សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មក្រុមហ៊ុនព្រីនស៍ ដោយចោទថាជាបណ្តាញបោកប្រាស់សកល

អគារក្រុមហ៊ុនព្រីនស៍ និងធនាគារព្រីនស៍ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អគារក្រុមហ៊ុនព្រីនស៍ និងធនាគារព្រីនស៍ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ បានដាក់ក្រុមហ៊ុនព្រីនស៍ (Prince Group) របស់កម្ពុជា ចូលក្នុងបញ្ជីខ្មៅ ដោយចាត់ទុកថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលធ្វើប្រតិបត្តិការបោកប្រាស់តាមអនឡាញ ដោយប្រើប្រាស់ទាសភាពសម័យទំនើបដែលយកជនជាតិអាមេរិក និងជនរងគ្រោះផ្សេងទៀតនៅក្រៅប្រទេសជាគោលដៅ។​

សកម្មភាពទាំងនេះរួមមានការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ លើអង្គភាពចំនួន ១៤៦ ដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុនព្រីនស៍ ដែលមានមូលដ្ឋាននៅភ្នំពេញ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុននេះ ត្រូវបានកាត់ផ្តាច់ពីក្រុមហ៊ុនអាមេរិក ប្រជាជនអាមេរិក ហើយក៏ធ្វើឱ្យអ្នកដទៃទៀត ប្រឈមមុខនឹងការដាក់ទណ្ឌកម្មផងដែរ ប្រសិនបើពួកគេធ្វើជំនួញជាមួយក្រុមហ៊ុននេះ។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការកើនឡើងយ៉ាងឆាប់រហ័សនៃការបោកប្រាស់ក្លែងបន្លំឆ្លងដែន បានធ្វើឱ្យពលរដ្ឋអាមេរិកខាតបង់រាប់ពាន់លានដុល្លារ ដោយសារតែលុយសន្សំពេញមួយជីវិតត្រូវបានរលាយបាត់ក្នុងរយៈពេលតែប៉ុន្មាននាទី»

ចក្រភពអង់គ្លេសបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ១៧២លានដុល្លារ នៅទូទាំងទីក្រុងឡុងដ៍ រួមមានផ្ទះវីឡាដែលមានតម្លៃ ១៦លានដុល្លារ ដែលមានទំនាក់ទំនងជាមួយប្រធានក្រុមហ៊ុន Prince គឺលោក Chen Zhi ដែលអាជ្ញាធរអះអាងថាជាមេខ្លោងនៅពីក្រោយមជ្ឈមណ្ឌលបោកប្រាស់ដ៏ធំបំផុតមួយចំនួនរបស់កម្ពុជា។ ព្រះរាជអាជ្ញាសហរដ្ឋអាមេរិកក៏បានរឹបអូស Bitcoin ចំនួន ១៥ ពាន់លានដុល្លារ ដែលមានជាប់ទាក់ទងនឹងករណីនេះ ហើយទ្រព្យសម្បត្តិដែលកាន់កាប់ដោយក្រុមនេះ និងថ្នាក់ដឹកនាំរបស់ខ្លួន ឥឡូវនេះក៏ត្រូវបានរឹបអូសដែរ។

សកម្មភាពរួមគ្នានេះ គឺជាការឡើងកម្តៅចុងក្រោយបំផុត នៅក្នុងការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកម្ចាត់ឧស្សាហកម្មបោកប្រាស់តាមប្រព័ន្ធអ៊ិនធឺណិតដ៏ធំសម្បើមនៅអាស៊ីអាគ្នេយ៍ ដែលមន្ត្រីអាមេរិកបាននិយាយថា បានក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិ បន្ទាប់ពីបានបោកបញ្ឆោតជនជាតិអាមេរិកអស់ទឹកប្រាក់ជាង ១០ពាន់លានដុល្លារ កាលពីឆ្នាំមុន តាមរយៈល្បិចបោកប្រាស់ដូចជាគ្រោងការណ៍គ្រីបតូដែលគេហៅថា«Pig Butchering»ជាដើម។

អ្នកវិភាគបានចាត់ទុកសកម្មភាពនៅថ្ងៃអង្គារនេះថា ជាការវាយប្រហារដ៏ធំបំផុតមួយចំពោះបណ្តាញឧក្រិដ្ឋជនក្នុងតំបន់ និងជាសញ្ញាបង្ហាញថាអាចនឹងមានសកម្មភាពបន្ថែមទៀតនៅពេលខាងមុខ។

នៅពេលត្រូវបានសួរអំពីផលប៉ះពាល់នៃទណ្ឌកម្មនេះ លោក Jacob Sims ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard និងជាអ្នកវិភាគលើឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ បាននិយាយថា៖ «ត្រឹមតែការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកមួយហ្នឹង ទ្រព្យសម្បត្តិដែលបង្កកបានមានចំនួនលើសពី ១៥ពាន់លានដុល្លាររួចទៅហើយ ហើយតួលេខនោះអាចកើនឡើងច្រើនជាងនេះទៀត»

លោកបានបន្ថែមថា៖ «ប្រសិនបើទណ្ឌកម្មពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សំណុំរឿងរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការបោកប្រាស់ ដំណើរការទៅមុខក្នុងពេលដំណាលគ្នា នោះផលប៉ះពាល់នឹងកាន់តែមានទំហំធំ»  ដោយលោកក៏បានសំដៅលើវិធានការបន្ថែមទៀតដែលសមាជិកសភាអាមេរិកកំពុងរៀបចំ។

លោកបាននិយាយថា៖ «អ្នកនឹងមិនឃើញការដួលរលំភ្លាមៗនោះទេ ប៉ុន្តែអ្នកនឹងឃើញការចុះខ្សោយជាលំដាប់ ដូចជាទ្រព្យសម្បត្តិត្រូវបានបង្កកកាន់តែច្រើន ធនាគារជាដៃគូដកខ្លួន កិច្ចព្រមព្រៀងអចលនទ្រព្យត្រូវបានជាប់គាំង គោលនយោបាយធានារ៉ាប់រងត្រូវបានលុបចោល ហើយកេរ្តិ៍ឈ្មោះកាន់តែអាក្រក់ ដែលធ្វើឱ្យកាន់តែពិបាកក្នុងការបង្វែរប្រាក់ចំណេញខុសច្បាប់ទៅជាទ្រព្យសម្បត្តិដែល ‘ស្របច្បាប់’»។

ការរឹតបន្តឹងជាលំដាប់ដែលលោក Sims បានលើកឡើង បានបង្ហាញឱ្យឃើញក្នុងរយៈពេលមួយខែចុងក្រោយនេះ តាមរយៈសកម្មភាពជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ដែលផ្តោតលើឧស្សាហកម្មបោកប្រាស់នៅកម្ពុជា និងអ្នកដែលជួយគាំទ្រឧស្សាហកម្មនេះ។

អគារ Prince Group មួយកន្លែង ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានគេលើកឡើងនៅក្នុងរបាយការណ៍ថា មានទំនាក់ទំនងជាមួយប្រតិបត្តិការបោកប្រាស់ រូបថតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សហរដ្ឋអាមេរិកកាលពីខែមុនបានដាក់ចូលក្នុងបញ្ជីខ្មៅនូវគោលដៅចំនួន១០ នៅកម្ពុជា ដែលក្នុងនោះរួមមានទាំងកាស៊ីណូ និងបុគ្គលសង្ស័យដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌល​ឆបោក។ ប៉ុន្មានសប្តាហ៍ក្រោយមកក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដោយបានចាត់ទុកប្រទេសកម្ពុជាជាលើកដំបូងថាជា «រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» ការជួញដូរមនុស្ស ដោយបានចោទប្រកាន់ថាមន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សារដ្ឋាភិបាល ទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីការបង្ខំឱ្យធ្វើការ និងអំពើឧក្រិដ្ឋកម្មនៅតាមទីតាំងបោកប្រាស់ទូទាំងប្រទេសកម្ពុជា។ 

ទីតាំងរាប់រយកន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនគ្រប់គ្រងដំណើរការដោយក្រុមឧក្រិដ្ឋជនចិន ត្រូវបានគេជឿថាបានជួញដូរមនុស្សជាង ១៥០ ០០០ នាក់ មកពីប្រទេសជាច្រើន ឱ្យចូលធ្វើការទៅក្នុងឧក្រិដ្ឋកម្មដោយបង្ខំ ដែលបង្កើតប្រាក់ចំណូលខុសច្បាប់ប្រមាណពី ១២,៥ពាន់លានដុល្លារ ទៅ ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

បណ្តាញខុសច្បាប់នេះក៏បានរីកសាយចូលទៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ ដោយមានមនុស្សប៉ាន់ស្មានសរុបជាង ៣០០ ០០០ នាក់ ត្រូវបានជួញដូរចូលទៅក្នុងឧក្រិដ្ឋកម្មដោយ​បង្ខំនៅទូទាំងប្រទេសទាំងបី។

ស្រប​ពេល​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាល​ពី​ខែ​កញ្ញា សេចក្តី​ស្នើ​ច្បាប់​មួយ​ត្រូវ​បាន​ដាក់​ជូន​សភា​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​ក្រុម​ការងារ​ប្រឆាំង​ការ​បោក​ប្រាស់ ដែល​មាន​គោល​ដៅ​រំលាយ​ក្រុម​ឧក្រិដ្ឋកម្ម​នៅ​អាស៊ី​អាគ្នេយ៍ និង​ពង្រីក​ទណ្ឌកម្ម ដែលក្នុងនោះរួម​ទាំង​ទណ្ឌកម្មលើ​លោក ហ៊ុន តូ ដែល​ត្រូវ​ជា​បងប្អូនជីដូនមួយ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន ថូ គឺជាម្ចាស់ភាគហ៊ុនធំមួយរូប នៅក្នុងក្រុមហ៊ុន Huione Group ដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ស្របពេលជាមួយនឹងក្រុមហ៊ុន Prince Group ក្រោយពីក្រុមហ៊ុននេះត្រូវបានគេកំណត់ពីមុនមកថាជាអង្គភាពដែលមានហានិភ័យខ្ពស់ក្នុងការលាងលុយកខ្វក់។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huione ត្រូវបានក្រុមត្រួតពិនិត្យការអនុលោមតាមច្បាប់គ្រីបតូ (crypto compliance) ចាត់ទុកថាជាទីផ្សារអនឡាញខុសច្បាប់ដ៏ធំបំផុតមិនធ្លាប់មាន

សម្ព័ន្ធក្រុមហ៊ុន Prince Group ដែលមានផលប្រយោជន៍អាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគា​រ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម ដោយអ្នកសារព័ត៌មាន និងអ្នកស៊ើបអង្កេត ហើយពួកគេខ្លះបានស្វាគមន៍ទណ្ឌកម្មចុងក្រោយនេះថាជាការបញ្ជាក់ពីរបាយការណ៍របស់ពួកគេថាជារឿងពិត។

លោក Nathan Paul Southern នាយកប្រតិបត្តិការនៅ Eye Witness Project ដែលជាក្រុមហ៊ុនប្រឹក្សាអន្តរជាតិស៊ើបអង្កេតលើជម្លោះ ឧក្រិដ្ឋកម្ម និងអំពើពុករលួយ បានមានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន សកម្មជន និងអ្នកដែលមិនអាចបញ្ចេញឈ្មោះ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្ហាញថា ក្រុមនេះមិនមែនគ្រាន់តែជាអង្គភាពសាជីវកម្ម ដែលមានការអនុវត្តធុរកិច្ចគួរឱ្យសង្ស័យនោះទេ ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មសកលតែម្តង»

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Prince Group មិនបានឆ្លើយតបអ៊ីម៉ែលភ្លាមៗទេ ហើយសារមួយទៀតដែលផ្ញើទៅកាន់អ៊ីម៉ែល ដែលមានចុះក្នុងគេហទំព័ររបស់ក្រុមហ៊ុន ត្រូវបានបញ្ជូនត្រឡប់មកវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនបានឆ្លើយតបភ្លាមៗនោះទេ។

អ៊ីម៉ែលមួយទៅកាន់អ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ត្រូវបានផ្ញើត្រឡប់មកវិញ ដោយលើកឡើងពីការការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ។

បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចាត់ទុក Prince Group ថាជាក្រុមឧក្រិដ្ឋកម្មអន្តរជាតិដ៏ធំមួយរួចមក លោក Sims បានថ្លែងថា Prince Group កំពុងប៉ុនប៉ងគេចវេះពីទណ្ឌកម្ម ដូចដែលបានឃើញបន្ទាប់ពីមហាសេដ្ឋី និងក្រុមហ៊ុនកម្ពុជាផ្សេងទៀត រួមទាំងលោក លី យ៉ុងផាត់ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅកាលពីឆ្នាំមុនផងដែរ។

លោក Sims បានមានប្រសាសន៍ថា៖ «រំពឹងថា នឹងមានយុទ្ធសាស្ត្រ ដែលលម្អិត និងទូលំទូលាយជាងអ្វីដែលយើងបានឃើញកន្លងមក ជាមួយលោក លី យ៉ុងផាត់»

លោកបានរៀបរាប់ពីវិធីសាស្រ្តផ្សេងៗ ដូចជាការប្តូរឈ្មោះក្រុមហ៊ុនយ៉ាងឆាប់រហ័ស ការតែងតាំងនាយកដែលគ្រាន់តែជានិមិត្តរូប និងការប្រើប្រាស់រចនាសម្ព័ន្ធសាជីវកម្មស្មុគស្មាញនៅក្រៅប្រទេស ដើម្បីលាក់បាំងម្ចាស់កម្មសិទ្ធិពិតប្រាកដ។ ទ្រព្យសម្បត្តិទាំងនោះ អាចនឹងត្រូវផ្ទេរទៅឱ្យសាច់ញាតិ ឬអ្នកដែលទុកចិត្តបាន ខណៈពេលដែលអចលនទ្រព្យ និងការធានារ៉ាប់រង ត្រូវបានប្រើប្រាស់ដើម្បីបិទបាំងប្រភពចំណូលដែលមិនស្របច្បាប់។

លោក Sims ក៏បានព្រមានផងដែរ អំពីការបង្កើនការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ និងការលាងលុយតាមរយៈពាណិជ្ជកម្ម ដើម្បីបន្តចរាចរហិរញ្ញវត្ថុ។ លោកបានបន្ថែមថា ដោយសារ Prince Group មានទំហំធំជាង និងមានភាពល្បីល្បាញជាសាធារណៈ ក្រុមនេះក៏អាចប្រើប្រាស់ផ្លូវច្បាប់ និងទំនាក់ទំនងសាធារណៈជាមធ្យោបាយផងដែរ ក្នុងពេលដែលពួកគេកំពុងរៀបចំប្រតិបត្តិការឡើងវិញដោយស្ងាត់ៗ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនសូវគេស្គាល់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US, UK Sanction Prince Group, Citing Global Scam Network

1,049 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម