សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

UNCLOS ជំរុញឱ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់

UNCLOS ជំរុញឱ្យកម្ពុជា និងថៃ អនុវត្តកិច្ចព្រមព្រៀង និងវិធាននានាដែលមានស្រាប់
ប្រតិភួកម្ពុជានៅទីស្នាក់ការ UNCLOS​ ក្នុងទីក្រុងឡាអេ © ទទក

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេសកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៦ ការដែលគណៈកម្មការផ្សះផ្សា ជំរុញឲ្យភាគីកម្ពុជា និងថៃ ​អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវកិច្ច​ព្រម​ព្រៀង និង​វិធាននានា ដែលមានស្រាប់ ដោយសារតែ​គណៈកម្មការផ្សះផ្សា បានកត់សំគាល់ថា កិច្ចព្រមព្រៀង និង​វិធាននានា​ ដែល​កម្ពុជា និងថៃបានឯកភាពគ្នាពីមុនមក មិនទាន់​ត្រូវបាន​អនុវត្តពេញលេញនៅឡើយ។

ប្រមុខការទូតថៃលោក ស៊ីហាស័ក្ត ភួងកេតកែវ បានអះអាងថា វិធាននានាដែលគណៈកម្មការផ្សះផ្សាបានស្នើឲ្យថៃ និងកម្ពុជាអនុវត្តនោះ រួមមាន ចៀសវាងការចោទប្រកាន់ ឬធ្វើសេចក្តីថ្លែងការណ៍នានានៅក្នុងវេទិកាអន្តរជាតិ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការផ្សះផ្សា ព្រមទាំងចៀសវាងសកម្មភាព ដែលអាចបង្កឱ្យមានការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំងពីរ។ ​

ភាគីថៃ ក៏បានទទួលស្គាល់ដែរថា ប្រទេស​ទាំង​ពីរ​ត្រូវកសាង​ទំនុក​ចិត្តគ្នាឡើងវិញ​ទៅតាមអ្វីដែលជាការជំរុញ​របស់​គណៈកម្មការផ្សះផ្សា។ គណៈកម្មការផ្សះផ្សា ក៏បានស្នើឱ្យភាគីថៃ និងកម្ពុជា បង្ហាញភស្តុតាង និងពន្យល់ពីគោលបំណងរបស់ភាគីទាំងពីរ ដែលអះអាងជុំវិញបញ្ហាតំបន់ខ្ពង់រាបបាតសមុទ្រ និងព្រំប្រទល់សមុទ្រនៃប្រទេសទាំងពីរ។ នេះបើតាមសារព័ត៌មានថៃ Khaosod English។

តាម​ប្រមុខ​ការទូតថៃរូបនេះ ថៃគោរពសេចក្តីសម្រេចចិត្តរបស់គណៈកម្មការផ្សះផ្សា ​ក្រោម​​អនុ​សញ្ញា​UNCLOS និងបញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោតតែបញ្ហាដែន​សមុទ្រប៉ុណ្ណោះ ពោលមិននិយាយដល់​ជម្លោះព្រំដែនគោករវាងកម្ពុជា និងថៃទេ។

តែក្នុងកិច្ចប្រជុំទាក់ទងនឹង​បញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ដល់១៨ ខែតុលា ភាគីទាំងពីរក៏បានឯកភាពគ្នាលើ​វិធានការ​កសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់​ទៅវិញទៅមក ដើម្បីសម្រួល​ដល់ការ​ដោះស្រាយ ដោយ​សម​ហេតុ​ផល ដោយ​មិត្តភាព ស្របតាមច្បាប់​អន្តរជាតិ។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕

ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន