សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ធនាគារ ព្រីនស៍ បាត់កម្មវិធីទូរសព្ទពី Apple Store បន្ទាប់ពីក្រុមហ៊ុនមេទទួលរងទណ្ឌកម្ម

ធនាគារព្រីនស៍ ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
ធនាគារព្រីនស៍ ស្ថិតនៅលើមហាវិថីព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្មវិធីទូរសព្ទរបស់ធនាគារ ព្រីនស៍  ស្រាប់តែបាត់ដោយស្ងៀមស្ងាត់ពី Apple App Store  ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាមេរិក និងអង់គ្លេសដាក់ទណ្ឌកម្មលើក្រុមហ៊ុនមេរបស់ធនាគារនេះគឺ «ព្រីនស៍ ហូលឌីង គ្រុប» ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មឆ្លងដែន។ វិធានការនេះបានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ ព្រីនស៍ ហូលឌីង គ្រុប ជាមួយក្រុមហ៊ុន និងប្រជាជនអាមេរិក ហើយថែមទាំងធ្វើឱ្យក្រុមហ៊ុនផ្សេងទៀតប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេនៅតែបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុននេះ។

បន្ទាប់ពីមានការដាក់ទណ្ឌកម្មកាលពីសប្តាហ៍មុន កម្មវិធីទូរសព្ទរបស់ធនាគារនេះក៏បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយធនាគារបានអះអាងថា បណ្ដាលមកពីការរំខានសេវាកម្មពីភាគីទីបី។ ការផ្អាកនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ ដែលមិនអាចចូលប្រើគណនីរបស់ពួកគេបាន ដោយអ្នកខ្លះបានរាយការណ៍ពីការផ្ទេរប្រាក់មិនបានសម្រេច ពោលគឺប្រាក់ត្រូវបានកាត់ចេញពីគណនីរបស់ពួកគេ ប៉ុន្តែធនាគារគោលដៅមិនបានទទួលប្រាក់នោះទេ។ ទោះយ៉ាងណាក៏ដោយ ពេលនេះប្រតិបត្តិការនានាកំពុងដំណើរការជាធម្មតាវិញហើយ។

បន្ទាប់ពីទណ្ឌកម្មបានកំណត់គោលដៅលើអង្គភាពចំនួន ១៤៦ ដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង មានការចោទ​ជា​សំណួរ​ថា​តើ​ក្រុមហ៊ុន Apple បាន​ដក​កម្មវិធី​ទូរសព្ទរបស់ធនាគារនេះ​ចេញ​ពី App Store របស់​ខ្លួន​ដើម្បី​ចៀសវាង​ការ​រំលោភ​បំពាន​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែរ​ឬ​អត់​។

លោក Nathan Paul Southern នាយកប្រតិបត្តិការនៃ គម្រោង EyeWitness បានប្រាប់ សារព័ត៌មានខេមបូចា ថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីរបស់អង្គភាពដែលស្ថិតក្រោមទណ្ឌកម្ម គឺខុសតាំងពីដើមទីទៅហើយ។

លោកបានបន្ថែមថា៖ «កម្មវិធីទូរសព្ទដែលជារបស់ស្ថាប័នដែលត្រូវបានដាក់ទណ្ឌកម្ម ត្រូវតែចាត់ទុកថាជាផ្នែកមួយនៃអង្គភាពនោះ»

លោក Southern បានកត់សម្គាល់ថា៖ «បន្ទាប់ពីមានការចោទប្រកាន់ពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក្រុមហ៊ុនណាមួយដែលនៅតែបន្តដាក់កម្មវិធីដែលមានទំនាក់ទំនងនឹងក្រុមហ៊ុន ព្រីនស៍ គឺពិតជាមិនអាចការពារបានឡើយ» ដោយបន្ថែមថា ភស្តុតាងនៃឧក្រិដ្ឋកម្មដែលគេចោទប្រកាន់ថាក្រុមហ៊ុននេះ បានប្រព្រឹត្តនោះ «ត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចហើយ ដូច្នេះ គ្មានហេតុផលអ្វីដែលវេទិកាទាំងឡាយបន្ដដាក់កម្មវិធីដែលទាក់ទងនឹងក្រុមហ៊ុននេះទៀតនោះទេ»

លោកបានលើកឡើងថា ការដកកម្មវិធីនេះចេញពី App Store របស់ក្រុមហ៊ុន Apple អាចធ្វើឱ្យអតិថិជនជួបការលំបាកក្នុងការដកប្រាក់ពីគណនីធនាគាររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការដកកម្មវិធីនេះមិនមែនជាកាតព្វកិច្ចផ្លូវច្បាប់ ឬជាហេតុផលសីលធម៌ណាមួយដែលតម្រូវឱ្យក្រុមហ៊ុន Apple បន្តប្រតិបត្តិការនោះទេ ដូច្នេះរាល់ទំនាក់ទំនងជាមួយ ព្រីនស៍ គួរតែត្រូវបានកាត់ផ្តាច់ជាបន្ទាន់។

លោកបានបន្ថែមថា៖ «អតិថិជនត្រូវតែដឹងថាស្ថានភាពនេះកើតឡើងមិនមែនដោយសារតែកម្មវិធីត្រូវបានដកចេញនោះទេ ប៉ុន្តែដោយសារតែស្ថាប័នដែលពួកគេកំពុងធ្វើប្រតិបត្តិការធនាគារជាមួយគឺជាសហគ្រាសឧក្រិដ្ឋកម្មដែលត្រូវបានដាក់ទណ្ឌកម្មជាអន្តរជាតិ»

ទន្ទឹមនឹងនេះ លោកបាននិយាយថា ធនាគារជាតិនៃកម្ពុជា (NBC) អាចមានកាតព្វកិច្ចការពារប្រាក់បញ្ញើរបស់អតិថិជន ប៉ុន្តែសកម្មភាពណាមួយដែលមានគោលបំណងការពារធនាគារ ព្រីនស៍ នឹងមិនអាចការពារខាងសីលធម៌បានទេ ហើយអាចបំពានទណ្ឌកម្មអន្តរជាតិទៀតផង។

លោកបានបន្ថែមថា៖ «អាជ្ញាធរកម្ពុជាគួរតែរឹបអូសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រីនស៍ រួមទាំងលោក ចេន ហ្ស៊ី ដើម្បីការពារអតិថិជនដែលរងផលប៉ះពាល់ និងផ្តល់សំណងដល់ជនរងគ្រោះជាច្រើននៃសហគ្រាសឧក្រិដ្ឋកម្មនេះ»

រូបទី២៖ រូបថតអេក្រង់ពី App Store របស់ Apple បង្ហាញសារ «មិនមានលទ្ធផល» បន្ទាប់ពីស្វែងរកកម្មវិធីទូរស័ព្ទរបស់ធនាគារ ព្រីនស៍។

ធនាគារព្រីនស៍ មិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងមូលហេតុដែលកម្មវិធីទូរសព្ទរបស់ខ្លួនត្រូវបានដកចេញពី App Store ឬថាតើបញ្ហានេះត្រូវដោះស្រាយដោយរបៀបណាទេ។

លោក មាន ជាអតិថិជនរបស់ ធនាគារព្រីនស៍ ដែលដំបូងឡើយជួបបញ្ហាក្នុងការផ្ទេរប្រាក់បន្ទាប់ពីមានសេចក្តីប្រកាសពីដាក់ទណ្ឌកម្ម បានប្រាប់ សារព័ត៌មានខេមបូចា ថា ប្រតិបត្តិការផ្ទេរប្រាក់របស់លោកទទួលបានជោគជ័យបន្ទាប់ពីនោះ ហើយលោកនៅតែបន្តប្រើប្រាស់សេវាធនាគារនេះដោយមិនមានការព្រួយបារម្ភអ្វីឡើយ។ លោកបានបន្តថា មូលហេតុដែលលោកជ្រើសរើស ធនាគារ ព្រីនស៍ ដោយសារតែធនាគារនេះផ្តល់អត្រាការប្រាក់ខ្ពស់។

ម្ចាស់​គណនី​ម្នាក់​ទៀត​ឈ្មោះ សុខ ហុង បាន​និយាយ​ថា លោក​ជា​អតិថិជន​របស់ ​ធនាគារ ​ព្រីនស៍ អស់​រយៈពេល​ប្រហែល ៣ឆ្នាំ​ហើយ ហើយ​នៅ​«​មាន​ប្រាក់​សល់​តិចតួច»​នៅក្នុង​គណនី​របស់​លោក។ ទោះ​យ៉ាង​ណា លោកបាន​ឈប់​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ​របស់​ធនាគារ​តាំង​ពី​មាន​ការ​ដាក់​ទណ្ឌកម្ម ដោយ​ព្រួយ​បារម្ភ​បន្តិច​បន្តួចដែរ​ពី​សុវត្ថិភាព​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន ប៉ុន្តែ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ទេ។

អ្នកប្រើប្រាស់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារហេតុផលឯកជនភាព បានឱ្យដឹងថា គាត់បានផ្ទេរប្រាក់សន្សំទាំងអស់របស់គាត់ទៅធនាគារផ្សេងទៀតភ្លាមៗ បន្ទាប់ពីបានដឹងអំពីទណ្ឌកម្មនេះ ដោយសារតែគាត់បារម្ភអំពីសុវត្ថិភាពនៃប្រាក់របស់គាត់។ ទោះបីជាកម្មវិធីរបស់ ធនាគារ ព្រីនស៍ នៅដំណើរការធម្មតាក៏ដោយ គាត់បាននិយាយថា គាត់គ្មានបំណងប្រើប្រាស់វាម្តងទៀតទេ។

អ្នកប្រើប្រាស់រូបនេះបានបន្តថា៖ «ក្នុងនាមជាអ្នកប្រើប្រាស់ យើងលែងមានទំនុកចិត្តលើធនាគារទៀតហើយ ហើយមិនចង់ឱ្យលុយរបស់យើងជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជននោះទេ»

គម្រោងប្រាក់​សន្សំ​ឆ្លាតវៃរបស់​ធនាគារ ព្រីនស៍  ត្រូវបានគេរាយការណ៍ថាផ្ដល់​ជូន​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​រហូត​ដល់ ៤,២៥ភាគរយ ព្រម​ទាំង​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន និង​ការ​ធានា​រ៉ាប់រង​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​ឥត​គិត​ថ្លៃ ដែលមានអត្រាការប្រាក់​ខ្ពស់​ជាង​ប្រហែល ២% ក្នុង​មួយ​ឆ្នាំ​ដែល​ធនាគារ​ផ្សេង​ទៀត​ផ្ដល់​ជូន​ជា​ទូទៅ។

កាលពីសប្តាហ៍មុន ធនាគារ ព្រីនស៍ បានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងធ្វើការពិនិត្យផ្នែកច្បាប់ និងស្វែងរកជម្រើសដើម្បីឱ្យមានការដកចេញពីបញ្ជីទណ្ឌកម្ម។

ធនាគារជាតិនៃកម្ពុជា មិនបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានខេមបូចាទេ ប៉ុន្តែបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីសប្តាហ៍មុនថា អាជ្ញាធរកំពុង «តាមដាន និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់» ដើម្បីធានាថា ធនាគារ ព្រីនស៍  គោរពអនុវត្តតាមច្បាប់កម្ពុជា។ ធនាគារជាតិបានបន្ថែមទៀតថា វិធានការចាំបាច់នានាកំពុងត្រូវបានអនុវត្តដើម្បីធានាបាននូវប្រតិបត្តិការប្រក្រតី និងការពារប្រាក់របស់អតិថិជន។

ស្របពេលជាមួយគ្នានេះ ធនាគារ ព្រីនស៍ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក Looi Kok Soon បានលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និងជាអគ្គនាយកប្រតិបត្តិ ដោយចូលជាធរមាននៅថ្ងៃទី២២ ខែតុលា ដោយលើកហេតុផលថា ដើម្បីបន្តការងារផ្ទាល់ខ្លួន​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Prince Bank App Disappears from Apple Store Following Sanctions on Parent Firm

130 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម