សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប៉ូលិសខេត្តសៀមរាប ចាត់វិធានការឃាត់អប់រំអ្នកល្មើសច្បាប់ចរាចរណ៍ ខណៈ​អ្នក​តាម​ដាន​សង្គម​គាំទ្រសកម្មភាពនេះ

នគរបាលខេត្តសៀមរាបកំពុងបង្រៀនពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ អំពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)
នគរបាលខេត្តសៀមរាបកំពុងបង្រៀនពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ អំពីច្បាប់ចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ (ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)

នគរបាលខេត្តសៀមរាបផ្ដើមអនុវត្តវិធានណែនាំអប់រំពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកពីដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយឃាត់ពួកគេឱ្យរៀនច្បាប់ចរាចរណ៍ប្រមាណ ២ម៉ោង ទើបអាចបន្តដំណើរទៅមុខ ខណៈអ្នកតាមដានសង្គមគាំទ្រចំណាត់ការនេះ តែបារម្ភ​ពី​ប្រសិទ្ធភាព​។

ការអនុវត្តវិធាននេះធ្វើឡើងស្របគ្នានឹងការដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានឯកភាពសំណើរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងការរឹតបន្តឹង​នូវការ​អនុវត្ត​ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយផ្តោត​លើ​ភូមិសាស្ត្រដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន រួមមាន នៅរាជធានីភ្នំពេញ ខេត្ត ព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

កម្ពុជាបានផ្អាកការចាប់ផាកពិន័យចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែសីហានេះ ប៉ុន្ដែបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ និង គ្រឿងស្រវឹង ដដែល។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ហួត សុធី បានប្រាប់​សារព័ត៌មាន​ខេមបូចា នៅ​រសៀល​​ថ្ងៃទី៧ ខែកញ្ញានេះថា វិធានណែនាំអប់រំពលរដ្ឋអំពីច្បាប់ចរាចរណ៍​ផ្លូវគោកនេះ អនុវត្តបានមួយសប្ដាហ៍មកហើយ។

វិធាននេះ គឺនគរបាលឃាត់ពលរដ្ឋដែលបើកបរល្មើសច្បាប់ ឱ្យចូលរៀនច្បាប់ចរាចរណ៍​ផ្លូវគោក​នៅ​ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ប្រមាណជា ២ម៉ោង ទើបអនុញ្ញាតឱ្យ​ពួកគេ​បន្តដំណើរ។ លោកស្នងការថា រយៈពេលរៀនប្រមាណ ២ម៉ោងនេះ គឺនគរបាលប្រាប់​ពលរដ្ឋ​ពីចំណុចដែលពួកគេបានបើកបរល្មើស បង្រៀនពីស្លាកសញ្ញាចរាចរណ៍​ទាំងអស់​ដែល​ប្រើប្រាស់នៅខេត្តសៀមរាប ការណែនាំពីល្បឿនបើកបរដែលច្បាប់កំណត់ និងបញ្ចាំងវីដេអូ​ពី​ហានិភ័យ​នានាដែលកើតចេញពីការមិនគោរពច្បាប់ចរាចរណ៍ ព្រមទាំងអនុញ្ញាត​ឱ្យពលរដ្ឋ​ទាំង​នោះ​សួរសំណួរផ្សេងៗ។

លោក ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ យើងពិនិត្យឃើញថា មានការដឹងយល់ច្រើនពីបងប្អូនប្រជាពលរដ្ឋ ហើយការខុសឆ្គង​ហ្នឹង​កាត់​បន្ថយ​បានខ្លះ។ អ៊ីចឹងការអប់រំហ្នឹងមានប្រសិទ្ធភាព ហើយយើងនឹងបង្កើតមួយគោលដៅ​ទៀត​នៅតំបន់ផ្សារចាស់»។ លោកមាន​ប្រសាសន៍បន្ថែមថា៖ «មួយថ្ងៃៗដូចចូលខ្ទង់៥០នាក់​អីដែរ ៥០ ទៅ ៦០នាក់ យើងប្រមូលមួយគោលដៅ[…]ត្រួសៗប្រហែលអាចចូល ៣០០ ទៅ​៤០០​(នាក់) ហើយក្នុងរយៈពេលមួយសប្ដាហ៍ហ្នឹង»។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរូបនេះឱ្យដឹងថា ជំហានបន្ទាប់គឺលោក​នឹង​បន្ថែម​ទីតាំង​អប់រំច្បាប់ដល់ពលរដ្ឋមួយកន្លែងទៀតនៅម្ដុំតំបន់ផ្សារចាស់ ហើយបើសិន​ជាករណី​ពលរដ្ឋមិនគោរពច្បាប់នៅមានចំនួនច្រើន នោះលោកនឹងបន្ថែមទីតាំងបង្រៀនបន្តបន្ទាប់ទៀត។

អ្នកប្រកបរបររត់កង់បីនៅក្រុងសៀមរាប ខេត្តសៀមរាបលោក ហួន ឌី គាំទ្រចំពោះវិធានការ​របស់​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលឃាត់ពលរដ្ឋល្មើសច្បាប់ចរាចរណ៍​ឱ្យរៀន​ច្បាប់ចរាចរណ៍មុនបន្ត​ដំណើរទៅមុខ។

ពលរដ្ឋវ័យ ៤៩ឆ្នាំរូបនេះមានប្រសាសន៍ថា៖ «ខ្ញុំគិតថាល្អ ដោយសារទី១ យើងយល់បានច្រើន គាត់ពន្យល់យើងច្បាប់ចរាចរណ៍។ ទី២ យើងបើកបរ នៅពេលដែលយើងរៀន យើងមាន​ការ​ប្រុង​ប្រយ័ត្នច្រើន ដោយ​សារ​តែយើងបានរៀនហើយ»។

ក៏ប៉ុន្តែអ្នករត់កង់បីជាង១០ឆ្នាំរូបនេះបារម្ភពីការប៉ះពាល់ពេលវេលារកប្រាក់ចំណូលរបស់អ្នកប្រកបរបរដូចលោក ខណៈលោក ឌី សង្កេត​ឃើញអ្នកប្រកបរបរនេះជាច្រើន​មិនសូវយល់ដឹង​ពី​ច្បាប់​ចរាចរណ៍ឡើយ។

ជា​មួយ​គ្នា​នេះ លោកមាន​យោបល់​ថា បើសិនជានគរបាលអាចបណ្ដុះបណ្ដាលពលរដ្ឋទូទៅ មិនចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះវាកាន់តែប្រសើរ។ លោកបន្តថា ការបង្រៀន​ច្បាប់ចរាចរណ៍អាចធ្វើនៅតាម​សមាគម ដូចជាសមាគមអ្នករត់កង់បី សមាគម​អ្នកបើក​ឡាន​ដឹកអ្នកដំណើរ(តាក់ស៊ី) ឬសមាគមអ្នកនាំភ្ញៀវទេសចរជាដើម។

អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ចេវ ហាក់ ប្រាប់សារព័ត៌មានខេមបូចានៅរសៀលថ្ងៃទី៨ ខែកញ្ញានេះថា វិធានការអប់រំណែនាំពលរដ្ឋពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានធ្វើឡើងក្រោមទម្រង់ផ្សេងៗគ្នានៅទូទាំងប្រទេស លើកលែងតែរាជធានីខេត្តទាំង៥ ដែលអនុវត្តវិធានការផាកពិន័យ។

លោក ចេវ ហាក់ មានប្រសាសន៍ថា៖ «ការដែលឃាត់ឱ្យគាត់រៀនច្បាប់នេះ អាហ្នឹងក៏ជាការអប់រំមួយដែរ ក៏ប៉ុន្តែមិនដូចគ្នាទូទាំងប្រទេសទេ វាទៅតាមខេត្តដែរ។ អ៊ីចឹងអ្នកខ្លះក៏គាត់អប់រំនៅលើដងផ្លូវហ្នឹងតែម្ដងចំពោះបទល្មើសដែលគាត់ល្មើសហ្នឹង»។

ជុំវិញករណីនេះ លោក គង់ រតនៈ ជាអ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពយល់ឃើញថា វិធានការ​របស់នគរបាលខេត្តសៀមរាបដែលបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ចរាចរណ៍នេះជារឿងល្អ ខណៈ​ពេលបច្ចុប្បន្នការយល់ដឹងរបស់ប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ផ្លូវគោកនៅមានកម្រិតនៅឡើយ។

នគរបាលចរាចរណ៏ ឈរសម្រួលចរាចរណ៏នៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ​។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
នគរបាលចរាចរណ៏ ឈរសម្រួលចរាចរណ៏នៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ​។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «បើសិនវាជាចេតនាបន្តរហូត ខ្ញុំគិតថាវាជារឿងល្អ​[…]ខ្ញុំ​គិតថា​គោលបំណងរួមរបស់ពួកគាត់ៗចង់ឱ្យប្រជា​ពលរដ្ឋហ្នឹងគាត់បានដឹង បានយល់ជ្រាប​អំពីបញ្ហាច្បាប់ក៏ដូចជាហានិភ័យផ្សេងៗពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ផ្លូវថ្នល់»។

ក៏ប៉ុន្តែទន្ទឹមនឹងការគាំទ្រ លោក រតនៈ ក៏បង្ហាញនូវការបារម្ភមួយចំនួនដែរ​អំពីប្រសិទ្ធភាព​នៃ​វិធានការ​នេះ៖ «នៅពេលដែលប៉ូលីសចាប់ ខ្ញុំជឿជាក់ថាអារម្មណ៍របស់អ្នករៀនហ្នឹង​ក៏​អត់​​ស្រួល​​[…]សមត្ថកិច្ច ឬអាជ្ញាធរហ្នឹងគួរសហការគ្នាឱ្យមានកម្មវិធីបណ្ដុះបណ្ដាលគ្រប់​ភូមិស្រុក​ទាំងអស់[…]គាត់ដាក់កាលវិភាគទៅ ចុះទៅបង្រៀនប្រជាពលរដ្ឋមិនមែនពេលដែលប្រជាពល​រដ្ឋ​កំពុងតែបើកបរខុសទេ»។

ចំណែកឯលោកបណ្ឌិត មាស​ នី ជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍន៍​សង្គម ក៏ពេញចិត្ត​នឹង​វិធានការ​របស់ប៉ូលិសសៀមរាបដែរ ពីព្រោះការឃាត់ពលរដ្ឋដែលមិនគោរពច្បាប់ ឱ្យរៀន​ច្បាប់ចរាចរណ៍នេះវាជាការពិន័យពួកគាត់ដែរ។

លោក មាស​ នី លើកឡើងថា៖ «ការធ្វើបែបនេះវាល្អហើយ ធ្វើឱ្យបានច្រើនគ្រប់កន្លែងទៅ ហើយថ្ងៃក្រោយទៅឱ្យគាត់រាងចាលថា បើសិនជាគាត់ល្មើសច្បាប់គឺមិនងាយបានទៅផ្ទះវិញ បានដល់ទិសដៅទេ ត្រូវគេឃាត់ឃុំខ្លួនឱ្យរៀន អាហ្នឹងស្មើនឹងឃុំខ្លួនឱ្យរៀន២ម៉ោង»។

លោក មាស នី ចង់ឱ្យមានការអប់រំណែនាំពលរដ្ឋដែលមិនគោរពច្បាប់ចរាចរណ៍ផង និង​ផាក​ពិន័យជាប្រាក់ផងនៅទូទាំងប្រទេស តែត្រូវឱ្យមានតម្លាភាពចំពោះប្រាក់​​ដែល​ទទួល​ពីការផាក​ពិន័យនេះ។

លោក មាស​ នី មានប្រសាសន៍ថា៖ «ពេលណាដែលស្រុកយើងមានសង្គ្រាមទៅ លុយដែល​ប្រមូល​​បានពីពិន័យយកទៅជួយកងទ័ពទៅ ពលរដ្ឋក៏មិនជាខឹងសម្បារ តែខឹងបំផុត​អារឿង​ពុករលួយនៅក្នុងការពិន័យច្បាប់ចរាចរណ៍»។

អ្វីដែលលោកបារម្ភ គឺការមិនមាននិរន្តរភាពចំពោះវិធានឃាត់អប់រំពលរដ្ឋពីច្បាប់ចរាចរណ៍ ដូច្នេះ​ហើយ លោកក៏ចង់ឱ្យមានការលើកទឹកចិត្តប៉ូលិសដែលអប់រំពលរដ្ឋពីច្បាប់ចរាចរណ៍ ដោយយកប្រាក់មួយ​ចំនួនដែលបានពីការផាកពិន័យផ្ដល់ជូនប៉ូលិសទាំងនោះ។

រីឯលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុក​វិធានការរបស់នគរបាលខេត្តសៀមរាបដែលឃាត់ពួកគេឱ្យរៀនច្បាប់ចរាចរណ៍ប្រមាណ ២ម៉ោង ទើបអាចបន្តដំណើរទៅមុខនេះ ជាការយោគយល់អធ្យាស្រ័យ​ចំពោះ​អ្នកល្មើស​​ច្បាប់ចរាចរណ៍។

តែយ៉ាងណា លោក គិមអេង​ចង់ឱ្យ​មានការបណ្ដុះ​បណ្ដាលច្បាប់ចរាចរណ៍​មុននឹង​ពលរដ្ឋ​ចាប់ផ្ដើម​បើកបរ ដោយត្រូវពង្រឹងគុណភាពទាំងសាលាបើកបរ និងការប្រឡងបើកបរ។

លោក យង់ គិមអេង លើកឡើងថា៖ «ប៉ុន្តែការអប់រំនេះ គេត្រូវតែធ្វើឡើងនៅពេលដែល​គាត់​រៀន​​បើកបរដំបូង[…]ទាំងក្រុមហ៊ុនដែលបង្រៀនបើកបរ ឬក៏យើងហៅថាសាលាបើកបរ ជាមួយ​​និង​​ក្រសួង​សាធារណការ​ហ្នឹងគឺ​ត្រូវតែធានាថា អ្នកដែលទៅបើកបរហ្នឹង​គឺបានចេះ​ច្បាប់​​​​ចរាចរណ៍រួចហើយ»។

គួរជម្រាបជូនថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍បាន​បណ្ដាលឱ្យ​មាន​អ្នក​ស្លាប់សរុបចំនួន ១ ០៤៧នាក់ និងរបួសធ្ងន់ស្រាលចំនួន ២ ៤៤០នាក់។ នេះបើតាម​ក្រសួង​មហាផ្ទៃ​។ ប្រភពដដែលឱ្យដឹងថា ចំណោមមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់នេះ រួមមាន ការ​បើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់​​មិន​ប្រយ័ត្ន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និង​កត្តា​យាន​យន្ត​ជា​ដើម ខណៈកត្តាបើកបរលើសល្បឿនកំណត់ មានតួលេខនាំមុខគេ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម