សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មកររាយការណ៍ពីការបើកប្រាក់ឈ្នួលយឺត បន្ទាប់ពីអតីតនាយក Peninsula Bay រងទណ្ឌកម្ម

សណ្ឋាគារប្រណីតដែលមិនទាន់សាងសង់រួចនៅ Peninsula Bay ក្នុងក្រុងព្រះសីហនុ ដែលកម្មករធ្វើការនៅទីនោះប្រាប់ថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតម្តងហើយម្តងទៀតក្នុងប៉ុន្មានខែចុងក្រោយនេះ។ រូបភាពថត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៦។ (ខេមបូចា/Coby Hobbs)
សណ្ឋាគារប្រណីតដែលមិនទាន់សាងសង់រួចនៅ Peninsula Bay ក្នុងក្រុងព្រះសីហនុ ដែលកម្មករធ្វើការនៅទីនោះប្រាប់ថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតម្តងហើយម្តងទៀតក្នុងប៉ុន្មានខែចុងក្រោយនេះ។ រូបភាពថត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៦។ (ខេមបូចា/Coby Hobbs)

ក្រុងព្រះសីហនុ៖ អ្នកស្រី ចាន់ វរលក្ខណ៍ បានជូតទឹកភ្នែក ខណៈអង្គុយក្នុងបន្ទប់តូចរបស់អ្នកស្រី នៅក្នុង​អន្តេវាសិក​ដ្ឋានសម្រាប់កម្មករស្នាក់នៅប្រចាំថ្ងៃក្នុងក្រុងព្រះសីហនុ។ ចាប់តាំងពីខែមេសាមក អ្នកស្រី បានជួយធ្វើពុម្ពសម្រាប់ចាក់បេតុងនៅគម្រោង Peninsula Bay ដែលជារមណីយដ្ឋាន ប្រណីត តម្លៃ ៥៧៤ លានដុល្លារ ស្ថិតនៅតំបន់មាត់សមុទ្រនៃក្រុងនេះ។ ប៉ុន្តែប្រាក់ឈ្នួលរបស់ អ្នកស្រីតែងតែត្រូវបានបើកយឺត។

អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនដែលនឹកស្មានសោះថា ខ្ញុំនឹងត្រូវសុំឱ្យកូនៗឈប់រៀន ហើយ​មក​ធ្វើការ​នៅទីនេះទេ»។

អ្នកស្រី វរលក្ខណ៍ ប្តីរបស់អ្នកស្រី និងកូនប្រុសវ័យជំទង់ពីរនាក់ ដែលម្នាក់មានអាយុទើបតែ ១៥ ឆ្នាំ ធ្វើការឱ្យក្រុមហ៊ុនម៉ៅការបន្តមួយនៅរមណីយដ្ឋាននេះ។ អ្នកស្រីទទួលបានប្រាក់ឈ្នួល ១១ ដុល្លារ​ក្នុ​ងមួយថ្ងៃ។ ដោយសារជាប់បំណុល គ្រួសារអ្នកស្រីក៏ជាដូចគ្រួ​សារ​​ជា​ច្រើន​ទៀត​ដែល​ខេមបូចា​បាន​ជួប​​សម្ភាសន៍ បានចាកចេញពីខេត្តជាប់ព្រំដែនមកធ្វើការនៅទីនេះ។ ក្រុងកំពង់ផែនេះ​មានអគារ​ខុន​ដូខ្ពស់​ៗ​ជាច្រើនត្រូវបាន​ទុកចោល កាស៊ីណូ និងទីតាំង​បោកប្រាស់តាម​អន​ឡាញ​​ទ្រង់​ទ្រាយធំដែល​អាជ្ញាធរ​បាន​បង្ក្រាប​ក្នុងពេលថ្មីៗជាបន្តបន្ទាប់មកនេះ។ ការបង្ក្រាប​​ឧស្សាហ​កម្ម​ឆបោក​​អស់រយៈ​ពេល​មួយឆ្នាំកន្លងមក បានធ្វើឱ្យសេដ្ឋកិច្ចក្នុងក្រុងនេះធ្លាក់ចុះផងដែរ។

កម្មករនៅការដ្ឋានបាននិយាយថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតម្តង​ហើយម្តងទៀតក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ ខណៈការងារក៏កាន់តែខ្សត់ទៅៗ។ រមណីយដ្ឋាននេះធ្លាប់ត្រូវបានមន្ត្រីខេត្ត​ម្នាក់​សរសើរ​ថា ជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនបរទេសលើតំបន់នេះ។ ប៉ុន្តែបច្ចុប្បន្ន គម្រោង​​​នេះ​យឺតជាងកាលវិភាគដើមរយៈពេលពីរឆ្នាំ ហើយការ​បញ្ចប់ការសាងសង់ត្រូវបាន​ពន្យារ​ពេល​ដល់ឆ្នាំ២០៣០។

ជម្លោះពាក់ព័ន្ធនឹងការបើកប្រាក់ឈ្នួល ជារឿងដែលតែងកើតមាននៅការដ្ឋានសំណង់​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែការបើកប្រាក់ឈ្នួលយឺតនៅ Peninsula Bay កើតឡើងស្របពេលដែលអតីតនាយក​ក្រុមហ៊ុន​​អភិវឌ្ឍន៍គម្រោងនេះ ត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ នេះ​បើ​យោង​​តាមការ​ពិនិត្យមើល​ឯកសារក្រុមហ៊ុន និងទណ្ឌកម្មរបស់ក្រសួង​រតនាគារអាមេរិក​ដោយ​អ្នក​សារ​​ព័ត៌មាន​ខេមបូចា។

កាលពី​ខែមេសា ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើលោក Aik Paung និងលោក Sai Aung​ Linn ដែលជាពលរដ្ឋកម្ពុជាកើតនៅប្រទេសមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថា អ្នកទាំងពីរ​ពាក់​ព័ន្ធ​​​នឹងប្រតិបត្តិការឆបោក និងលាងលុយកខ្វក់។ ឯកសារក្រុមហ៊ុន ដែលក្រោយ​មកត្រូវបាន​ដក​ចេញ​ពី​បញ្ជីចុះបញ្ជីអាជីវកម្មរបស់រដ្ឋ បង្ហាញថា អ្នកទាំងពីរធ្លាប់​ជានាយកក្រុមហ៊ុននៅពី​ក្រោយ​គម្រោង​រមណីយដ្ឋាននេះរហូតដល់ខែធ្នូ ឆ្នាំ ២០២៥។ កញ្ចប់ទណ្ឌកម្មនេះ​ក៏រួមបញ្ចូល​ក្រុម​ហ៊ុន​របស់​​អ្នកទាំងពីរ ធនាគារមួយដែលក្រសួងរតនាគារអាមេរិកអះអាងថា Linn គ្រប់គ្រង ហើយក៏បាន​ដាក់​ទណ្ឌកម្មលើ​លោក កុក អាន សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ដែលបាន​បដិសេធ​ថាមិនមាន​ជាប់ពាក់ព័ន្ធនឹងអំពើ​ឆបោក​អនឡាញឡើយ។

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Peninsula Bay Investment មិនត្រូវបានដាក់បញ្ចូលក្នុង​បញ្ជី​ទណ្ឌកម្ម​នោះ​ទេ។ ប៉ុន្តែគម្រោងនេះបង្ហាញពីហានិភ័យដែលកម្ពុជាកំពុងប្រឈម ខណៈព្យាយាមកាត់​ផ្តាច់ទំនាក់​ទំនងសេដ្ឋកិច្ចរបស់ខ្លួនពីឧស្សាហកម្មឆបោក។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ឧស្សាហកម្មនេះត្រូវបានប៉ាន់ប្រមាណថា រកចំណូលបាន ១២,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា។

«ពេលយើងតវ៉ា ទើបយើងបានប្រាក់»

នៅការដ្ឋានសំណង់ កម្មករស្គាល់ឈ្មោះតែ«Peninsula Bay» ប៉ុណ្ណោះថាជាអ្នកទទួល​ខុសត្រូវលើរឿង​បើក​ប្រាក់ឈ្មួលយឺតឱ្យពួកគេ។

នេះជាឈ្មោះតែមួយគត់ដែលកម្មករភាគច្រើនស្គាល់សម្រាប់គម្រោងដ៏ធំនេះ។ ពួកគេនិយាយថា គម្រោងនេះមានក្រុមហ៊ុនម៉ៅការបន្តរបស់ចិនជាច្រើន។ ប៉ុន្តែកម្មករដែលខេមបូចា បានសម្ភាសន៍ មិនអាចប្រាប់ឈ្មោះក្រុមហ៊ុនដែលជួលពួកគេឱ្យធ្វើការបានទេ។

អ្នកស្រី វរលក្ខណ៍ បាននិយាយថា អ្នកស្រី និងកម្មកររាប់សិបនាក់ក្នុងក្រុមរបស់អ្នកស្រី តែងតែ​ទទួល​បាន​ប្រាក់​ឈ្នួលយឺតពី ៥ ទៅ ១០ ថ្ងៃ។ អ្នកគ្រប់គ្រងរបស់អ្នកស្រីបានប្រាប់ក្រុមការងារថា Peninsula Bay បានបើកប្រាក់ឱ្យក្រុមហ៊ុនម៉ៅការបន្តយឺត ដែលធ្វើឱ្យក្រុមហ៊ុននោះខ្វះប្រាក់​សម្រាប់​បើក​ឱ្យកម្មករ។​ ខេមបូចាបានកំណត់អត្តសញ្ញាណក្រុមហ៊ុន Hui An Construction Co. Ltd. តាមរយៈ​ស្លាកសញ្ញានៅលើមួកសុវត្ថិភាពរបស់អ្នកស្រី វរលក្ខណ៍ ប៉ុន្តែមិនអាចបញ្ជាក់បានថា ក្រុមហ៊ុននេះ​មានការងារនៅគម្រោងនេះឬយ៉ាងណាទេ។ ក្រុមហ៊ុនមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺឡើយ។

អ្នកស្រី ចាន់ វរលក្ខណ៍ ដែលធ្វើការឱ្យក្រុមហ៊ុនម៉ៅការបន្តនៅ Peninsula Bay ជាមួយកូនប្រុសវ័យ​ជំទង់​របស់អ្នកស្រី បានប្រាប់អ្នកសារព័ត៌មាននៅអន្តេវាសិកដ្ឋានសម្រាប់​កម្មករក្នុងក្រុងព្រះសីហនុ ពីផលប៉ះពាល់លើគ្រួសាររបស់អ្នកស្រី ដោយសារការបើកប្រាក់ឈ្នួលយឺត និងការងារ​ដែល​កាន់​តែ​ខ្សត់​ទៅៗ ។ រូបថតថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

ការបើកប្រាក់យឺតនេះបានធ្វើឱ្យអ្នកស្រីពិបាកក្នុងការបង់សងកម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុដែលអ្នកស្រីបានជំពាក់។ អ្នកស្រីបាននិយាយថា៖ «ពេលប្រាក់ឈ្នួលបើកយឺតចឹង ខ្ញុំស្ទើរតែឆ្កួតទៅហើយ»។

ការងារក៏មានតិចជាងមុនដែរ។ អ្នកស្រី វរលក្ខណ៍ ពេលខ្លះត្រូវរង់ចាំច្រើនថ្ងៃ ទើបអ្នកគ្រប់គ្រ​ងទូរ​សព្ទ​ហៅទៅធ្វើការ។ អ្នកស្រីនិយាយថា អ្នកស្រីមិនអាចទៅធ្វើការនៅកន្លែងផ្សេងបានទេ ព្រោះអាច​ត្រូវ​បណ្តេញចេញពីកន្លែងស្នាក់នៅបណ្តោះអាសន្នដែលនិយោជកជួលឱ្យកម្មករ។ ក្នុងប៉ុន្មានខែ​ថ្មីៗនេះ អ្នកស្រីធ្វើការបានត្រឹម ១០ ទៅ ១៥ ថ្ងៃប៉ុណ្ណោះក្នុងមួយខែ។

ដោយមិនដឹងថាក្រុមហ៊ុនណាជាអ្នកជួលខ្លួន កម្មករមានមធ្យោបាយតិចតួច​ក្នុងការទាម​ទារប្រាក់​ឈ្នួល​ដែលត្រូវបានបើកយឺតនេះ។ កម្មករខ្លះបានសម្រេចចិត្តតវ៉ា។

អ្នកស្រី សន សារ៉ែន វ័យ ៣៨ ឆ្នាំ ជាកម្មករបូកជញ្ជាំងមកពីខេត្តកំពត បាននិយាយថា ក្រុម​របស់​អ្នក​ស្រី​​បានតវ៉ាកាលពីខែសីហា បន្ទាប់ពីប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺត​ប្រហែល​មួយ​សប្តាហ៍​។ បញ្ហានេះទើបតែចាប់ផ្តើមកើតមានប្រហែលបួនខែមុន ប៉ុណ្ណោះ។ សារ៉ែន​បានធ្វើការនៅការដ្ឋាន​នេះតាំង​ពី​ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកស្រីបាននិយាយថា កម្មករមកពីក្រុមហ៊ុនស្ទើរតែទាំងអស់នៅ​ការដ្ឋាននេះ​ក៏បានធ្វើដូចគ្នា ដោយអង្គុយនៅច្រកចូល និងបដិសេធមិនធ្វើការ។ សូម្បីតែអ្នកគ្រប់​គ្រង​របស់អ្នកស្រីក៏បាន​ស្នើឱ្យកម្មករចូលរួមតវ៉ា ដើម្បីទាមទារប្រាក់ពី Peninsula Bay ដែរ។

អ្នកស្រីបាននិយាយថា៖ «ពេលយើងតវ៉ា ទើបយើងបានប្រាក់»។

ក្រុមកម្មករដែលចងដែកសម្រាប់ពង្រឹងបេតុង និងធ្វើការឱ្យក្រុមហ៊ុនម៉ៅការបន្តមួយផ្សេងទៀត បាន​និយាយ​ថា ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានបើកយឺតក្នុងរយៈពេលពីរខែកន្លងមក។ ពួកគេបាន​និយាយ​​ថា ថៅកែរបស់ពួកគេបានបន្ទោសក្រុមហ៊ុនដែលដឹកនាំគម្រោង។ អ្នកបកប្រែពីរនាក់​ដែលធ្វើ​ការឱ្យក្រុមហ៊ុនម៉ៅការបន្តរបស់ចិន ក៏បានរៀបរាប់អំពីការបើកប្រាក់យឺតស្រដៀងគ្នានេះដែរ។

អ្នកបកប្រែម្នាក់ក្នុងចំណោមនោះ គឺលោក លី ចាន់ឌី ត្រូវបានថៅកែបញ្ជូនឱ្យទៅជួបតំណាង «Peninsula Bay» ដើម្បីទាមទារប្រាក់ នៅពេលការបើកប្រាក់យឺត។

លោកបាននិយាយថា៖ «ខ្ញុំបានប្រាប់ពួកគេថា យើងមកធ្វើការនៅទីនេះដើម្បីចិញ្ចឹមជីវិត ប៉ុន្តែ​ឥឡូវ​នេះ​អ្នកបើកប្រាក់ឱ្យយើងយឺត។ តើយើងអាចរស់នៅយ៉ាងដូចម្តេច?»។ បន្ទាប់ពីកិច្ចប្រជុំនោះ ប្រាក់ត្រូវបានបើកឱ្យកម្មករ។

លោក ចាន់ឌី បាននិយាយថា លោកជឿថា ការបើកប្រាក់យឺតអាចបណ្តាលមកពីបញ្ហា​លំហូរសាច់​ប្រាក់​។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ក្រុមហ៊ុនម៉ៅការបន្តខ្លះក៏ប្រើប្រាស់ខុសគោលដៅ​នូវប្រាក់ដែលត្រូវទុកសម្រាប់បើកឱ្យកម្មករផងដែរ។ អ្នកបកប្រែម្នាក់ទៀត គឺលោក ខាន់ វង្ស បាននិយាយថា តំណាង Peninsula Bay បានលើកឡើងពីការខ្វះខាតសាច់ប្រាក់។

ការរៀបរាប់របស់កម្មករទាំងនេះបង្ហាញថា ការបើកប្រាក់ឈ្នួលយឺតបានចាប់ផ្តើមប្រហែលខែមេសា ដែលជាខែដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអតីតនាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ ខេមបូចា មិនអាចកំណត់បានថា បញ្ហាទាំងពីរនេះមានទំនាក់ទំនងគ្នាឬយ៉ាងណាទេ។

លោក Aik Yon ដែលយោងតាមបញ្ជីចុះបញ្ជីអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម គឺជាប្រធានក្រុមហ៊ុន Peninsula Bay Investment បច្ចុប្បន្ន បានបិទទូរសព្ទនៅពេលខេមបូចា សួរអំពីការ​បើកប្រាក់​ឈ្នួល​យឺត​។ ក្រោយមក បុរសម្នាក់ដែលណែនាំខ្លួនថាជាអ្នកគ្រប់គ្រង​រដ្ឋបាលរបស់ក្រុមហ៊ុន បានស្នើឱ្យផ្ញើ​សំណួរជាលាយលក្ខណ៍អក្សរ ប៉ុន្តែមិនបានឆ្លើយតបនឹងសំណួរទាំងនោះឡើយ។

ពីគម្រោងដែលត្រូវបានលើកសរសើរ ទៅកាន់ទណ្ឌកម្ម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាស្ថាប័នរបស់រដ្ឋាភិបាលទទួល​បន្ទុកសម្របសម្រួលការ​វិនិយោគបរទេសតាមរយៈច្រកចេញចូលតែមួយ បានអនុម័តគម្រោងនេះនៅដើមឆ្នាំ២០២៤។​ យោង​តាមឯកសារក្រុមហ៊ុន ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះត្រូវបានចុះបញ្ជីនៅខែមីនា ឆ្នាំ២០២៣ ក្រោ​ម​​ឈ្មោះ Ban Dao Investment ដែលជាពាក្យចិនមានន័យថា «ឧបទ្វីប» ហើយបាន​ប្តូរឈ្មោះទៅជា Peninsula Bay Investment នៅឆ្នាំ២០២៤។ ក្រុមហ៊ុននេះដឹកនាំដោយលោក Paung និង លោក Linn។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយថាគម្រោងនេះក្នុងតម្លៃ ៥៧៤ លានដុល្លារ។ គម្រោងនេះ​រួម​មានសណ្ឋាគារប្រហែល ២ ៨៧០ បន្ទប់ អគារខុនដូខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ អ្នក​គ្រប់​គ្រង​​គម្រោងរបស់ក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Khmer Times កាលពីខែមករា ឆ្នាំ២០២៥ ថា ទុនវិនិយោគបានកើនឡើងដល់ ១ ពាន់លានដុល្លារ។ កាលពីខែកញ្ញា លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមហ៊ុនមានដើមទុន ៥០០ លានដុល្លារ ហើយ​លោកមិនមានព័ត៌មានអំពីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះទេ។ លោកបាននិយាយថា កាលបរិច្ឆេទបញ្ចប់គម្រោងត្រូវបានពន្យារពេលពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣០។

គំរូខ្នាតនៃគម្រោង Peninsula Bay ដាក់តាំងបង្ហាញនៅការិយាល័យ​លក់របស់រមណីយដ្ឋាន​ក្នុងក្រុ​ង​ព្រះ​សីហនុ​។ រូបថតថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

តំណាងផ្នែកលក់នៅរមណីយដ្ឋានបានប្រាប់ថា អគារភាគច្រើននៃគម្រោងនេះ​ត្រូវបានសាងសង់​រួច​ហើយ រួមទាំងអគារខុនដូចំនួនបួនដែលសាងសង់បានប្រហែល ៩០ ភាគរយ។ បន្ទប់ខ្លះ​នៅ​ក្នុង​អគារ​​ទាំងនេះត្រូវបានជួលរួចហើយ។ តំណាងរូបនេះបាននិយាយថា ក្រុមហ៊ុនកំពុងផ្តោត​លើ​ការ​បញ្ចប់​សាង​សង់សណ្ឋាគារ និងការបំពេញដីចូលសមុទ្រនៅខាងមុខគម្រោង ដើម្បីសាងសង់​ផ្លូវ​ដើរលំហែកាយតាមមាត់សមុទ្រ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបដិសេធមិនធ្វើអត្ថាធិប្បាយរឿងទណ្ឌកម្ម ឬការបើកប្រាក់​ឈ្នួលយឺតនោះឡើយ ដោយលើកឡើងថា បញ្ហាទាំងនេះស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ​។ សារព័ត៌មាន Khmer Times បានរាយការណ៍ថា លោក ឌីម៉ង់ បាន​ដឹក​នាំ​កិច្ច​ពិគ្រោះ​​យោបល់ពីការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងនេះកាលពីឆ្នាំ២០២៥។

អ្នកនាំពាក្យម្នាក់របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជាបានបដិសេធមិនប្រាប់ថា តើស្ថាប័នលោក​នឹង​ពិនិត្យ​​ឡើងវិញលើគម្រោងនេះដោយសារទណ្ឌកម្មឬយ៉ាងណាទេ ហើយក៏មិនធ្វើអត្ថា​ធិប្បាយ​អំពីការបើកប្រាក់ឈ្នួលយឺតដែរ។ លោកបានបង្វែរសំណួរទៅក្រុមការងារជំរុញការវិនិយោគ​របស់ខេត្ត ប៉ុន្តែលោក អ៊ឹម សុខធី ដែលជាប្រធានលេខាធិការដ្ឋានរបស់ក្រុមការងារនេះ មិន​បានឆ្លើយ​តបឡើយ។

សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក Paung បានទេ ហើយលោក Linn ក៏មិនបានឆ្លើយតប​នឹង​សំណួរ​ដែលផ្ញើតាមជំនួយការរបស់លោកដែរ។ អ្នកម៉ៅការសំណង់ធំរបស់គម្រោង គឺក្រុមហ៊ុន China State Construction Engineering Corp ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន ក្រុមហ៊ុនសណ្ឋាគារ​អង់គ្លេ​ស IHG ដែលគ្រោងបើកសណ្ឋាគារ InterContinental ដែលមាន ចំនួន ៣០០ បន្ទប់នៅទីតាំង​នេះ​ និងក្រុមហ៊ុនផលិតជណ្តើរយន្តរបស់ហ្វាំងឡង់ KONE មិនបានឆ្លើយតបនឹងសំណួរថា តើពួកគេនៅបន្តភាព​ជាដៃគូជាមួយគម្រោងនេះឬយ៉ាងណានោះទេ។

ចម្ងល់អំពីលទ្ធភាពជោគជ័យរបស់គម្រោង

ជាងពីរឆ្នាំបន្ទាប់ពីទទួលបានការអនុម័ត អនាគតរបស់រមណីយដ្ឋាននេះនៅតែមិនច្បាស់លាស់។ យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះ ៤៤.៤ ភាគរយ ក្នុងរយៈ​ពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។ ក្រុងព្រះសីហនុ ក៏រងផលប៉ះពាល់​សេដ្ឋកិច្ចពីការចាក​ចេញរបស់កម្មករនៅទីតាំងឆបោក ដែលបានរត់គេចពីការបង្ក្រាបរបស់សមត្ថកិច្ចផងដែរ។

លោក ជា គឹមសៀ ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Advantage Property Services បាននិយាយថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុពឹងផ្អែកលើតម្រូវការពីជនជាតិចិន ដែលបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការហាមឃាត់ល្បែងស៊ីសងតាមអនឡាញ។

លោកបាននិយាយពីរមណីយដ្ឋាននេះថា ៖ «មជ្ឈមណ្ឌលផ្សារទំនើបនោះ​នឹងរងផលប៉ះ​ពាល់​យ៉ា​ង​ខ្លាំង ប្រសិនបើគ្មានជនជាតិចិនរស់នៅក្នុងក្រុងព្រះសីហនុ ឬប្រសិនបើវិស័យទេសចរណ៍​នៅ​កម្ពុជា ជាពិសេសនៅក្រុង​ព្រះសីហនុ មានការធ្លាក់ចុះ»។ លោកមិនរំពឹងថា​ទីផ្សារអចលនទ្រព្យ​របស់ក្រុងនេះនឹងងើបឡើងវិញក្នុងរយៈពេល​ប្រាំឆ្នាំខាងមុខទេ។

លោក Stephen Higgins ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Mekong Strategic Capital ដែលមាន មូលដ្ឋាននៅភ្នំពេញ បាននិយាយថា ទណ្ឌកម្មតែមួយមុខក៏អាចធ្វើឱ្យគម្រោងនេះជាប់គាំងបានដែរ។

លោកបាននិយាយថា៖ «ប្រសិនបើអ្នកដែលនៅពីក្រោយគម្រោងនេះស្ថិតក្នុងបញ្ជីទណ្ឌកម្ម នោះ​ការបញ្ចប់គម្រោងនឹងមានការលំបាកខ្លាំង។ ប៉ុន្តែមានបញ្ហាធំជាងនេះទៀត គឺខ្ញុំមើល​មិនឃើញសោះ​ថា ទីផ្សារអាចស្រូបយកការផ្គត់ផ្គង់អចលនទ្រព្យក្នុងបរិមាណច្រើនបែបនេះបាន​ដោយរបៀប​ណា​នោះទេ»។

លោកបានបន្តថា ដើម្បីឱ្យគម្រោងដូចជា Peninsula Bay ទទួលបានជោគជ័យ ព្រះ​សី​ហនុត្រូវតែកែប្រែរូបភាពរបស់ខ្លួនឱ្យផុតពីការមើលឃើញថាជា «ទីក្រុងដែលពឹងផ្អែក​លើ​ទី​ផ្សារចិន» ពោលគឺទីក្រុងដែលទាក់ទាញតែភ្ញៀវទេសចរ និងវិនិយោគិនពីគ្រ​ប់ប្រភព។ លោកក៏បាន​បន្ថែមថារដ្ឋាភិបាលគួរ​វាយកម្ទេចអគារ និងគម្រោងដែលត្រូវបានបោះបង់ចោល ហើយដាក់ដីទាំង​នោះ​ដេញថ្លៃ ឬកែច្នៃទៅជាសួនសាធារណៈវិញ។

លោកបានលើកឡើងថា៖ «ក្រុងព្រះសីហនុនឹងត្រូវការពេលជា​ច្រើនឆ្នាំដើម្បីស្ដារ​ស្ថានភាពឡើង​វិញ​ពី​ផលប៉ះពាល់ដែលបានកើតឡើង ហើយគេក៏គួរសួរផងដែរថា ហេតុអ្វីបានជាបញ្ហាទាំងនេះ​ត្រូវ​បានអនុញ្ញាតឱ្យកើតមានតាំងពីដំបូង»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Workers Report Delayed Payments After Peninsula Bay’s Ex-Directors Sanctioned

ព័ត៌មានថ្មី

អត្ថបទពេញនិយម