សំណើរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញធ្វើឡើងដោយផ្តោតលើហេតុផលចំនួន២ ទី១ ការពង្រឹងច្បាប់ចរាចរណ៍នេះត្រូវបានផ្អាកអំឡុងពេលកម្ពុជាមានសង្គ្រាមតាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកលតាមរយៈសង្គ្រាមនៅមជ្ឈិមបូព៌ា និងទី២ ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះអនុវត្តតែនៅក្នុងភូមិសាស្ត្រដែលមានគ្រោះថ្នាក់ច្រើន រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។
ចំណែកចំណាត់ការក៏តែលើអំពើល្មើសដែលបង្កគ្រោះថ្នាក់សំខាន់ៗ រួមមានការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប និងការដឹកជញ្ជូនទំនិញសំពីងសំពោង។
លោក គង់ រតនៈ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោកយល់ឃើញថា ការពង្រឹងការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរណ៍ផ្លូវគោកគួរធ្វើឡើងតិច ឬច្រើនឲ្យបានជាប់លាប់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពៅលចៀសវាងការខកខានមិនបានអនុវត្តទាំងស្រុង។ បើតាមអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ ការអនុវត្តច្បាប់គួរធ្វើឡើងឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងស្មើភាពគ្នា។
សូមរម្លឹកថា កម្ពុជាបានផ្អាកជាបណ្តោះអាសន្នការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីខែកក្កដា ឆ្នាំ២០២៥ ក្រោមហេតុផលប្រទេសកំពុងប្រឈមនឹងសង្គ្រាមព្រំដែន និងវិបត្តិសេដ្ឋកិច្ចសកល។
តាមរបាយការណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ២៧៩លើក ពោលកើនឡើងចំនួន ២១៣លើក ឬកើន ២០% និងមានចំនួនអ្នកស្លាប់កើនឡើង ៧៩នាក់ ឬកើន១១% និងរបួសកើន ៤៦៨នាក់ ឬកើន ៣២%) បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍បានកត់សម្គាល់ទៀតថា ទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ចំណែកកត្តាគ្រោះថ្នាក់សំខាន់ៗ មានកត្តាអ្នកបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស។ ចំណុចនេះឆ្លុះបញ្ជាំងថា អ្នកបើកបរខ្លាចនគរបាលជាងខ្លាចច្បាប់៕
ប្រភព៖ RFI | ដោយ៖ ញឹម សុផល







