សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ​ អំពាវនាវឲ្យ​មានច្បាប់ហាមឃាត់អាវុធ​ស្វ័យប្រវត្តិ

អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ​ អំពាវនាវឲ្យ​មានច្បាប់ហាមឃាត់អាវុធ​ស្វ័យប្រវត្តិ
ដ្រូន​ចម្ងាយឆ្ងាយ​ FP-1 របស់អ៊ុយក្រែន ថ្ងៃទី​១៦សីហា​២០២៦ AP Photo/Efrem Lukatsky - Efrem Lukatsky

កាលពីឆ្នាំ​​ ២០២៣ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីយ៉ូ ហ្គូទែសរ៍​ និងប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម លោកស្រី Mirjana Spoljaric Egger បានរួមគ្នាអំពាវនាវឱ្យប្រទេសទាំងអស់ ដាក់បម្រាមលើប្រព័ន្ធអាវុធស្វ័យប្រវត្តិ យ៉ាងយូរត្រឹមឆ្នាំ ២០២៦។ ប៉ុន្តែការអំពាវនាវនេះ មិនទទួលបានការឆ្លើយតបឡើយ។ ថ្ងៃអង្គារទី​២៥សីហា ថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំង​២ បាន​ថ្លែងជាថ្មីម្តងទៀត​ថា ឥឡូវនេះពិភពលោកយើង កំពុងខិតជិតយ៉ាងគ្រោះថ្នាក់បំផុត អាចឆ្លងកាត់បន្ទាត់ក្រហមសីលធម៌ នោះ​គឺការឱ្យម៉ាស៊ីនរ៉ូបូ ធ្វើការកំណត់គោលដៅសម្លាប់​មនុស្សដោយស្វ័យប្រវត្តិ។

ថ្នាក់ដឹកនាំទាំង២ បាន​​លើកឡើងថា គម្លាតដាច់ឆ្ងាយពីគ្នា​មានកាន់តែធំឡើង រវាងសមត្ថភាពបច្ចេកវិទ្យាទំនើប និងការដាក់កំហិតតាម​បទប្បញ្ញត្តិច្បាប់​​។ បច្ចេកវិទ្យាទំនើបដែលគេ​យកទៅ​​ប្រើប្រាស់នៅសមរភូមិ កំពុងបង្កើនហានិភ័យ បង្កគ្រោះថ្នាក់​​ដល់អាយុជីវិត​ជនស៊ីវិល និងបំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

សូមបញ្ជាក់ថា ជាទូទៅ អាវុធស្វ័យប្រវត្តិត្រូវបានគេ​កំណត់និយមន័យថា ជាអាវុធដែលមានសមត្ថភាពជ្រើសរើសគោលដៅ និងប្រើកម្លាំងវាយប្រហារ ដោយគ្មានការអន្តរាគមន៍ពីមនុស្ស។ លោក Laurent Gisel អ្នកទទួលបន្ទុក​កិច្ចការជម្លោះប្រដាប់អាវុធ នៅគណៈកម្មការកាកបាតក្រហមអន្តរជាតិ បានពន្យល់ថា ប្រព័ន្ធអាវុធទាំងនេះ កំពុងត្រូវបានប្រើប្រាស់រួចហើយនៅសមរភូមិ និងក្នុងបរិបទទូលំទូលាយជាងនេះ ដែលធ្វើឱ្យហានិភ័យនៃការបាត់បង់ជីវិតជនស៊ីវិល មាន​​កាន់តែខ្ពស់»។

គួរបញ្ជាក់ដែរថា នៅក្នុងក្របខណ្ឌនៃអនុសញ្ញាស្តីពីអាវុធសាមញ្ញ​ធម្មតា (CCAC) ក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលមួយ បានជជែកពិគ្រោះយោបល់​គ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្តីអំពី​​បញ្ហាអាវុធស្វ័យប្រវត្តិ និងច្បាប់អន្តរជាតិ ។ ក្រុមអ្នកជំនាញនេះ នឹងបញ្ចប់អាណត្តិរយៈពេលបីឆ្នាំរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយសង្ឃឹមថានឹងអាចអនុម័តឯកសារមួយដែលមានការឯកភាពគ្នា។ បន្ទាប់មកទៀត ប្រទេសទាំងអស់ អាចនឹង​សម្រេចនៅក្នុងសន្និសីទ​ខែវិច្ឆិកា ថាតើត្រូវចាប់ផ្តើម​ការចរចាដើម្បីរៀបចំច្បាប់គ្រប់គ្រង ឬមិនចាប់ផ្តើម។

ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងកាកបាតក្រហមអន្តរជាតិ​​ បានអះអាងថា គឺ​អ្នកវិទ្យាសាស្ត្រ និងវិស្វករដែលកំពុងអភិវឌ្ឍប្រព័ន្ធអាវុធ​ទាំងនេះផ្ទាល់តែម្តង ដែល​បង្ហាញការព្រួយបារម្ភកាន់តែខ្លាំង ស្តីពីគ្រោះថ្នាក់ប្រសិនបើគ្មានច្បាប់គ្រប់គ្រង​អាវុធស្វ័យប្រវត្តិ​​។ នៅពេលដែលអ្នកស្រាវជ្រាវ អ្នកផលិត​​បច្ចេកវិទ្យាទាំងនេះផ្ទាល់ ខំប្រឹង​​អំពាវនាវឱ្យមានការកំណត់ព្រំដែន នោះប្រទេសទាំងអស់ មិនអាចបន្ត​ធ្វើខ្លួន​​អសកម្មបានឡើយ»។ គ្រប់ប្រទេស ត្រូវតែមាន​​ភាពក្លាហាននយោបាយ ចាប់ផ្តើមការចរចាជាបន្ទាន់ ដើម្បីអនុម័តអត្ថបទ​ច្បាប់ ដែលមានអនុភាពគ្រប់គ្រងប្រព័ន្ធអាវុធស្វ័យប្រវត្តិ តាមរយៈការហាមឃាត់ និងការរឹតត្បិតដ៏​ច្បាស់លាស់។

យោងតាម​ លោក Laurent Gisel កាកបាតក្រហមអន្តរជាតិ​ មិនបានទាមទារឱ្យហាមឃាត់ប្រព័ន្ធអាវុធស្វ័យប្រវត្តិទាំងអស់នោះទេ ប៉ុន្តែទាមទារឱ្យហាមឃាត់ប្រភេទមួយចំនួន «ដែលមានលក្ខណៈមិនអាចទទួលយកបានខ្លាំង​ជាងគេ ពោលគឺជាអាវុធបំពាក់ដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​​ ដែល​បង្កហានិភ័យខ្ពស់បំផុត ចំពោះ​​ការរំលោភច្បាប់អន្តរជាតិមនុស្សធម៌ បង្កផលវិបាកធ្ងន់ធ្ងរផ្នែកមនុស្សធម៌ និងធ្វើឲ្យ​បាត់បង់ជីវិតមនុស្ស​ច្រើនខ្លាំង៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី