គិតត្រឹមរសៀលថ្ងៃទី៣១ ខែកក្កដានេះ ហេតុការណ៍អគ្គិភ័យ និងការសាយភាយផ្សែងពុលចេញពីរោងចក្រស្ល និងកែច្នៃលោហធាតុ Xinshengsheng Metal Materials Industrial Park Co., Ltd. ដែលស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអូសបន្លាយពេល២ថ្ងៃមកហើយ ខណៈសមត្ថកិច្ច និងមន្ត្រីជំនាញនៅតែមិនទាន់អាចចូលទៅពិនិត្យទីតាំងកើតហេតុបាននៅឡើយ ដោយសារកម្រិតសារធាតុគីមីក្នុងផ្សែងនៅតែមានកម្រិតខ្ពស់ និងគ្រោះថ្នាក់ខ្លាំង។
យោងតាមការចេញផ្សាយលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញថា អគ្គិភ័យនេះត្រូវបានសង្ស័យថាបង្កឡើងដោយ ការទុកដាក់សំណល់ថ្មពិលប្រភេទ លីចូម (Lithium) មិនត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ក្រសួងបរិស្ថាន បាន ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុជាបន្ទាន់ ដោយបាននាំយកឧបករណ៍តេស្តគុណភាពខ្យល់ និងត្រួតពិនិត្យសារធាតុគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ករណីមានការបំពុលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។
ក្រសួងបន្តថា ក្រុមមន្ត្រីជំនាញដែលវាស់គុណភាពខ្យល់ បានរកឃើញ «កម្រិតសារធាតុបំពុលខ្យល់ខ្ពស់» និងកំពុងបន្តតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទីតាំងស្លលោហធាតុ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។
ក្នុងនោះដែរ ក្រសួងឱ្យដឹងថា មន្រ្តីជំនាញក៏បានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់សម្រាប់ពលរដ្ឋ ដោយណែនាំឱ្យពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។ មួយវិញទៀត ពលរដ្ឋត្រូវការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យសារធាតុគីមីក្នុងផ្សែងធ្លាក់ចូល។ ជាមួយគ្នានេះដែរ ក្រសួងបានឱ្យដឹងដែរថា ត្រូវយកចិត្តទុកដាក់ខ្ពស់លើក្រុមមនុស្សងាយរងគ្រោះ រួមមាន កុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម ហើយបើមានករណីសង្ស័យត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
លោក សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដានេះថា គិតត្រឹមម៉ោងជាង ៤ រសៀល ផ្សែងនៅតែបន្តហុយចេញពីរោងចក្រនៅឡើយ ខណៈអាជ្ញាធរ និងមន្ត្រីជំនាញនៅតែមិនទាន់អាចចូលទៅកាន់ទីតាំងឆេះបានទេ ដោយសារកម្រិតសារធាតុគីមីក្នុងផ្សែងនៅតែមានកម្រិតខ្ពស់ និងគ្រោះថ្នាក់។
អធិការរូបនេះបានបន្តថា ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរទីតាំងកើតហេតុ ចាប់ផ្តើមមានអាការៈឈឺក និងតឹងច្រមុះ ដោយសារការស្រូបផ្សែងពុល ខណៈសត្វមាន់ប្រមាណ ២ ០០០ ក្បាល នៅក្នុងកសិដ្ឋានមួយនៅចម្ងាយ១០ម៉ែត្រពីរោងចក្រ និង៥០ម៉ែត្រពីលំនៅឋានប្រជាពលរដ្ឋ បានពុលងាប់។
ដោយឡែក ពាក់ព័ន្ធនឹងវិធានការអន្តរាគមន៍ ឬការជួយសង្គ្រោះដល់ពលរដ្ឋដែលរងផលប៉ះពាល់ លោកមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ដោយគូសបញ្ជាក់ថា កិច្ចការនេះស្ថិតក្នុងសមត្ថកិច្ច និងការទទួលខុសត្រូវរបស់មន្ទីរជំនាញពាក់ព័ន្ធ។
តាមការលើកឡើងបន្ថែមពីអធិការនគរបាលស្រុករូបនេះ រោងចក្រស្ល និងកែច្នៃលោហធាតុមួយនេះ បានបើកដំណើរការអស់រយៈពេលប្រមាណ ៦ខែមកហើយ និងមានកម្មករសរុបចំនួន ២៣នាក់។ យ៉ាងណាមិញ បើតាមការលើកឡើងរបស់ក្រសួងបរិស្ថាន ទីតាំងនេះបានទទួលប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និងទើបចាប់ផ្តើមបើកដំណើរការសាកល្បង ក្នុងឆ្នាំ២០២៦ បានរយៈពេល ១ ខែ ប៉ុណ្ណោះ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហៈ។
ក្រសួងបានបញ្ជាក់ថា តាមការរកឃើញរបស់មន្ត្រីជំនាញ ទីតាំងនេះបានដំណើរការអាជីវកម្ម ដោយពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និង គ្មានលិខិតអនុញ្ញាតប្រមូលទិញ ឬស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិលឡើយ។
ក្រសួងបន្តថា ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូលស្តុកទុក ដោះបំបែក កែច្នៃ និងធ្វើប្រព្រឹត្តិកម្មសំណល់អាគុយ និងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កផលប៉ះពាល់បរិស្ថាន ជាការល្មើសនឹងមាត្រា ២៤៣, មាត្រា ២៧១, មាត្រា ២៧២ និង មាត្រា ៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំងចេញ ប្រឈមនឹងការផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងលើផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ។

មេឃុំដំណាក់រាំង លោក មោក ឌឹម បានប្រាប់សារព័ត៌មានខេមបូចាឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានចុះប្រាប់ទៅប្រជាពលរដ្ឋពីការការពារផ្សេងៗ ដូចជាត្រូវពាក់ម៉ាស់ និងមិនត្រូវប្រើប្រាស់ទឹកនៅអំឡុងពេលនោះទេ តែថាមានពលរដ្ឋខ្លះក៏មិនសូវយកចិត្តទុកដាក់នឹងការជម្រាបប្រាប់នេះដែរ។ យ៉ាងណាមិញ ដោយសារបញ្ហាសុខភាព និងថាលោកទើបតែមកពីទីតាំងកើតហេតុ លោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតបន្ថែមបានទេ។
បើតាមការ ផ្តល់បទសម្ភាសន៍របស់ពលរដ្ឋរស់នៅក្បែរនោះ បានឱ្យដឹងថា កន្លងមកករណី អគ្គិភ័យ នៅរោងចក្រនេះគឺធ្លាប់កើតឡើងម្ដងហើយ ហើយពលរដ្ឋដែលរស់នៅតំបន់នោះ ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជូនដំណឹងដល់អាជ្ញាធរថ្នាក់លើ ថាកុំឱ្យមានការតាំងទី រោងចក្រស្ល និងកែច្នៃលោហធាតុនៅក្បែរទីតាំងរស់នៅរបស់អ្នកភូមិផងដែរ ដោយពួកគេបារម្ភពី ការប៉ះពាល់ដល់សុខភាព។
គួរឱ្យដឹងថា អគ្គិភ័យ រោងចក្រស្ល និងកែច្នែលោហធាតុតម្លៃ ៦,៣ លានដុល្លារអាមេរិកនេះ បានកើតឡើង កាលពីរសៀលម៉ោង២ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានម្ចាស់ជាជនជាតិចិនឈ្មោះ ZHANG JINGCHUAN។ ក្នុងនោះ អគ្គិភ័យបានបណ្តាលឱ្យឆេះឃ្លាំងធ្វើពីដែក ជញ្ជាំងប្រក់ស័ង្កសីទំហំ ៤០ម៉ែត្រ x ១០០ម៉ែត្រ អស់ទាំងស្រុង ឆាបឆេះផលិតផលសម្រេចទាំងអស់ សាសឺសម្រាប់លើកអីវ៉ាន់ចំនួន ២គ្រឿង ម៉ូតូ ២គ្រឿង និងសម្ភារៈមួយចំនួនធំទៀតនៅក្នុងឃ្លាំង។
ថ្លែងប្រាប់សារព័ត៌មានខេមបូចា កាលពីថ្ងៃទី២៩ ខែកក្កដា លោកបណ្ឌិត អោ ច័ន្ទម៉ូលី ជាអ្នកស្រាវជ្រាវពីការបំពុលខ្យល់ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា ស្នើឱ្យអាជ្ញាធរជម្រាបព័ត៌មានជាបន្ទាន់ និងជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរនោះចេញពីទីតាំងកើតហេតុយ៉ាងហោចណាស់រយៈពេល ១ ទៅ ២ ថ្ងៃ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាផ្សែងមើលទៅថយចុះ ឬមើលមិនឃើញក៏ដោយ ក៏សារធាតុពុលក្នុងខ្យល់អាចនៅមានកម្រិតខ្ពស់នៅឡើយ ដូច្នេះមិនត្រូវប្រញាប់ត្រឡប់មកវិញភ្លាមៗនោះទេ។
ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យអាជ្ញាធរចេញបម្រាមជាបន្ទាន់ កុំឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ និងឃុំ ឬស្រុកក្បែរខាង ត្រងទឹកភ្លៀងមកប្រើប្រាស់ឡើយ ក្នុងអំឡុងពេលភ្លៀងធ្លាក់ ១ ទៅ ២ លើកដំបូងនេះ ដោយសារសារធាតុគីមីអាចសាយភាយតាមបរិយាកាសទៅកាន់ តំបន់ជុំវិញឆ្ងាយជាងទីតាំងកើតហេតុផ្ទាល់៕









