កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានប្រកាសពីការប្តេជ្ញាចិត្តជាសកលមួយក្នុងការការពារសេរីភាពនៃការធ្វើនាវាចរណ៍។ ការប្តេជ្ញាចិត្តដែលទទួលបានការគាំទ្រពីប្រទេសជាង ៦០ រួមទាំងកម្ពុជា និងប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់មានគោលដៅប្រឆាំងនឹងការទារកម្រៃ ការកំណត់ថ្លៃសេវាខុសច្បាប់ ការរឹតត្បិតបែបរើសអើង និងលក្ខខណ្ឌផ្សេងៗដែលរាំងស្ទះដល់ការឆ្លងកាត់តាមច្រកសមុទ្រអន្តរជាតិ។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងថា ការចូលរួមរបស់កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីធានាថា ផ្លូវនាវាចរណ៍សមុទ្រនៅតែបន្តបើកចំហសម្រាប់ទាំងអស់គ្នា។
បើតាមសហភាពអឺរ៉ុប ច្រកសមុទ្រអន្តរជាតិគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចសកល។ ការរំខានដល់ផ្លូវនាវាចរណ៍អាចប៉ះពាល់ដល់ការដោះដូរទំនិញ ការផ្គត់ផ្គង់ថាមពល ការដឹកជញ្ជូនស្បៀងអាហារ និងបង្កការលំបាកដល់សេដ្ឋកិច្ចនៅតាមប្រទេសនានា។ តែសហភាពអឺរ៉ុបមិនភ្លេចព្រមានថា ការដាក់កម្រិតលើនាវាដែលធ្វើដំណើរតាមច្រកសមុទ្រអន្តរជាតិជាគំរូអាក្រក់ដែលប៉ះពាល់ដល់ការធ្វើនាវាចរណ៍នៅតំបន់ផ្សេងទៀតដែរ។
ក្រោមគំនិតផ្តួចផ្តើមនេះ ភាគីដែលចូលរួមបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈស្ថាប័នអន្តរជាតិ ជាពិសេសអង្គការដែនសមុទ្រអន្តរជាតិ (IMO) និងមិនបង្កជម្លោះដើម្បីថែរក្សាសេរីភាពនៃការធ្វើនាវាចរណ៍។ ទន្ទឹមគ្នានេះ ភាគីទាំងអស់បដិសេធរាល់សកម្មភាពឯកតោភាគី ឬការបង្ខិតបង្ខំទាំងឡាយដែលបំផ្លាញសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ ដូចមានចែងនៅក្នុងអនុសញ្ញា UNCLOS៕
ប្រភព៖ RFI | ដោយ៖ ទូច សូរ៉ាន់យ៉ា






