ឆ្លើយតបទៅនឹងសារចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានសន្យាចូលស្រុកវិញ ដើម្បីបង្ហាញឯកសារ និងភស្តុតាងទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយមិនភ្ជាប់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា។
បើតាមលោក អ៊ុំ សំអាន លោក និងក្រុមរបស់លោក អាចទៅជជែកគ្នាជាមួយរដ្ឋាភិបាលកម្ពុជាក្នុងនាមជាក្រុមកិច្ចការព្រំដែនរបស់ខ្មែរនៅក្រៅប្រទេស ឬក៏ក្នុងនាមជាអ្វីក៏បានឱ្យតែលោក ហ៊ុន ម៉ាណែត យល់ព្រម។ ទោះជាយ៉ាងណា លោក អ៊ុំ សំអាន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៤តុលានេះថា សំណើចាំបាច់សម្រាប់ការត្រឡប់ចូលស្រុកវិញរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ត្រូវស្នើទៅព្រះមហាក្សត្រឱ្យទម្លាក់ចោលបទចោទប្រកាន់ និងលើកលែងទោសដល់ប្រតិភូរបស់លោកជាមុនសិន។
ចំពោះលោក អ៊ុំ សំអាន នេះមិនមែនលក្ខខណ្ឌ ប៉ុន្តែវាជាសំណើរបស់លោកទៅកាន់លោក ហ៊ុន ម៉ាណែត។ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសរូបនេះបានបញ្ជាក់ទៀតថា មិនមែនមានតែបញ្ហាព្រំដែននៅបង្គោលព្រំដែនលេខ ៥២ និង ៥៩នោះទេ តែក្រុមរបស់លោកក៏មានបំណងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាលើបញ្ហាព្រំដែន ដែលថៃកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន ៨១ទីតាំង។
បើតាមលោក អ៊ុំ សំអាន ក្រុមលោកមានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទាមទារទឹកដីខ្មែរ ដែលថៃកំពុងគ្រប់គ្រងទាំងអស់មកវិញ និងដើម្បីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
គួរជម្រាបជូនថា ក្នុងសារឆ្លើយតបចុងក្រោយនៅថ្ងៃទី១៣តុលាម្សិលមិញ លោក ហ៊ុន ម៉ាណែត ថាលោកនៅតែមិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីលោក អ៊ុំ សំអាន និងចោទលោក អ៊ុំ សំអាន ថាហាក់ជាការដោះខ្លួនពីការអញ្ជើញ។ សាររបស់លោក ហ៊ុន ម៉ាណែត ដូចនេះ គឺបន្ទាប់ពីលោក អ៊ុំ សំអាន បានផ្ញើលិខិតទៅលោក ដោយប្រើទម្រង់ផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលលោក ហ៊ុន ម៉ាណែត ចាត់ទុកថាជាអង្គការចាត់តាំងក្រៅច្បាប់។
ក្នុងលិខិតនោះ លោក អ៊ុំ សំអាន បានស្នើលក្ខខណ្ឌចំនួន៣ ទី១ ស្នើឲ្យលោក ហ៊ុន ម៉ាណែត ធ្វើអន្តរាគមន៍ទម្លាក់ចោលបទចោទ និងលើកលែងទោសសម្រាប់សមាសភាពប្រតិភូរបស់លោក ទី២ ជំនួបពិភាក្សានេះធ្វើឡើងពីថ្ងៃទី១ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយត្រូវមានបន្តទៀតដើម្បីរកដំណោះស្រាយឲ្យបានពេញលេញ និងទី៣ ស្នើឲ្យលោកនាយករដ្ឋមន្ត្រីចេញលិខិតបញ្ជាក់ជាផ្លូវការពីការធានាសុវត្ថិភាពប្រតិភូរបស់លោក។
សូមរម្លឹកជូនថា លោក ហ៊ុន ម៉ាណែត ជាអ្នកផ្តើមអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងាររបស់លោកឲ្យត្រឡប់ចូលប្រទេសកម្ពុជាដើម្បីបង្ហាញឯកសារ និងភស្តុតាងទាក់ទងទៅនឹងជម្លោះព្រំដែនជាមួយថៃ ជាពិសេសចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដែលលោក អ៊ុំ សំអាន ផ្តើមចោទរដ្ឋាភិបាលថាធ្វើឲ្យកម្ពុជាខាតបង់ដី៕
ប្រភព៖ RFI | ដោយ៖ អោ ស្រីពេជ្រ





