នៅក្នុងអត្ថបទគំនិតផ្ទាល់ខ្លួនដែលចុះផ្សាយលើសារព័ត៌មាន Fox News លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានចាត់ទុកថា ការបង្ក្រាបលើក្រុមហ៊ុន Prince Group របស់អតីតអ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាការបង្រ្កាបរឹបអូសបានលុយកខ្វក់ដ៏សម្បើមមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រអាមេរិក។ ពោល គឺទឹកប្រាក់ប្រមាណជាង ១៥ពាន់លានដុល្លារត្រូវអាជ្ញាធរអាមេរិកបង្កក និងរឹបអូសពីក្រុមឧក្រិដ្ឋជនអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា។
នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានបញ្ជាក់ថា ក្នុងប្រតិបត្តិជាង ១ឆ្នាំមកនេះសហរដ្ឋអាមេរិកបានសហការជាមួយបណ្តាប្រទេសជាច្រើនក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញឆ្លងដែននៅលើពិភពលោក។ កម្មវត្ថុធំបំផុតរបស់អាមេរិក គឺការពារជនជាតិរបស់ខ្លួន និងដោះលែងជនរងគ្រោះនៃការជួញដូរមនុស្សរាប់ពាន់នាក់ពីមជ្ឈមណ្ឌលឆបោកអនឡាញ។ បើតាមលោក Kash Patel ការសហការជាមួយបណ្តាប្រទេសជាដៃគូរាប់ទាំងប៉ូលិសកម្ពុជាផងនោះសរបញ្ជាក់ថា ឧក្រិដ្ឋជនឆបោកអនឡាញមិនអាចសម្ងំលាក់ខ្លួនបន្តទៀតបានឡើយ។
សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានបញ្ជាក់ថា វ៉ាស៊ីតោនចាត់ទុកបញ្ហាឆបោកតាមប្រព័ន្ធអនឡាញជាអាទិភាពកំពូលមួយក្នុងការលុបបំបាត់ឱ្យខាងតែបាន។ ចំពោះអាមេរិក ឧក្រិដ្ឋកម្មមួយនេះបានឆបោកប្រាក់ពលរដ្ឋរបស់ខ្លួនអស់រាប់ពាន់លានដុល្លារ។
នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា លោក Kash Patel បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់កម្ពុជាក្នុងការបោសសម្អាតជង្រុកឆបោកនៅទូទាំងប្រទេស ព្រមទាំងបានចាប់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធផ្តន្ទាទោសតាមច្បាប់។ នាយក FBI រូបនេះអះអាងថា អាមេរិកនឹងនៅតែបន្តសហការជាមួយកម្ពុជាដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារពលរដ្ឋរបស់ខ្លួនពីបណ្តាញឧក្រិដ្ឋជន។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ក៏អះអាងពីការប្តេជ្ញាចិត្តសហការជាមួយអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា តួយ៉ាងបទល្មើសបច្ចេកវិទ្យាជាសកលនេះ៕
ប្រភព៖ RFI | ដោយ៖ ជួប នរក្សា







