តាមវីដេអូដែលបង្ហោះតាមហ្វេសប៊ុកឈ្មោះ Wassana Nanuam នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញថា ក្រុមយោធាថៃបាននាំអ្នកសារព័ត៌មានដើរមើលគ្រប់ច្រកល្ហកនៅតំបន់អានសេះ រួមទាំងទីតាំងកាស៊ីណូរបស់ឧកញ៉ា ទ្រី ភាព ក្នុងតំបន់អានសេះ នៃទឹកដីស្រុកជំក្សាន្ត ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ ខែវិច្ឆិកាថា កម្ពុជាកំពុងតាមដានករណីនេះ និងថា ប្រសិនបើជាការពិត ក្រសួងការបរទេសកម្ពុជានឹងធ្វើកំណត់ទូតតវ៉ាចំពោះសកម្មភាពទាហានថៃដែលរំលោភលើអធិបតេយ្យភាពកម្ពុជាជាថ្មីទៀតនេះ។
នៅចំពោះមុខក្រុមអ្នកកាសែត ទាហានថៃអះអាងថា តំបន់អានសេះ រួមទាំងកាស៊ីណូ ត្រូវបានទាហានថៃគ្រប់គ្រងបានទាំងស្រុង ក្រោយពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាលើកទី២ កាលពីចុងឆ្នាំ២០២៥។ តែទាហានថៃ បានសារភាពថា ការប្រយុទ្ធគ្នា១០ថ្ងៃកាលណោះ បានធ្វើឲ្យទាហានថៃ ៧នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅតំបន់អានសេះ។ ជាលទ្ធផលទាហានថៃអះអាងថា ខ្លួនទទួលបានជោគជ័យ ដោយគ្រប់គ្រងតំបន់នោះទាំងស្រុង ដែលរួមមាន «ច្រកអានសេះ» ភ្នំលេខ ៦៧៧ ភ្នំ៥០០ ភ្នំ៥៦១ និង ភ្នំ៧៥៤។
ទាហានថៃអះអាងថា ការដែលខ្លួនវាយយកតំបន់អានសេះ ដោយសារតែកម្ពុជាបានរំលោភចូលទឹកដីថៃនៅទីនោះដោយបានសាងសង់ហាងលក់ដូរ និងផ្សារ រួមទាំងកាស៊ីណូ ដោយកាន់កាប់ទឹកដីថៃអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ ថៃក៏អះអាងទៀតថា ខ្លួនបានដាក់ពាក្យតវ៉ាចំនួន ៦៤លើកប្រឆាំងនឹងភាគីកម្ពុជា ចំពោះការរំលោភចូលទឹកដីថៃដែលនៅទីនោះ។
ក៏ប៉ុន្តែតំបន់អានសេះ គឺស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀមឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។ នេះជាការអះអាងរបស់លោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញកិច្ចការព្រំដែនកម្ពុជា។ តាមលោក ស្រ៊ឺ បូរ៉ា យោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី តំបន់អានសេះក៏នៅតែស្ថិតក្នុងទឹកដីកម្ពុជាដដែល។
សូមបញ្ជាក់ថា ច្រកអានសេះ ដែលស្ថិតក្នុងស្រុកជំក្សាន្ត ខេត្តព្រះវិហារ មិនមែនច្រកដែលទើបបង្កើតថ្មីឡើយ ពោលមានជាង ១០០ឆ្នាំមកហើយ ខណៈច្រកអានសេះ គឺជាច្រកព្រំដែនប្រពៃណីផង និងជាច្រកប្រវត្តិសាស្ត្រផង៕
ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន







