ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តក្រចេះ បានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ២២៨ករណី តាមរយៈការចុះល្បាតចំនួន ១ ៤១៥លើក នៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តក្រចេះ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានទាំងនេះរួមមាន បទល្មើសទន្ទ្រានដីព្រៃ បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃ។
ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីជំនាញបរិស្ថានខេត្តក្រចេះ ក៏បានកសាងសំណុំរឿងចំនួន៤៧ បញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ក្នុងនោះមានសំណុំរឿងទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិចំនួន៣៩ និងសំណុំរឿងបទល្មើសព្រៃឈើចំនួន ៨។
ជាមួយគ្នានេះ តាមរយៈការអនុវត្តវិធានការច្បាប់របស់មន្ទីរបរិស្ថានខេត្ត តុលាការបានចេញសាលក្រមស្ថាពរ ដោយរឹបអូសដីទំហំ ៤៤ ៧៩៨ហិកតា មកជាដីរដ្ឋវិញ និងបានបញ្ជូនជនសង្ស័យចំនួន ៦នាក់ ទៅសាលាដំបូងខេត្តក្រចេះ។ មន្ទីរបរិស្ថានខេត្តក្រចេះក៏បានបង្ហាញថា ក្នុងចំណោមបទល្មើសដែលបានបង្ក្រាប មានបទល្មើសទន្ទ្រានដីព្រៃចំនួន ១២១ករណី បទល្មើសព្រៃឈើចំនួន ៣៧ករណី បទល្មើសសត្វព្រៃចំនួន ៥៥ករណី បទល្មើសឡធ្យូងខុសច្បាប់ចំនួន ៣៦ករណី និងបទល្មើសសាងសង់រោងខុសច្បាប់ចំនួន ២៧ករណី។
គួរឱ្យដឹងថា បច្ចុប្បន្ន ខេត្តក្រចេះមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន រួមមាន ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ-សត្វតោ ដែលមានផ្ទៃដីសរុបជាង ២៨ម៉ឺនហិកតា។ តំបន់ទាំងនេះមានសារៈសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ ការពារជម្រកសត្វព្រៃ និងថែរក្សាប្រព័ន្ធអេកូឡូស៊ី។
លើសពីនេះ មន្ទីរបរិស្ថានខេត្តក្រចេះក៏បានបញ្ជាក់ពីការបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក សេង សុខហេង អ្នកសម្របសម្រួលនៃលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់បានសាទរ និងចង់ឃើញការបន្តអនុវត្តការងារបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់មន្ទីរបរិស្ថានខេត្តបន្ថែមទៀត។ ទោះយ៉ាងណា លោក សេង សុខហេង កត់សម្គាល់ថា បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានជាពិសេសនៅតំបន់ព្រៃឡង់ ដោយសារតែមានការសម្របសម្រួលពីបុគ្គលមន្រ្តីបរិស្ថានមួយចំនួន ដែលទទួលផលប្រយោជន៍ពីសកម្មភាពបទល្មើសទាំងនោះ។
ក្នុងន័យនេះ លោកជំរុញអាជ្ញាធរពាក់ព័ន្ធត្រូវតែបន្តការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង លុបបំបាត់អំពើរលួយក្នុងវិស័យព្រៃឈើ និងបង្កើតជាយន្តការដាក់ពាក្យបណ្តឹងអនាមិក ដែលអនុញ្ញាតឱ្យពលរដ្ឋអាចរាយការណ៍ពីបទល្មើសព្រៃឈើបានដោយសុវត្ថិភាព និងឯករាជ្យភាព៕
ប្រភព៖ RFI | ដោយ៖ ស៊ឹម ចាន់សំណាង








