កសិករ៖ «កាលពីមុន ឱ្យតែដល់រដូវធ្វើស្រែម្ដងៗ ខ្ញុំខ្វល់ចិត្តរឿងដើមទុនទិញជី និងថ្នាំគីមីខ្លាំងណាស់ ព្រោះស្រែ ៥ហិកតា ចំណាយអស់ច្រើន។ តែឥឡូវខុសគ្នាសន្ធឹក! ចាប់តាំងពីងាកមកប្រកបកសិកម្មបែបក្សេត្របរិស្ថាន ជីនិងថ្នាំការពារដំណាំគឺនៅក្នុងពាងស្រាប់ ចង់បាញ់ពេលណាក៏បាន ដួសប្រើភ្លាមៗ ដោយមិនបាច់ចំណាយប្រាក់សូម្បីមួយរៀល»។
នេះជាការរៀបរាប់ទាំងទឹកមុខញញឹម និងជំនឿចិត្តយ៉ាងមុតមាំរបស់អ្នកស្រី អាន សំបូរ កសិកររស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បន្ទាប់ពីបានសាកល្បងអនុវត្តកសិកម្មធម្មជាតិបែបក្សេត្របរិស្ថាន(ការធ្វើកសិកម្មតាមបែបធម្មជាតិដោយមិនប្រើជីគីមីទំនើប)រយៈពេល ២ឆ្នាំមកនេះ អ្នកស្រី សំបូរ ទទួលបានជោគជ័យយ៉ាងល្អប្រសើរលើផ្ទៃដីស្រែ ៥ហិកតា និងចម្ការម្ទេសកន្លះរ៉ៃ។ អាថ៌កំបាំងនៃជោគជ័យនេះ គឺការបោះបង់ចោលសារធាតុគីមី ហើយងាកមកច្នៃវត្ថុធាតុដើមធម្មជាតិដែលមានស្រាប់ជុំវិញផ្ទះ ដូចជា លាមកគោ ទឹកនោមគោ និងរុក្ខជាតិក្នុងភូមិ ធ្វើជាជី និងថ្នាំបណ្តេញសត្វល្អិត។
អ្នកស្រីបានរៀបរាប់ពីការប្រែប្រួលយ៉ាងច្បាស់ថា៖ «កាលប្រើជីគីមី ក្នុងមួយហិកតាខ្ញុំអស់ជី ៣បាវ ហើយត្រូវបាញ់ថ្នាំដល់ទៅ៣ដងឯណោះ។ ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ ស្រែខ្លះខ្ញុំកាត់បន្ថយមកប្រើជីគីមីតែ ១បាវប៉ុណ្ណោះ ហើយស្រែខ្លះទៀតគឺប្រើធម្មជាតិសុទ្ធ ១០០% តែម្តង។ អ្នកស្រីបន្ថែមថា«អ្វីដែលកាន់តែភ្ញាក់ផ្អើលគឺ ទិន្នផលកើនឡើងជាងមុនទៅទៀត! កាលមុនធ្វើដី ៣រ៉ៃ ប្រើគីមីប្រមូលផលបានត្រឹម ៣តោនជាង ប៉ុន្តែឥឡូវប្រើធម្មជាតិ បានផលរហូតដល់ទៅជាង ៤តោន»។
ដោយសារតែឃើញលទ្ធផលជាក់ស្ដែងបែបនេះ កសិករជាច្រើនគ្រួសារនៅក្នុងភូមិបានចាប់ផ្ដើមរៀនសូត្រ និងងាកមកដាំដុះតាមវិធីសាស្ត្រក្សេត្របរិស្ថានដូចអ្នកស្រីដែរ ដើម្បីរំដោះខ្លួនពីបន្ទុកចំណាយលើជី និងថ្នាំគីមីដែលកំពុងហក់ឡើងថ្លៃខ្លាំងនៅលើទីផ្សារ។
បច្ចុប្បន្ន អ្នកស្រី សំបូរ បានចិញ្ចឹមគោចំនួន ៣ក្បាល ដើម្បីយកលាមក និងទឹកនោមមកធ្វើជាវត្ថុធាតុដើមសំខាន់ក្នុងផលិតជី និងថ្នាំបាញ់ដំណាំ។ លើកឡើងពីបច្ចេកទេសដែលបានរៀន និងអនុវត្តផ្ទាល់ អ្នកស្រីបានបកស្រាយថា ជីធម្មជាតិកើតចេញពីការផ្សំគ្នារវាង ទឹកនោមគោ លាមកគោ គ្រាប់ធុញ្ញជាតិ (ដូចជាសណ្តែកជាដើម) ស្កររងូរ និងដីដែលមានជីជាតិខ្ពស់ (ដីក្រោមគម្ពោធឫស្សី រឺដើមឈើ) ដោយយកទៅត្រាំទឹកក្នុងធុងចំណុះ ២០០លីត្រ។ ក្នុងនោះប្រើទឹកនោមគោពី ៥ ទៅ ១០លីត្រ លាយជាមួយធាតុផ្សំខាងលើ ហើយកូរជារៀងរាល់ថ្ងៃរយៈពេល ៧ថ្ងៃ ទើបអាចយកទៅបាញ់លើដំណាំ ឬបង្ហូរចូលស្រែបាន។
ដោយឡែក ចំពោះថ្នាំកម្ចាត់សត្វល្អិតវិញ អ្នកស្រីបានលើកឡើងទាំងសំណើចថា អ្នកស្រីប្រើ «អាវុធភ្លើង»! តែ «អាវុធភ្លើង» នៅទីនេះ មិនមែនជាការយកភ្លើងទៅដុតស្រែឡើយ ប៉ុន្តែជាថ្នាំបាញ់ក្ដៅស្ទើរឆេះដែលផ្សំចេញពីភោគផលធម្មជាតិ មានដូចជា ម្ទេស ថ្នាំជក់ ទឹកនោមគោ និងស្លឹកស្តៅ ឬបណ្តូលពេជ្រ។ ធាតុផ្សំទាំងនេះត្រូវយកទៅត្រាំក្នុងពាង ទុកបានរាប់ខែរាប់ឆ្នាំដោយមិនខូចគុណភាពឡើយ ហើយអាចដួសប្រើប្រាស់បានភ្លាមៗនៅពេលមានការចាំបាច់។
អ្នកស្រី សំបូរ បន្ថែមដោយក្ដីរីករាយថា៖ «មានពេលមួយ សត្វល្អិតស៊ីស្រូវខ្ញុំឡើង ស ក្បុសពេញស្រែ! ប៉ុន្តែនៅពេលខ្ញុំបាញ់ថ្នាំធម្មជាតិនេះទៅ វាពិបាកទ្រាំរត់ចោលស្រែអស់រលីង ទោះជាមិនបានសម្លាប់វាក៏ដោយ»។
អ្នកស្រីបន្តថា ក្រៅពីកាត់បន្ថយដើមទុន និងទទួលបានទិន្នផលខ្ពស់ ការប្រែក្លាយស្រែ ៥ហិកតាឱ្យទៅជាស្រែធម្មជាតិទាំងស្រុងនេះ ក៏បានផ្លាស់ប្ដូរជីវិត និងសុខភាពគ្រួសារអ្នកស្រីយ៉ាងខ្លាំងផងដែរ។
អ្នកស្រីបានបញ្ជាក់ថា៖ «សុខភាពប្តីខ្ញុំឥឡូវល្អប្រសើរជាងមុនច្រើន មិនសូវឈឺស្កាត់ដូចកាលពីមុនទេ! កាលពីមុនគាត់ស្ពាយប្រដាប់បាញ់ថ្នាំគីមីញឹកញាប់ពេក ធ្វើឱ្យសុខភាពចុះទ្រុឌទ្រោម ប៉ុន្តែពីរឆ្នាំចុងក្រោយនេះ គាត់ស្ពាយបាញ់តែថ្នាំធម្មជាតិ គឺអត់មានប៉ះពាល់អ្វីទាំងអស់ ព្រោះយើងប្រើរបស់ធម្មជាតិសុទ្ធសាធ!»។

ការចែករំលែកបទពិសោធន៍ក្នុងវេទិកាថ្នាក់តំបន់
ការលើកឡើងពីបទពិសោធន៍ធ្វើកសិកម្មបែបក្សេត្របរិស្ថាននេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលអ្នកស្រី អាន សំបូរ បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន និងសហការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់ក្រោមប្រធានបទ «ឫសគល់នៃភាពធន់» (Roots of Resilience) កាលពីចុងសប្តាហ៍កន្លងទៅ នៅការិយាល័យកល្យាណមិត្ត ខេត្តបាត់ដំបង។
កម្មវិធីនេះគឺជាវគ្គដំបូង នៃស៊េរីការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់ដែលមាន ៣ផ្នែក ដែលរៀបចំឡើងដោយអង្គការ Focus on the Global South ដោយមានការគាំទ្រពីមូលនិធិកសិអេកូឡូស៊ី (Agroecology Fund – AEF)។ សន្និសីទនេះមានការចូលរួមពីសហគមន៍កសិករ ក្រុមសង្គមស៊ីវិល និងអ្នកតស៊ូមតិមកពីប្រទេសឥណ្ឌា កម្ពុជា ហ្វីលីពីន (ចូលរួមផ្ទាល់) ព្រមទាំងតំណាងកសិករភាគខាងត្បូងនៃប្រទេសថៃ និងឥណ្ឌូនេស៊ី (ចូលរួមតាមប្រព័ន្ធអនឡាញ)។
អ្នកស្រី ច្រឹក សុភា អ្នកសម្របសម្រួលអង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ (SACD) នៅកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធី បានឱ្យដឹងថា វេទិកានេះផ្តោតលើគោលបំណងធំៗពីរ ១. ស្តាប់រឿងរ៉ាវបទពិសោធន៍របស់ថ្នាក់ដឹកនាំកសិករ ជាពិសេសស្រ្តីកសិករ ចលនាស្រ្តី និងចលនាជនជាតិដើមភាគតិច ជុំវិញការឆ្លើយតបទៅនឹងប្រព័ន្ធស្បៀងអាហារបច្ចុប្បន្នដែលគ្រប់ដណ្តប់ដោយក្រុមហ៊ុនសារជីវកម្ម ព្រមទាំងពិនិត្យមើលបរិបទ ច្បាប់ និងគោលនយោបាយដែលជះផលប៉ះពាល់ដល់ពួកគាត់ផ្ទាល់។ ២. ស្វែងរកជម្រើស និងការអនុវត្តកសិកម្មបែបក្សេត្របរិស្ថាន ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការបង្កើត «ភាពធន់» (Resilience) និងភាពសាំក្នុងសហគមន៍។
អ្នកស្រី ច្រឹក សុភា បានបញ្ជាក់ថា វេទិកានេះជាផ្នែកមួយនៃការចងក្រងរឿងរ៉ាវជាក់ស្តែង ដើម្បីបញ្ជូនសារទៅកាន់ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំកម្រិតពិភពលោក ឱ្យបានឃើញពីគំរូផ្លាស់ប្តូរបរិបទ និងដំណោះស្រាយចេញពីកម្រិតមូលដ្ឋាន។
អ្នកស្រីបន្ថែមថា៖ «ការដោះស្រាយបញ្ហាហ្នឹង វាមានគំរូចេញពីផ្នែកខាងក្រោម គឺការអនុវត្តផ្ទាល់របស់កសិករ និងក្រុមចលនាផ្សេងៗ ដែលបានរួមគ្នាធ្វើឱ្យវិបត្តិរងគ្រោះកន្លងមក អាចរកច្រកចេញនិងជួយដោះស្រាយបាន»។
សំឡេងរួមគ្នារបស់កសិករក្នុងតំបន់៖ «បញ្ហាប្រឈម និងដំណោះស្រាយ»
មិនត្រឹមតែអ្នកស្រី សំបូរ នោះទេ តំណាងកសិករផ្សេងទៀតក៏បានចែករំលែកពីការតស៊ូ និងជោគជ័យក្នុងការផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្មផងដែរ។
លោក នឹម ឈាង អាយុ ៧២ឆ្នាំ អនុប្រធានទី២ សហគមន៍ស្ទឹងក្រោមរហាលសួង ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្តៅកើនឡើងខ្លាំង ព្រៃរនាមមួយចំនួនធំត្រូវភ្លើងឆេះ ហើយកសិករជាច្រើនបានធ្លាក់ខ្លួនក្នុងបំណុល និងមានបញ្ហាសុខភាព ដោយសារការទិញជី ថ្នាំពុលគីមី និងពូជថ្លៃៗពីបរទេស។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានដឹកនាំសមាជិកកូនចៅ ៨នាក់ បង្កើតទីតាំងគំរូមួយទំហំ ៣ហិកតា ដោយរៀបចំជាស្រះទឹក ដីស្រែ ដីទួលសម្រាប់ដាំបន្លែ ទ្រុងចិញ្ចឹមសត្វ និងបានដាំដើមឈើព្រៃលិចទឹកព្រមទាំងឈើព្រៃភ្នំ។ លោកបានផ្លាស់ប្តូរពីការប្រើគីមី មកអនុវត្តបែបសរីរាង្គ និងក្សេត្របរិស្ថានវិញតាំងពីឆ្នាំ២០២១ មកម្ល៉េះ។
លោក នឹម ឈាង បានបញ្ជាក់ដោយមោទនភាពថា៖ «បច្ចុប្បន្ននេះ គ្រួសារខ្ញុំមានបំណុលកាន់តែធូរស្រាល។ ដំណាំដែលបានដាំដុះក្នុងតំបន់អភិរក្សដែលមានឈ្មោះថា “ស្រះប្រាំងរាំង១០០” ទាំងស្រូវ ឈើហូបផ្លែ និងបន្លែ សុទ្ធតែទទួលបានផលល្អប្រសើរ។ ជាពិសេស សុខភាពខ្ញុំ និងក្រុមគ្រួសារមានភាពល្អប្រសើរខ្លាំង កាត់បន្ថយការចំណាយលើការថែទាំសុខភាព ធ្វើឱ្យជីវភាពគ្រួសារធូរធារជាងមុនច្រើន!»។

ដោយឡែក អ្នកស្រី សាង សៀម តំណាងក្រុមស្រ្តីមកពីសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានថ្លែងថា សហគមន៍ត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិកសិករ ពីការកើនឡើងថ្លៃនៃធាតុចូលកសិកម្ម និងការបង្កកតម្លៃពីឈ្មួញកណ្តាល។
អ្នកស្រីបន្ថែមថា៖ «កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យពួកខ្ញុំរួមគ្នាបង្កើតសហគមន៍នេះឡើង ដើម្បីជួយខ្លួនឯងតាមរយៈការសន្សំប្រាក់ ការដាំដុះ និងការចិញ្ចឹមសត្វបែបក្សេត្របរិស្ថាន ដើម្បីកាត់បន្ថយការចំណាយលើធាតុចូលកសិកម្ម និងបង្កើនចំណូលសមរម្យ។ យើងរួមគ្នាផលិត រួមគ្នាលក់ និងកំណត់តម្លៃជាមួយឈ្មួញដោយខ្លួនឯង ព្រមទាំងរក្សាពូជបុរាណចែកគ្នាដាំដុះ ដោយមិនចាំបាច់ចំណាយប្រាក់ទិញពីខាងក្រៅឡើយ»។
អ្នកស្រីបញ្ជាក់បន្ថែមថា ការតស៊ូមតិតាមរយៈសហគមន៍បានជួយដោះស្រាយបញ្ហាដីធ្លី និងសំណងផ្សេងៗបានសមរម្យ និងរហូតទទួលបានជោគជ័យ ដោយរាជរដ្ឋាភិបាលបានសម្រេចកាត់ដី ១៧ហិកតា ពីក្រុមហ៊ុនសម្បទាន ប្រគល់ជូនសហគមន៍វិញ។
ពីប្រទេសឥណ្ឌា អ្នកស្រី កាម៉ាឡា ម៉ាសាកូឡា (Kamala Mahascola) ស្ត្រីជនជាតិដើមភាគតិច និងជាសមាជិកនៃសម្ព័ន្ធភាពអធិបតេយ្យភាពស្បៀងអាហារនៃប្រទេសឥណ្ឌា បានលើកឡើងថា ប្រជាកសិករនៅឥណ្ឌាក៏ជួបប្រទះបញ្ហាបាត់បង់ដីធ្លី និងប៉ះពាល់សិទ្ធិទទួលបានស្បៀងអាហារដូចគ្នាដែរ។ ប៉ុន្តែនៅក្នុងសហគមន៍ ស្ត្រីបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់កសិកម្មក្សេត្របរិស្ថាន ដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គ្រួសារ និងប្រជាជនទូទៅ។
អ្នកស្រីបានរៀបរាប់ពីស្ថានភាពក្នុងតំបន់ថា៖ «នៅតំបន់ខ្ញុំ ប្រជាកសិករដាំកប្បាស និងរស់នៅក្នុងតំបន់ព្រៃឈើ។ កន្លងមក ដីស្រែចម្ការត្រូវខូចខាតដោយសារការប្រើប្រាស់សារធាតុគីមីច្រើន បូករួមនឹងអាកាសធាតុក្តៅខ្លាំង។ ទាំងអស់នេះបណ្តាលមកពីក្រុមហ៊ុនសារជីវកម្មធំៗបានកេងចំណេញលើកសិករ ដោយលក់ជី និងថ្នាំគីមី ពូជក្នុងតម្លៃថ្លៃហួសហេតុ»។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អ្នកស្រីបញ្ជាក់ថា សហគមន៍របស់ប្រជាពលរដ្ឋមកពី ៩ភូមិ បានរួមគ្នាបង្កើតជាបណ្តាញ ដើម្បីទាមទារសិទ្ធិដីធ្លី សិទ្ធិបង្កបង្កើនផល និងសិទ្ធិអាស្រ័យផលលើធនធានធម្មជាតិ។ លើសពីនេះ ពួកគាត់បានបង្កើត «ធនាគារគ្រាប់ពូជ» សម្រាប់ផ្គត់ផ្គង់គ្រាប់ពូជក្នុងសហគមន៍ដោយខ្លួនឯង ព្រមទាំងបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងពីកសិកម្មក្សេត្របរិស្ថានដល់យុវជន និងប្រជាជនក្នុងតំបន់យ៉ាងសកម្ម។
អ្នកស្រី Ritchel Tamayo តំណាងអង្គការ Paragos-Pilipinas មកពីប្រទេសហ្វីលីពីន ដែលជាអ្នកធ្វើការលើកកម្ពស់គោលនយោបាយ និងកំណែទម្រង់វិស័យកសិកម្ម បានគូសបញ្ជាក់ថា៖ «បើគ្មានគោលនយោបាយគាំទ្រ និងគ្មានដីធ្លីច្បាស់លាស់ទេ កសិករមិនអាចធ្វើកសិកម្មបែបក្សេត្របរិស្ថានបានឡើយ»។
អ្នកស្រីបានលើកឡើងពីសហការតស៊ូទាមទារដីធ្លីជាង ១០០ហិកតាមកវិញពីក្រុមហ៊ុនសារជីវកម្មបានជោគជ័យ និងបន្តទាមទារ ២០៦ហិកតាទៀតនៅតំបន់ដាច់ស្រយាលក្នុងប្រទេសហ្វីលីពីនទៅរាជរដ្ឋាភិបាល។
អ្នកស្រី Ritchel Tamayo បានសង្កត់ធ្ងន់ថា៖ «ការពង្រឹងការអនុវត្តកសិអេកូឡូស៊ី ជួយបង្កើតភាពធន់នៃសហគមន៍របស់យើង ដើម្បីប្រឆាំងនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៃបម្រែបម្រួលអាកាសធាតុ។ រដ្ឋាភិបាលនៅទូទាំងតំបន់អាស៊ី ត្រូវតែផ្តល់អាទិភាពដល់តម្រូវការរបស់សហគមន៍កសិករ និងជួយឱ្យពួកគាត់អាចទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លា ដែលកំពុងគំរាមកំហែងដល់ដំណាំ ជីវភាព និងគ្រួសាររបស់ពួកគាត់»។
ទិសដៅ និងបណ្តាញទំនាក់ទំនងថ្នាក់តំបន់
យោងតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីផ្លាស់ប្តូរបទពិសោធន៍នៅខេត្តបាត់ដំបងនេះ គឺជាជំហានដំបូងនៃគម្រោងដែលមាន ៣ផ្នែក។ វគ្គទី២ នឹងប្រព្រឹត្តទៅនាខែវិច្ឆិកា នៅប្រទេសថៃ ដោយសហការជាមួយអង្គការ SPFT ហើយវគ្គទី៣ នឹងរៀបចំឡើងនាខែមករា ឆ្នាំ២០២៧ ខាងមុខ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លទ្ធផលទទួលបានពីកម្មវិធីទាំងមូល នឹងត្រូវបានបូកសរុបជា «របាយការណ៍បច្ចេកទេសថ្នាក់តំបន់» ដើម្បីដាក់ជូនក្រសួង/មន្ទីរកសិកម្មនៃប្រទេសដែលបានចូលរួម។ គោលបំណងធំចុងក្រោយរបស់អ្នករៀបចំ គឺការបង្កើតបណ្តាញថ្នាក់តំបន់ស្តីពីកសិអេកូឡូស៊ី (Agroecology Network) ដើម្បីរក្សាបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆ្លងប្រទេសនេះឱ្យបានយូរអង្វែង និងប្រកបដោយនិរន្តរភាព៕









