ចិនគ្រោងនឹងផ្គត់ផ្គង់ប្រេង និងជីគីមីដល់កម្ពុជា ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ឺរ៉ង់នៅតំបន់មជ្ឈិមបូព៌ានៅបន្តកើតមាន ដែលបញ្ហានេះបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្លាំងកាលប៉ុន្មានខែកន្លងមកនេះ។
តម្លៃប្រេងឥន្ធនៈសកលលោកបានចុះថ្លៃវិញបន្តិចនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រោយពីមានការផ្ដើមចរចារគ្នារវាងអាមេរិក និងអ៊ឺរ៉ង់ ដែលឈានដល់មានបទឈប់បាញ់បណ្ដោះអាសន្នរវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្មបានបង្ហាញតារាងតម្លៃនៅលើហ្វេសប៊ុករបស់ខ្លួនសម្រាប់ថ្ងៃទី២៣-៣០ ខែមិថុនា ដោយប្រេងសាំងធម្មតាចុះពី ៤ ៦០០រៀលក្នុងមួយលីត្រមកនៅ៤៣៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតចុះពី៤៧០០រៀលក្នុងមួយលីត្រមកនៅ៤២៥០រៀលក្នុងមួយលីត្រ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនកាលពីថ្ងៃទី២៥ ដល់ ២៧ ខែមិថុនា និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង។
ថ្នាក់ដឹកនាំជាន់ខ្ពស់ចិនបាន«សន្យា» ជាមួយលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផង ថា ចិននឹងជួយផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីគីមីដល់កម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ កន្លងទៅ។
លោកបានប្រាប់សារព័ត៌មានខេមបូចាថា៖ «ខ្ញុំមិនទាន់អាចបញ្ជាក់បានទេថាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីគីមីនឹងត្រូវចាប់ផ្ដើមនៅពេលណា។ វាស្ថិតនៅលើការចរចាគ្នារវាងរដ្ឋាភិបាលទាំងពីរ»។
លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅចុងខែកក្កដា ខាងមុខនេះដែរ។
ដោយមានការបន្ថែមបរិមាណផ្គត់ផ្គង់លើប្រេងឥន្ធនៈ និងជីគីមី ដែលជារបស់«ចាំបាច់»សម្រាប់វិស័យកសិកម្ម កម្ពុជានឹងអាចត្រៀមខ្លួនបានល្អក្នុងការចៀសផុតពីវិបត្តិថាមពល។
កម្ពុជាបាននាំចូលយ៉ាងច្រើននូវប្រេងឥន្ធនៈ និងជីគីមីកសិកម្ម។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កម្ពុជាបាននាំចូលជីគីមីក្នុងតម្លៃ៤២០លានដុល្លារ និងលើថ្នាំកសិកម្មតម្លៃ២១៨លានដុល្លារ កាលពីឆ្នាំមុន ហើយការនាំចូលជីគីមីនេះទៀតសោតក៏មានការកើនឡើងប្រហែល២៦លានដុល្លារបើធៀបនឹងឆ្នាំ២០២៤។
លោក អ៊ុំ ពុយ ជាកសិករម្នាក់ជឿថា ការនាំជីគីមីពីចិននឹងជួយកាត់បន្ថយតម្លៃជីបានមួយផ្នែក។
លោកបានបន្ថែមថា៖ «វាគឺជារឿងល្អ ព្រោះថាកសិករយើងពឹងផ្អែកលើផលិតផលនាំចូល ប៉ុន្តែយើងត្រូវធានាថាជីនាំចូលពីចិនមានគុណភាពល្អដែរ»។
លោក ពុយ បច្ចុប្បន្នទិញជីពីឈ្មួញឯកជនដែលនាំចូលពីប្រទេសវៀតណាម។ តម្លៃជីមួយបាវទម្ងន់៥០គីឡូក្រាមប្រហែល៤៥ដុល្លារ ដែលថាតម្លៃនេះស្ទើរតែគុណនឹងពីរបើធៀបទៅនឹងតម្លៃកាលពីឆ្នាំ២០២៥។
កសិករជាច្រើននៅខេត្តបាត់ដំបង កន្លងមកធ្លាប់ប្រើប្រាស់ជីនាំចូលពីប្រទេសថៃ ប៉ុន្តែចាប់តាំងពីមានជម្លោះព្រំដែន លោកថាអ្នកទាំងនោះបានប្ដូរមកប្រើជីនាំចូលពីវៀតណាម និងជីផលិតក្នុងស្រុកជំនួសវិញ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ។
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិននៅប្រាំខែដំបូងក្នុងឆ្នាំ២០២៦ បានឈានដល់៩,៣៩ពាន់លានដុល្លារអាមេរិក កើនឡើង២២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
លោក ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជាលើរឿងបូរណភាពទឹកដី និងការការពារសន្តិសុខផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ China Promises Fuel and Fertilizer Supply for Cambodia, Might Ease Farmers’ Operating Cost Challenge








