សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រលំបាក់ដីក្នុងអណ្តូងរ៉ែមាសសម្លាប់មនុស្សយ៉ាងតិច ៨០ នាក់ នៅស៊ូដង់

រលំបាក់ដីក្នុងអណ្តូងរ៉ែមាសសម្លាប់មនុស្សយ៉ាងតិច ៨០ នាក់ នៅស៊ូដង់
រលំបាក់ដីក្នុងអណ្តូងរ៉ែមាសសម្លាប់មនុស្សយ៉ាងតិច ៨០ នាក់ នៅស៊ូដង់។ AFP - -

ការរលំបាក់ដីអណ្តូងរ៉ែមាស១កន្លែងនៅស៊ូដង់បណ្តាលឲ្យមនុស្សច្រើនសិបនាក់ស្លាប់ និងបាត់ខ្លួនកប់ដីក្នុងអណ្តូងរ៉ែមាស។ គិតត្រឹមរសៀលថ្ងៃពុធ ទី១៦កញ្ញា អាជ្ញាធរមូលដ្ឋានបានបញ្ជាក់អំពីការរកឃើញសាកសព ចំនួន ៨២នាក់ ក្នុងនោះ មានយុវជន និងអនីតិជនផង។ អ្នកភូមិនិងអាជ្ញាធរបន្តដុតដៃដុតជើងកាយដីជួយសង្គ្រោះអ្នកនៅរស់រានជីវិត។ គ្រោះថ្នាក់នេះ បានកើតឡើងថ្ងៃអង្គារ ទី១៥ កញ្ញា ក្នុងតំបន់ Kordofan ប៉ែកកណ្តាលប្រទេស ដែលជាទីសម្បូរដោយអណ្តូងរ៉ែមាស ជីកប្រកៀកៗគ្នាយ៉ាងរដឹក។

ស៊ូដង់ ជាប្រទេសមានផ្ទៃដីធំលំដាប់ទី៣ នៅទ្វីបអាហ្វ្រិក តែជាប្រទេសទី១ ដែលផលិតមាសសម្រាប់នាំចេញច្រើនជាងគេ។ នៅក្នុងតុល្យការនាំចេញមាសឆ្នាំ២០២៥ ក្រុមហ៊ុនរដ្ឋស៊ូដង់ Sudanese Mineral Resources Company បានប្រកាសអំពីផលិតកម្មរ៉ែមាសចំនួន ៧០ តោន ដែលបានបំបែកកំណត់ត្រាល្អបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ មាសរាប់សិបតោនទាំងនោះ ឆ្លងកាត់ប្រទេសអេហ្ស៊ីប ឆាត និងលីប៊ី មុននឹងឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលជាទីផ្សារអាជីវកម្មមាសដ៏ធំក្នុងពិភពលោក។ ក៏ប៉ុន្តែ លក្ខខណ្ឌការងារ និងសុវត្ថិភាពនៅអណ្តូងរ៉ែមាសស៊ូដង់ ចោទជាបញ្ហាខ្លាំង។ កម្មករអ្នកជីកដីរកមាសបានប្រាក់កម្រៃបន្តិចបន្តួច មិនសមនឹងកម្លាំងពលកម្ម។ តែពួកគេគ្មានជម្រើសអ្វីផ្សេង ក្រៅពីត្រូវប្រថុយជីវិតជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមក្រពះ ដ្បិតប្រទេសជាតិក៏កំពុងតែជួបសង្គ្រាមស៊ីវិលយ៉ាងរ៉ាំរ៉ៃ។

សង្គ្រាមស៊ីវិលនៅស៊ូដង់ ស្មុគស្មាញខ្លាំង ព្រោះតែការប្រជែងអំណាចគ្នារវាងមេបញ្ជការកងទ័ពកំពូលៗ ២នាក់ គឺឧត្តមសេនីយ Abdel Fattah al-Burhan ជាមេបញ្ជការកងទ័ពនៃរដ្ឋាភិបាលស៊ូដង់ និងឧត្តមសេនីយ Mohamed Daglo ជាប្រមុខដឹកនាំទាហានប៉ារ៉ាស៊ូដង់ ដែលត្រួតត្រាដែនដីមួយផ្នែកធំនៅតំបន់ដារហ្វួរ។ ក្រុមប្រដាប់អាវុធទាំង ២ក្រុមផ្ទុះអាវុធដាក់គ្នាខ្លាំងនៅខែមេសា ឆ្នាំ២០២៣។ ៣ឆ្នាំចុងក្រោយនេះ សង្គ្រាមស៊ីវិលបានសម្លាប់មនុស្សយ៉ាងតិច ២ សែននាក់។ អង្គការសហប្រជាជាតិបានប្រកាសអាសន្នពីវិបត្តិមនុស្សធម៌នៅស៊ូដង់។ ពលរដ្ឋប្រមាណ ១៥ លាននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ (ក្នុងស្រុកនិងក្រៅប្រទេស)។ ប្រជាជនជាង ៣៤ លាននាក់ខ្វះខាតស្បៀង ហើយក្នុងចំណោមនោះ មានពាក់កណ្តាលជាកូនក្មេង។

កាលពីខែកក្កដាកន្លងទៅ អង្គការសហប្រជាជាតិធ្លាប់បានទាញសញ្ញាអាសន្នថា ភាគីជម្លោះប្រដាប់អាវុធនៅស៊ូដង់ទទួលប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ពីសកម្មភាពចម្រាញ់ និងធ្វើអាជីវកម្មរ៉ែ ហើយយកប្រាក់ទាំងនោះទៅផ្គត់ផ្គង់សេដ្ឋកិច្ចសង្គ្រាម និងបន្តសកម្មភាពឃោរឃៅធ្វើបាបប្រជាជន។ ក្រៅពីការរិះគន់ សហភាពអឺរ៉ុប បារាំង និង អង់គ្លេសបានសម្រេចហាមឃាត់ មិនឲ្យក្រុមហ៊ុនអឺរ៉ុបចម្រាញ់ និងធ្វើអាជីវកម្មរ៉ែមាសដែលមានប្រភពមកពីប្រទេសស៊ូដង់។ មាសជាប្រភពប្រាក់ចំណូលសំខាន់ក្នុងចំនួនច្រើនពាន់លានដុល្លារដែលក្រុមប្រដាប់អាវុធស៊ូដង់យកទៅប្រើប្រាស់ដើម្បីបំប៉នភ្នក់ភ្លើងសង្គ្រាមស៊ូដង់៕

ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម