សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី

ប៉ូលិសជប៉ុនចាប់ខ្លួនមេក្លោងឧក្រិដ្ឋកម្មអនឡាញមួយរូប ដែលពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី
បុរសជាជនជាតិចិន ឈ្មោះ Hu Xiaowei ដែលប៉ូលិសជប៉ុនចាប់ខ្លួន © OCCRP

យោងតាមសារព័ត៌មានជប៉ុន The Asahi Shimbun បុរសជាជនជាតិចិន មានសញ្ជាតិស៊ីប ឈ្មោះ Hu Xiaowei ត្រូវប៉ូលិសទីក្រុង Osaka ចាប់ខ្លួនកាលពីថ្ងៃទី១៤មិថុនា ក្រោមបទចោទ ប៉ុនប៉ងរៀបចំឯកសារស្នាក់នៅក្នុងប្រទេសជប៉ុនជាអចិន្ត្រៃយ៍។ ប៉ូលិសជប៉ុនបានរកឃើញថា ជនជាតិចិនឈ្មោះ HU Xiaowei បានដាក់ពាក្យប្តូរទីលំនៅដោយក្លែងបន្លំ​ កាលពីខែមេសាកន្លងទៅ។

តែយ៉ាងណាមិញ លោក Hu Xiaowei បានបដិសេធការចោទប្រកាន់របស់ប៉ូលិសជប៉ុន ដោយអះអាងថារូបលោកបានប្រគល់ការងារនេះទៅឲ្យភ្នាក់ងាររបស់ខ្លួន និងថារូបលោកផ្ទាល់មិនបានដឹងរឿងអ្វីឡើយ។

តែប៉ូលិសជប៉ុនបានរកឃើញថា លោក Hu Xiaowei គឺជានាយកតំណាងក្រុមហ៊ុនមួយក្នុងប្រទេសជប៉ុន មានឈ្មោះថា Tokuten Shoji Ltd ដែលដើមទុនក្រុមហ៊ុនមួយនេះ បានកើនឡើងពីជាង ៥ម៉ឺនដុល្លារ ដល់ទៅជាង ៣០ម៉ឺនដុល្លារ នៅត្រឹមខែមីនា ឆ្នាំ២០២៦។

ប៉ូលិសជប៉ុនជឿជាក់ថា លោក Hu គឺជាដៃជើងដ៏មានឥទ្ធិពលមួយរូបរបស់លោក ចេន ហ្ស៊ី ដែលជាឧក្រិដ្ឋជនឆបោកអនឡាញលំដាប់អន្តរជាតិ មានសញ្ជាតិកម្ពុជា និងសញ្ជាតិបរទេសមួយចំនួនទៀត។ ប៉ូលិសជប៉ុនបានអះអាងថា លោក Hu Xiaowei គឺជានាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន ព្រីនស៍ គ្រុប។ ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលជាធនាគាររបស់លោក ចេន ហ្ស៊ី រកស៊ីនៅស្រុកខ្មែរ និងត្រូវអន្តរជាតិចោទថា ជាមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំ។

គួររំលឹកថា ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ថា សមត្ថកិច្ចកម្ពុជា បាន​ចាប់បញ្ជូន​ពលរដ្ឋចិន​ចំនួន ​៣នាក់ រួមមាន​ លោក ចេន ហ្ស៊ី និងបក្សពួក​២នាក់ ទៅ​ប្រទេសចិន តាមសំណើ​របស់អាជ្ញាធរ​មាន​សមត្ថកិច្ចចិន។ បើតាមកាសែតស៊ីស៊ីថាមស៍ភាសា​ចិន ដែល​ចេញផ្សាយ​ព័ត៌មាននេះមុនគេកាលណោះ លោក ចេន ហ្ស៊ី​ ដែលអាជ្ញាធរ​កម្ពុជាចាប់បញ្ជូន​ទៅ​ឲ្យ​ចិន ជា​ឧកញ៉ា ចេន ហ្ស៊ី ម្ចាស់​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែល​អាមេរិក និង​អង់គ្លេស រឹបអូសទ្រព្យសម្បត្តិ និង​​ចោទប្រកាន់​ថាជា​មេខ្លោងដ៏ធំក្នុងបទល្មើស​ចាប់បង្ខាំងមនុស្ស​ឲ្យធ្វើការនៅក្នុងបណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញនៅកម្ពុជា៕

ប្រភព៖ RFI | ដោយ៖ ជួប នរក្សា