សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនមួយចំនួនធំ​​ ពាក់ព័ន្ធ​នឹង​ឧស្សាហកម្មឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍

អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)
អតីតទីស្នាក់ការកណ្ដាលរបស់ហួយវ័ន ផេ ម.ក (Huione Pay PLC.) នៅរាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ (ខេមបូចា/ព្រីង សំរាំង)

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៩នាក់ និងអង្គភាពចំនួន២៦ ដែលមានទំនាក់ទំនងជាមួយបណ្តាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប (Prince Group Transnational Criminal Organization – TCO) និងថ្នាក់ដឹកនាំរបស់បណ្តាញនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសនៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោក Tommy បានលើកឡើងថា សមាជិកនៃ Prince Group TCO ជាម្ចាស់ និងទទួលបានផលចំណេញពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ ដែលផ្តោតលើជនរងគ្រោះនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក។

ជនឆបោក រួមទាំងឧក្រិដ្ឋជនដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រើប្រាស់ក្រុម Huione Group រួមទាំង Huione Pay និង H-Pay ដើម្បីផ្ទេរ និងលាងលុយកខ្វក់ពីអំពើឆបោក។

លោក Tommy បន្ថែមថា៖ «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តការពារប្រជាជនអាមេរិក ពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ការឆបោក និងគម្រោងកេងប្រវ័ញ្ចផ្សេងៗ ដែលប្រព្រឹត្តដោយបណ្តាញឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ទាំងនេះ»។

ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម រួមមានលោក Hu Xiaowei ដែលអាមេរិកអះអាងថា ជាបុគ្គលមានឥទ្ធិពលទីពីរនៅក្នុង Prince Group បន្ទាប់ពីស្ថាបនិក Chen Zhi លោក ក៏ទើបតែត្រូវបានប៉ូលិសទីក្រុង Osaka ចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ក្រោមបទចោទ ប៉ុនប៉ងរៀបចំឯកសារស្នាក់នៅក្នុងប្រទេសជប៉ុនជាអចិន្ត្រៃយ៍ ។ ក្នុងនោះក៏មាន Brendon Luo និង Qiu Weiren ដែលអាមេរិកនិយាយថា បានវិនិយោគក្នុងបរិវេណឆបោកអនឡាញ, លោក Dai An ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Prince Group និងលោក Fang Zhizhen ដែលត្រូវបានចោទថា ជាអ្នកគ្រប់គ្រងប្រព័ន្ធទូទាត់ប្រាក់ ដែលត្រូវបានប្រើក្នុងការឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។

ធនាគារ CCU Commercial Bank ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មផងដែរ។ បើតាមអាជ្ញាធរអាមេរិក នេះជាធនាគារទី៦ នៅកម្ពុជា ដែលរងវិធានការពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

ក្រៅពីនេះ អាមេរិកក៏គ្រោងពង្រីកវិធានការលើ H-Pay Service ដែលជាក្រុមហ៊ុនជំនួស Huione Pay ដោយអះអាងថា វាត្រូវបានប្រើប្រាស់សម្រាប់ផ្ទេរ និងលាងលុយដែលទាក់ទងនឹងប្រតិបត្តិការឆបោកតាមអនឡាញ។

មន្ត្រីអាមេរិកនិយាយថា មជ្ឈមណ្ឌលឆបោកអនឡាញនៅអាស៊ីអាគ្នេយ៍ បានបោកយកប្រាក់ពីជនរងគ្រោះរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អាមេរិកក៏អះអាងផងដែរថា ទណ្ឌកម្មចុងក្រោយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។

ជាមួយគ្នានេះដែរ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹបអូសគណនីសេវាកម្មកុំព្យួរធីងពពក (cloud computing) ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huione Group។ លោក Brett Leatherman ជំនួយការនាយកនៃផ្នែកសាយប័រ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានមានប្រសាសន៍ថា FBI ប្តេជ្ញាចិត្តក្នុងការបង្អាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា ដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណែតតែងពឹងផ្អែក ក្នុងការទទួលបានផលចំណេញពីសក្មភាពខុសច្បាប់ផ្សេងៗ។

លោក Brett បានថ្លែងថា៖ «FBI ប្តេជ្ញាចិត្តក្នុងការបង្អាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានា ដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណែតតែងពឹងផ្អែក ដើម្បីទទួលបានផលចំណេញពីសកម្មភាពខុសច្បាប់របស់ពួកគេ។ វិធានការនាពេលនេះ ផ្តោតលើកត្តាសំខាន់មួយដែលជួយសម្រួលដល់ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងគម្រោងលាងលុយកខ្វក់ ដោយបង្ហាញថា FBI នឹងតាមប្រមាញ់មិនត្រឹមតែជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែទាំងសេវាកម្មដែលគាំទ្រដល់ប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ពួកគេផងដែរ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម