សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ម៉ាឡេស៊ីគ្រោង​បញ្ជូន​ជនភៀសខ្លួន​​៦៥០០នាក់​​បន្ថែមទៀត ទៅកាន់ភូមាវិញ

ម៉ាឡេស៊ីគ្រោង​បញ្ជូន​ជនភៀសខ្លួន​​៦៥០០នាក់​​បន្ថែមទៀត ទៅកាន់ភូមាវិញ
ជនភៀសខ្លួនភូមា ដែលត្រូវបាន​អាជ្ញាធរម៉េឡេស៊ី ចាប់បញ្ជូនប្រគល់​ទៅ​ឲ្យភូមាវិញ។​ ទីក្រុងរ៉ង់ហ្គូន ថ្ងៃទី​៤តុលា​២០២៦ AP Photo/Thein Zaw - Thein Zaw

ថ្ងៃអង្គារទី​២៤វិច្ឆិកា លោកអាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន​ប្រកាសថា ម៉ាឡេស៊ីនឹង​​បន្ត​បញ្ជូន​ជនភៀសខ្លួនទៅកាន់ភូមា​វិញ ចំនួន​៦៥០០នាក់​បន្ថែមទៀត។ ប្រភពពីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីវិញ បានបញ្ជាក់លម្អិតថា នៅថ្ងៃទី​៦និងទី​៧ធ្នូខាងមុខ ជនភៀសខ្លួនសញ្ជាតិភូមាចំនួន​១៥០០នាក់ នឹងត្រូវបញ្ជូនចេញតាមនាវាកងទ័ពជើងទឹកចំនួន​៣គ្រឿង​ ឆ្ពោះទៅកាន់ភូមា​។ ដំណាក់កាលបន្ទាប់ទៀត គឺមាន​៥៣០០នាក់ ដែលនឹងត្រូវ​បញ្ជូនចេញតាម​យន្តហោះ ហើយ​ភាគីភូមា គឺជាអ្នកចេញថ្លៃចំណាយ​ការដឹកជញ្ជូននេះ​។

គួររំលឹកថា​ កាលពីចុងខែ​កញ្ញា​ ម៉ាឡេស៊ីបានបញ្ជូនជនភៀសខ្លួន​ភូមាចំនួន​១៥០០នាក់ ទៅកាន់ភូមាវិញ​។ វិធានការនេះ ត្រូវបាន​​អង្គការសិទ្ធិមនុស្ស​ បរិហាររិះគន់ថា ម៉ាឡេស៊ីបានធ្វើ​ដោយ​មិនគិតខ្វល់ អំពីសុខសុវត្ថិភាពរបស់​ជនភៀសខ្លួន ដោយ​បញ្ជូនពួកគេទៅកាន់ប្រទេស​ដែលកំពុងតែ​ហែក​ហួរ​ដោយ​សង្គ្រាមស៊ីវីល​។​

សូមបញ្ជាក់ថា គិតត្រឹមពេលនេះគ្មានការបញ្ជាក់លម្អិតទេ ថា​តើក្នុង​​ចំណោម​ជនភៀសខ្លួន​ទាំង​៦៥០០នាក់ដែលម៉ាឡេស៊ីគ្រោងបញ្ជូនទៅភូមា មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែរឬទេ។ តែបើពិនិត្យ​លើពាក្យ​ពេចន៍​ដែលគេប្រើ គឺភាគីម៉ាឡេស៊ីនិយាយអំពី​ “ជនមានសញ្ជាតិ​​ភូមា”។​ ដោយឡែក​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ថ្វីបើរត់ចេញពីភូមាមែន​ តែជាទូទៅគឺពុំមាន​សញ្ជាតិ​ភូមាឡើយ ហើយក៏ពុំមានលិខិតស្នាមបញ្ជាក់ថាមានសញ្ជាតិអ្វីដែរ​។

គួរជំរាបដែរថា ការប្រកាសរបស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីមនៅពេលនេះ ត្រូវបានធ្វើ​ឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីម្នាក់របស់ម៉ាឡេស៊ី ចេញមុខ​ប្រកាសថាម៉ាឡេស៊ី គ្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួន​១ម៉ឺននាក់​​ទៅកាន់តួកគី។ ក៏ប៉ុន្តែមួយថ្ងៃក្រោយ​មក លោកនាយករដ្ឋមន្ត្រី​ អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ប្រកាសថានឹងគ្មាន​​គម្រោងដូចនេះទេ ព្រោះថាភាគីតួកគី បានឆ្លើយ​បដិសេធមិនទទួល​យកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឡើយ​។​

នៅចំពោះមុខអង្គ​​​សភាម៉ាឡេស៊ី លោក​អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បញ្ជាក់ថា តួកគីបាន​លើកហេតុផលថា គេមិនអាច​ទទួលបាន​ទេ ដោយសារបច្ចុប្បន្ននេះ នៅតួកគីមានជនភៀសខ្លួ​ន​​ជាង​៤លាននាក់រួចហើយ មកពីបណ្តាប្រទេសតំបន់ឈូងសមុទ្រ​ពែក្ស ប្រទេសអារ៉ាប់ និងប្រទេសជិតខាងផ្សេងទៀត​។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាន​អះអាងថា ទោះយ៉ាងណារដ្ឋាភិបា​ល​លោក បន្តស្វែងរកដំណោះស្រាយ​ រកប្រទេសទី​៣ណាមួយទៀត ក្នុងចំណោម​ប្រទេស​សមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម​ ដើម្បីបញ្ជូនជនរ៉ូហ៊ីងយ៉ាទៅទុក​៕​

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី