សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កងទ័ពថៃអះអាងថា ការដកទូកុងតឺន័រចេញពីអូរខ្លាឃ្មុំ ជាការកែលម្អវិធានការសន្តិសុខ

កងទ័ពថៃអះអាងថា ការដកទូកុងតឺន័រចេញពីអូរខ្លាឃ្មុំ ជាការកែលម្អវិធានការសន្តិសុខ
ទូកុងតឺន័រដែលយោធាថៃដកចេញពីចំណុចអូរខ្លាឃ្មុំ ថ្ងៃទី៤ តុលា ២០២៦ © FB

វរសេនីយ៍ឯក Richa Suksuwanon អ្នកនាំពាក្យរងកងទ័ពថៃ បានថ្លែងនៅថ្ងៃទី៥ ខែតុលាថា ទូកុងតឺន័រ​ទាំងនោះត្រូវបានដាក់តាំងដំបូងជារបាំងការពារបណ្តោះអាសន្ន ដើម្បីរក្សាសន្តិសុខនៅតាមបណ្តោយទីតាំងដែលមានជម្លោះ។ តាមអ្នកនាំពាក្យរងកងទ័ពថៃរូបនេះ ការដែលភាគីថៃ​ដកចេញទូកងតឺន័រ​ពីតំបន់អូរខ្លាំឃ្មុំ គឺជាកែលម្អផ្នែកយុទ្ធសាស្ត្រ ដើម្បីឲ្យស្របទៅនឹងស្ថានភាពភូមិសាស្ត្រ និងបង្កើនប្រសិទ្ធភាពនៃកិច្ចការពារសន្តិសុខ។ ទោះជាយ៉ាងណា មិនទាន់មានប្រតិកម្មណាមួយពីក្រសួងការពារជាតិកម្ពុជានៅឡើយទេ។

​សូមបញ្ជាក់ថា ក្នុងលិខិតតវ៉ា​របស់​ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៦ បានគូសបញ្ជាក់ថា កងកម្លាំង​ប្រដាប់អាវុធថៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បានដាក់ទូកុងតឺន័រ​បិទផ្លូវ ​ក្នុងភូមិអូរខ្លាឃ្មុំ និងភូមិរួតចំប៉ី ក្នុងសង្កាត់អូរស្មាច់​​ ខេត្តឧត្តរមានជ័យ។ ពីរថ្ងៃក្រោយមក ពោលនៅថ្ងៃទី៧ ខែកុម្ភៈ យោធាថៃបានចាប់​ផ្តើម​សាងសង់​ផ្លូវមួយ​ខ្សែ ដោយ​លាត​សន្ធឹងចេញពីកន្លែងដែលថៃបានដាក់ទូកុងតឺន័រ។​ កម្ពុជា​បានតវ៉ាយ៉ាងដាច់​អហង្ការ និងចាត់ទុកសកម្មភាពរបស់ថៃ កាលណោះថា ធ្វើឡើង​ដើម្បី​រារាំងពលរដ្ឋខ្មែរ​មិនឲ្យ​វិលទៅ​ផ្ទះសម្បែងរបស់ពួកគេវិញ។

ទោះជាកងទ័ពថៃមិនបាននិយាយត្រង់ៗពីមូលហេតុដែលថៃដកទូកុងតឺន័រទាំងនេះចេញពីអូខ្លាំឃ្មុំក៏ដោយ តែកាសែតក្នុងស្រុក​របស់ថៃមួយចំនួនបានរាយការណ៍ថា បន្ទាប់ពីដកទូកុងតឺន័រចេញ យោធាថៃនឹង​ជីកប្រឡាយនៅទីតាំងនោះទទឹង៣ម៉ែត្រ ដើម្បីប្រឆាំងរថគ្រោះរបស់កម្ពុជា ក្នុងករណីមានការប្រយុទ្ធគ្នាជាថ្មី​។ក៏ប៉ុន្តែ​ជាបន្តបន្ទាប់​ ក្រសួងការបរទេសកម្ពុជា តែងចេញ​លិខិតតវ៉ា​យ៉ាងដាច់​អហង្ការចំពោះសកម្មភាព​ខុស​ច្បាប់របស់ភាគីថៃ​នៅលើទឹកដីកម្ពុជា។ កម្ពុជា​តែងបានបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់​ខាត​នូវ​ការ​ចូល​កាន់​កាប់ទឹកដីកម្ពុជា​ដោយប្រើ​ប្រាស់​កម្លាំងយោធា និងការ​កសាងរបងព្រំដែន​ថ្មី​ដែលរំលោភលើ​សន្ធិសញ្ញាបារាំង-សៀមឆ្នាំ​១៩០៤-១៩០៧ ដែលបានកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ៕

ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន