យោងតាមរបាយការណ៍កម្រាស់ ៥២ទំព័រ ដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបាននៅថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៦ ចំណុចខ្វះខាត ដែលខុមហ្វ្រែលបានរកឃើញ អំឡុងពេលចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០២៥ នោះគឺ បញ្ហាឈ្មោះស្ទួន នៅតែកើតមានក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
បន្ថែមពីនេះ ការប្រើប្រាស់អត្តសញ្ញាណបណ្ណអស់សុពលភាពដើម្បីយកទៅចុះឈ្មោះបោះឆ្នោត ការបាត់ឈ្មោះពីក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត បញ្ហាខ្វះការផ្តល់ព័ត៌មានស្តីពីការទៅចុះឈ្មោះបោះឆ្នោតជាដើម សុទ្ធសឹងជាចំណុចខ្វះខាត នៅឆ្នាំ២០២៥ ដែលខុមហ្វ្រែលបានកត់ត្រាទុក។
ដោយឡែកចំពោះកង្វះខាតសម្ភារៈបច្ចេកទេសនៅកន្លែងចុះឈ្មោះបោះឆ្នោត ដូចជា តុ កៅអី និងទីតាំងខ្លះតូចចង្អៀត ក៏ត្រូវបានអង្គការខុមហ្វ្រែលធ្វើការកត់សំគាល់ បន្ថែមពីលើបញ្ហាម៉ាស៊ីស្កែនម្រាមដៃមិនស្គាល់ កុំព្យូទ័រខ្លះរអាក់រអួល ឬមិនដំណើរការ ភាពស្មុគស្មាញនៃនីតិវិធី ដែលតម្រូវឲ្យពលរដ្ឋត្រូវរង់ចាំរយៈពេលយូរជាដើម។
បើតាមខុមហ្វ្រែល លើសពីបញ្ហាដែលបានរកឃើញទាំងនេះ ពលករចំណាកស្រុក ដូចជា កម្មកររោងចក្រ កាស៊ីណូ និងនិស្សិត អះអាងថា ពួកគេពិបាកទៅចុះឈ្មោះបោះឆ្នោត។ ពិបាកដោយសារតែកន្លែងធ្វើការរបស់ពួកគេស្ថិតនៅឆ្ងាយពីផ្ទះភូមិឃុំដែលមានការចុះឈ្មោះបោះឆ្នោត។ ម្យ៉ាងទៀតដោយសារ តែការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅក្នុងរដូវវស្សា ពលរដ្ឋជាច្រើនដែលរវល់ការងារស្រែចម្ការក៏ខកខានមិនបានទៅចុះឈ្មោះនឹងគេដែរ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានបញ្ជាក់បន្ថែមថា ការរកឃើញរបស់ខុមហ្វ្រែលនេះ គឺជាកញ្ចក់សម្រាប់បំភ្លឺផ្លូវ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
ឆ្លើយតបនឹងការរកឃើញភាពមិនប្រក្រតីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទទួលស្គាល់ និងបានអះអាងពីការសហការជាមួយភាគីពាក់ព័ន្ធក្នុងការធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពប្រសើរឡើង ពេញលេញ និងមានបច្ចុប្បន្នភាព។ ភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោត គឺជាផ្នែកយ៉ាងសំខាន់ នៃដំណើរការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាម គ.ជ.ប៕
ប្រភព៖ RFI | ដោយ៖ អ៊ឹង ប៊ុនថន








