សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ

ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ
ឡាវបោះជំហានថ្មីក្នុងវិស័យថាមពលវាយោ។ AP - Martin Meissner

ឡាវ ជាប្រទេស​​ល្បី​​មួយ ខាង​សម្បូរទំនប់វារីអគ្គិសនី​ ដោយ​មា​នទំនប់វារីអគ្គិសនី ចំនួន​ជាង​៩០ ​ក្នុងផ្ទៃប្រទេស និង​ជាង​១០ទៀត​នៅ​​ជាប់ប្រទេស​ជិត​ខាង​។ ក៏ប៉ុន្តែ ការ​ប្រែប្រួល​អាកាសធាតុ ជា​ពិសេស​ ​ខ្សត់ទឹក​​នៅ​រដូវ​ប្រាំង បាន​ជំរុញ​ឲ្យ រដ្ឋអំណាច​ក្រុង​វៀងចន្ទន៍ រិះរក​មធ្យោបាយ​ថ្មី ដើម្បី​បង្កើន​ប្រភព​ថាមពល​អគ្គិសនី​។ ការខ្វះខាតអគ្គិសនីក្នុងឆ្នាំ២០២៣ព្រោះតែ​គ្រោះរាំងស្ងួត បានបង្ហាញពីហានិភ័យជាក់ស្តែង និង​ពី​ផលវិបាក​នៃការពឹងផ្អែកទាំងស្រុង​ទៅ​លើទំនប់​វារីអគ្គិសនី។ ម្ល៉ោះហើយ ទើប​អាជ្ញាធរ​ឡាវ ប្រឹង​ធ្វើ​ពិពិធកម្មប្រភពថាមពល​។

ក្រោម​កិ​ច្ចសហការជាមួយ​ឈ្មួញ​​បរទេស​ ​ប្រទេស​ឡាវបាន​វិនិយោគទុន​ច្រើន​ឡើងៗទៅលើកង្ហារស្រូ​ប​ខ្យល់​ផលិត​ថាមពល​អគ្គិសនី។ នៅខែសីហា ឆ្នាំ២០២៥​  ឡាវ បាន​ដាក់​ឲ្យ​ដំណើរការ​គម្រោងថាមពលខ្យល់មូសុង (Monsoon Wind Power) នៅភាគខាងត្បូង​ប្រទេស​ ដែល​មានកង្ហារវិល​​ផលិត​ថាមពល​អគ្គិសនី ចំនួន ១៣៣ ដើម និង​មានសមត្ថភាពផលិតអគ្គិសនី ​យ៉ាងតិច​ ៦០០ មេហ្គាវ៉ាត់។

មានទុនវិនិយោគ៧០០លានដុល្លារ គម្រោងថាមពលវាយោនេះសាងសង់ដោយសហគ្រាសរដ្ឋចិន និងគ្រប់គ្រងប្រតិបត្តិ​ការដោយសម្ព័ន្ធក្រុមហ៊ុន​​ថៃ។ តាមការប៉ាន់ប្រមាណ​ រដ្ឋាភិបាលឡាវអាចទទួលបានចំណូល ១៨០ លានដុល្លារ ក្នុងរយៈពេលកិច្ចសន្យា ២៥ ឆ្នាំ តាមរយៈពន្ធ រួម​ទាំង​មូលនិធិអភិវឌ្ឍមូលដ្ឋាន និងការពារបរិស្ថាន។

​នាំផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន​ ដូចជា​ផ្លូវថ្មី ប្រព័ន្ធ​ទឹកស្អាត និងសេវាសុខាភិបាល​ ​​គម្រោងនេះមិនបានផ្គត់ផ្គង់អគ្គិសនីដោយផ្ទាល់ដល់ប្រជាពលរដ្ឋឡាវ​ ទេ។ ដ្បិតថា​ ​អគ្គិសនីដែលផលិតបានត្រូវលក់ទាំងស្រុងទៅឲ្យ​វៀតណាម។ ​វៀតណាម ដែល​មាន​ឧស្សាហកម្មកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ត្រូវការ​អគ្គិសនី ក្នុង​តម្លៃថោក និងផ្គត់ផ្គង់បានជាប់លាប់។ ​

ការប្រឈមផ្សេងទៀត ​គឺ​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាកសិករ​​ និង​បំផុសឲ្យ​មាន​ពាក្យ​បណ្តឹងប្រមាណ ១ ៦០០ ករណី។​ តែ​អ្នក​គ្រប់គ្រង​គម្រោងនេះ​ បាន​​អះអាងថា គ្មាន​ការបង្ខំឲ្យ​ប្រជាពលរដ្ឋផ្លាស់ទី​ឡើយ​ ហើយបណ្តឹង​ភាគច្រើនទាក់ទងនឹងសំណង ដែលគេ​​​ដោះស្រាយរួចហើយ។

ទោះយ៉ាងជា​យ៉ាងណាក្តី ​គម្រោងថាមពលបៃតងនៅ​ប្រទេស​ឡាវ​​១​នេះ​ ជាគំរូជាក់ស្តែង នៃ​សក្តានុពល​វិនិយោគទុន​ក្នុងវិស័យថាមពល​ស្អាត​ ហើយ​ក៏​ត្រូវគេ​​ចាត់ទុកថា ​ជា​មជ្ឈមណ្ឌល​ផលិត​ថាមពល​ដើរដោយ​កម្លាំង​ខ្យល់ ដ៏ធំជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕​​​​

ប្រភព៖ RFI | ដោយ៖ ហេង ឧត្តម