សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អូស្ត្រាលីនឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ធ្វើ​តេស្ត​មីស៊ីលអ៊ីពែរសូនិក លើ​ទឹកដីរបស់ខ្លួន

អូស្ត្រាលីនឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ធ្វើ​តេស្ត​មីស៊ីលអ៊ីពែរសូនិក លើ​ទឹកដីរបស់ខ្លួន
ជប៉ុន​នឹង​ធ្វើ​តេស្តសាកល្បងគ្រាប់មីស៊ីល​អ៊ីពែសូនិក និងគ្រាប់​ផ្សេងៗទៀត​នៅលើ​ទឹកដី​អូស្ត្រាលី។ AP

ប្រឈម​នឹង​ជំហរ​មិននឹងន​ និង​មិនច្បាស់លាស់​របស់​លោក ដូណាល់ ត្រាំ ក្នុង​ការធានា​សន្តិសុខ​ឲ្យសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជប៉ុន​គ្មានជម្រើស​អ្វី​ក្រៅតែ​ពី​ងាក​ទៅ​ពង្រឹង​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អូស្ត្រាលី។ នៅក្នុងអំឡុង​ទស្សនកិច្ច​ទៅកាន់​រាជធានី កង់បេរ៉ា នៅថ្ងៃអង្គារ​ទី១៨ ខែ​សីហា រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន លោក  Shinjiro Koizumi បាន​ប្រកាស​ពីការជំរុញ​សហប្រតិបត្តិការយោធា​ជាមួយ​អូស្ត្រាលី ដែលនៅក្នុងនោះ​អូស្ត្រាលី​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​ធ្វើតេស្ត បាញ់​សាកល្បង​គ្រាប់មីស៊ីល​អ៊ីពែរសូនិក និងគ្រាប់​ផ្សេងៗទៀត នៅទឹកដី អូស្ត្រាលី។

ចំពោះប្រមុខការពារជាតិជប៉ុន ការបាញ់សាកល្បង​គ្រាប់មីស៊ីល​អ៊ីពែរសូនិករបស់ជប៉ុន​នៅក្នុងទឹកដីអូស្រ្តាលី ជា​វិវត្តន៍មួយជំហានធំ​ក្នុងទំនាក់ទំនង​រវាង​ប្រទេសជប៉ុន និងអូស្ត្រាលី។

ថ្លែងក្នុងសន្និសីទកាសែត​ជាមួយ​សមភាគីជប៉ុន រដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី​លោក​Richard Marles បាន​អះអាងវិញថា ទៅតាម​កិច្ចព្រមព្រៀងយោធារវាង​ប្រទេស​ទាំងពីរ ជប៉ុន​យល់ព្រម ទិញមីស៊ីល​របស់​អូស្ត្រាលី​សម្រាប់​ប្រើ​ជា​អាវុធយុទ្ធសាស្រ្ត​ការពារជប៉ុន។

នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​យោធាដដែល រដ្ឋមន្រ្តី​ការពារជាតិ អូស្ត្រាលី និងជប៉ុន​បាន​ប្រកាស​ពីគម្រោង​ចាប់ដៃ​គ្នា ក្នុង​ការផលិត​ប្រព័ន្ធ​ការពារ​ទំនើបថ្មី នោះគឺ​ប្រព័ន្ធ Laser​ដែល​មាន​ឈ្មោះថា BooBook។ Boobook នេះជា​ឈ្មោះ​សត្វទីទុយអូស្ត្រាលីដែលមាន​សមត្ថភាព​មើល​ក្នុង​ស្បៃរាត្រីងងឹត។ បើតាម​រដ្ឋមន្រ្តីការពារជាតិ​អូស្ត្រាលី ប្រព័ន្ធ​Laser  Boobook ដែលមាន​សមត្ថភាព​ចាប់​សញ្ញាគំរាមកំហែងដ៏គ្រោះថ្នាក់ នឹង​ត្រូវ​បំពាក់​នៅ​ទីតាំងការពារ​ជាយុទ្ធសាស្រ្ត មិនថា នៅ តាមឆ្នេរ ឬ​នៅ​ក្នុង​សមរភូមិប្រយុទ្ធ។

អូស្ត្រាលី និងជប៉ុន​បាន​បង្កើន​សហប្រតិបត្តិការយោធា​រវាងគ្នា នៅ​ក្នុងកាលៈទេសៈដែល​ប្រទេស​ទាំងពីរ​សង្កេត​ឃើញ​សកម្មភាព​ពង្រីកដែន​យោធា និង​ចរិត​គំរាមកំហែង​របស់​ចិន នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។ អូស្ត្រាលី និង​ជប៉ុន​សហការរួមគ្នា​ដើម្បីអភិវឌ្ឍ​កម្មវិធីយោធា បន្ទាប់ពីអាមេរិក​របស់​លោកដូណាល់ ត្រាំ ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​ក្នុងតំបន់​បង្កើន​ការចំណាយ​លើ​សព្វាវុធ​ដើម្បីការពារខ្លួនឯង ដោយមិនត្រូវ​រង់ចាំ​តែ​ជំនួយ​របស់អាមេរិក។

នៅ​ឆ្នាំមុន អូស្ត្រាលី​បាន​ចុះកិច្ចព្រមព្រៀងយោធា​ដែលអនុញ្ញាត​ឲ្យ​អូស្ត្រាលី​ទិញ​នាវាចម្បាំង​របស់​ជប៉ុន​ក្នុងតម្លៃ ៦ពាន់លាន​ដុល្លារអាមេរិក។ នេះជា​គម្រោងលក់សព្វាវុធ​ដ៏ធំមួយដែល​ជប៉ុន​មិនធ្លាប់​មាន គិតចាប់តាំង​ពី​ចប់​សង្រ្គាមលោក​លើក​ទី២៕

ប្រភព៖ RFI | ដោយ៖ ឈាង បុប្ផា