បេសកកម្មបាញ់បង្ហោះរ៉ុកកែតដឹកផ្កាយរណបទូរគមនាគមន៍ទៅកាន់ទីអវកាសរបស់ចិន បានបរាជ័យ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហ៊ួរ រ៉ុកកែត Long March 7A ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Wenchang លើកោះហៃណាន នៅថ្ងៃចន្ទ ទី ១០ ខែសីហា។ ប៉ុន្តែបន្ទាប់ពីការបាញ់បង្ហោះបានប្រហែលជាងមួយនាទី រ៉ុកកែតនោះត្រូវបានគេកត់សម្គាល់ថា មានភាពមិនប្រក្រតីកើតឡើង។
ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូដែលត្រូវបានចែកចាយតាមបណ្តាញសង្គម បង្ហាញថា រ៉ុកកែតផ្ទុះនៅលើអាកាស។ នៅក្នុងវីដេអូនោះ គេឃើញពន្លឺភ្លើងផ្ទុះនៅលើមេឃ បន្ទាប់មកមានផ្សែងពណ៌ប្រផេះ និងកម្ទេចកម្ទីធ្លាក់ចុះមកក្រោម។ ចំណែកឯទូរទស្សន៍ Channel NewAsia របស់សិង្ហបុរី ក៏បានផ្សព្វផ្សាយវីដេអូពីហេតុការណ៍នេះដែរ។ ទោះជាយ៉ាងណា អាជ្ញាធរចិននៅមិនទាន់បញ្ជាក់ជាផ្លូវការទេថា រ៉ុកកែតបានផ្ទុះដោយរបៀបណា ហើយកម្ទេចកម្ទីបានធ្លាក់នៅកន្លែងណាខ្លះទេ។
សូមជម្រាប់ជូនថា បរាជ័យនេះកើតឡើងនៅពេលដែលចិនកំពុងបង្កើនការខិតខំប្រឹងប្រែងក្នុងវិស័យអវកាស។ ចិនបានចំណាយថវិកាជាច្រើនពាន់លានដុល្លារ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍសមត្ថភាពអវកាស និងសម្រេចគោលដៅដែលប្រធានាធិបតី ស៊ី ជីនពីង ហៅថា “ក្តីសុបិនអវកាស” របស់ចិន។ ដោយឡែកអគ្គនាយកក្រុមហ៊ុន SpaceX លោក Elon Musk បានបញ្ចេញមតិតាមបណ្ដាញសង្គម X របស់ខ្លួនថា «រ៉ុកកែតពិតជាពិបាកខ្លាំងណាស់» ហើយលោកសង្ឃឹមថា ចិននឹងអាចស្តារកម្មវិធីបាញ់បង្ហោះរបស់ខ្លួនឡើងវិញបានយ៉ាងឆាប់រហ័ស។
គួររម្លឹកថា បញ្ហាផ្ទុះរ៉ុកកែត Long March 7A លើកនេះ ធ្វើឲ្យគេនឹកដល់បរាជ័យនៃការបាញ់បង្ហោះរ៉ុកកែតប្រភេទនេះជាលើកដំបូង កាលពីឆ្នាំ ២០២០។ នៅពេលនោះ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហ៊ួរ បានរាយការណ៍ថា ពីបញ្ហាខូចមុខងារកើតឡើងនៅក្នុងបេសកកម្មបាញ់បង្ហោះ។ ចំណែកឯ បរាជ័យលើកនេះ ទីភ្នាក់ងារអវកាសចិនមិនទាន់បញ្ជាក់មូលហេតុពិតប្រាកដនៅឡើយទេ។ អាជ្ញាធរចិនបានអះអាងថា ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់ថា តើអ្វីទៅដែលបណ្ដាលឱ្យរ៉ុកកែតដែលទើបហោះចេញពីផែនដី មិនអាចបំពេញបេសកកម្មរបស់ខ្លួនបាន។
ចិនកំពុងធ្វើការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកវិធីបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ។ ប៉េកាំង មានគោលដៅបញ្ជូនអវកាសយានិកចិនទៅចុះចតលើព្រះចន្ទ មុនឆ្នាំ ២០៣០ ខណៈសហរដ្ឋអាមេរិកកំពុងបន្តកម្មវិធី Artemis ដើម្បីនាំមនុស្សទៅកាន់ឋានព្រះចន្ទដែរ ប៉ុន្តែ នៅឆ្នាំ២០២៨ មុនចិន២ឆ្នាំ៕
ប្រភព៖ RFI | ដោយ៖ ស្អាត សុភ័ណ្ឌ







