សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេសចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូង

នាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេសចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូង
នាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេសចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូង © British Embassy in Cambodia

នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ និងបាន​ចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេសនាពេល​នេះគឺ​ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងអង់គ្លេស និងកម្ពុជា។ តាមគម្រោង កងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញនាវាចរណ៍ផ្សេងៗ។

សូមជម្រាបជូនថា HMS Tamar គឺជានាវាល្បាតសមុទ្រប្រភេទ River-Class របស់កងទ័ពជើងទឹកអង់គ្លេសដែលកំពុងបំពេញបេសកកម្មនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាវាល្បាតសមុទ្រនេះអនុវត្តភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ការការពារធនធានជលផល ជំនួយមនុស្សធម៌ និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានសម្តែងការស្វាគមន៍ចំពោះការមកដល់របស់នាវា HMS Tamar និងក្រុមនាវិកអង់គ្លេស ដោយ​បានចាត់ទុកការចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះជាការ​បង្ហាញឱ្យឃើញ​ពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងប្រទេសទាំងពីរ។

ដោយឡែក មេបញ្ជាការនាវា HMS Tamar លោក Tom Lindsey បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា គឺជាកិត្តិយសសម្រាប់លោក និងក្រុមនាវិកអង់គ្លេសទាំងអស់។ ចំពោះលោក Tom Lindsey ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអង់គ្លេសមកកាន់កម្ពុជាពេលនេះបង្ហាញពីការរីកចម្រើននៃភាពជាដៃគូរវាងប្រទេសទាំងពីរ និងជាឱកាសសម្រាប់កងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាធ្វើការជាមួយគ្នា ជាពិសេសលើជំនាញវេជ្ជសាស្ត្រ និងជំនាញនាវាចរណ៍។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា មេបញ្ជាការនាវា និងមន្ត្រីការពារជាតិអង់គ្លេស នឹងជួបជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជំនួបរវាងមន្រ្តីជាន់ខ្ពស់វិស័យការពារជាតិកម្ពុជា-អង់គ្លេស នឹងផ្តោតលើកិច្ចសន្ទនាផ្នែកការពារជាតិ បញ្ហានាវាចរណ៍ក្នុងតំបន់ និងការស្វែងរកកិច្ចសហប្រតិបត្តិការនាពេលអនាគត។ HMS Tamar ជានាវាល្បាតទី៣របស់កងទ័ពជើងទឹកអង់គ្លេស ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។

គួរឲ្យដឹងថា ​ក្រោយពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែ​មេសា ឆ្នាំ២០២៥ កម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសំចតជាហូរហែរួមមាន​​ នាវាកងទ័ពជប៉ុន នាវាកងទ័ពវៀតណាម ចិន រុស្ស៊ី និងឥណ្ឌាជាដើម។ ទោះបីជាសំណុំរឿងមូលដ្ឋានទ័ពជើងទឹករា​មកម្ពុជា តែងត្រូវបានប្រទេសលោកខាងលិច​ដាក់មន្ទិលសង្ស័យពីការដែលចិនពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់ក្តី តែរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ដល់នាវារបស់កងទ័ពបរទេសឲ្យចូលសំចតដោយគ្មានការលាក់បាំងអ្វីទាំងអស់។ ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ជាក់ពីការមិនអនុញ្ញាតឲ្យកងទ័ពបរទេសដាក់តាំងមូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីកម្ពុជានោះដែរ៕

ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង