សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កូនប្រសាលោក ត្រាំ ទៅជួបក្រុមហាម៉ាសនិងលោក នេតាន់យ៉ាហ៊ូ ​និយាយពីផែនការសន្តិភាពតំបន់ហ្កាហ្សា

កូនប្រសាលោក ត្រាំ ទៅជួបក្រុមហាម៉ាសនិងលោក នេតាន់យ៉ាហ៊ូ ​និយាយពីផែនការសន្តិភាពតំបន់ហ្កាហ្សា
លោក Jared Kushner កូនប្រសានិងជាតំណាងរបស់​លោកត្រាំ ជួបជាមួយ​ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi នៅទីក្រុងគែរ ថ្ងៃទី​១៧សីហា​២០២៦ via REUTERS - EGYPT PRESIDENTIAL HANDOUT

លោក ចារ៉េត គូឆនែរ កូនប្រសាលោក ត្រាំ អមដំណើរដោយលោក​ Nikolai Mladenov អ្នក ទទួលបន្ទុកកិច្ចការហ្គាហ្សានៃ​ «ក្រុមប្រឹក្សាសន្តិភាព» ដែល​បង្កើតឡើងដោយ​លោក ដូណាល់ ត្រាំ​ បានទៅជួប​លោក​ប្រធានាធិបតីអេហ្ស៊ីបនៅរដ្ឋធានីគែរ ថ្ងៃទី​១៧​ ខែសីហា។ ផ្អែកតាមប្រភពការទូត លោក ​ចារ៉េត​ គូឆនែរ ក៏បានជួបប្រជុំជាមួយគណៈប្រតិភូក្រុមហាម៉ាស ដឹកដឹកនាំដោយ​មេថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា។

ភាគីទាំង២ ជជែកគ្នា អំពី​ផែនការសន្តិភាពតំបន់ហ្កាហ្សា ដែល​លោក​ដូណាល់ ត្រាំបានគូសវា​ស​។ ដំណាក់កាលទី២ដែលត្រូវចាប់ផ្តើម គឺការរំសាយ​អាវុធ​ក្រុមហាម៉ាស និង​ក្រុមប្រដាប់អាវុធផ្សេងទៀតនៅហ្កាហ្សា ជាមួយ​នឹងការដកចេញនូវកងទ័ពអ៊ីស្រាអែល​ជាសន្សឹម​ៗ។ ផែនការនេះ ក៏បានកំណត់បង្កើតកងកម្លាំងអន្តរជាតិពិសេស ​ដោយសហការជាមួយ​កម្លាំងនគរបាល​ប៉ាឡេស្ទីន ដើម្បីរក្សា​ស្ថិរភាពសន្តិសុខតំបន់ហ្កាហ្សា​។

គួរបញ្ជាក់ថា នៅចុងខែកក្កដា​​ ក្រុមហាម៉ាសបានប្រកាសទទួលយកផែនការសន្តិភាពរបស់​លោកដូណាល់ ត្រាំ តែដោយ​ដាក់លក្ខខណ្ឌថា ទាល់តែភាគីអ៊ីស្រាអែល សន្យាគោរពឲ្យ​បានជាក់ច្បាស់ ទាក់ទិននឹងការដកទ័ពចេញហើយឈប់បាញ់​ប្លោងគ្រាប់មកលើហ្កាហ្សា។

សូមបញ្ជាក់ថា តាមការគ្រោងទុក កូនប្រសាលោកត្រាំ នឹងបន្តដំណើរ​ពី​​អេហ្ស៊ីប​ ឆ្ពោះទៅកាន់អ៊ីស្រាអែល​ ដើម្បីជួបជាមួយ​លោកនេតាន់យ៉ាហ៊ូ។ កម្មវត្ថុ​គឺបញ្ចុះបញ្ចូល​ឲ្យ​​ភាគីអ៊ីស្រាអែល ព្រមទទួលយក​ផែនការសន្តិភាព​​។ កាលពីដើមខែសីហានេះ លោក​នេតាន់យ៉ាហ៊ូ បានប្រកាសច្រានចោល​ផែនការសន្តិភាពទាំង​១៥ចំណុច ស្នើដោយ​រដ្ឋបាល​លោកត្រាំ​។ លោក​បានអះអាងថា សម្រាប់អ៊ីស្រាអែល ផែនការនេះ​មិនបានធានា​ឲ្យ​ជាក់លាក់ទេ ថាក្រុមហាម៉ាស នឹងពិតជារំសាយ​អាវុធចោលទាំងស្រុង ហើយ​នឹងមិនរៀបចំកម្លាំង​វាយ​ប្រហារ​មកលើអ៊ីស្រាអែល​សាជាថ្មីទៅថ្ងៃអនាគត​។

សូមជំរាបដែរថា មុននឹងជួបជាមួយ​គណៈប្រតិភូអាមេរិក មេក្រុម​ហាម៉ាស ខាលីល អាល់ហៃយ៉ា បានជួបប្រជុំជាមួយ​ប្រមុខស៊ើបការណ៍សម្ងាត់អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ​ទី​១៦សីហា។ កន្លងមក គេដឹងថា អាវុធមួយចំនួនធំរបស់​ក្រុមហាម៉ាស គឺត្រូវបានដឹកចូលតាមរូងក្រោមដី ភ្ជាប់ពីអេហ្ស៊ីប​មកហ្កាហ្សា​៕

ប្រភព៖ RFI | ដោយ៖ ម៉ម ពិសី