នៅលើបណ្តាញសង្គមនាថ្ងៃទី២៩ កក្កដានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរសាររម្លឹកឡើងវិញពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីឆ្នាំ២០២៥ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ការផ្លាស់ទីលំនៅជាច្រើនគ្រួសារ និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ដែលនៅតាមបណ្តាយព្រំដែនខ្មែរ-ថៃ។ ៣ខែក្រោយការប្រយុទ្ធគ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរក្នុងថ្ងៃទី២៦ តុលា ឆ្នាំ ២០២៥។ គួររម្លឹកជូនថា មុនមានកិច្ចព្រមព្រៀងសន្តិភាពមួយនេះ កងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នាតាមព្រំដែនរយៈពេល ៥ថ្ងៃក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឲ្យស្លាប់ទាហាន និងជនស៊ីវិលទាំងសងខាង។
តែគេក៏មិនត្រូវភ្លេចនិយាយថា កងទ័ពថៃបានចាប់ទាហានខ្មែរចំនួន ១៨នាក់ធ្វើជាចំណាប់ខ្មាំងក្នុងថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ ពោលក្រោយមានការប្រកាសបទឈប់បាញ់ក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ទាហានខ្មែរទាំង ១៨នាក់ត្រូវបានភាគីថៃដោះលែងប្រគល់ឲ្យកម្ពុជាវិញ ក្រោយពីកម្ពុជា និងថៃសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបទឈប់បាញ់លើកទី២ ក្នុងថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥។ ទោះជាយ៉ាងណា ស្ថានទូតអាមេរិកនៅតែចាត់ទុកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថាជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ។ សម្រាប់ស្ថានទូតអាមេរិក ទោះបីជានៅមានការងារជាច្រើនទៀតដែលភាគីកម្ពុជា និងថៃត្រូវបន្តធ្វើបន្ថែមក៏ដោយក៏កិច្ចព្រមព្រៀងដែលមានស្រាប់មួយនេះនៅតែបន្តផ្តល់ឲ្យភាគីទាំង ២ កាត់បន្ថយភាពតានតឹង និងទប់ស្កាត់មិនឲ្យការប្រយុទ្ធគ្នាកើតមានឡើងវិញដែរ។
ទន្ទឹមគ្នានេះ អាមេរិកនៅតែបន្តប្តេជ្ញាចិត្តបង្រួបបង្រួមប្រទេសទាំង ២ ឲ្យពង្រឹងសន្តិភាពដ៏យូរអង្វែងរវាងគ្នា។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ មើលឃើញថា អាមេរិកនៅតែបន្តយកចិត្តទុកដាក់លើជម្លោះកម្ពុជា និងថៃ ហើយថា សាររបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាពេលនេះជាការក្រើនរំឭកដល់ភាគីកម្ពុជា និងថៃ ពិសេសថៃដែលជារឿយៗបានបំពានលើបទឈប់បាញ់។ ចំពោះលោកបណ្ឌិត យង់ ពៅ ជម្លោះខ្មែរ និងថៃច្រើនបង្កដោយមហិច្ឆតារបស់ថៃដែលចង់បានទឹកដីកម្ពុជា។ ក្នុងន័យនេះ និងបើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវតែពង្រឹងការងារការទូតបន្ថែម និងបន្តអភិវឌ្ឍវិស័យការពារជាតិឲ្យខ្លាំងជាងមុនដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃ៕
ប្រភព៖ RFI | ដោយ៖ ហ៊ុល រស្មី







