«ការងារអនឡាញ» ជាទូទៅ មានការធ្លាក់ចុះនៅខែធ្នូ ហើយកើនឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន នេះបើតាម ស្រីនិច* អ្នកលក់ដូរម្នាក់នៅក្រុងព្រះសីហនុ។ ពាក្យ«ការងារអនឡាញ» នេះត្រូវបានប្រជាពលរដ្ឋខ្មែរប្រើ ដើម្បីសំដៅទៅលើការងារឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ប៉ុន្តែ ឆ្នាំនេះខុសពីមុន។ ផ្លូវដែលធ្លាប់តែអ៊ូអរប្រែជាស្ងាត់ ហើយអគារជាច្រើនគ្មានមនុស្សនៅ។ មនុស្សធ្វើការនៅទីតាំងដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតិចជាងមុន។ ស្រីនិច បានប្រាប់ថា ចំណូលរបស់គាត់ធ្លាក់ចុះប្រហែល ៩០%។
ស្រីនិច ជាផ្នែកមួយនៃប្រព័ន្ធអេកូសេដ្ឋកិច្ចដ៏ធំរបស់អ្នកលក់ដូរតាមដងផ្លូវ អ្នកលក់ដូរតាមហាង និងអាជីវកម្មតូចៗនៅព្រំដែន ដែលជាតំបន់ត្រូវបានក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សរាយការណ៍ថាជាទីតាំងប្រតិបត្តិការឆបោក។ អ្នករកស៊ីទាំងអស់នេះ ពឹងផ្អែកយ៉ាងខ្លាំងលើលំហូរកម្មករដែលពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់នេះ។
កាលពីបីឆ្នាំមុន ស្រីនិច បានលាឈប់ពីការងារនៅរោងចក្រ ដើម្បីស្វែងរកប្រាក់ឈ្នួលល្អជាង ហើយបានមករស់នៅក្រុងព្រះសីហនុ។ បច្ចុប្បន្ន គាត់លក់អាហារសម្រន់ និងភេសជ្ជៈតាមរទេះម៉ូតូ នៅខាងក្រៅអគារ «Chinatown» និងកាស៊ីណូ Jing Shui ដែលទីតាំងទាំងពីរត្រូវបានគេរាយការណ៍ថា ត្រូវបានប៉ូលិសចូលបង្ក្រាប ពាក់ព័ន្ធនឹងសកម្មភាពឆបោក នៅដើមឆ្នាំនេះ។
ស្រីនិច បាននិយាយថា ខ្លូនមិនអាចបញ្ជាក់ពីអ្វីកើតឡើងនៅខាងក្នុងបានទេ ប៉ុន្តែគាត់ជឿថាវាពាក់ព័ន្ធនឹងការងារអនឡាញ។
មុនពេលមានការបង្ក្រាប អាជីវកម្មដំណើរការល្អខ្លាំង។ ស្រីនិចបាននិយាយថា គាត់អាចរកចំណូលបានដល់ទៅ ២៥០ ដុល្លារ ក្នុងមួយថ្ងៃ មុនដកចំណាយផ្សេងៗ ដែលលើសពីប្រាក់ចំណូលប្រចាំខែរបស់ប្រជាជនខ្មែរច្រើន។ ចំណូលភាគច្រើននេះ បានមកពីការលក់ដូរឱ្យជនបរទេសដែលចេញពីទីតាំងអគារទាំងនោះមកក្រៅអំឡុងពេលថ្ងៃ។
ប៉ុន្តែពេលនេះ គាត់រកបានតិចជាង ២៥ដុល្លារ ក្នុងមួយថ្ងៃ ខណៈរដ្ឋាភិបាលកំពុងពង្រីកយុទ្ធនាការបង្ក្រាប បន្ទាប់ពីមានសម្ពាធអន្តរជាតិ។
រដ្ឋាភិបាលបានឱ្យដឹងថា យុទ្ធនាការបង្ក្រាប ដែលមានឈ្មោះថា «Operation XXL» នេះ នឹងលុបបំបាត់មជ្ឈមណ្ឌលឆបោកទាំងអស់ឱ្យបានត្រឹមខែមេសា។ ទោះជាយ៉ាងណា នៅតែមានចម្ងល់ច្រើនត្រូវបានចោទសួរ ដូចជាថា តើយុទ្ធនាការនេះនឹងបន្តរយៈពេលប៉ុន្មាន? អ្នកមានអំណាចដែលពាក់ព័ន្ធនឹងត្រូវបាននាំមកទទួលខុសត្រូវដែរឬទេ និងតើរដ្ឋាភិបាលនឹងការពារជនបរទេសជាង ១០០ ០០០នាក់ ដែលគេជឿថាត្រូវបានជួញដូរចូលមកធ្វើការនៅក្នុងបរិវេណរាប់រយទូទាំងប្រទេសដោយរបៀបណា។ ក្នុងពេលជាមួយគ្នា សេដ្ឋកិច្ចមូលដ្ឋានដែលពឹងផ្អែកលើសកម្មភាពទាំងនេះ ក៏កំពុងត្រូវប្រឈមមុខនឹងផលប៉ះពាល់ដែរ។

ការបង្ក្រាបប៉ះពាល់ដល់អាជីវកម្មតូចៗ
ចាប់តាំងពីខែកក្កដាមក អាជ្ញាធរបាននិយាយថា ទីតាំងឆបោកប្រហែល២៥០កន្លែង និងកាស៊ីណូជាង៩០ ត្រូវបានបិទ។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា មនុស្សជាង២០០ ០០០ នាក់ បានរត់ចេញពីទីតាំងទាំងនោះ និងប្រហែល ១០ ០០០ នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា។
ទោះបីជារដ្ឋាភិបាលបានបដិសេធការចោទប្រកាន់ក្នុងរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលថាបានទទួលផលចំណេញពីប្រតិបត្តិការឆបោកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា ការបង្ក្រាបនេះកំពុងប៉ះពាល់ដល់អាជីវកម្មមូលដ្ឋាន។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងសន្និសីទមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាថា៖ «បើពិនិត្យពីស្ថានភាពសេដ្ឋកិច្ច និងសង្គម វាកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង។ វាប៉ះពាល់ទាំងប្រជាពលរដ្ឋមួយចំនួនដែលមានប្រាក់ចំណូលខ្ពស់ និងអាជីវកម្មមូលដ្ឋានមួយចំនួនផងដែរ»។
ប៉ុន្តែ លោកបានបដិសេធពីការចោទប្រកាន់ដែលថាសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើឧស្សាហកម្មឆបោក ដោយហៅវាថាជា«សេដ្ឋកិច្ចខ្មៅ» ដែលបំផ្លាញដល់ «សេដ្ឋកិច្ចសុចរិត» របស់កម្ពុជា។
របាយការណ៍ឆ្នាំ២០២៤ របស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (United States Institute of Peace) បានប៉ាន់ប្រមាណថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា អាចបង្កើតចំណូលលើស ១២,៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដែលស្មើប្រហែលពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
ការបង្ក្រាបដ៏ធំបំផុតមិនធ្លាប់មានលើឧស្សាហកម្មមានតម្លៃរាប់ពាន់លានដុល្លារនេះ កំពុងចាប់ផ្តើមបង្កផលប៉ះពាល់ឆ្លងចូលទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធហើយ។

ដូចប្រជាពលរដ្ឋខ្មែរជាច្រើនដែលកំពុងមានបំណុល ស្រីនិចក៏កំពុងជួបការលំបាកក្នុងការសងប្រាក់កម្ចីដែរ។ មុនការបង្ក្រាប គាត់អាចរកចំណូលគ្រប់គ្រាន់សម្រាប់បង់ប្រាក់សងត្រឡប់ប្រចាំខែចំនួន ៣០០ដុល្លារ។ ប៉ុន្តែឥឡូវនេះ គាត់បានស្នើម្ចាស់បំណុលឱ្យបន្ថយការបង់ប្រចាំខែចុះមកត្រឹម ១០០ដុល្លារវិញ ហើយសំណើនេះត្រូវបានយល់ព្រមហើយដែរ។
ផ្លី ចន្ធី អ្នកលក់ដូរតាមដងផ្លូវម្នាក់ទៀត បានប្រាប់ថា ចំណូលរបស់គាត់ក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ពីមុនគាត់រកបានប្រហែល ៥០ដុល្លារ ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវបានតិចជាង១៥ដុល្លារផង។
«ខ្ញុំមិនដឹងត្រូវធ្វើអ្វីទេ។ ខ្ញុំចេញលក់នៅខាងក្រៅស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃលិច។ ខ្ញុំមានអារម្មណ៍តានតឹង ហើយជីវភាពកាន់តែលំបាក» ចន្ធី បានរៀបរាប់បណ្តើរស្រក់ទឹកភ្នែកបណ្តើរ នៅជិតកាស៊ីណូ Lion King ដែលត្រូវបានបង្ក្រាបកាលពីខែកុម្ភៈ។
ចន្ធី បានកាត់បន្ថយចំណាយតពាក់កណ្តាល ខណៈប្តីរបស់អ្នកស្រីដែលជាអ្នកបើកកង់បី ក៏រកបានតិចជាងមុនដែរ។
«យើងមិនដឹងថាគួរធ្វើអ្វីដើម្បីរកលុយមកបង់ធនាគារទេ» អ្នកស្រី បានបន្ថែមដោយបញ្ជាក់ថា ពួកគេត្រូវបង់ប្រាក់សងត្រឡប់ប្រចាំខែប្រមាណជិត ៤០០ដុល្លារ។ អ្នកស្រី បានប្រាប់ទៀតថា៖«ខ្ញុំមិនសូវចង់និយាយអំពីរឿងនេះទេ ព្រោះពេលនិយាយមក វាធ្វើឱ្យខ្ញុំពិបាកចិត្តខ្លាំង»។
ការលំបាកដែលអ្នកធ្វើការក្រៅប្រព័ន្ធ ដូចជា ស្រីនិច និង ចន្ធី កំពុងប្រឈម ដែលក្រុមនេះមានលើស៨៨% នៃកម្លាំងការងារកម្ពុជា នៅឆ្នាំ២០២៤ បង្ហាញពីផលប៉ះពាល់ស្មុគស្មាញនៃការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ទោះបីជាមានការគាំទ្រពីមហាជនក៏ដោយ។
ជឿន វិច្ចរ៉ា ដែលជាអ្នកលក់ម្ហូបអាហារ បានលើកឡើងថា៖ «អារម្មណ៍ខ្ញុំ៥០-៥០។ សប្បាយចិត្តផង និងព្រួយបារម្ភផង។ ខ្ញុំសប្បាយចិត្តដែលអំពើខុសច្បាប់ត្រូវបានបោសសម្អាត ប៉ុន្តែវាក៏ប៉ះពាល់ដល់ចំណូលយើងដែរ»។

អ្នកលក់ដូរខ្លះបាននិយាយថា ពួកគេសង្ឃឹមថា អាជីវកម្ម និងភ្ញៀវទេសចរចិនស្របច្បាប់ នឹងត្រឡប់មកក្រុងព្រះសីហនុវិញវិញ។
អ្នកជំនាញលើកឡើងថា ត្រូវមានការគាំទ្របន្ថែមចំពោះអ្នករងផលប៉ះពាល់។
លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា មានប្រសាសន៍ថា៖ «តាមជ្រុងយុត្តិធម៌សេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សកម្មភាពខុសច្បាប់ គួរតែមានវិធានការគាំទ្រតាមមកជាមួយ ដើម្បីធានាថា ស្ត្រីមានចំណូលទាប ដែលមិនបានពាក់ព័ន្ធនឹងអំពើខុសច្បាប់ មិនត្រូវរងបន្ទុកសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងដំណាក់កាលផ្លាស់ប្តូរនេះទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានអំពាវនាវឱ្យអ្នកលក់ដែលធ្លាប់ពឹងផ្អែកលើអតិថិជនពីទីតាំងមជ្ឈមណ្ឌលឆបោក ឱ្យ«ប្តូរការរកស៊ីរបស់ខ្លួនទៅតំបន់ដែលមានវិស័យទេសចរណ៍ ឬរោងចក្រកាត់ដេរវិញ»។
លោកបានបន្ថែមថា វិធានការគាំទ្រមិនមែនផ្តោតតែទៅលើអ្នកដែលរងផលប៉ះពាល់ពីការបង្ក្រាបប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់។ លោកបានលើកឡើងថា៖ «រដ្ឋាភិបាលកំពុងលើកកម្ពស់វិស័យទេសចរណ៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម និងកែលម្អផ្លូវថ្នល់ និងតំបន់ទេសចរណ៍ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច»។
អ្នកឃ្លាំមើលផ្សេងទៀត ដូចជា លោក អៀ សុផល អ្នកវិភាគនយោបាយខ្មែរ-អាមេរិក និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Arizona State បានថ្លែងថា បច្ចុប្បន្ន ផលប៉ះពាល់នៅកម្រិតមូលដ្ឋាន ប៉ុន្តែការស្តារទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរណ៍ អាចធ្វើទៅបាន លុះត្រាតែអាជ្ញាធរបង្ក្រាបបណ្តាញឆបោកបានឱ្យមានប្រសិទ្ធភាព និងពង្រឹងនីតិរដ្ឋ។
លោកបានបន្តថា៖ «ទំនុកចិត្តអាចចាប់ផ្តើមស្តារឡើងវិញក្នុងរយៈពេលមួយឬពីរឆ្នាំ»។
ដោយសារការស្តារឡើងវិញអាចចំណាយពេល លោក សុផល និង លោកស្រី ចាន់ឌី បានលើកឡើងថា រដ្ឋាភិបាលគួរតែចាត់ទុកស្ថានភាពនេះបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ពួកគេបានអំពាវនាវឱ្យមានវិធានការគាំទ្ររយៈពេលខ្លី ដូចជា ជំនួយសាច់ប្រាក់បណ្ដោះអាសន្ន ការបន្ធូរបំណុលជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងជំនួយតូចៗ ឬឥណទានអត្រាការប្រាក់ទាប ដើម្បីជួយឱ្យអ្នកលក់ដូរដែលរងផលប៉ះពាល់អាចចាប់ផ្តើមអាជីវកម្មឡើងវិញបាន។
លោក សុផល បានលើកឡើងថា៖ «អ្នកលក់ដូរទាំងនេះមិនមែនជាអ្នកប្រព្រឹត្តបទល្មើសទេ។ ពួកគេគឺជាជនរងគ្រោះនៃសេដ្ឋកិច្ចមូលដ្ឋានដែលមិនមានស្ថិរភាព។ ប្រសិនបើរដ្ឋចង់ទទួលបានការគាំទ្រពីសាធារណជនសម្រាប់សេដ្ឋកិច្ចដែលមានសុចរិត រដ្ឋត្រូវតែជួយឱ្យពលរដ្ឋអាចឆ្លងកាត់ដំណាក់កាលអន្តរកាលនេះបាន»។
ការប្រមើលមើលពីអនាគតមិនប្រាកដប្រជា
ខណៈនៅសល់ពេលជាងមួយខែមុនកាលកំណត់របស់រដ្ឋាភិបាលក្នុងការលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតទូទាំងប្រទេស អ្នកលក់ដូរបានលើកឡើងថា ពួកគេនៅតែរង់ចាំមើលថាតើកម្មករនឹងត្រឡប់មកវិញឬអត់។
ស្រីនិច និង ចន្ធី បាននិយាយថា ដោយផ្អែកលើបទពិសោធន៍ពីការបង្ក្រាបកន្លងមក ទីតាំងដូចជា Lixin Harbour City, Chinatown និង Jing Shui Casino ជាញឹកញាប់ត្រូវបានបិទបណ្តោះអាសន្ន ហើយបើកដំណើរការឡើងវិញ។
ប្រសិនបើមជ្ឈមណ្ឌលឆបោកទាំងនេះនៅតែបិទ អ្នកលក់ដូរខ្លះបាននិយាយថា ពួកគេអាចត្រឡប់ទៅស្រុកកំណើតវិញ ខណៈអ្នកផ្សេងទៀតអាចស្វែងរកការងារនៅរោងចក្រកាត់ដេរ។
ស្ថាប័នអភិវឌ្ឍន៍ក៏បានលើកឡើងថា ស្ថានភាពអនាគតនៅមិនទាន់មានភាពច្បាស់លាស់។
លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា ផលប៉ះពាល់សេដ្ឋកិច្ចសរុបពីការបិទមជ្ឈមណ្ឌលឆបោក នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះប្រតិបត្តិការទាំងនេះពាក់ព័ន្ធនឹងបណ្តាញឆ្លងដែន។
លោកស្រីបាននិយាយថា៖ «ក្នុងរយៈពេលវែង អត្ថប្រយោជន៍ពីការកាត់បន្ថយការឆបោក នឹងបានផលច្រើនលើសលប់ពីការចំណាយ»។

លោកស្រីបានបន្ថែមថា វិស័យទេសចរណ៍ ដែលរួមចំណែកប្រហែល១០% នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២៣% នៅអំឡុងពាក់កណ្តាលទីពីរនៃឆ្នាំ២០២៥។ លោកស្រីបានបញ្ជាក់ថា ការរំខាននៅតាមព្រំដែនដែលពាក់ព័ន្ធនឹងជម្លោះជាមួយប្រទេសថៃ គឺជាកត្តាសំខាន់មួយ ប៉ុន្តែការព្រួយបារម្ភអំពីសន្តិសុខដែលពាក់ព័ន្ធនឹងការឆបោក ក៏បានរួមចំណែកផងដែរ។
លោកស្រីបានបន្ថែមថា៖ «ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបអំពើឆបោក នឹងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាពនៅកម្ពុជា»។
សម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដូចជា ស្រីនិច និង ចន្ធី ការបង្ក្រាបនេះនាំមកនូវទាំងក្តីសង្ឃឹម និងភាពមិនប្រាកដប្រជា។ ការបញ្ចប់អំពើឆបោកអាចជួយស្តារទំនុកចិត្តពីវិនិយោគិន និងបង្កើតឱកាសថ្មីៗ។ ប៉ុន្តែបើគ្មានការគាំទ្រដើម្បីជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានសម្របខ្លួន បន្ទាប់ពីពឹងផ្អែកលើអាជីវកម្មខុសច្បាប់អស់រយៈពេលយូរមកហើយ អ្នកលក់ដូរជាច្រើនបានលើកឡើងស្រដៀងគ្នាថាពួកគេមិនដឹងថាអ្វីនឹងកើតឡើងបន្ទាប់ទៀតទេ៕
*ស្រីនិច បានស្នើសុំប្រើនាមខ្លួន ដោយសារការព្រួយបារម្ភអំពីឯកជនភាព។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Scam Crackdown in Sihavoukville Hits Local Vendors Income









