សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អគ្គិភ័យឆេះឃ្លាំងស្តុកសម្ភារពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកពួក ខូច​ខាតអស់​ចន្លោះ​ពី២​ទៅ៣ម៉ឺន​ដុល្លារ

អាជ្ញាធរខេត្តសៀមរាបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើងដែលកំពុងឆេះអគារឈើមួយខ្នង និងសម្ភារពេទ្យមួយចំនួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុងពួក ខេត្តសៀមរាប។ (ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)
អាជ្ញាធរខេត្តសៀមរាបប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើងដែលកំពុងឆេះអគារឈើមួយខ្នង និងសម្ភារពេទ្យមួយចំនួន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងស្រុងពួក ខេត្តសៀមរាប។ (ស្នងការដ្ឋាននគរបាលខេត្តសៀមរាប)

អគ្គិភ័យបានឆាបឆេះអគារឈើមួយខ្នងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក ខេត្តសៀមរាប បណ្តាលឱ្យខូចខាតសម្ភារ និងបរិក្ខារពេទ្យមួយចំនួន  ដែលមន្ទីរពេទ្យនេះ​ប៉ាន់ស្មានថា អាច​ខូចខាតក្នុងទំហំទឹកប្រាក់ចន្លោះពី ២ ទៅ ៣ម៉ឺនដុល្លារ។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកពួក លោក ម៉ង់ សម្បត្តិ ឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា អគារឈើមួយដែលជាកន្លែងទុកសម្ភារពេទ្យត្រូវបានឆេះ ដោយសារតែឆ្លងចរន្តអគ្គីសនី។ លោកឱ្យដឹងថា ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែវាបានខូចខាត​សម្ភារ​សំខាន់ៗមួយចំនួន ដូចជាគ្រែពេទ្យដែលមិនទាន់ប្រើប្រាស់ ៣៨គ្រែ ត្រូវឆេះសល់តែ​គ្រោងដែក។

មិនតែប៉ុណ្ណោះ លោកថាសម្ភារដែលនៅអាចប្រើបានមួយចំនួនក៏ត្រូវឆេះដែរ មានដូចជា ម៉ាស៊ីនស្គេនកាំរស្មី(X-Ray)មួយគ្រឿង ឧបករណ៍វាស់សម្ពាធឈាមអ្នកជំងឺ​ពេលសង្គ្រោះ​បន្ទាន់ចំនួន ៦គ្រឿង រួមនិងបរិក្ខាពេទ្យមួយចំនួនទៀត។ លោកប៉ាន់ស្មានថា ឧបទ្ទវហេតុ​នេះអាចខូចខាតអស់ទំហំទឹកប្រាក់យ៉ាងហោច ២ម៉ឺនដុល្លារ។

លោក ម៉ង់ សម្បត្តិ ថ្លែងថា៖ «បើគិតជាលុយគឺរាប់ម៉ឺនដុល្លារ ព្រោះសម្ភារមួយៗថ្លៃរាប់​ពាន់​ដុល្លារដែរ។ ប្រហែលជាអាចចូលចន្លោះពី ២ ទៅ ៣ម៉ឺនដុល្លារ»។

លោកបន្ថែមថា អគ្គិភ័យនោះក៏បានឆេះឯកសារចាស់ៗពាក់ព័ន្ធនឹងអ្នកជំងឺ ឯកសារបណ្ណ ប.ស.ស. និងឯកសារផ្សេងៗទៀត។ ក្រៅពីសម្ភារដែលឆេះខ្ទេច លោកបានឱ្យដឹងទៀតថា បរិក្ខារពេទ្យមួយចំនួនទៀតដូចជា ម៉ាស៊ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺកូវីដ-១៩ ក៏ត្រូវ​រោល​​ដោយកម្តៅ និងផ្សែងភ្លើង ដែលក្រុមការងារនឹងពិនិត្យ និងតេស្តគុណភាពឡើងវិញ ដោយមិនទាន់អាចបញ្ជាក់ថាអាចប្រើប្រាស់បានទៀតឬយ៉ាងណានោះទេ។

លោកប្រធានមន្ទីរពេទ្យបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់នេះ ដោយលោកបញ្ជាក់ថា អគារឈើនេះ ទោះបីជាសាងសង់យូរឆ្នាំហើយមែន តែវា​ទើប​ទទួលបានការជួយជ្រោមជ្រែងពីសប្បុរសជនក្នុងការជួសជុល រៀបចំពិដាន និងប្រព័ន្ធ​អគ្គិសនីឡើងវិញយ៉ាងល្អស្អាតនៅខាងក្នុង។

របាយកាណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ភ្លាមៗដែរថា ករណីអគ្គិភ័យនេះបណ្តាលឱ្យខូចខាតអគារឈើមួយខ្នង ដែលមានទំហំបណ្តោយ ៣០ម៉ែត្រ និងទទឹង ៦ម៉ែត្រ រួមទាំងខូចខាត ឯកសារ ថ្នាំអំពូល ថ្នាំគ្រាប់ សេរ៉ូម និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

ប្រភពបន្តថា អគ្គិភ័យនេះបានកើតឡើងនៅម៉ោង៨កន្លះព្រឹក និងត្រូវបានមន្ត្រីជំនាញពន្លត់​ដោយ​ជោគជ័យ ដោយប្រើពេលជិត២ម៉ោង និងប្រើអស់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង។

គួរបញ្ជាក់ថា អគារមួយនេះធ្លាប់ជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺឆ្លងដូចជាជំងឺរបេង និងជំងឺកូវីដ-១៩ ជាដើម។ ប៉ុន្តែមុនពេលកើតហេតុ វាត្រូវបានប្រើប្រាស់ជា​ឃ្លាំង​ស្តុក​សម្ភារចាស់ថ្មី រួមទាំងជាកន្លែងរក្សាទុកឯកសារផ្សេងៗផង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង យល់​ថា នេះជាមេរៀនមួយសម្រាប់មន្ទីរពេទ្យផ្សេងៗទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បី​បង្ការ​បញ្ហាអគ្គិភ័យកើតឡើង។ ទន្ទឹមនេះ លោកជំរុញឱ្យខាងអគ្គិសនី​បង្កើនការ​ប្រុង​ប្រយ័ត្ន និងរៀបចំបន្ទប់អគ្គិសនីនៅតាមមន្ទីរពេទ្យនានាឱ្យបានត្រឹមត្រូវ ព្រោះលោកថា​ទីនោះជាកន្លែងប្រឈមគ្រោះថ្នាក់ខ្លាំង បើអគ្គិភ័យកើតឡើង។

លោកថ្លែងថា៖«គួរតែមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះមន្ទីរពេទ្យសុទ្ធតែមាន​អ្នកជំងឺ​ច្រើន ហើយគ្នាមិនងាយនឹងរត់ឱ្យទាន់ ឬគេចខ្លួនទេ លុះត្រាតែមានអ្នកជួយ»។

ស្នងការនគរបាលខេត្តសៀមរាប លោក ហួត សុធី ថ្លែងថា ការឆ្លងចរន្តអគ្គិសនី ជាកត្តា​ចម្បង​ជាងគេដែលបណ្តាលឱ្យមានអគ្គិសភ័យកើតឡើងក្នុងខេត្តសៀមរាប។ ​លោក​ស្នងការបានបញ្ជាក់ថា ក្រុងសៀមរាបជាកន្លែងដែលកើតមានអគ្គិសភ័យច្រើនជាងគេ បើធៀបនិងបណ្តាស្រុកផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្ត។

ទោះជាយ៉ាងណា លោកមិនទាន់អាចប្រាប់ពីតួលេខអគ្គិភ័យ​សរុបដែលកើតមាននៅ​ខេត្តសៀមរាប​ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៦នេះនៅឡើយ ដោយណែនាំឱ្យសួរទៅមន្ត្រី​ជំនាញ​របស់លោក។ អ្នកនាំពាក្យស្នងការដ្ឋានខេត្តសៀមរាប លោក ណុប សារ៉ាក់ មិនទាន់អាចសុំការឆ្លើយតបបាន ដោយទូរសព្ទចូលពុំមានអ្នកទទួល។

ដោយឡែក ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ លោក នេត វន្ថា ក៏មិនទាន់អាចបញ្ជាក់ពីតួលេខអគ្គិភ័យទូទាំងប្រទេសបាននៅឡើយ ដោយលោកថា​មាន​ភារកិច្ច​នៅខាងក្រៅ មិនបានយករបាយការណ៍ទៅតាមខ្លួន។ យ៉ាងណាលោកថានឹងផ្ញើ​តាម​ជូនតាមក្រោយ។

លោក វន្ថា ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះឧបករណ៍ដែលងាយឆេះ ហើយត្រូវ​មាន​បំពង់ពន្លត់អគ្គិភ័យបឋមនៅក្នុងផ្ទះ ឬអគារ ខណៈម្ចាស់អគារផ្សេងៗ​ត្រូវបំពាក់​ឧបករណ៍​ប្រព័ន្ធសុវត្ថិភាពបច្ចេកទេសអគ្គិភ័យស្របតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «សូមឱ្យប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្ន​អំពី​ចំណុចដែលងាយនឹងកើតភ្លើង ងាយឆេះ ដូចជា ប្រេងឥន្ធនៈ សាំង ហ្គាស សូមរក្សាទុក​ឱ្យមានសណ្តាប់ធ្នាប់ ហើយឆ្ងាយពីភ្លើង និងប្រភពកម្តៅ»។

របាយការណ៍អាជ្ញាធរពន្លត់អគ្គិភ័យបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១នៃឆ្នាំ២០២៦ អគ្គិភ័យ​​នៅ​កម្ពុជាកើតឡើងសរុបចំនួន ២៤៧លើក ថយចុះ១៩លើក បើធៀបនឹង​រយៈ​ពេល​ដូចគ្នានៃឆ្នាំ២០២៥។ អគ្គិភ័យក្នុងត្រីមាសទី១ឆ្នាំ២០២៦ បង្កឱ្យមនុស្សស្លាប់ចំនួន ២នាក់ និងរបួស២៩នាក់ ព្រមទាំងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម