សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ពលរដ្ឋសហគមន៍ថ្លាន់១០០ជាង៤០នាក់ មកតាមដានញត្តិនៅក្រសួងដែនដី និងស្នើសុំអន្តរាគមន៍ពីទីស្តីការគណៈរដ្ឋមន្ត្រី

ប្រជាពលរដ្ឋសហគមន៍ថ្លាន់១០០ ខេត្តកំពត ជួបជាមួយលោក សុខ យស់គណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ពូ សូរាជីនី)
ប្រជាពលរដ្ឋសហគមន៍ថ្លាន់១០០ ខេត្តកំពត ជួបជាមួយលោក សុខ យស់គណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ពូ សូរាជីនី)

ប្រជាពលរដ្ឋសហគមន៍ថ្លាន់១០០ពីខេត្តកំពត ប្រមាណ ៤០នាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានមកតាមដានសំណើរបស់ពួកគេនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបន្តដាក់ញត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយស្នើឱ្យអាជ្ញាធរពន្លឿនការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ ខណៈពួកគេលើកឡើងថា បានដាក់សំណើតាំងពីឆ្នាំ២០១៩មក ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយជាក់លាក់នៅឡើយ។

អ្នកស្រី ង៉ែត យៀត ជាពលរដ្ឋរស់នៅសហគមន៍ថ្លាន់១០០ បានប្រាប់ថា គោលបំណងដែលពួកគេមកកាន់រាជធានីភ្នំពេញនៅពេលនេះ គឺដើម្បីតាមដានថា ដំណើរការដោះស្រាយករណីដីធ្លីរបស់ពួកគេបានឈានដល់ដំណាក់កាលណា និងស្នើឱ្យមានការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។

អ្នកស្រីប្រាប់ថា ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរពន្លឿនការចុះបញ្ជី ដើម្បីឱ្យពួកគេទទួលបានកម្មសិទ្ធិស្របច្បាប់ និងអាចរស់នៅលើដីដែលពួកគេអះអាងថាបានកាន់កាប់អាស្រ័យផល។

អ្នកស្រីមានប្រសាសន៍ថា៖ «ពន្លឿនជួយចុះបញ្ជីដីធ្លីប្រជាពលរដ្ឋនឹងផ្តល់ដីកម្មសិទ្ធិស្របច្បាប់នឹងឲ្យប្រជាពលរដ្ឋកុំរស់នៅទាំងភ័យខ្លាច ទាំងក្លាចគេ​ដេញចេញទាំងបង្ខំពីព្រោះប្រជាពលរដ្ឋ ខ្ញុំដែលរស់នៅថ្លាន់១០០ហ្នឹង វាមានចំនួន៤៩គ្រួសារ ដែលប្រឈមមុខគេបណ្តេញចេញ ដោយមិនមានដំណោះស្រាយឲ្យស្រេចបាច់ត្រឹមត្រូវ»។

អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរចាប់ពីថ្នាក់ឃុំ ខេត្ត រហូតដល់ក្រសួងពាក់ព័ន្ធ ដើម្បីឱ្យមានការឆ្វៀលដី និងចុះពិនិត្យទីតាំង ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេអះអាងថា មិនទាន់ទទួលបានដំណោះស្រាយណាមួយឡើយ។ តាមការលើកឡើងរបស់លោក សំណើរបស់ពួកគេបានបន្តតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៦។

ស្រដៀងគ្នាទៅនឹងប្រជាពលរដ្ឋម្នាក់ទៀត ឡែម សូនិត ថា ដែលមានបញ្ហាដីធ្លីនៅក្នុងសហគមន៍ថ្លាន់១០០ បាននិយាយថា ក្តីបារម្ភសំខាន់របស់គាត់ គឺការបាត់បង់ដីធ្លី និងលំនៅឋាន ប្រសិនបើការចុះបញ្ជីកម្មសិទ្ធិនៅតែមិនទាន់ត្រូវបានដោះស្រាយ។

អ្នកស្រីលើកឡើងថា៖ «បារម្ភបំផុតគឺបាត់បង់ដីធ្លី កាលណាអត់មានការបញ្ចុះដីធ្លីកាន់នឹងដៃប្រជាពលរដ្ឋត្រឹមត្រូវ អីចឹងបារម្ភបំផុតគឺបាត់បង់ដីធ្លីលំនៅឋានសមរម្យ គឺគ្មានទីជម្រកកូនចៅនៅ អត់មានដីអាស្រ័យផលចិញ្ចឹមជីវិតបន្តទៅមុខ»។

អ្នកស្រីបន្តថា៖ «សូមសំណូមពរឲ្យគាត់ពន្លឿនអាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធណាក៏ដោយឲ្យជួយសម្រួលឲ្យប្រជាពលរដ្ឋដូចខ្ញុំចុះបញ្ជីត្រឹមត្រូវដល់បណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យប្រជាពលរដ្ឋដោយស្របច្បាប់រស់នៅ ៤៩គ្រួសារនៅចំណុចថ្លាន់១០០ និងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ឲ្យបានត្រឹមត្រូវ»។

អ្នកស្រីលើកឡើងថា បច្ចុប្បន្នគាត់ក៏កំពុងប្រឈមនឹងបញ្ហាបំណុលធនាគារ ដោយអះអាងថា ជំពាក់ប្រមាណ៧ពាន់ដុល្លារ តាំងពីឆ្នាំ២០២០ ហើយករណីដីធ្លីនេះបានអូសបន្លាយតាំងពីឆ្នាំ២០១៩ ចំពោះបញ្ហាដីនេះគឺមានបញ្ហាជាមួយដីដែលពាក់ព័ន្ធនឹងក្រុមហ៊ុន សូ ងួន និងបានរងបណ្តឹងផងដែរ។

តាមការលើកឡើងរបស់អ្នកស្រី ក្រសួងបានឆ្លើយតបថា សាលាខេត្តកំពតត្រូវចាត់ការលើករណីនេះ ប៉ុន្តែរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ អ្នកស្រីអះអាងថា មិនទាន់ទទួលបានការឆ្លើយតបជាក់លាក់ពីសាលាខេត្តនៅឡើយ។

ចំណែកអ្នកស្រី សុត អៀន អាយុ៤១ឆ្នាំ ដែលជាសមាជិកសហគមន៍ថ្លាន់១០០ បានឱ្យដឹងថា ខាងក្រសួងដែនដីបានប្រាប់ប្រជាពលរដ្ឋថា នឹងជួយពន្លឿនដំណើរការដោះស្រាយករណីរបស់​សហគមន៍។

អ្នកស្រី សុត អៀន បាននិយាយថា បន្ទាប់ពីបានស្តាប់ការពន្យល់ពីតំណាងក្រសួង ប្រជាពលរដ្ឋនៅតែបន្តស្នើឱ្យមានការដោះស្រាយបញ្ហាដីធ្លីដែលពាក់ព័ន្ធនឹងក្រុមហ៊ុនកាឡាក់ស៊ី។ អ្នកស្រីអះអាងថា គាត់បានរស់នៅលើដីនោះតាំងពីឆ្នាំ២០១៤ ហើយបញ្ហាបានកើតឡើងនៅឆ្នាំ២០២០។

អ្នកស្រីបានលើកឡើងពីក្តីបារម្ភចំពោះអនាគតកូនៗ ដោយសារតែមានកូនតូចៗ ប៉ុន្តែប្រឈមនឹងបញ្ហាខ្វះលទ្ធភាពក្នុងការរស់នៅ និងការអប់រំ។

អ្នកស្រី សុត អៀន បញ្ជាក់ថា គាត់មានដីប្រមាណ២ហិកតា និងប្រើប្រាស់សម្រាប់ដាំចេក និងដំណាំចម្រុះ។ ប៉ុន្តែអ្នកស្រីថា ការខ្វះផ្លូវធ្វើឱ្យផលកសិកម្មពិបាកដឹកទៅលក់ និងធ្វើឱ្យតម្លៃផលិតផលធ្លាក់ចុះ។

អ្នកស្រីនិយាយថា៖ «សព្វថ្ងៃនេះកសិករមានជីវភាពធ្លាក់ចុះព្រោះអីអត់ផ្លូវ [ធ្វើដំណើរ]ពេលដែលពួកខ្ញុំដាំដំណាំចឹងទៅអត់មានផ្លូវដឹកអីចឹងទៅដូចជា ចេក១ស្វិត ៥០០៛ គេអត់ទិញផងពីព្រោះអត់ផ្លូវចូលពីមុនឡើយចេកបាន ១ស្វិត១៥០០៛ ប៉ុន្តែឥលូវនេះដាច់ផ្លូវអីចឹងទៅសូម្បីស្លឹកគ្រៃ១គីឡូ ៧០០៛ អត់មានឈ្មួញផង»។

អ្នកស្រីបន្ថែមថា ការមិនមានសុវត្ថិភាពលើដីធ្លីធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ប្រឈមនឹងភាពមិនច្បាស់លាស់ ព្រោះដីដែលកំពុងអាស្រ័យផលគឺជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត។

អ្នកស្រីបន្ថែមថា៖ «ប្រសិនអត់មានដីធ្លីហ្នឹង ពួកខ្ញុំប្រឈមខ្លាំងហ្មងត្រង់ថាពួកខ្ញុំអត់មានដីហ្នឹងទៅ ពួកខ្ញុំអត់មានដីអាស្រ័យផលដំណាំ ដាំដុះនៅលើហ្នឹង ពួកខ្ញុំអត់មានជីវភាពធូរធារទេ​ ពីព្រោះរស់រាល់ថ្ងៃហ្នឹងដីប៉ុណ្ណឹងប្រសិនជាដីប៉ុណ្ណឹងអត់មានទៀតពួកខ្ញុំសង្ឃឹមអីទៀត»។

ប្រជាពលរដ្ឋសហគមន៍ថ្លាន់១០០ ខេត្តកំពត នាំញត្តិទៅដាកនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ពូ សូរាជីនី)

ពាក់ព័ន្ធការតាមដានញត្តិនេះ តំណាងក្រសួងបានជួបនិងពន្យល់ទៅកាន់ ប្រជាពលរដ្ឋនៅមុខក្រសួងដែនដី លោក សុខ យស់ ជាគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពន្យល់ដល់ប្រជាពលរដ្ឋថា ករណីនេះពាក់ព័ន្ធនឹងសាលាខេត្តកំពត ហើយក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋទៅតាមដាន និងស្នើសុំការដោះស្រាយពីរដ្ឋបាលខេត្តវិញ។

លោក សុខ យស់ បានបញ្ជាក់ថា ការដែលក្រសួងណែនាំឱ្យប្រជាពលរដ្ឋទៅសាលាខេត្ត មិនមានន័យថាក្រសួងមិនយកចិត្តទុកដាក់ចំពោះករណីនេះទេ ប៉ុន្តែដោយសាររដ្ឋបាលខេត្តមានតួនាទីពាក់ព័ន្ធនឹងការស្នើសុំគោលការណ៍ដោះស្រាយ។

តាមការពន្យល់របស់លោក សុខ យស់ សហគមន៍ថ្លាន់១០០ មានប្រជាពលរដ្ឋប្រមាណ៤៩គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន សូ ងួន ក្រុមហ៊ុនឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ចន្ទសុធា លើផ្ទៃដីទំហំប្រមាណ១៥៧ហិកតា។ លោកថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលលើដីនោះ ហើយកន្លងមករដ្ឋបាលខេត្តកំពតបានចេញលិខិតស្នើសុំគោលការណ៍​កម្ម​សិទ្ធិពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។

លោកអានពន្យល់ទៅកាន់សហគមន៍ថា៖ «សហគមន៍ថ្លាន់១០០ តំណាងប្រជាពលរដ្ឋប្រមាណ​​៤៩គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន សូ ងួន ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ចន្ទ សុធា លើផ្ទៃដីទំហំប្រមាណ១៥៧ហិកតា ស្ថិតនៅភូមិព្រៃពាយ ចំណុចថ្លាន់១០០ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ករណីនេះគឺបច្ចុប្បន្នប្រជាពលរដ្ឋកំពុងកាន់កាប់អាស្រ័យផល អានេះគេបញ្ជាក់ច្បាស់ណាស់ដែលកំពុងកាន់កាប់ជាក់ស្តែងស្នើសុំបណ្ណកម្មសិទ្ធិកន្លងទៅរដ្ឋបាលខេត្តកំពតបានចេញលិខិតចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្នើសុំគោលការណ៍ផ្តល់កម្មសិទ្ធិពីរាជរដ្ឋាភិបាលជូប្រជាពលរដ្ឋ»។

ពាក់ព័ន្ធនឹងការដាក់ញត្តិទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ប្រជាសហគមន៍ថ្លាន់១០០បានឲ្យដឹងថា មន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីមិនបានទទួលញត្តិរបស់ពួកគេដោយផ្ទាល់ទេ ប៉ុន្តែបានណែ​នាំ​​ឱ្យពួកគេទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីវិញ។ បន្ទាប់មក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានទទួលញត្តិរបស់ប្រជាពលរដ្ឋរួចរាល់។

តាមញត្តិដែលប្រជាពលរដ្ឋបានរៀបចំដាក់ជូនឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រជាពលរដ្ឋក្រីក្រចំនួន៤៩គ្រួសារ ដែលរស់នៅភូមិព្រៃពាយ ចំណុចថ្លាន់១០០ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ស្នើឱ្យមានការពន្លឿនការចុះកំណត់តំបន់វិនិច្ឆ័យ និងវាស់វែង ដើម្បីទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។

ក្នុងញត្តិ ប្រជាពលរដ្ឋអះអាងថា ពួកគេបានចូលកាន់កាប់ និងរស់នៅលើដីរដ្ឋ ដោយធ្វើផ្ទះស្នាក់​នៅ និងអាស្រ័យផលតាំងពីប្រមាណឆ្នាំ២០១៤ ហើយមិនដែលត្រូវបានអាជ្ញាធរហាមឃាត់​។ ពួកគេក៏អះអាងថា បានដាក់លិខិតស្នើសុំទៅរដ្ឋបាលខេត្តកំពតក្នុងអំឡុងឆ្នាំ២០១៩-២០២០ ប៉ុន្តែមិនទទួលបានការឆ្លើយតប។

តាមញត្តិដដែល ប្រជាពលរដ្ឋបានលើកឡើងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន ដែលពេលនោះជាអភិបាលខេត្តកំពត បានបើកវេទិកាសាធារណៈនៅវត្តកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក និងបានសន្យាថានឹងចុះធ្វើបច្ចុប្បន្នភាពជូនពួកគេក្នុងរយៈពេល៥ថ្ងៃ ប៉ុន្តែពួកគេអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ទទួលបានការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិឡើយ។

ប្រជាពលរដ្ឋក៏បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានទទួលពាក្យស្នើសុំឱ្យពន្លឿនការចុះកំណត់តំបន់វិនិច្ឆ័យ និងវាស់វែងដីជូនប្រជាពលរដ្ឋទាំង៤៩គ្រួសារ។ ពួកគេក៏អះអាងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន បានសន្យាថានឹងចុះពិនិត្យផ្ទាល់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ​។

ពាក់ព័ន្ធនឹងបញ្ហានេះ សារព័ត៌មានខេមបូចាមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងលោក ឃុត ឧសភា ដែលជានាយករដ្ឋបាលសាលាខេត្តកំពតបានទេ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

សារព័ត៌មានខេមបូចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គិតត្រឹមម៉ោងចេញផ្សាយ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ (LICADHO) បានលើកឡើងថា ដីធ្លីមានសារៈសំខាន់សម្រាប់ប្រជាកសិករ ព្រោះជីវភាពរបស់ពួកគេពឹងផ្អែកលើការធ្វើកសិកម្ម ហើយការមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិធ្វើឱ្យសុវត្ថិភាពនៃការកាន់កាប់ដីធ្លីនៅមិនទាន់មានភាពច្បាស់លាស់។

លោកបន្តថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរពន្លឿននីតិវិធីដោះស្រាយ និងគួរផ្តល់ការឆ្លើយតបឱ្យបានច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋ ជំនួសឱ្យការបញ្ជូនពីស្ថាប័នមួយទៅស្ថាប័នមួយដោយគ្មានលទ្ធផលច្បាស់លាស់។

លោក អំ សំអាត ក៏បានលើកឡើងថា ការដែលបញ្ហាដីធ្លីអូសបន្លាយយូរ អាចប៉ះពាល់ដល់ជីវភាព និងការចំណាយធនធានរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅក្រសួង និងស្ថាប័នផ្សេងៗ ដើម្បីស្វែងរកអន្តរាគមន៍។ លោកក៏បានរំលឹកពីបទពិសោធន៍កន្លងមក ដែលតំណាងសហគមន៍ដីធ្លីមួយចំនួនបានប្រឈមនឹងបណ្តឹង ការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោសតាមផ្លូវតុលាការ។

ជុំវិញស្ថានភាពរបស់សហគមន៍ថ្លាន់១០០ លោក អំ សំអាត បានរៀបរាប់ថា ករណីដីធ្លីរបស់ពួកគេធ្លាប់មានជម្លោះជាមួយក្រុមហ៊ុន ស៊ីខេអេ ចំរើន កសិឧស្សាហកម្ម អភិវឌ្ឍន៍ (កម្ពុជា) អឹមផត អិចផត ដែលមានលោកឧកញ៉ា ប៉ែន នួន ជាអគ្គនាយកក្រុមហ៊ុន ហើយប្រជាពលរដ្ឋក៏ធ្លាប់មានវិវាទជាមួយក្រុមហ៊ុន សូ ងួន និងតំណាងសហគមន៍ធ្លាប់ប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការផងដែរ។

លោក អំ សំអាត មានបន្ថែមថា៖ «ក្រសួង និងស្ថាប័ន និងភាគីពាក់ព័ន្ធគួរពន្លឿននីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ដើម្បីកុំឱ្យបញ្ហានេះអូសបន្លាយពេលយូរ ដែលអាចប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋអាចប្រឈមមុខនិងបញ្ហាផ្សេងៗបន្តទៀត »។

ព័ត៌មានថ្មី

អត្ថបទពេញនិយម