សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ

វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ
វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់បាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ AP Photo/Thanh Hue - Thanh Hue

ឈរតម្រង់ជួរនៅតាមដងផ្លូវជាមួយនឹងផ្កាពណ៍សកាន់ក្នុងដៃ ប្រជាជនវៀតណាមរាប់ម៉ឺននាក់បានចូលរួមកាន់ទុក្ខ និង​គោរព​ដល់​សពទាហានវៀតណាម​ចំនួន ៧៣១នាក់ ដែល​ដង្ហែទៅ​កាន់​ទីបញ្ចុះសព​ទាហាន​នៅ​ជាយ​ក្រុង​ហូជីមិញ​នា​ថ្ងៃពុធ ទី ១៤ តុលា។ សពទាហានវៀតណាមទាំងនេះទើបត្រូវបានជីកកកាយចេញ​ពី​ឧទ្យាន Le Thi Rieng ក្នុង​ទីក្រុងហូជីមិញ បន្ទាប់​ពី​បាន​បាត់ខ្លួន​ក្នុង​សង្គ្រាម​អស់​ជា​ច្រើន​ទសវត្សរ៍។ យុទ្ធនាការ​ជីកកកាយ​ស្វែង​រក​សាកសព​ទាហាន​បាត់ខ្លួន​ដើម្បី​បញ្ជាក់​ស្វែង​រក​អត្តសញ្ញាណ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​មីនា។ ក្រុម​អ្នកជំនាញ និង​ទាហាន​រាប់រយនាក់​បាន​ជីក​កកាយ​ដោយ​ប្រើ​គ្រឿងចក្រ និងម៉ាស៊ីន​បូមទឹក ព្រមទាំងចម្រោះភក់ដោយដៃ​ដើម្បី​ស្វែង​រក​សំណល់មនុស្ស​យក​មក​ធ្វើ​ការ​ពិនិត្យ DNA ដើម្បី​កំណត់​អត្តសញ្ញាណ។

ថ្លែង​នៅក្នុងពិធីបញ្ចុះសព អភិបាល​ក្រុងហូជីមិញ បញ្ជាក់ថា អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​សព​ទាហាន​ភាគច្រើន​បាន​នៅ​ឡើយ​ទេ និង​ថា ក្រុម​អាជ្ញាធរ​នឹង​បន្ត​ស្វែង​រកគ្រប់​មធ្យោបាយ និង​មិនបោះបង់​ការ​ជីក​កកាយ​រក​សាកសព​ទាហានដែល​បាត់ខ្លួន​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ឡើយ។ សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​វៀតណាម​បាន​កំណត់​គោលដៅ​ស្វែង​រក​សព​ទាហាន​បាត់ខ្លួន​ក្នុង​សម័យ​សង្រ្គាម​ឲ្យ​បាន ៧០០០នាក់​នៅ​ត្រឹម​ខែ​កក្កដា ឆ្នាំ២០២៧។ បច្ចុប្បន្ន មាន​មនុស្ស​ជាង ១៥០០នាក់​កំពុង​ចូលរួម​ស្វែង​រក​នៅ​តាម​សមរភូមិ​ចាស់ៗ​ក្នុង​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា។

ចំណែក​ក្រុម​ការងារផ្សេង​ទៀត​កំពុង​ប្រមូល និង​វិភាគ​ទិន្នន័យ​លើ​កាកសំណល់​ដែល​ប្រមូល​បាន។ បើ​តាម​ការ​ប៉ាន់ប្រមាណ មាន​ផ្នូរ​ទាហានប្រមាណ ២៣ម៉ឺនផ្នូរ​ដែល​នៅ​មិនទាន់​កំណត់អត្តសញ្ញាណ​បាន​នៅ​ឡើយ។ ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​សព​ទាហាន​ដែល​បាន​រក​ឃើញ អាជ្ញាធរវៀតណាម​បាន​ធ្វើ​ការ​វិភាគ DNA ដែល​យក​ចេញ​ពី​សព និង​សាច់ញាតិ​របស់​អ្នកបាត់ខ្លួន។ តែ​បញ្ហា​នៅ​ត្រង់​ថា ការងារ​នេះ​ត្រូវ​ប្រើ​ពេល​យូរ ពិសេស​ត្រូវ​ស្វែង​រក​ក្រុម​គ្រួសារ​ដែល​មាន​អ្នកបាត់ខ្លួន​ដើម្បី​យក DNA របស់​គេ​ទៅ​ផ្ទៀងផ្ទាត់។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​ដូច​នេះ​ជា​ក្តីសង្ឃឹមចុងក្រោយ​សម្រាប់​គ្រួសារ​ជា​ច្រើន​ដែល​មិន​មាន​ដំណឹង​ពី​សាច់ញាតិ​របស់​ខ្លួន។

បើ​តាម​តួលេខ​របស់​រដ្ឋាភិបាល​វៀតណាម មាន​ទាហាន​វៀតណាម​រហូត​ដល់​ទៅ ១,២លាននាក់​បាន​ស្លាប់​ក្នុង​អំឡុង​ឆ្នាំ១៩៤៥ ដល់១៩៧៥ ដែល​វៀតណាម​មាន​សង្រ្គាម​ជាមួយ​បារាំង និង​បន្ទាប់មក​ជាមួយ​សហរដ្ឋអាមេរិក។ ដូច្នេះ​ការ​ស្វែង​រក​សាកសព និង​ការ​កំណត់​អត្តសញ្ញាណ​អ្នកបាត់ខ្លួន​នៅ​តែ​ជា​ការងារ​សំខាន់​មួយ​របស់​អាជ្ញាធរ​ដើម្បី​ជា​ការ​គោរព​ដល់​ជន​ដែល​បាន​ពលីជីវិត​ដើម្បី​ការពារជាតិ មាតុភូមិ៕

ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ