វីរកីឡាករ សាលី អ៊ូមើត បានក្លាយជាកីឡាករម៉ូតូទឹកដំបូងគេ ប្រចាំនៅទ្វីបអាស៊ី ដែលបានឈ្នះមេដាយមាសលើវិញ្ញាសាកម្រិតខ្ពស់បំផុត Pro AM-Runnabout Endurance ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក Jet Ski World Series 2026 ជុំទី២ នៅសហរដ្ឋអាមេរិក ចំណែកកីឡាករជម្រើសជាតិម៉ូតូទឹករបស់កម្ពុជា៤នាក់ទៀត ក៏សុទ្ធតែដណ្តើមមេដាយជូនជាតិ ធ្វើឱ្យចំនួនមេដាយដែលពួកគេទទួលបានលើកនេះ គឺមានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ២។
នៅក្នុងដំណើរនាំយកជ័យលាភីមេដាយ ជូនដល់មាតុប្រទេសវិញ កាលពីថ្ងៃទី១៧ ខែតុលាសាលី អ៊ូមើត ដែលជាអ្នកដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជា ចេញទៅប្រកួត Jet Ski World Series 2026 នេះ បានអះអាងថា មេដាយមាសទាំង៤គ្រឿង ដែលក្រុមម៉ូតូទឹកដណ្តើមបាន សុទ្ធតែមេដាយកម្រិតខ្ពស់ៗ ជាពិសេសការដណ្តើមបានមេដាយមាសលើវិញ្ញាសា Pro AM-Runnabout Endurance របស់ អ៊ូមើត ផ្ទាល់តែម្តង ដោយរូបគេបានទន្ទឹងរង់ចាំច្រើនឆ្នាំមកហើយ។
សាលី អ៊ូមើត បានឱ្យដឹងថា៖ «មេដាយមាស ដែលយើងដណ្តើមបានលើកនេះ សុទ្ធតែជាមេដាយពេញនិយម នៅលើវិញ្ញាសាខ្ពស់ៗ ចំណែកខ្ញុំវិញ បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មី ដោយបានឈ្នះមេដាយមាស លើវិញ្ញាសា Pro AM-Runnabout Endurance គឺជាវិញ្ញាសាដែលមិនធ្លាប់មានកីឡាករអាស៊ីរូបណាដណ្តើមបាននោះទេ ក្នុងរយៈពេល៤៥ឆ្នាំមកនេះ ដូច្នេះខ្ញុំជាកូនខ្មែរទី១ និងជាកីឡាករមកពីទ្វីបអាស៊ីតែម្នាក់គត់ ដែលដណ្តើមបានមេដាយមាសលើវិញ្ញាសានេះមកជូនប្រទេសជាតិ»។
យ៉ាងណាក៏ដោយ នៅមុនឈានដល់ការដណ្តើមបានមេដាយមាសលើវិញ្ញាសា Pro-AM Runnabout Endurance ជាប្រវត្តិសាស្រ្តនេះ សាលី អ៊ូមើត ស្ទើរតែបោះបង់ចោលការប្រកួត ដែលរូបគេបានទន្ទឹងរង់ចាំជាង១០ឆ្នាំនេះទៅហើយ នៅពេលរូបគេមានរបួស ក្រោយធ្លាក់ពីលើម៉ូតូទឹកក្នុងពេលហ្វឹកហាត់នោះ ហើយក្នុងការប្រកួតវិញ្ញាសា Pro Sport GP ក៏ អ៊ូមើត មានរបួសប៊ិះធ្លាក់ពីលើម៉ូតូទឹកផងដែរ ធ្វើឱ្យរូបគេបានត្រឹមមេដាយប្រាក់ លើវិញ្ញាសានេះ។
ជាមួយបញ្ហារបួសជាប់ៗគ្នាចំនួន២លើកនេះ អ៊ូមើត ត្រូវបានគ្រូបង្វឹក ស្នើឱ្យដកខ្លួនចេញពីការប្រកួតវិញ្ញាសា Pro AM-Runnabout Endurance ដោយដាក់ឱ្យកីឡាករ សាលី ហ្វីលីន ជាប្អូនប្រុសឱ្យប្រកួតជំនួសវិញ ប៉ុន្តែ២ថ្ងៃមុនការប្រកួត អ៊ូមើត បានព្យាយាមលេបថ្នាំ ដើម្បីព្យាបាលរបួស ហើយបានសម្រេចចូលរួមការប្រកួតលើវិញ្ញាសានេះ ដែលធ្វើឱ្យគ្រប់គ្នាមានការបារម្ភខ្លាំងទៅលើសុវត្ថិភាពរបស់គេ។
សាលី អ៊ូមើត បានបញ្ជាក់ថា៖ «ខ្ញុំទៅប្រកួតនៅប្រទេសមហាអំណាចតំណាងឱ្យប្រទេសជាតិទាំងមូល ហេតុនេះបើខ្ញុំបោះបង់ គឺវាមិនស័ក្តិសមនឹងការប្រឹងប្រែងរបស់ខ្លួនឯង ហើយរឹតតែមិនគប្បីជាមួយបងប្អូនប្រជាពលរដ្ឋនៅកម្ពុជា ដែលគាត់តែងតែតាមដាន និងគាំទ្រលើកទឹកចិត្តដល់រូបខ្ញុំ អ៊ីចឹងខ្ញុំព្យាយាមលេបថ្នាំ បើទោះបីជាមានការឃាត់ពីគ្រូបង្វឹក និងម្ចាស់ក្លិប ដើម្បីបានចូលប្រកួត ព្រោះពានរង្វាន់នេះខ្ញុំបានប៉ងយូរណាស់មកហើយ»។
យ៉ាងណាក៏ដោយតាមរយៈការប្រកួតនោះ សាលី អ៊ូមើត បានធ្វើឱ្យអ្នកចូលរួមទាំងអស់ មកពីជុំវិញពិភពលោក បើកភ្នែកធំៗ និងមានការភ្ញាក់ផ្អើលជាមួយបច្ចេកទេសបញ្ជាម៉ូតូនៅលើផ្ទៃទឹក ពោរពេញដោយសមត្ថភាពរបស់គេ ដើម្បីយកឈ្នះលើកីឡាករបារាំង Hugo Pastorello ជាម្ចាស់ជើងឯក១០សម័យកាល ដើម្បីដណ្តើមបានមេដាយមាសលើវិញ្ញាសា Pro AM-Runnabout Endurance យ៉ាងរំភើបបំផុត និងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
អ៊ូមើត បញ្ជាក់ថា៖ «កីឡាករបារាំងរូបនេះ ត្រូវបានគេចាត់ទុកថា ជាស្តេចជើងឯកលើវិញ្ញាសានេះរយៈពេល១០ឆ្នាំជាប់ៗគ្នា តែខ្ញុំបានវ៉ាគាត់ ហើយខ្ញុំបានបំបែកកំណត់ត្រាយកលេខ១ទាំង២ជុំ ធ្វើឱ្យគាត់មានការអៀនខ្មាស និងមិនចូលរួមពិធីបំពាក់មេដាយនោះទេ អ៊ីចឹងវាមិនមែនជារឿងធម្មតាឡើយ ព្រោះនេះជាសមត្ថភាព ដែលយើងបានបង្ហាញឱ្យពិភពលោកបានឃើញថា ប្រទេសខ្មែរតូចមែន តែបេះដូងធំ ហើយក៏មានកីឡាករមានសក្តានុពលខ្លាំងៗ ក្នុងការប្រកួតតំណាងឱ្យជាតិ នៅលើឆាកអន្តរជាតិ»។
ចំណែកលោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ដែលបានទៅទទួលស្វាគមន៍ការវិលត្រឡប់របស់ក្រុមម៉ូតូទឹកកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិតេជោ កាលពីថ្ងៃសៅរ៍នោះ បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំនៃការបង្កើតសហព័ន្ធនេះ សាលី អ៊ូមើត ធ្លាប់បានឈ្នះមេដាយជាច្រើនជូនប្រទេសជាតិ ជាពិសេសការឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ហើយត្រូវបានទទួលងារជា «វីរកីឡាករ» ក្នុងនាមជាអត្តពលិកសាងស្នាដៃជូនជាតិបានធំធេង។

ចំណែកការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងនោះ នមេដាយមាស១ ប្រាក់១ និងសំរឹត្ធដសាលី អ៊ូមើត ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ក្នុងចំណោមមេដាយសរុបចំនួន៤ (មាស១ ប្រាក់១ និងសំរឹទ្ធ២) ដែលក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដណ្តើមបានក្នុងព្រឹត្តិការណ៍នោះ។
បន្ថែមលើនេះ សាលី អ៊ូមើត ដែលមានតួនាទីជាអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាផងនោះ គឺជាគ្រូបណ្តុះបណ្តាលដ៏មានទេពកោសល្យ ដោយរហូតមកដល់ពេលនេះ អ៊ូមើត បណ្តុះបានធនធានកីឡាករមានសមត្ថភាពឈានដល់កម្រិតពិភពលោកចំនួន៧នាក់ហើយ ហើយ អ៊ូមើត ផ្ទាល់ជាអ្នកកៀរគររកប្រាក់ចំណូល និងការឧបត្ថម្ភផ្សេងៗ ដើម្បីទំនុកបម្រុងទៅលើការហ្វឹកហាត់ និងចេញទៅប្រកួតនៅលើកឆាកអន្តរជាតិ។
លោក ណុះ ស្លេះ បញ្ជាក់ថា៖ «វីរកីឡាករ សាលី អ៊ូមើត បានខិតខំប្រឹងប្រែងខ្លាំងជាមួយកីឡាកររបស់យើងទាំងលើការហ្វឹកហាត់ និងការកៀរគរធនធានទាំងអស់ ក្រោមការប្តេជ្ញាចិត្តដើម្បីយកមេដាយជូនជាតិ ហើយសមិទ្ធផលលើកនេះក៏ដូចជាលើកមុនៗដែរ គឺ អ៊ូមើត មិនត្រឹមតែជាកីឡាករឆ្នើមទេ តែក៏បានបណ្តុះបណ្តាលសិស្សប្អូន រីកពី២នាក់រហូតដល់៧នាក់ សុទ្ធតែជាកីឡាករមានកម្រិតពិភពលោក។ នេះជាសមិទ្ធផលដ៏អស្ចារដែលវីរកីឡាកររបស់យើង មានទេពកោសល្យ និងសមត្ថភាពបែបនេះ»។
នៅក្នុងចំណោមមេដាយទាំង៩ មានមាស៤ ប្រាក់៣ និងសំរឹទ្ធ២ ដែលក្រុមម៉ូតូទឹក ដណ្តើមបានពីការប្រកួត Jet Ski World Series 2026 ជុំទី២ នៅអាមេរិកនេះ កីឡាករ សាលី ហ្វីលីន ឈ្នះបានមេដាយមាស២ លើវិញ្ញាសារ Amateur Runabout 1100 Limited និងវិញ្ញាសារ Pro AM Runabout 1100 Stock និងឈ្នះមេដាយប្រាក់១ លើវិញ្ញាសារ Amateur Runabout 1100 Stock រីឯបងប្រុសរបស់គេ គឺវីរកីឡាករ សាលី អ៊ូមើត ឈ្នះបានមេដាយមាស១ លើវិញ្ញាសារ Pro Am Runabout Endurance និងមេដាយប្រាក់១ លើវិញ្ញាសារ Pro Sport GP។
ចំណែកកីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះបានមេដាយមាស១ លើវិញ្ញាសារ Amateur Ski 4 Stroke Lites និងមេដាយសំរឹទ្ធ១ លើវិញ្ញាសារ Pro AM Ski 4 Stroke Lites ហើយកីឡាករ ម៉ីន មូសស្តាន់ ទទួលបានមេដាយប្រាក់១ លើវិញ្ញាសារ Pro AM Ski 4 Stroke Lites និងកីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយសំរឹទ្ធ១គ្រឿង លើវិញ្ញាសា Novice Ski Stock។
ក្រុមម៉ូតូទឹកកម្ពុជា ត្រៀមចិត្ត១០០០ភាគរយដើម្បីបន្តដណ្តើមមេដាយមាស នៅជុំផ្តាច់ព្រ័ត្រ ទោះដឹងថា មានការពិបាក ព្រោះធ្វើនៅទឹកដីថៃ
យ៉ាងណាក៏ដោយ ក្រុមម៉ូតូទឹកកម្ពុជា នៅសល់ការប្រកួតកាន់តែសំខាន់ គឺជុំទី៣ ផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើនៅប្រទេសថៃ ពីថ្ងៃទី ១៣ ដល់ទី ១៧ ខែមករា ឆ្នាំ ២០២៧ ហើយ សាលី អ៊ូមើត បានគិតទុករួចហើយថា ការប្រកួតនៅថៃ នឹងអាចមានភាពមិនប្រក្រតីកើតឡើង ប៉ុន្តែ អ៊ូមើត នៅតែមានបំណងចង់ឈ្នះមេដាយមាសប្រចាំទ្វីបទាំង៣លើវិញ្ញាសាកម្រិតខ្ពស់បំផុត Pro AM-Runnabout Endurance នេះម្តងទៀត។
សាលី អ៊ូមើត បានលើកឡើងថា៖ «ការប្រកួតនៅអាមេរិកនេះ យើងបានត្រៀមខ្លួន១០០ភាគរយ តែបើប្រទេសជិតខាងយើងវិញ យើងត្រៀមដល់ ១០០០ភាគរយ ព្រោះខ្ញុំបានប្រឡូកក្នុងវិស័យនេះជិត២០ឆ្នាំហើយ ហើយខ្ញុំដឹងថា ប្រទេសណាជាគូប្រជែងគួរឱ្យខ្លាចបំផុត»។
«សម្រាប់ខ្ញុំផ្ទះលេខ២ (ថៃ) ជាគូប្រជែងគួរឱ្យខ្លាចបំផុត ព្រោះបើគេមិនឈ្នះយើងក្នុងការប្រកួត តែគេអាចឈ្នះយើងលើអ្វីផ្សេង អ៊ីចឹងយើងត្រូវត្រៀមខ្លួនឱ្យបាន១០០០លើ១០០០តែម្តង»។ អ៊ូមើត បន្ថែមថា៖ «ខ្ញុំបានប្រាប់ប្អូនៗរបស់ខ្ញុំជានិច្ចថា យើងមិនរំពឹងលើបច្ចេកទេសទេ តែយើងរំពឹងលើសមត្ថភាពយើង ដើម្បីឱ្យពិភពលោក និងអ្នកបានមកចូលរួមឃើញថា យើងឈ្នះដោយសមត្ថភាពរបស់យើង មិនមែនឈ្នះដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការនោះទេ»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ នៅប្រទេសថៃនេះ នៅមិនទាន់ប្រាកដថា រាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យក្រុមម៉ូតូទឹកកម្ពុជា ទៅចូលរួមឬយ៉ាងណានោះទេ ព្រោះស្ថានភាពនយោបាយ និងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បានដោះស្រាយ ធ្វើឱ្យប្រទេសទាំង២ វិលទៅរកភាពប្រសើរវិញនៅឡើយទេ ខណៈការប្រកួតស៊ីហ្គេម លើកទី៣៣ កាលពីខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបានសម្រេចបញ្ជូនប្រតិភូកីឡារបស់ខ្លួនត្រឡប់មកវិញ ទាំងការប្រកួតទើបចាប់ផ្តើម ដោយសារបញ្ហាព្រំដែននេះ។
ចំពោះបញ្ហានេះ លោក ណុះ ស្លេះ ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានអះអាងថា សហព័ន្ធ និងស្ថាប័នពាក់ព័ន្ធ នឹងស្នើសុំទៅរាជរដ្ឋាភិបាល ជាពិសេសស្នើសុំឧទ្ទេសនាមពីក្រសួងអប់រំ ដើម្បីឱ្យក្រុមម៉ូតូទឹក បានប្រកួតចប់ចុងចប់ដើម ព្រោះនៅជុំផ្តាច់ព្រ័ត្រនេះ ពិតជាសំខាន់ណាស់ដល់ពួកគាត់ ជាពិសេស សាលី អ៊ូមើត ដែលគាត់ចង់ឈ្នះពាន និងមេដាយមាសប្រចាំទ្វីបទាំង៣ លើវិញ្ញាសា Pro AM-Runnabout Endurance ក្នុងព្រឹត្តិការណ៍ Jet Ski World Series 2026 ខ្លាំងបំផុត ដើម្បីឱ្យពិភពលោក កាន់តែមានការភ្ញាក់ផ្អើលជាមួយកម្ពុជា។

ចំណែកលោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡា និងជានាយកមជ្ឈមណ្ឌលកងយោធពលខេមភូមិន្ទ បានបង្ហាញមោទនភាព ដែលកីឡាកររបស់ទ័ព២នាក់ គឺ សាលី ហ្វីលីន និង កៃ វ៉ាន់ស៊ីដែន បានរួមគ្នាជាមួយកីឡាករម៉ូតូទឹក៣នាក់ទៀត ដើម្បីឈ្នះបានមេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ២ ពីការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ Jet Ski World Series 2026 នៅអាមេរិកលើកនេះ ហើយលោកបានគាំទ្រឱ្យក្រុមម៉ូតូទឹក បានចេញទៅប្រកួតជុំផ្តាច់ព្រ័ត្រ ទោះធ្វើនៅប្រទេសថៃ ដែលអាចមានការលំបាក។
លោកថ្លែងថា៖ «ខ្ញុំគិតថា យើងមិនគួរបោះបង់ទេ ព្រោះការប្រកួតនេះទោះបីជាធ្វើនៅផ្ទះលេខ២ ប៉ុន្តែមិនមែនរៀបចំដោយពួកគាត់នោះទេ គឺជាការប្រកួតកម្រិតពិភពលោក ហើយពិភពលោកបានស្គាល់កម្ពុជាយើងហើយ ដែលដណ្តើមបានមេដាយសឹងតែគ្រប់ទ្វីប អ៊ីចឹងយើងទៅចូលរួម ដើម្បីបង្ហាញភាពខ្លាំង និងមោទនភាពជាតិរបស់យើង។ ខ្ញុំជឿថា ក្រុមកីឡាករយើង នឹងនៅតែធ្វើបានល្អ ព្រោះ សាលី អ៊ូមើត បានប្រាប់ហើយថា ពួកគាត់ បានត្រៀមខ្លួនលើសពីសព្វដង នៅជុំផ្តាច់ព្រ័ត្រនេះ»។
ចំណែកកីឡាករ កៃ វ៉ាន់ស៊ីដែន ដែលបានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ សម្រាប់ការប្រកួតជុំទី២ នៅអាមេរិកលើកនេះ បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាព ដែលបានបំបែកកំណត់ត្រាចាស់របស់ខ្លួនឯង ចំណែកការប្រកួតជុំទី៣ ផ្តាច់ព្រ័ត្រ ខ្ញុំនឹងយកមេដាយមាស World Series 2026 ជូនជាតិ ព្រោះពេលនេះពិន្ទុ World Series របស់ខ្ញុំក៏បានល្អដែរ អ៊ីចឹងខ្ញុំនឹងខំប្រឹងហ្វឹកហាត់ និងធ្វើឱ្យបានល្អជាងនេះទៀត»។
ទោះបានសាងស្នាដៃជូនជាតិបានច្រើន តែវិស័យកីឡាម៉ូតូទឹកកម្ពុជា នៅតែខ្សត់អ្នកឧបត្ថម្ភ ធ្វើឱ្យមានការបារម្ភដល់អ្នកបន្តវេន
យ៉ាណាក៏ដោយ ចំពោះ សាលី អ៊ូមើត នៅតែមានការបារម្ភទៅលើអនាគតអ្នកបន្តវេន នៅក្នុងវិស័យកីឡាម៉ូតូទឹកនៅកម្ពុជា។ ទោះបីជារូបគេ បានព្យាយាមកៀរគររកថវិកា មកបំពាក់បំប៉នទាំងលើការហ្វឹកហាត់ និងការប្រកួត ធ្វើឱ្យកម្ពុជាពេលនេះ មានកីឡាករឆ្នើមៗ៦ទៅ៧នាក់ អាចប្រកួតដណ្តើមយកមេដាយនៅលើឆាកអន្តរជាតិបាន ប៉ុន្តែការឆ្ពោះទៅមុខរបស់ពួកគេ នឹងប្រឈមការធ្លាក់ចុះមកវិញ នៅពេលអត់មានការឧបត្ថម្ភ ខណៈ អ៊ូមើត ដែលជាបង្គោលបង្អែកដ៏រឹងមាំ ចង់ចូលនិវត្តន៍នោះ។
អ៊ូមើត បាននិយាយថា៖ «សម្រាប់សមត្ថភាពរបស់ពួកគាត់ មានការកើនឡើងជារៀងរាល់ឆ្នាំ ព្រោះពួកគាត់ខំប្រឹងមែនទែន ហេតុនេះខ្ញុំចង់ឱ្យមានការជួយជ្រោមជ្រែងដល់ពួកគាត់ពីបណ្តាក្រសួង និងស្ថាប័ននានា ដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តទៅមុខទៀត ព្រោះខ្ញុំតែងតែបានលើកឡើងថា ខ្ញុំចង់ចូលនិវត្តន៍»។
សាលី អ៊ូមើត បានបន្ថែមថា៖ «ខ្ញុំបានប្រើពេលវេលាជាមួយវិស័យនេះជិត២០ឆ្នាំហើយ មិនសូវមានពេលវេលាឱ្យគ្រួសារខ្ញុំទេ អ៊ីចឹងខ្ញុំបណ្តុះបណ្តាលពួកគាត់ ចង់ឱ្យពួកគាត់ស្នងវេនរបស់ខ្ញុំ ដើម្បីឱ្យពួកគាត់បានពាំនាំយកមេដាយមកជូនជាតិដូចខ្ញុំដែរ ហើយឥឡូវនេះបានសឹង១០០ភាគរយហើយ ប៉ុន្តែនៅពីក្រោយពួកគាត់ នៅមិនទាន់មានក្រុមហ៊ុន ឬក្រសួងណា អាចមកធានាលើរូបគាត់បានថា ពេលគាត់ចូលនិវត្តន៍ហើយ គាត់អាចមានអ្វីដើម្បីជាអនាគតរបស់ពួកគាត់នៅឡើយទេ»។
ជាមួយបញ្ហានេះ លោក ណុះ ស្លេះ បានទម្លាយថា៖ «នៅពីក្រោយភាពជោគជ័យក្នុងការដណ្តើមយកកិត្តិយសជូនជាតិនេះ ក្រុមម៉ូតូទឹកកម្ពុជា មានការលំបាកច្រើនណាស់។ ជាក់ស្តែងការប្រកួត Jet Ski World Series 2026នេះ គឺចេញទៅមួយជើងចំណាយរង្វង់១០ម៉ឺនដុល្លារ អ៊ីចឹង៣ជុំ មិនក្រោម៣០ម៉ឺនដុល្លារទេ! អាហ្នឹងមិនទាន់គិតថ្លៃទិញម៉ាស៊ីនថែមផង អ៊ីចឹងការចំណាយទាំងអស់នេះ ទាល់តែមានការគាំទ្របន្ថែមទៀត»។
លោកបន្ថែមថា៖ «ម៉ូតូទឹក ជាកីឡាមានការពេញនិយមខ្លាំង សម្រាប់ប្រទេសអ្នកមាន ចំណែកកម្ពុជាយើង ជាប្រទេសឆ្លងកាត់សង្រ្គាមរេចរឹល ប៉ុន្តែបែរជាមានកីឡាករដែលពូកែ អាចប្រកួតប្រជែងនៅលើកម្រិតពិភពលោក ហើយដណ្តើមបានមេដាយទៀត អ៊ីចឹងពេលឃើញសក្តានុពលនេះ យើងទាំងអស់គ្នា គួរចូលរួមជួយគ្រប់រូបភាព ដើម្បីពង្រីកសក្តានុពលវិស័យកីឡាម៉ូតូរបស់យើងឱ្យបានកាន់តែខ្លាំងក្នុងរយៈពេលវែងទៅមុខទៀត»៕










