សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក​ម៉ាក្រុង​ប្រកាសបង្កើត​តំបន់ឧស្សាហកម្ម​សក្តានុពល​​ពិសេស សម្រាប់វិស័យ​ឧស្សាហកម្មអាកាសចរណ៍

លោក​ម៉ាក្រុង​ប្រកាសបង្កើត​តំបន់ឧស្សាហកម្ម​សក្តានុពល​​ពិសេស សម្រាប់វិស័យ​ឧស្សាហកម្មអាកាសចរណ៍
លោក​ម៉ាក្រុង កំពុងឈរស្តាប់ការពន្យល់និងបង្ហាញ គំរូយន្តហោះ A380 ជំនាន់ថ្មី នៅរោងចក្រផលិតយន្តហោះ Airbus ទីក្រុងទូលូស ថ្ងៃទី​២៣វិច្ឆិកា​២០២៦​ REUTERS - Manon Cruz

ព្រឹកថ្ងៃចន្ទ ទី​២៣វិច្ឆិកា នៅរោងចក្រផលិតយន្តហោះ Airbus នៅក្បែរ​​ទីក្រុងទូលូស លោកប្រធានាធិបតី ម៉ាក្រុង បានប្រកាសបញ្ជាក់ថា រដ្ឋាភិបាល​បន្តគោរពការសន្យា​ ផ្តល់កញ្ចប់ប្រាក់ជំនួយចំនួន​៣៥០លានដុល្លារ ទៅ​ឲ្យ​ ក្រុមប្រឹក្សាស្រាវជ្រាវ​អាកាសចរណ៍​ស៊ីវីល​​ CORAC ដើម្បីឲ្យ​ក្រុមប្រឹក្សានេះ ​បន្តបេសកកម្ម​ធំនៅក្នុងវិស័យឧស្សហកម្មផ្លូវអាកាស​។ ការបញ្ជាក់នេះ គឺបានមកបិទបញ្ចប់ការព្រួយបារម្ភ​របស់អ្នកជំនាញក្នុងវិស័យនេះ ដែល​ខ្លាចថារដ្ឋបារាំងលែងមានប្រាក់ជួយ ដោយសារតែវិបត្តិ​ឱនភាព​​ថវិកា​​រដ្ឋ និងបំណុលសាធារណៈ។

លោកម៉ាក្រុងអះអាងថា រដ្ឋាភិបាល​ដឹងយ៉ាងច្បាស់ អំពីសារៈសំខាន់ ដែលត្រូវ​តែ​ធានាការពារសន្តិសុខ​ឧស្សាហកម្ម ពង្រឹងភាពធុន​នៃខ្សែបណ្តាញផលិត​ នៅក្នុងវិស័យឧស្សាហកម្មផ្លូវអាកាស។ ថវិកាដែលរដ្ឋាភិបាលត្រៀមជួយនេះ ក៏ជាការចូលរួម​នៅក្នុងការពារបណ្តាញផ្គត់ផ្គង់គ្រឿងផ្សំចាំបាច់មួយចំនួន ដូចជា​ឧបករណ៍សឺមីកុងឌុកទ័រជាដើម​។

បន្ថែមពីនេះ លោក​ម៉ាក្រុង​បាន​ប្រកាសបើក​តំបន់​ឧស្សាហកម្មពិសេសច្រើនកន្លែង ដើម្បីជួយសំរួលដល់នីតិវិធី​ច្បាប់ ក្នុងការសាងសង់និងរៀបចំ​ទីតាំងឧស្សាហកម្មថ្មីៗ​ក្នុងវិស័យអាកាសចរណ៍​។ លោកបានអះអាងថា​ ក្នុងរយៈពេល​​៤ឆ្នាំមកនេះ ពេលវេលា​​ដែលគេត្រូវការ ដើម្បី​បង្កើតទីតាំងឧស្សាហកម្មនីមួយៗ បានថយចុះពី​១៧ខែមក​នៅត្រឹម​​​១០ខែជាមធ្យម។ តែទោះ​ជាយ៉ាងណា លោក​ម៉ាក្រុង​ថាបារាំងត្រូវតែពន្លឿនថែមទៀត ដើម្បីតាមឲ្យទាន់ការប្រកួតប្រជែងជាពិសេសជាមួយ​ចិន។ ដូច្នេះតំបន់ឧស្សាហកម្មសក្តានុពល​​ពិសេស នឹងជួយ​សម្រួលច្រើន​ដល់នីតិវិធី ដោយរដ្ឋចូលរួមអន្តរាគមន៍ជាមួយអាជ្ញាធរដែនដី​ និងដោយយកគម្រូតាម​ អ្វីដែលបារាំងធ្លាប់ធ្វើ នៅក្នុងវិស័យ​សាងសង់ស្ថានីយស្តុកទិន្នន័យធំៗ។

គួរបញ្ជាក់ថា លោកម៉ាក្រុង បានសន្យា​នៅក្នុងអាណត្តិទី​២របស់​លោក ធ្វើ​ឲ្យ​វិស័យឧស្សាហកម្មត្រលប់មកតាំងទីក្នុងប្រទេសបារាំងវិញ។ ឧស្សាហកម្ម​ផលិតយន្តហោះ​ គឺជាចំណុចដ៏ខ្លាំងមួយរបស់បារាំង​។ ការប្រកាសថ្មីៗ​របស់លោក​ម៉ាក្រុង​នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃវេទិកា​ Choose France ប្រចាំឆ្នាំ​ ២០២៦ ដែល​លោកម៉ាក្រុង​បានផ្តួចផ្តើមបង្កើតឡើង ដើម្បីជំរុញការវិនិយោគនៅក្នុងស្រុកបារាំង​។

យ៉ាងណាមិញ សម្រាប់​វេទិកា​ Choose France ឆ្នាំនេះ នឹងមានការប្រកាសគម្រោង​​ចំនួន​ជាង​២០០គម្រោង គិតជាទឹកប្រាក់វិនិយោគ ប្រមាណ​១៥ពាន់​លានអឺរ៉ូ។ ក្នុងចំណោមនេះ ក្រុមហ៊ុនមួយនៅលីយ៉ុង ឈ្មោះ Elyse Energy នឹងបង្ហាញ​គម្រោងបង្កើតរោងចក្រ​ផលិត​ប្រេងឥន្ធនៈសរីរាង្គ​។ មានទឹកប្រាក់ចំណាយ​ប្រមាណ​១៦០០លានអឺរ៉ូ គម្រោង​នេះនឹងផលិតប្រេងសាំងយន្តហោះ ដោយផលិតចេញពីរុក្ខជាតិ​និងកាកសំណល់​កសិកម្មផ្សេងៗ៕​​

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី