កម្ពុជា និងក្រុមប្រទេសនៅអឺរ៉ុបប្តេជ្ញាថា នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ប្រព័ន្ធស្បៀងអាហារ ការការពារជីវចម្រុះ និងការអភិវឌ្ឍជនបទនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរួម ដែលធ្វើឡើងនៅក្រោយពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ីហ្ករ ដ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបណ្តាស្ថានទូតមកពីប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ។
បើតាមសេចក្តីប្រកាសរួម កម្ពុជា និងមន្ត្រីទូតអឺរ៉ុបបានពិភាក្សាលើលទ្ធផល នៃការវិនិយោគរបស់អឺរ៉ុបនៅកម្ពុជា តាមរយៈគម្រោងនានា ដូចជាគម្រោងកម្មវិធីសេវាកម្មកសិកម្ម ដើម្បីបរិយាបន្នសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្ម (ASPIRE-AT) គម្រោងនៅក្រោមភាពជាដៃគូរវាងសហភាពអឺរ៉ុប អាល្លឺម៉ង់ កម្ពុជាសម្រាប់វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព(CAPSAFE) និងកម្មវិធីអភិរក្សសត្វផ្សោតក្នុងទន្លេមេគង្គ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់ពីការផលិតបែបគ្រួសារទៅជាការផលិតបែបពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រីទទួលស្គាល់ថា កិច្ចសហការជាមួយសហភាពអឺរ៉ុប និងដៃគូនានាបានលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបានបើកឱកាសឱ្យដំណាំសំខាន់ៗរបស់កម្ពុជាដូចជា ស្វាយចន្ទី និងម្រេច មានសមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិ។
លោក អ៊ីហ្ករ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាវិញបញ្ជាក់ថា ក្រុមប្រទេសនៅអឺរ៉ុបកំពុងវិនិយោគលើជំនាញបច្ចេកទេស សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធកែច្នៃបន្ថែមទៀត ដើម្បីជំរុញខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេចរបស់កម្ពុជាសម្រាប់ទីផ្សារនាំចេញ។
សូមជម្រាបថា កន្លងមក សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់បានផ្តល់វិភាគទានជិត ២៥លានអឺរ៉ូ ក្នុងកម្មវិធី CAPSAFE ដើម្បីលើកកម្ពស់ ឬកែលម្អខ្សែច្រវាក់តម្លៃស្វាយចន្ទី និងម្រេចកម្ពុជា រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។ ដោយឡែក សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប(EIB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ក៏បានផ្តល់ជំនួយសរុបជាង ៣០លានអឺរ៉ូ សម្រាប់អនុវត្តកម្មវិធី ASPIRE-AT ទូទាំងប្រទេសកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០៕
ប្រភព៖ RFI | ដោយ៖ សើ ដាវី








