អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលរបស់ក្រុមហ៊ុន Grab ជាង១០០នាក់ នាថ្ងៃព្រហ្បតិ៍ ទី៣ ខែកញ្ញា បានប្រមូលផ្ដុំគ្នាតវ៉ានៅ ទីស្នាក់ការរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ ស្នើសុំឱ្យលុបចោលកម្មវិធីបញ្ចុះតម្លៃ១៥ភាគរយ ដែលមានឈ្មោះថា Save Luy ដោយអះអាងថា បានធ្វើឱ្យប្រាក់កម្រៃធ្លាក់ចុះពី ១ ១០០ រៀល មកត្រឹម ៩៥០រៀល ក្នុង១គីឡូម៉ែត្រ (សម្រាប់គីឡូម៉ែត្របន្ទាប់) ដែលប៉ះពាល់ដល់ចំណូល និងជីវភាពរបស់ពួកគេ។
តំណាងក្រុមអ្នកតវ៉ាលោក ឆាយ លីប្រុសពៅ លើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូនតាមថ្នាលឌីជីថលមួយចំនួន បានសហការគ្នាក្នុងការបង្កើតកម្មវិធី Save Luy នេះ ដែលដំណើរការរយៈពេលកន្លះខែមកហើយ ដោយបានបន្ថយកម្រៃរបស់អ្នកដឹកជញ្ជូន ១៥ភាគរយ ក្នុងមួយគីឡូម៉ែត្រ សម្រាប់គីឡូម៉ែត្របន្ទាប់។
លោកបន្ថែមថា បើទោះបីជា ក្រុមហ៊ុនផ្ដល់ជម្រើសដល់អ្នករត់កង់បីអាចបើក ឬបិទកម្មវិធីនេះក៏ដោយ ប៉ុន្តែប្រសិនបើពុំបើកមុខងារសេវាកម្មថ្មីនេះ នោះការរោទ៍តាមកម្មវិធី (App) ដឹកអ្នកដំណើរក៏មិនឮដែរ ដែលលោកចាត់ទុកថា ជាផ្នែកមួយនៃការកាបសង្កត់ដោយមិនផ្ទាល់របស់ក្រុមហ៊ុន។
លោក ឱ្យដឹងទៀតថា ក្រុមហ៊ុនទើបតែយល់ព្រមក្នុងផ្ដល់ជូនកម្រៃចំនួន ១ ១០០រៀល សម្រាប់គីឡូម៉ែត្របន្ទាប់ (មិនមែនគីឡូម៉ែត្រដំបូង)កាលពីពេលថ្មីៗនេះ ប៉ុណ្ណោះ។
លោកបន្តថា ក្រុមហ៊ុនបានដំឡើងកម្រៃជើងសារសម្រាប់ក្រុមហ៊ុនពី ១០ភាគរយ ទៅ១៥ភាគរយ តាមទំនើងចិត្ត ប៉ុន្តែកម្រៃរបស់អ្នកដឹកជញ្ជូនបែរជាចុះថ្លៃចាប់តាំងពីឆ្នាំ២០១៧មក ពី១ ២០០រៀល មកនៅ ១ ០០០រៀលជាដើម។
លោក បន្ថែមថា កម្មវិធីថ្មីនេះ ក្រុមហ៊ុនបានដាក់ដំណើរការអស់រយៈកន្លះខែមកហើយ ខណៈក្រុមអ្នកតវ៉ា នឹងជួបជុំគ្នានៅក្រុមហ៊ុនរហូតទាល់តែមានដំណោះស្រាយ។
លោកបានលើកឡើងថា៖ «វាថោកជាងតម្លៃពីមុន១៥ភាគរយ ចឹងមានន័យថា យើងតវ៉ានេះបាន១១០០ហើយ ប៉ុន្តែបើវាថោក១៥ភាគរយ មានន័យថា ភ្ញៀវកក់កម្មវិធី Save Luy គឺមួយគីឡូបាន៩៥០រៀល។ ចឹង ១ ១០០ ដែលយើងខំតវ៉ា១ ២ឆ្នាំហើយនោះម៉េច!»។
អ្នកតវ៉ាមួយរូបទៀតលោក ចាន់ វិរៈ និយាយថា រាល់ថ្ងៃការចាយវាយរបស់លោកមានការខ្វះខាត ដោយអះអាងថា ក្រោយក្រុមហ៊ុនកាត់កម្រៃជើងសារនេះ។ លោកបានរអ៊ូថា ការជួសជុល និងការប្ដូរប្រេងម៉ាស៊ីនផង ក៏ត្រូវខ្ចីបុលគេផងដែរ។
លោកឱ្យដឹងថា៖ «[លុបសេវាកម្មនេះចេញ]ធ្វើឱ្យជីវភាពបានល្អប្រសើរវិញ រាល់ថ្ងៃការចាយវាយអត់គ្រប់គ្រាន់ទេ […]ដោយសារក្រុមហ៊ុនកាត់កម្រៃជើងសារច្រើនពេក។ ជាក់ស្ដែង ម៉ូតូយើងខូចយើងអត់មានលុយធ្វើ យើងបែរជាខ្ចីលុយគេថែមហើយយកមករាប់ សងគេមួយថ្ងៃ ប៉ុណ្ណេះ ប៉ុណ្ណោះ ប្រេងម៉ាស៊ីនមួយខែ៣០ថ្ងៃ ត្រូវដល់ថ្ងៃដូរ អត់មានលុយដូរ ដោយសារការរកស៊ីប្រចាំថ្ងៃកាត់លុយច្រើនពេកទៅ វាបានត្រឹមមួយចាយ អត់បានសល់សម្រាប់មើលថែសុខភាពខ្លួនឯង និងម៉ូតូ»។
អ្នករត់រ៉ឺម៉កកង់បីមួយរូបលោក បុក ដំ អាយុ២៩ឆ្នាំ ដែលបានចូលរួមការតវ៉ាផងដែរ និយាយថា លោកប្រឈមនឹងការឡើងថ្លៃហ្គាស ការដូរគ្រឿងបន្លាស់ សូម្បីតែប្រេងម៉ាស៊ីនក៏ឡើងថ្លៃផងដែរ ដោយត្រូវចំណាយផ្ទាល់ខ្លួន។
លោកនិយាយថា៖ «ប៉ះពាល់ខ្លាំង ទី១ ហ្គាសឡើងថ្លៃទៀតអីឡូវ ណាមួយកង់បីពួកខ្ញុំត្រូវការដូរគ្រឿងបន្លាស់ ប្រេងម៉ាស៊ីនឡើងថ្លៃ គ្រឿងបន្លាស់ឡើងថ្លៃ លុយផ្ទាល់ខ្លួន។ […] ចង់ឱ្យក្រុមហ៊ុនបិទកម្មវិធីនេះចោល ខ្ញុំរាល់ថ្ងៃ ពិបាកដែរ ចំណូលធ្លាក់ចុះ រត់កង់បី ៣ឆ្នាំហើយ ភ្ជាប់សេវា Grab ៣ឆ្នាំហើយ»។
ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាធារណៈក្រុមហ៊ុន ហ្គ្រេប (Grab) លោក កាន់ ឈុនណាត មានប្រសាសន៍ថា ការបង្កើតកម្មវិធីថ្មីនេះ ក្នុងគោលបំណងបង្កើនការដឹកជញ្ជូនច្រើនជាងមុនសម្រាប់អ្នករត់រ៉ឺម៉កកង់បីប៉ុណ្ណោះ ដោយលោកអះអាងថា ទិន្នន័យបច្ចុប្បន្នបង្ហាញថា ពួកគេដឹកជញ្ជូនភ្ញៀវបានតែ២ម៉ោងប៉ុណ្ណោះ ក្នុងរយៈពេល៨ម៉ោងនៃការងារក្នុងមួយថ្ងៃ។
លោកបន្ថែមថា ចំពោះម៉ោងស្ទះចរាចរណ៍ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ សេវាកម្មនេះពុំបើកឱ្យប្រើប្រាស់នោះទេ។ លោកអះអាងថា បច្ចុប្បន្នការធ្លាក់ចុះនៃការដឹកជញ្ជូន បន្ទាប់ពីភ្ញៀវទេសចរធ្លាក់ចុះ និងការបង្រ្កាបបទល្មើសអនឡាញស្កេម ស្របពេលដែលភ្ញៀវក្នុងស្រុកក៏ងាកមកប្រើមធ្យោបាយផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរផងដែរ។

ប្រធានគ្រប់គ្រងផ្នែកកិច្ចការសាធារណៈរូបនេះ ឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះរវាងតំណាងអ្នករត់កង់បី អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន បានយល់ព្រម បញ្ជូនករណីនេះ ទៅកាន់ក្រសួងពាក់ព័ន្ធដែលមានក្រសួងការងារ និងក្រសួងពាណិជ្ជកម្មជាដើម ធ្វើការសិក្សា និងសម្រេចថា តើគួរទុកកម្មវិធីនេះបន្តទៀត ឬយ៉ាងណានោះ។
លោក និយាយថា៖ «គោលបំណងឱ្យគាត់មានការងារច្រើនជាងមុននៅម៉ោងទំនេរ។ បច្ចុប្បន្នភ្ញៀវទេសចរណ៍ ក៏ធ្លាក់ចុះ ហើយមានការបង្រ្កាបអនឡាញស្កេមផង។ នៅក្នុងស្រុកក៏ងាកទៅប្រើមធ្យោបាយខ្លួនឯងច្រើន»។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា លើកឡើងថា លោកនឹងឆ្លើយតបអ្នកសារព័ត៌មានខេមបូចា តាមប្រព័ន្ធតេលេក្រាម។ យ៉ាងណាគិតត្រឹមម៉ោង៦ល្ងាចនេះ លោកពុំទាន់ឆ្លើយតបនៅឡើយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ទទូចឱ្យក្រសួងការងារនាំភាគីពាក់ព័ន្ធទាំងអស់មកផ្សះផ្សាគ្នា ដើម្បីរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។
លោកបានថ្លែងថា៖ «ក្រសួងត្រូវយកភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រុមហ៊ុន ទាំងអ្នកដែលតវ៉ាមិនមែនសមាគម អ្នកដែលសមាគម ភាគីពាក់ព័ន្ធទាំងអស់ត្រូវជជែកគ្នា រកដំណោះស្រាយរួមមួយ ដើម្បីអាចទទួលយកបាន ទាំងអ្នកដែលដឹកជញ្ជូនទាំងក្រុមហ៊ុន ហើយគ្រប់ភាគីទាំងអស់ត្រូវតែចូលរួម មិនត្រូវផ្អាប់ភាគីណាមួយចោលហើយដល់ពេលចឹងទៅសំឡេងវាអត់គ្រប់គ្រាន់ ក្រុមហ៊ុនគេគ្រលុកតាមតែអំពើចិត្តហ្នឹង»។
កាលពីចុងខែមេសា ឆ្នាំ២០២៦ អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថល Grab ជាង១០០នាក់ ក៏បានប្រមូលផ្តុំគ្នា ដែលកាលនោះជាការតវ៉ាលើកទី២ នៅមុខការិយាល័យ Grab ក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាពាក់ព័ន្ធនឹងថ្លៃសេវាដឹកជញ្ជូន និងកម្រៃជើងសារ ដែលពួកគេថា មិនសមរម្យ និងមិនយុត្តិធម៌សម្រាប់ពួកគេឡើយ។
ពួកគេអះអាងថា ក្រុមហ៊ុនមិនបានគោរពតាមកិច្ចព្រមព្រៀងមុនៗ ទាក់ទងនឹងថ្លៃដឹកជញ្ជូន និងកម្រៃជើងសារ ស្របពេលដែលតម្លៃហ្គាសកំពុងឡើងថ្លៃ ដែលមានតម្លៃ ៣ ៧០០ រៀលក្នុងមួយលីត្រ ក្នុងខែមេសា ធ្វើឱ្យចំណូលប្រចាំថ្ងៃធ្លាក់ចុះ មិនគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំថ្ងៃ និងតម្រូវការចាំបាច់៕









