មន្រ្តីជាន់ខ្ពស់កម្ពុជា ថ្លែងថា សមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងសហការគ្នាដើម្បីតាមបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាយប៉ាយតាមភូមិ ឃុំ ដោយបំបែកខ្លួនជាទ្រង់ទ្រាយតូចៗតាមរថយន្ត ហាងកាហ្វេ និងបន្ទប់ស្នាក់ រួមទាំងកិច្ចសហការជាមួយធនាគារជាតិក្នុងការប្រមូលព័ត៌មានអំពីការផ្ទេរប្រាក់ច្រឡំដែលអាចពាក់ព័ន្ធនឹងការឆបោកប្រាក់។
បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមទ្រង់ទ្រាយតូចៗនេះ ត្រូវបានសមត្ថកិច្ចបោសសម្អាតបានចំនួន៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងរយៈពេលពេញមួយខែសីហា ឆ្នាំ២០២៦។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់កម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅទីស្ដីការក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងសន្និសីទ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងជាសមាជិកគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោក ហាយ មករា លើកឡើងថា និន្នាការថ្មីនៃអំពើឆបោកតាមបច្ចេកវិទ្យាដែលបានរាយប៉ាយតាមទីជនបទនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងសហការគ្នាដើម្បីវាយតម្លៃអំពីវិធានការច្បាប់ និងរដ្ឋបាល។
លោកបន្ថែមថា ក្រសួងប្រៃសណីយ៍ បានដាក់កំហិតឱ្យអត្តសញ្ញាណប័ណ្ណមួយ អាចប្រើប្រាស់ស៊ីមកាតបានត្រឹម៥ប៉ុណ្ណោះ ដែលលោកចាត់ទុកថា ជាផ្នែកមួយនាំឱ្យឧក្រិដ្ឋជនពិបាកក្នុងការប្រើស៊ីមកាតជាមធ្យោបាយឆបោកបន្តទៀត។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងនិន្នាការថ្មីអំពីការឆបោកតាមបច្ចេកវិទ្យា មានការសម្របខ្លួនដែលធ្វើការរាយប៉ាយ តាមទីតាំងតូចៗ ហើយក៏មានការរាលដាលទៅតាមភូមិ ឃុំ ទីជនបទក៏មាន យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺ យើងបានកំពុងធ្វើការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសិក្សាវាយតម្លៃអំពីវិធានការ ទាំងវិធានការផ្លូវច្បាប់ វិធានការដ្ឋបាល»។
ទន្ទឹមនឹងនេះ លោក មករា បន្ថែមថា សមត្ថកិច្ចក៏មានកិច្ចសហការជាមួយធនាគារជាតិ និងបណ្ដាធនាគារពាណិជ្ជ សម្រាប់ប្រមូលព័ត៌មានលម្អិតជុំវិញការផ្ទេរប្រាក់ច្រឡំ ដែលអាចពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ តែទោះជាយ៉ាណាក៏ដោយលោកថា ករណីផ្ទេរប្រាក់ច្រឡំនេះ ស្ថិតក្នុងការសិក្សានៅឡើយ ដោយមិនទាន់មានព័ត៌មាន ឬរបាយការណ៍ជាក់លាក់នោះទេ។

រីឯរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែងថា តាមលទ្ធផលបឋមនៃការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាប់ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបង្រ្កាបលើទីតាំងឆបោកចំនួន៦៦៣ កន្លែង ដែលក្នុងនោះមាន ៨៦ទីតាំងជាមជ្ឈមណ្ឌលឆបោកធំៗ។ ករណីទាំងនេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងជាង៤០០ ទៅកាន់តុលាការ និងជនត្រូវចោទសរុបជាង ៣ពាន់នាក់។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ករណីបង្រ្កាបបទល្មើសឆបោកនេះ គឺសមត្ថកិច្ចកម្ពុជានឹងបន្តបង្រ្កាបជាប់ជាប្រចាំ បើទោះបីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានប្រែក្លាយពីទ្រង់ទ្រាយធំ មកខ្នាតតូចៗក៏ដោយ។
លោកនិយាយថា៖ «យើងបន្តបេសកម្មរបស់យើង ដែលប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ដែលបានប្រែក្លាយពីធំមកតូចៗបន្តទៀត ដែលសមត្ថកិច្ចរបស់យើងកំពុងតែបន្តសកម្មភាពក្នុងការបង្រ្កាបជាប្រចាំថ្ងៃ ហើយកិច្ចការងារបង្រ្កាបមួយនេះគឺបន្តរហូត»។
ជុំវិញករណីនេះ ក្នុងអំឡុងខែសីហា បន្ទាប់ពីបិទទីតាំងធំៗដែលប្រព្រឹត្តអំពើឆបោក នគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្រ្កាបបទល្មើសឆបោកតាមអនឡាញនេះ ប៉ុន្តែនៅមានទីតាំងដែលជាផ្ទះរបស់ពលរដ្ឋផ្ទាល់ដែលជាជនសង្ស័យប្រព្រឹត្តអំពើឆបោក។ នគរបាលបានបញ្ជូនពលរដ្ឋខ្មែរចំនួន ៦នាក់ (ស្រី២នាក់) ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។
បើតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេលពេញមួយខែសីហា សមត្ថកិច្ចបានបោសសម្អាតទីតាំង ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតូចៗចំនួន៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យ ១ ២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ ក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺចំនួន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ និងឥណ្ឌូនេស៊ី ២៤នាក់។
ក្នុងខែសីហាដដែល សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ ៣ ៦៥៧ទីតាំង មានមនុស្សសរុប១៧ ៨៣៤នាក់ និងចុះត្រួតពិនិត្យនៅលើដងផ្លូវ ដែលបានពិនិត្យឃាត់យានយន្តសង្ស័យ សរុបចំនួន ២៦៩លើក មនុស្សចំនួន ២ ៧៦៣នាក់។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការចុះអនុវត្តនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ដំណើរឆបោកចល័តពីកន្លែងមួយទៅកន្លែងមួយរបស់ពួកឧក្រិដ្ឋជន។
ជាងនេះទៅទៀត ក្នុងខែសីហាដដែល សមត្ថកិច្ចក៏បានរកឃើញ និងផាកពិន័យលើម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុបជាទឹកប្រាក់ ៨២២ ២៤០ ០០០រៀលផងដែរ។
អធិការនគរបាលស្រុកត្រពាំងប្រាសាទលោក ជ័យ វាសនា ថ្លែងថា ក្នុងភូមិសាស្រ្តរបស់លោកលែងមានការលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតតូចទៀតហើយ បន្ទាប់ពីសមត្ថកិច្ចបង្រ្កាបចំនួន ២ករណី និងបញ្ជូនពលរដ្ឋខ្មែរ ៦នាក់ទៅកាន់តុលាការ។ បើតាមសមត្ថកិច្ច ពលរដ្ឋខ្មែរទាំង ៦នាក់នោះ មានប្រវត្តិបម្រើការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញជាមួយក្រុមឧក្រិដ្ឋជន។
អ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពឌីជីថលលោក ង៉ែត ម៉ូសេ យល់ថា ប្រសិនបើចង់កាត់ផ្ដាច់ច្រវាក់ការងាររវាងពលរដ្ឋខ្មែរធ្លាប់ធ្វើការពាក់ព័ន្ធការឆបោកអនឡាញ និងឧក្រិដ្ឋជននោះ រដ្ឋាភិបាលត្រូវព្យាយាមកាត់បន្ថយលើការចំណាយរស់នៅរបស់ពលរដ្ឋ និងបណ្ដុះបណ្ដាលអ្នកដែលធ្លាប់បម្រើការងារពាក់ព័ន្ធការឆបោក ឱ្យមានជំនាញដើម្បីអាចរកការងារបានច្បាស់លាស់ និងប្រាក់ចំណូលសមរម្យ ពីព្រោះកន្លងមកពួកគេធ្លាប់ទទួលបានប្រាក់កម្រៃខ្ពស់ពីការងារឆបោក។
លោកលើកឡើងថា៖ «រដ្ឋាភិបាលអាចថា មានការងារច្រើនសម្រាប់ពួកគេ ប៉ុន្តែការងារទាំងនោះ អាចមិនអាចបានប្រាក់កម្រៃដូចមុន។ រដ្ឋអំណាចក៏ត្រូវសម្រួលដល់ការចំណាយនានារបស់ប្រជាជន។ បើមិនដូច្នេះទេ ការចំណាយប្រចាំថ្ងៃខ្ពស់ជាងប្រាក់ខែគាត់ ពួកគាត់នឹងទៅស្វែងរកការងារដែលបានប្រាក់ខ្ពស់ជាង ហើយការងារស្កេម (ការឆបោកអនឡាញ) គឺបានប្រាក់ខែខ្ពស់ជាង»។
បើតាមលោក ម៉ូសេ ការសម្រួលដល់ការចំណាយលើជីវភាពប្រចាំថ្ងៃរបស់អ្នកដែលធ្លាប់បម្រើការងារពាក់ព័ន្ធការឆបោកអនឡាញ និងជួយឱ្យពួកគាត់មានជំនាញច្បាស់លាស់គឺអាចជួយទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញបានខ្លះ៕









