សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយករដ្ឋមន្ត្រី៖ ហាមផលិត និងវិនិយោគបារីអេឡិចត្រូនិក ខណៈអាណាព្យាបាលបារម្ភពីសុខភាពកូនៗ

យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ប៉ា តុងចិន)
យុវជនម្នាក់កំពុងឈរជក់បារីអេឡិចត្រូនិក នៅក្នុងទីក្រុងភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា/ ប៉ា តុងចិន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា មានការកើនឡើងនៃចំនួនយុវវ័យជក់បារីអេឡិចត្រូនិក (E-Cigarette ឬ Vape) នាពេលបច្ចុប្បន្ន ខណៈលោកហាមចំពោះការវិនិយោគលើបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដោយបារម្ភពីផលពិបាកនៃការគ្រប់គ្រង។

ថ្លែងក្នុងពិធីអបអរសាទរខួប៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា ចំនួនអ្នកជក់បារីអេឡិចត្រូនិកមានសន្ទុះកើនឡើង ជាពិសេសក្នុងចំណោមពលរដ្ឋដែលមានវ័យក្មេង ហើយលោកបានសម្រេចដាក់វិធានការរារាំងការវិនិយោគលើបារីអេឡិចត្រូនិក ឬវេប នៅក្នុងប្រទេសកម្ពុជា បើទោះបីការវិនិយោគនោះ ក្នុងគោលបំណងនាំចេញក៏ដោយ។

លោក ម៉ាណែត ថ្លែងបន្តថា ការនាំចូលបារីអេឡិចត្រូនិកនាំឱ្យមានការលំបាកក្នុងការគ្រប់គ្រងរួចជាស្រេច ទម្រាំតែមានការផលិតក្នុងស្រុក ដោយលោកបានប្រៀបធៀបការដាំកញ្ឆានៅក្នុងប្រទេសថៃ ដែលដើមឡើយក្នុងគោលបំណងវេជ្ជសាស្រ្ត ប៉ុន្តែត្រូវបានពលរដ្ឋជក់ជាសាធារណៈនាពេលនេះ។

លោកថ្លែងថា៖ «រឿងបារី (វេប ឬ បារីអេឡេចត្រូនិក)នេះ អីឡូវនេះឃើញមានសន្ទុះនៃការប្រើប្រាស់ជាពិសេសក្មេងៗ នេះជាបញ្ហាមួយ ដែលគោលការណ៍បានដាក់ចេញពាក់ព័ន្ធនឹងការងារនេះ។ ទី១ ខ្ញុំបានប្រកាសជាសាធារណៈហើយ ខ្ញុំបានណែនាំទៅក្រសួងពាក់ព័ន្ធរបស់យើង មិនថា CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ក្រសួងពាណិជ្ជកម្ម បើជួបជាមួយបរទេស បើគេមកសុំផលិត បារីអេឡិចត្រូនិក ឬមួយ វេប ស្អីនេះ នៅស្រុកខ្មែរ គឺហាម​មិនទទួលវិនិយោគទេ។ ទោះបីគាត់ផលិតនាំចេញក៏ដោយ អត់ទេគឺសុំកុំឱ្យមានតែម្ដង ព្រោះ​ផលិត​នាំចេញពិបាក គ្រាន់នាំចូលហ្នឹងយើងពិបាកគ្រប់គ្រងទៅហើយ ទម្រាំផលិត»។

លោកនាយករដ្ឋមន្រ្តី បន្ថែមទៀតថា លោកក៏ប្រឆាំងដាច់ខាតចំពោះវត្តមានការវិនិយោគលើដំណាំកញ្ឆានៅកម្ពុជា តាំងពីលោកនៅមិនទាន់កាន់តំណែងជានាយករដ្ឋមន្រ្តី ទោះគោលបំណង​នាំចេញក្ដី ដោយលោកបារម្ភថា ពលរដ្ឋខ្មែរក៏នឹងនាំគ្នាជក់កញ្ឆាដែរ។

ជុំវិញករណីដែលមានសារធាតុញៀន កាលពីដើមសប្ដាហ៍នេះ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ជនជាតិចិនចំនួន៩នាក់ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចរាចរណ៍អាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់។ ករណីនេះ សមត្ថកិច្ចបានរឹបអូស គ្រឿងញៀនប្រមាណ៩០០គីឡូ និងអាវុធវែង-ខ្លី ៤៩ដើម រួមទាំងសម្ភារៈពាក់ព័ន្ធផ្សេងៗ។

នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនលោក អ៊ិន សុង មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាង៤តោន និងឃាត់ខ្លួនមនុស្សសរុបជិត២,៥ម៉ឺននាក់។ ក្នុងនោះលោកថា មានជនបរទេសចំនួន ១ ២៤៨ នាក់ មាន២៥សញ្ជាតិ រួមមានជនជាតិវៀតណាម ៣៧០ នាក់ ចិន ៥៣៩ នាក់ និងជនជាតិថៃ ១១០នាក់។ល។

លោកបន្តថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះមួយចំនួនទៅមណ្ឌលអប់រំកែប្រែ និងស្ដារនីតិសម្បទា និងមួយចំនួនទៀតត្រូវបានកសាងសំណុំរឿងទៅតុលាការ។

លោកបន្ថែមថា៖ «បច្ចុប្បន្នរាជរដ្ឋាភិបាលបានចេញយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១១ហើយ។ ចឹងមួយឆ្នាំរាជរដ្ឋាភិបាលចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមួយលើក​។ ចឹងផែនការយុទ្ធនាការនេះគឺដរាបណាគ្រឿងញៀននៅតែមានចរាចរណ៍ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តនៅតែចេញវិធានការដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ»។

មន្ត្រីសមត្ថកិច្ចរៀបចំគ្រឿងញៀនជាង៥តោនដែលរឹបអូសបានកន្លងមក ដើម្បីដុតបំផ្លាញចោល ក្នុងការអបអរ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
មន្ត្រីសមត្ថកិច្ចរៀបចំគ្រឿងញៀនជាង៥តោនដែលរឹបអូសបានកន្លងមក ដើម្បីដុតបំផ្លាញចោល ក្នុងការអបអរ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

កាលពីពេលកន្លងទៅ ក្រសួងអប់រំ លើកឡើងថា បារីអេឡិចត្រូនិកមានសារធាតុដែលបណ្ដាលឱ្យញៀន និងបង្កផលប៉ះពាល់ដល់សុខភាព ដូចជាជំងឺសួត ប៉ះពាល់ដល់ការលូតលាស់ខួរក្បាល ជំងឺបេះដូង  សរសៃឈាម និងជំងឺមហារីក។ ក្រសួងអប់រំ ក៏បានអំពាវនាវឱ្យចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិកដើម្បីសុខភាព និងអនាគត។

អាជីវករលក់ខោអាវនៅម្ដុំព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក យូ ម៉ៅ វ័យ៤៣ឆ្នាំ និយាយថា រាល់ថ្ងៃលោកមានក្ដីបារម្ភផងដែរចំពោះកូនប្រុសអាយុ១៣ឆ្នាំ ដែលគ្រោងចូលរៀនថ្នាក់ទី៧ ដោយខ្លាចកូនជក់បារម្ភអេឡិចត្រូនិកនេះតាមមិត្តភក្តិនៅពេលខាងមុខ និងស្នើកុំឱ្យមានចរាចរណ៍លក់លើទីផ្សារតែម្ដង។

លោកនិយាយថា៖ «ខ្ញុំបារម្ភ ខ្ញុំខ្លាចកូនវាចឹង តាមមិត្តភក្ដិអីចឹង។ វាប៉ះពាល់ទី១ សុខភាពកូន ទី២ វាប៉ះពាល់ដល់សង្គមយើងដែរចឹង។ យើងកុំឱ្យលក់ល្អជាង ខ្លាចវាប៉ះពាល់សុខភាពកូនយើងចឹង»។

ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា បារីអេឡិចត្រូនិកជាឧបករណ៍ពង្វក់ស្មារតីរបស់យុវជននាពេលបច្ចុប្បន្ន កុំឱ្យគិតគូររឿងជាតិ និងសង្គម ហើយលោកសង្កេតឃើញថា មានយុវវ័យជាច្រើនបានជក់បារីប្រភេទនេះ យ៉ាងរំភើយតាមហាងផឹកស៊ីជាច្រើនកន្លែង។

លោកលើកឡើងថា៖ «ហេតុការណ៍នេះ សម្រាប់អ្នកធ្វើការផ្នែកសង្គមយើងបារម្ភណាស់ បារម្ភអំពីមូលធនផ្នែកធនធានមនុស្ស ព្រោះអីកាលណាមានការប្រើប្រាស់អាហ្នឹង វាពាក់ព័ន្ធនឹងបញ្ហាសុខភាព ហើយវាអាចធ្វើឱ្យមនុស្សញៀន។ ចឹងកាលណាមនុស្សញៀនហើយលែងមានឱកាសគិតគូរដល់សង្គម គិតគូរដល់បញ្ហាប្រទេសជាតិអី ព្រោះខ្លួនគេដោះស្រាយតម្រូវការញៀនបារីអី»។

លោកក៏ស្នើឱ្យសមត្ថកិច្ចមានយន្តការក្នុងការតាមដាន និងឃ្លាំមើលការចរាចរណ៍បារីអេឡិចត្រូនិកដោយខុសច្បាប់ ដោយលោកអះអាងថា ឈ្មួញអាចនឹងក្លែងបារីអេឡិចត្រូនិក ឱ្យទៅជាបារីធម្មតាដើម្បីបន្លំភ្នែកសមត្ថកិច្ច៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម