យោងតាមអាជ្ញាធរជាតិអប្សរា ការរៀបចំខ្សែទស្សនានៅទីតាំងប្រាសាទមេបុណ្យខាងលិច គឺដើម្បីផ្តល់ជម្រើសថ្មី ខុសពីការទស្សនាប្រាសាទផ្សេងៗដល់ភ្ញៀវទេសចរ ដោយពួកគេអាចស្វែងយល់ពីប្រវត្តិសាស្ត្រ និងតួនាទីរបស់បារាយណ៍ខាងលិចដែលនៅតែផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មកដល់បច្ចុប្បន្ន។ លើសពីនេះទៅទៀត ការបើកទីតាំងទេសចរណ៍នេះក៏មានគោលបំណងជួយបង្កើនរយៈពេលស្នាក់នៅរបស់ភ្ញៀវក្នុងខេត្តសៀមរាបផងដែរ។ ជាក់ស្តែង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងក្រោយបើកដំណើរការ មានភ្ញៀវជាតិជាង ៥០០នាក់ និងអន្តរជាតិជិត ១០០នាក់បានចូលរួមទស្សនា។
ក្រៅពីការរៀបចំខ្សែទស្សនា អាជ្ញាធរក៏បានរៀបចំរោងតាំងពិព័រណ៍ ស្លាកសញ្ញា និងផ្ទាំងព័ត៌មានស្តីពីប្រវត្តិសាស្ត្រ ដំណើរការជួសជុល និងអភិរក្ស ព្រមទាំងការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងដល់ភ្ញៀវទេសចរដូចគ្នា។ នៅពេលមកទស្សនាប្រាសាទមេបុណ្យខាងលិច ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធតាមរយៈការជិះទូក ថតរូបជាមួយទេសភាពប្រាសាទដែលផុសពីផ្ទៃទឹក និងគយគន់ប្រាសាទភ្នំបាខែងពីចម្ងាយ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សេវាកម្មជិះទូកនេះទៅប្រាសាទមេបុណ្យខាងលិចក៏បានចូលរួមចំណែកដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ហើយភ្ញៀវទេសចរមានជម្រើសចំនួនពីរដើម្បីជ្រើសរើស។ ទី១ គឺការជួលទូកតាមតម្រូវការរបស់ភ្ញៀវ ចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ក្នុងតម្លៃ ៨០,០០០រៀលក្នុងមួយទូក ដែលអាចផ្ទុកភ្ញៀវបានចំនួន ១០នាក់។ ចំណែកទី២ គឺការធ្វើដំណើរតាមម៉ោងកំណត់ចំនួនពីរជើងក្នុងមួយថ្ងៃ គឺម៉ោង ១០ព្រឹក និងម៉ោង ១រសៀល ដោយគិតតម្លៃ ៨,០០០រៀលក្នុង ១នាក់ សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀលសម្រាប់ភ្ញៀវបរទេស។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាណែនាំឱ្យភ្ញៀវទេសចរពាក់អាវពោងសុវត្ថិភាពជានិច្ចពេលជិះទូក និងមិនត្រូវផ្ទុកមនុស្សលើសចំនួនកំណត់ដាច់ខាត។ បន្ថែមពីនេះ នៅពេលចូលទស្សនាប្រាសាទ ភ្ញៀវមិនត្រូវយកសត្វចិញ្ចឹម ឧបករណ៍បំពងសំឡេង និងចំណីអាហារចូលនោះទេ ព្រមទាំងចៀសវាងការប៉ះពាល់ក្បាច់ចម្លាក់ប្រាសាទ និងការលេងទឹកក្នុងបរិវេណប្រាសាទដើម្បីថែរក្សាបរិស្ថាន និងបេតកភ័ណ្ឌ។ ដោយឡែក អាជីវករនៅមាត់ទឹកត្រូវរក្សាអនាម័យ សេវាកម្មល្អ និងមិនដំឡើងតម្លៃម្ហូបអាហារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។ គួរជម្រាបថា ប្រាសាទមេបុណ្យខាងលិច បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាឡើងវិញនៅថ្ងៃទី១៨វិច្ឆិកា បន្ទាប់ពីបញ្ចប់គម្រោងជួសជុលរយៈពេល ១៤ឆ្នាំ៕
ប្រភព៖ RFI | ដោយ៖ ទូច សូរ៉ាន់យ៉ា







