បន្ទាប់ពីការបំពេញទស្សនកិច្ចជាបន្តបន្ទាប់តាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ី ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីព្រឹទ្ធសភាកម្ពុជា តែក្រសួងការបរទេសកម្ពុជា មិនទាន់ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការណាមួយនៅឡើយ។
ទោះយ៉ាងណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត គិន ភា យល់ឃើញថា ទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង គឺជាការពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា និងជាផ្នែកមួយនៃការពង្រឹងភាពស្របច្បាប់នៃអំណាចជាប្រធានាធិបតីរបស់លោកនៅភូមា ក្រោយប្រទេសមួយចំនួនមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោត។
ដោយឡែក អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលោក សេង វណ្ណលី មើលឃើញពីហានិភ័យខ្លះៗសម្រាប់កម្ពុជា ពេលទទួលស្វាគមន៍ លោក មីន អ៊ុងឡាំង។ តាមលោក សេង វណ្ណលី ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលលោក មីន អ៊ុងឡាំង ក្នុងកម្រិតខ្ពស់ដោយមិនភ្ជាប់ជាមួយសារច្បាស់លាស់ ដូចជាការបញ្ឈប់អំពើហិង្សា ការដោះលែងអ្នកទោសនយោបាយ និងការវិលត្រឡប់ទៅរកដំណោះស្រាយនយោបាយ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិបត្តិភូមា នោះកម្ពុជាអាចត្រូវគេមើលឃើញថា កំពុងជួយផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំ ដែលបានឡើងកាន់អំណាចពីរដ្ឋប្រហារ។
គួររម្លឹកថា បន្ទាប់ពីឈ្នះការបោះឆ្នោត ដែលគ្មានគូប្រជែង នៅខែមេសា ឆ្នាំ២០២៦ មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង បានក្លាយជាប្រធានាធិបតី ហើយចាប់ពីពេលនោះមក លោកខំប្រឹងធ្វើនយោបាយការទូតនៅបរទេស ដើម្បីស្វែងរកការទទួលស្គាល់ និងគាំទ្រពីអន្តរជាតិ។ ជាក់ស្តែង នៅពាក់កណ្តាលខែមិថុនា លោក មីន អ៊ុងឡាំង បានធ្វើដំណើរទៅជួបប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង នៅរដ្ឋធានីប៉េកាំង និងបន្តទៅជួបលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នៅរដ្ឋធានីញូវដែលី។
នៅក្នុងខែសីហានេះ លោក មីន អ៊ុងឡាំង ក៏បានទៅជួបសន្ទានាការងារដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ក្នុងទីក្រុងបាងកក។ នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមាបានរាយការណ៍ថា លោក មីន អ៊ុងឡាំង បានចេញដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។ ជាដំណើរដែលអ្នកវិភាគមើលឃើញថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងដើម្បីបានការទទួលស្គាល់ភាពស្របច្បាប់នៃរបបសឹកភូមា៕
ប្រភព៖ RFI | ដោយ៖ ហ៊ុល រស្មី







