊ីម)
ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​ក្នុង​ក្រុង​សិរីសោភ័ណ្ឌ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​កំពុង​ផ្លាស់ទី​ទៅ​កាន់ទី​ទួល​សុវត្ថិភាព​ កាល​ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៦​។ (ខេមបូចា/ យូសុះ អាប់ដុលរ៉ាស់ហ៊ីម)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​ស្ថាប័ន​នានា​​ឲ្យ​គិត​គូរ​ពី​ផែនកា​រគ្រប់​គ្រង​គ្រោះ​មហន្តរាយជា​ការងារ​ស្នូល​ និងត្រូវ​ពង្រឹង​ធនធានមនុស្ស និង​សម្ភារ​សង្រោះ​​ដើម្បី​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ និង​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពីការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​​​ឆ្នាំ​២០២៤-២០២៨ និង​ផែនទី​បង្ហាញ​ផ្លូវ​ថ្នាក់​ជាតិ​​ស្ដីពី​ការ​ប្រកាស​ឲ្យ​ដឹង​មុន​​សម្រាប់ទាំង​អស់​គ្នា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​។​

ក្នុង​សារលិខិត​មួយ​​ចុះ​ថ្ងៃទី​១១ ខែតុលា ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​ត្រៀម​សម្រាប់​​ទិវា​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ថ្ងៃទី​១៣ ខែតុលា លោក​បាន​សង្កត់​ធ្ងន់​​លើ​​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា ខណៈ​ដែល​លោក​បាន​ជំរុញ​ឲ្យ​គណៈកម្មកាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បន្ត​ពង្រឹង​​ប្រព័ន្ធ​អន្តរក្រសួង​ដោយ​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​គ្រប់​គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ និង​កាត់​បន្ថយ​ហានិភ័យ​ពី​គ្រោះ​មហន្តរាយ​នានា​។​

បន្ថែម​ពី​នេះ បើ​តាម​លិខិត​ដដែល ​លោក​ថា​ក៏​គួរ​មាន​ការ​អប់រំ និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​សាធារណជន​អំពី​ហានិភ័យ​នៃគ្រោះ​មហន្តរាយ និងការ​ប្រកាស​ឲ្យ​ដឹង​ជា​មុន​​​នៃ​មុខ​សញ្ញា​​​គ្រោះ​ថ្នាក់​ដល់​​ប្រជា​ពល​រដ្ឋ និង​ភាគី​ពាក់​ព័ន្ធ​​​​ដើម្បី​ត្រៀម​ខ្លួន​ទប់ទល់​និង​គ្រោះ​មហន្តរាយ​ដែល​អាច​កើត​មាន​។​

លោក​បន្ថែម​ថា៖ «​​រដ្ឋា​ភិបាល​ចូល​រួម​ថែរក្សា​កំណើន​សេដ្ឋកិច្ច​និងការ​បង្កើន​ការ​វិនិយោគ​សាធារណៈ​​លើ​ភាព​ធន់​នៃ​លំនៅ​ឋាន​គ្រប់​ក្រុម​គ្រួសារ​​ដែល​ងាយ​រង​គ្រោះ​បំផុត​ រួម​​ទាំង​រៀប​ចំបណ្ដាញ​សុវត្ថិ​ភាព​សង្គម​ និង​ការ​ផ្ដល់​ជម្រក​សុវត្ថិភាព​សមរម្យ​ និង​អាចធានា​ថា​បាន​ទទួល​ព័ត៌មានអំពីហានិភ័យ​​បាន​ទាន់​ពេល​វេលា​ និង​គ្រប់​សហគមន៍​»។​

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសជា​ច្រើន​ទៀត​​ដែល​កំពុង​ប្រឈម​មុខ​នឹង​ភាព​ស្មុគស្មាញ និង​ការ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​ហានិភ័យ​គ្រោះ​មហន្តរាយ​ដោយ​សារតែ​បញ្ហា​កត្តា​​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច​។ ការ​ប្រែប្រួល​អាកាស​ធាតុ ​នគរូបនីយកម្ម និង​បញ្ហា​បរិស្ថាន​ធ្លាក់​​ចុះ​​បាន​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​ការ​អភិវឌ្ឍ​សង្គម និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយចីរភាព​។ នេះ​បើយោង​តាម​សារ​លិខិតរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដដែល​។​

លោក​បន្ថែម​ថា ​ការ​កើន​ឡើង​នៃ​​មុខសញ្ញា​គ្រោះ​ថ្នាក់​ឧតុនិយម​កាន់​តែ​ញឹក​ញាប់​ និង​ខ្លាំង​ឡើង​​កំពុង​តែ​គំរាម​កំហែង​អាយុជីវិត ​ប៉ះពាល់​ជីវភាព​រស់​នៅ​ និង​រំខាន​ដល់​សេដ្ឋកិច្ច​សហគមន៍​ ព្រម​ទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទៀត​ផង​។​

កាល​ពី​ខែ​តុលា គ្រោះ​រាំង​ស្ងួត​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អ៊ែនីញ៉ូ​បាន​ធ្វើ​ឲ្យ​ដី​ស្រែ​ជាង​​២៩០ ០០០​ហិកតា​រង​ផល​ប៉ះពាល់​​ក្នុង​ខេត្ត​ចំនួន​ប្រាំ​បី​។ នេះ​បើ​តាម​គណៈកម្មកាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។​​

​ស្រប​ពេល​ដែល​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​កំពុង​បន្ត​តាម​ដាន​ផល​ប៉ះពាល់​នៃ​បាតុភូត​អ៊ែល​នីញ៉ូ និង​រៀបចំ​ផែក​ការ​ឆ្លើយ​តប អ្នកសិករ និង​អ្នក​ជំនាញ​លើក​ឡើង​ថា ​ការ​ត្រៀម​ខ្លួន​​ជាមុន​នៅ​កម្រិត​សហគមន៍​នៅ​មិន​ទាន់​បាន​ល្អនៅ​ឡើយ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធគ្រប់​គ្រង​ទឹក ព័ត៌មាន​ពីការ​ជូន​ដំណឹង​ជាមុន និង​ការគាំទ្រ​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច​ដែល​ងាយ​រងគ្រោះ​។​

​លោក ប៊ូ ចាន់ណាក់ តំណាង​សហគមន៍​​មក​ពី​ឃុំ​សាម​ឃួយ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់សារព័ត៌មាន​ខេមបូចា​ថា​ សហគមន៍​ដែល​ងាយ​រង​គ្រោះ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​មាន​ចំណេះ​ដឹង​តិច​តួច និង​មិន​ទាន់​បាន​យល់​ដឹង​​អំពី​ការ​គ្រប់​គ្រង​ហានិភ័យ​នៃគ្រោះ​មហន្តរាយ និង​មិន​ដឹងថា​តើ​ពួក​គាត់​នឹង​ត្រូវ​រក​ជំនួយ​ពី​អ្នក​ណា​ផង​ដែរ។​​ លោកបន្ត​ថា ​សហគមន៍​ត្រូវ​ការ​ការ​គាំទ្រ​បន្ថែម​ទៀត ជាពិសេស​ការ​ព្រមាន​ជាមុន​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ត្រៀម​ខ្លួន​។​

លោក​ឱ្យ​ដឹងថា៖ «​យើង​ត្រូវ​ការ​ជំនួយ​​ខាង​ថវិកា​សម្រាប់​ការកសាង​សមត្ថភាព​ និង​ធនធាន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ក្នុង​រយៈពេល​ណា​មួយ​។ ខ្ញុំ​ធ្វើ​ការ​ជាមួយ​អង្គការ​​ក្នុង​ស្រុក​ ហើយលទ្ធភាព​របស់​យើង​មាន​កំណត់​ក្នុង​ការ​លើក​កម្ពស់​ការ​ត្រៀម​ខ្លួន​ចំពោះ​គ្រោះ​មហន្តរាយ​…យើង​ត្រូវ​ការ​កិច្ច​សហការ​ជាមួយ​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ដើម្បី​ជម្លៀស​ប្រជា​ពល​រដ្ឋ​ក្នុង​ករណី​មានគ្រោះ​ទឹកជំនន់​ជា​ដើម»។​

លោក ចាន់ណាក់ បន្ថែម​ថា ​អាជ្ញាធរ​មូល​ដ្ឋាន​គួរ​ពង្រឹង​ការ​គ្រប់​គ្រង​គ្រោះទឹកជំនន់ និងគ្រោះ​រាំង​ស្ងួត តាម​រយៈការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ស្តុក​ទឹក និង​តាម​ដាន​ជីវភាព​រស់​​នៅ​របស់គ្រួសារ​ងាយ​រងគ្រោះ និង​ជួយ​សហគមន៍​ឲ្យ​កាន់តែមានភាព​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយផ្សេង​ៗ​។​

ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​ថា​​ក្នុង​ន័យ​ការ​ត្រៀម​ខ្លួន​ជាមុន​ចំពោះ​គ្រោះ​មហន្តរាយ ខ្លួន​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្យាករអាកាសធាតុ សីតុណ្ហភាពនិង​ស្ថានភាព​ទឹក​ភ្លៀង និង​ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេល​វេលា​តាម​រយៈ​លេខ​ទាន់​ហេតុការណ៍​របស់​ក្រ​សួង​១២៩៤ ក្នុងការ​ផ្ដល់​សារ​ព្រមានជាមុន និង​តាម​រយៈ​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ទៀត​។​

អ្នកនាំពាក្យ​​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ លោក សុទ្ធ គឹម​កុល​មុនី មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​លើ​រឿង​នេះទេ​។ ប៉ុន្តែ​លោក​ធ្លាប់​​ប្រាប់​សារព័ត៌មាន​ក្នុង​​ស្រុក​កន្លងមក​ថា ​អង្គភាព​របស់​លោក​បាន​ណែនាំ​ដល់​អាជ្ញាធរមូល​ដ្ឋាន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ ពួក​គេ​ធ្វើ​ការ​ដោយ​សហការ​គ្នា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយធម្មជាតិ​។​

ស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព នៅភូមិរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងពោធិ៍សាត់។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
ស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព នៅភូមិរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឥទ្ធិពលពីបាតុភូត El Niño បានបង្កឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងពោធិ៍សាត់។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោក ទុំ ពឿន កសិករ​នៅភូមិ​អូរតាគី ឃុំអូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង លើក​ឡើង​ថា​ដី​ស្រែ​ក្នុង​តំបន់​របស់​លោក​គឺ​ពឹង​អាស្រ័យ​លើ​​ប្រភព​ទឹក​ហូរ​ធ្លាក់​​​ពី​អាង​កំពីង​ពួយ​សម្រាប់​ស្រោច​ស្រព​។ លោក​ថា​បាតុភូត​អ៊ែលនីញ៉ូ បាន​ធ្វើ​ឲ្យ​ដីស្រែ​របស់​លោក​ចំនួន​ប្រាំ​មួយ​ហិកតា​គ្មាន​ទឹក​ស្រោច​ស្រពដោយសារ​ភាព​រាំង​ស្ងួត ព្រោះមិន​មាន​ភ្លៀង​ធ្លាក់​។​ 

​លោក​បាន​ព្យាយាម​សង្គ្រោះ​ស្រូវ​ដោយ​ប្រើ​ប្រាស់ជី​​សម្រាប់​ឲ្យ​ស្រូវ​លូតលាស់​និង​បាន​ផលច្រើន តែ​ថា​គួរ​ឲ្យ​សោកស្ដាយ​ស្រូវ​ទាំង​នោះ​ក៏​រងគ្រោះ​ខូច​ខាត​ដោយ​សារទឹកជំនន់ ដោយ​សារតែ​មិនមាន​ផ្លូវ​រំដោះទឹកចេញ​ឲ្យ​បាន​ត្រឹមត្រូវ​។​ លោក​បន្ថែម​ថា៖ «​ខ្ញុំ​ខ្ចីបុលគេ​ដើម្បីទិញ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដើម្បី​សង្គ្រោះ​ស្រូវ និងសង្ឃឹម​ថាអាច​កាត់​បន្ថយ​ការ​ខាត​បង់​[ពីគ្រោះ​រាំង​ស្ងួត] ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​អាច​ប្រមូល​ផល​បាន​ទេ»។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​ដឹ​ងថា​ត្រូវ​ធ្វើ​អ្វីទៀត និង​មិន​ដឹង​ថា​ទៅ​រក​ពូជពី​ណា​ទៀត​ដើម្បី​ធ្វើ​ស្រែ​ឡើង​វិញ។ ខ្ញុំ​ខ្ចីលុយ​គេ​ដើម្បីទិញជី និង​ថ្នាំ និង​ចំណាយ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​សង​គេ​វិញ​ដោយ​របៀបណា​ទេ»។​

បញ្ហា​នានា​ដែល​លោក​កំពុង​ប្រឈម​គឺ​ទាក់ទង​ផ្ទាល់ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ប្រព័ន្ធ​​ធារាសាស្រ្ត​​ដែល​ភ្ជាប់ទៅ​កាន់​ប្រភព​ទឹក​មានគុណភាពមិន​ល្អ​​។​​ លោក​ថា​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​សម្រាប់​រំដោះទឹកពេល​មាន​ទឹកជំនន់ និង​ប្រព័ន្ធ​ទទួលទឹក​ពី​អាង​កំពីង​ពួយ​ពេល​មាន​គ្រោះ​រាំងស្ងួត​។​​

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​ថ្មី មានប្រសាសន៍​ថា ​ក្រ​សួងពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ពង្រឹង​គោល​នយោបាយ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ ដោយ​ថា​កម្ពុជា​ត្រូវ​ការ​គោល​នយោបាយ​ធនធានមនុស្ស និង​ការ​គាំទ្រ​ផ្នែក​ថវិកា​។​​

​ដើម្បី​ការពារគ្រោះ​មហន្តរាយដោយចៃដន្យណា​មួយ​ដូច​ជាគ្រោះទឹកជំនន់ និង​គ្រោះរាំង​ស្ងួត លោក​ថា​កម្ពុជា​ត្រូវតែអនុវត្ត​ផែនការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​​មួយ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ និង​ស្ថាប័ននានា​។ លោក​បន្ថែម​ថា៖ «​ជាមួយ​គ្នា​នេះ ស្ថាប័ន​មួយ​ៗ​ត្រូវមាន​ធនធានមនុស្ស ដើម្បី​ដោះស្រាយ​បញ្ហា…​ការគាំទ្រ​ផ្នែក​ថវិកា​គឺជា​រឿង​សំខាន់​សម្រាប់​ស្ថាប័ន ខណៈ​សម្ភារ​សម្រាប់​ឆ្លើយ​តបបន្ទាន់​ត្រូវ​ត្រៀម​ជា​ស្រេច​ក្នុងពេល​មាន​ហេតុការណ៍​គ្រោះ​ទឹកជំនន់ ឬ​គ្រោះ​រាំង​ស្ងួត»។​

ប្រហាក់​ប្រហែល​គ្នា​នេះដែរ លោក​ថា​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​រឿង​សំខាន់​សម្រាប់​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយ​តបទៅ​នឹង​គ្រោះ​មហន្តរាយ​។​ លោកបន្ត​ថា​ផ្លូវ​ ស្ពានល្អ ប្រព័ន្ធ​រំដោះទឹក ជម្រក និង​​បណ្ដាញ​ទំនាក់​ទំនង​ក្នុង​ការជួយ​ដល់​ក្រុម​សង្គ្រោះ​ឲ្យ​​បានទៅ​ដល់​សហគមន៍​រងគ្រោះ ការ​ដឹក​ជញ្ជូន​សម្ភារចាំបាច់ និង​ការ​ជួយ​មនុស្ស​ឲ្យ​មាន​សុវត្ថិភាព​ គឺជា​អ្វី​ដែល​ត្រូវ​មាន​​។​

ការ​ប្រែ​ប្រួលអាកាសធាតុ​អាច​កាត់​បន្ថយ​ចំណូល​ក្នុង​ស្រុក​​សរុប​ ឬGDP ​ប្រហែល​២,៥ភាគរយ​នៅ​ត្រឹមឆ្នាំ​២០៣០ និង​អាច​ឡើង​ដល់​៩,៨ភាគរយ​នៅ​ត្រឹមឆ្នាំ​២០៥០​។ នេះ​បើ​តាម​ក្រ​សួង​បរិស្ថាន​។ កម្ពុជា​ជា​ប្រទេស​មួយ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ព្យុះ រលកកម្ដៅ និង​ការជ្រាបចូល​នៃទឹកប្រៃ​។​​

លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ប្រាប់សារព័ត៌មាន​ខេមបូចា​ថា ​ស្ថាប័ន​នានា​និង​សហគមន៍​មូល​ដ្ឋាន​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​គ្រោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ អ្វីទាំងនេះ​ត្រូវ​រួម​បញ្ចូល​ទាំង​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន និង​ការតាមដាន​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​លើ​ផ្ទះ​សម្បែង គាំទ្រ​ដល់គ្រួសារ​ងាយ​រងគ្រោះឲ្យ​ចេះ​ការពារ​ខ្លួន និង​កសាង​សហគមន៍​មួយ​ឲ្យមាន​ភាព​ធន់​។​​

លោក​បន្ថែម​ថា៖ «យើងត្រូវ​ឆ្លើយ​តបទៅនឹងគ្រោះមហន្តរាយថ្នាក់ជាតិ​ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់​ប្រជា​ពល​រដ្ឋ​ងាយ​រងគ្រោះ​។ ជាមួយ​នឹង​ភាព​ញឹក​ញាប់​នៃ​គ្រោះ​​មហន្តរាយ​​ដែល​កើត​មាន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពល​រដ្ឋ ក៏ដូចជា​សេដ្ឋកិច្ច​។ ខ្ញុំ​គិត​ថាការ​​កសាង​សហគមន៍​មួយ​ឲ្យ​មានភាព​ធន់ត្រូវ​តែធ្វើ​ដោយ​ផ្អែក​លើ​ទីតាំង​ភូមិ​សាស្រ្ត»។​

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២៦ ដីស្រែចំនួ​ន​១៥០ ០០០​ហិកតា​រងការ​ជន់លិច ដែល​នេះស្មើ​នឹង​​៥ភាគរយ​នៃ​ដី​ស្រែស្រូ​វ​វស្សាដែល​​ចំនួន​៣លាន​ហិកតា​នៅទូទាំង​ប្រទេស។​

គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​បាន​បង្ហាញ​តួលេខ​ថា​ប្រជា​ពល​រដ្ឋ​ជាង​៥៧ ០០០​​គ្រួសារ​បាន​រង​ផល​ប៉ះពាល់មាន​​​នៅ​ក្នុង​ខេត្ត​ចំនួន​១០ និង​​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​ឋាន ហើយ​ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ​គឺ​ខេត្ត​បាត់​ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​សៀម​រាប​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Calls for Stringent Disaster Risk Preparedness Strategies as Climate Risks Rise

ព័ត៌មានថ្មី

អត្ថបទពេញនិយម