ទន្លេមេគង្គដែលធ្លាប់តែហូរកាត់ក្រោយផ្ទះដែលជាកន្លែងរត់លេងកាលពីកុមារភាពរបស់អ្នកស្រី អឿន ស្រីវីន អ្នកស្រុកកោះភូមិថ្មី ឥឡូវនេះកំពុងបង្កើតភាពភ័យខ្លាចដល់រូបអ្នកស្រី ជាងការផ្ដល់កន្លែងសម្រាកលំហែ។
ក្នុងអំឡុងពេលចុះយកព័ត៌មានកាលពីពាក់កណ្ដាលខែកក្កដា អ្នកស្រី ស្រីវីន និងប្រជាពលរដ្ឋភូមិថ្មី ខេត្តព្រៃវែង បានប្រាប់សារព័ត៌មានខេមបូចា ថា សកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃរបស់ក្រុមហ៊ុនបូមខ្សាច់ បានបង្កឱ្យស្រុតដីច្រាំងកោះមួយនេះធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ប្រជាសហគមន៍បន្តថា ពួកគេក៏បានដាក់ពាក្យបណ្ដឹងជាច្រើនលើកច្រើនសារទៅកាន់អាជ្ញាធរមូលដ្ឋានដែរ។
«ប៉ុន្តែគ្មានអាជ្ញាធរណាមួយធ្លាប់យកចិត្តទុកដាក់ឡើយ»នេះជាការលើកឡើងរបស់អ្នកស្រី ស្រីវីន វ័យ២៩ឆ្នាំ ដោយបន្ថែមថា៖ «នោះហើយជាមូលហេតុដែលប្រជាពលរដ្ឋសម្រេចចិត្តចេញទៅតវ៉ា ដោយខ្លួនឯង»។
ការខកចិត្តជាច្រើនឆ្នាំ ត្រូវបានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីដើមខែកក្កដា រវាងប្រជាពលរដ្ឋភូមិថ្មី និងក្រុមហ៊ុនបូមខ្សាច់ចតុមុខ។ ដោយករណីនេះត្រូវបានបង្ហោះផ្សាយលើបណ្ដាញសង្គមនឹងបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ នៅក្នុងវីដេអូដែលថតដោយពលរដ្ឋម្នាក់ បានបង្ហាញទិដ្ឋភាពប្រជាពលរដ្ឋជាច្រើននាក់ កំពុងចេញទូកទៅឃាត់សាឡង់បូមខ្សាច់មួយ ដែលពលរដ្ឋ អះអាងថាបានចតក្បែរនឹងច្រាំងកោះ ហើយពលរដ្ឋស្នើឱ្យងាកទៅកណ្ដាលជាច្រើនដងប៉ុន្តែត្រូវបានសាឡង់បដិសេធ ទើបធ្វើឱ្យពលរដ្ឋខឹងសម្បារនឹងបានយកដុំថ្មគប់ទៅលើសាឡង់នោះ។
ទោះបីជាហេតុការណ៍នេះបានឈានទៅដល់ការបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីតាមដានការបូមខ្សាច់នៅក្នុងតំបន់នោះក៏ដោយ ក៏អ្នកភូមិបាននិយាយថា សន្យារាប់ឆ្នាំដែលអាជ្ញាធរ មិនដែលធ្វើបាន ធ្វើឱ្យពួកគាត់នៅតែមានការសង្ស័យថា ការអន្តរាគមន៍នេះនឹងអាចជួយអ្វីបាន។

សន្យាដែលបានកប់ចោលជាច្រើនឆ្នាំ
អ្នកស្រី ស្រីវីន បាននិយាយថា ច្រាំងទន្លេក្បែរភូមិថ្មីបានចាប់ផ្តើមបាក់ស្រុតខ្លាំងចាប់ពីកំឡុងឆ្នាំ ២០២០ បន្ទាប់ពីសាឡង់បូមខ្សាច់ជាច្រើនបានបន្តចូលមកដល់។ អ្នកស្រីបាននិយាយថា ទឹកទន្លេដែលធ្លាប់តែហូរនៅចម្ងាយ ៣០ ម៉ែត្រខាងក្រោយផ្ទះរបស់អ្នកស្រី ឥឡូវនេះនៅសល់តែ ១០ ម៉ែត្រប៉ុណ្ណោះ។
មន្រ្តីរដ្ឋាភិបាលធ្លាប់បានថ្លែងនាពេលកន្លងមកថា សកម្មភាពបូមខ្សាច់នៅក្នុងតំបន់នោះមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយប្រតិបត្តិការទាំងឡាយស្ថិតនៅក្នុងដែនកំណត់នៃគម្រោង។
អនុប្រធានភូមិថ្មី លោក ជា ហ៊ង បាននិយាយថា ប្រជាសហគមន៍បានអំពាវនាវទៅកាន់រដ្ឋាភិបាលជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រួមទាំងការដាក់ញត្តិជូនតំណាងរាស្ត្រផងដែរ។ ប៉ុន្តែលោក ហ៊ង បាននិយាយថា អាជ្ញាធរមូលដ្ឋានបានខកខានក្នុងការរក្សាសន្យាទាំងនោះម្តងហើយម្តងទៀត ដោយមិនបានទប់ស្កាត់ក្រុមហ៊ុនមិនឱ្យបូមខ្សាច់ក្រៅតំបន់កំណត់ ឬបោះពងសម្គាល់ព្រំប្រទល់សម្រាប់ឱ្យអ្នកភូមិ និងក្រុមកម្មករបូមខ្សាច់មើលឃើញដូចគ្នានោះឡើយ។
បន្ទាប់ពីសមាជិកសហគមន៍រាប់រយនាក់បានធ្វើការតវ៉ាកាលពីឆ្នាំ ២០២៤ រដ្ឋាភិបាលបានបង្កើត
«គណៈកម្មការគ្រប់គ្រងធនធានខ្សាច់»ដែលជាស្ថាប័នថ្នាក់ជាតិដើម្បីតាមដានប្រតិបត្តិការនៃ
ឧស្សាហកម្មអាជីវកម្មខ្សាច់ និងចាត់វិធានការផ្លូវច្បាប់លើការបូមខ្សាច់ខុសច្បាប់។
ប៉ុន្តែ មេភូមិថ្មី លោកស្រី រិន ស្រីម៉ាច បាននិយាយថា ចន្លោះប្រហោងនៃការឃ្លាំមើលនៅតែមាន។ លោកស្រីបានអះអាងថា ក្រុមហ៊ុន Global Green Energy Development Co. Ltd., ដែលជាក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងឧកញ៉ា ទ្រី ភាព ដែលប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងដែលធ្លាប់រងការរិះគន់ចំពោះ ប្រតិបត្តិការបូមខ្សាច់ដែលបង្កឱ្យបាក់ច្រាំង និងបំផ្លាញផ្ទះសម្បែង ក៏បានលួចបូមខ្សាច់ហួសតំបន់អនុញ្ញាតកាលពីចន្លោះឆ្នាំ២០២៣ និង ២០២៤។
ក្រុមហ៊ុនមួយនេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ក្តីបារម្ភអំពីការបូមខ្សាច់នៅកន្លែងផ្សេងទៀតក៏បានលេចឡើងសារជាថ្មីនៅខែនេះ បន្ទាប់ពីអាជ្ញាធរខេត្តកោះកុងបាននិយាយថា ពួកគេបានអនុម័តប្រតិបត្តិការអាជីវកម្មខ្សាច់ដើម្បីនាំចេញទៅប្រទេសសិង្ហបុរី ទោះបីជាមានបម្រាមនាំចេញថ្នាក់ជាតិដែលបានដាក់ចេញកាលពីឆ្នាំ ២០១៧ បន្ទាប់ពីគេរកឃើញថាការបូមខ្សាច់ទ្រង់ទ្រាយធំបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេ និងឆ្នេរសមុទ្រក៏ដោយ។
លោកស្រី ស្រីម៉ាច បាននិយាយថា ការប្រឈមមុខដាក់គ្នានាពេលថ្មីៗនេះរវាងសាឡង់បូមខ្សាច់ និងប្រជាពលរដ្ឋភូមិថ្មី បានផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុន Chaktomuk Resources Supply Import Export Co Ltd., បានរំលោភលើព្រំប្រទល់ជាច្រើនលើក។
ក្រុមហ៊ុនចតុមុខ រួមជាមួយក្រុមហ៊ុន Global Green Energy Development និងក្រុមហ៊ុន Sokha Cambodia Co. Ltd., បានទទួលអាជ្ញាបណ្ណនៅឆ្នាំ ២០២៤ ពីក្រសួងរ៉ែ និងថាមពល ដើម្បីស្តារខ្សាច់ចំនួន ១,៣៩ ពាន់លានតោន ពីទន្លេមេគង្គ និងទន្លេបាសាក់ ដែលភាគច្រើនគ្រោងលក់ទៅឱ្យប្រទេសវៀតណាមសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន។
បុគ្គលិកក្រុមហ៊ុនចតុមុខម្នាក់បានបិទទូរស័ព្ទ នៅពេលអ្នកសារព័ត៌មានទាក់ទងសុំការអត្ថាធិប្បាយលើការចោទប្រកាន់ទាំងនេះ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ឬសំណើសុំការទាក់ទងទៅតំណាងគណៈកម្មការគ្រប់គ្រងធនធានខ្សាច់នៃអន្តរក្រសួងនោះទេ។
យ៉ាងណាមិញ លោក ឌីប៉ូឡា ធ្លាប់បានថ្លែងការពារក្រុមហ៊ុនចតុមុខនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែកក្កដា ដោយលោកមានប្រសាសន៍ថា ក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងបានប្រតិបត្តិការនៅក្នុងដែនដែលបានកំណត់។
ជាមួយគ្នា លោកបានបន្តថា ការបាក់ច្រាំងទន្លេអាចបណ្តាលមកពី «កត្តាធម្មជាតិ និងកត្តាបង្កឡើងដោយមនុស្សផ្សេងៗ»។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវដែលសិក្សាអំពីការសឹករេចរឹលនៃទន្លេ បានចង្អុលបង្ហាញថា ការបូមយកខ្សាច់គឺជាមូលហេតុស្នូល។

មូលហេតុដែលនាំឱ្យច្រាំងទន្លេបាក់ស្រុត
លោក Christopher Hackney សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែករូបភូមិវិទ្យានៅសាកលវិទ្យាល័យ Newcastle នៃរាជាណាចក្ររួមនៃព្រីតថេននិងអៀរឡង់ខាងជើង បាននិយាយថា ការបូមយកខ្សាច់ជាបន្តបន្ទាប់អាចបង្កឱ្យមានការបាក់ច្រាំង ដោយសារតែវាស៊ីច្រោះគ្រឹះផ្នែកខាងក្រោមនៃច្រាំងទន្លេ។
លោកបានពន្យល់ថា៖ «មិនថាក្រុមហ៊ុនបូមយកខ្សាច់នៅជិតគ្រឹះច្រាំងទន្លេ ឬឆ្ងាយបន្តិចនោះទេ នៅពេលគេបូមខ្សាច់ចេញពីបាតទន្លេ ជម្រៅនៃច្រាំងទន្លេទាំងនោះនឹងកាន់តែជ្រៅទៅៗ»។ លោកបន្តថា៖ «កាលណាច្រាំងទន្លេចោតជ្រុល វានឹងបាត់បង់ស្ថិរភាព ហើយអាចបាក់ស្រុតបាន»។
លោក Hackney ក៏បានកត់សម្គាល់ផងដែរថា កករកខ្វក់ដែលភាយចេញពីសាឡង់បូមខ្សាច់ អាចប៉ះពាល់ដល់ជីវៈចម្រុះ និងត្រីក្នុងទន្លេមេគង្គ និងទន្លេសាខារបស់វា ដោយសារវារារាំងពន្លឺថ្ងៃមិនឱ្យចាំងចូល និងកាត់បន្ថយកម្រិតអុកស៊ីសែន។
ការសិក្សាមួយកាលពីឆ្នាំ២០២០ ដោយលោក Hackney ជាមួយអ្នកស្រាវជ្រាវដទៃទៀត បានរកឃើញថា ប្រតិបត្តិការបូមខ្សាច់នៅទន្លេមេគង្គក្រោម អាចធ្វើឱ្យច្រាំងទន្លេបាត់បង់ស្ថិរភាព ទោះបីជាបូមជម្រៅត្រឹមតែ ២ ម៉ែត្រចូលទៅក្នុងបាតទន្លេក៏ដោយ។ ពួកគេបានកត់ត្រាទុកនូវរណ្តៅបូមខ្សាច់ដែលមាន ជម្រៅរហូតដល់ ៨ ម៉ែត្រ។
ទោះជាយ៉ាងណា ផលប៉ះពាល់ទាំងនេះមិនត្រឹមតែលេចឡើងនៅកោះភូមិថ្មីប៉ុណ្ណោះទេ។ ប្រជាពលរដ្ឋមួយចំនួននៅចម្ងាយត្រឹមតែ ៨ គីឡូម៉ែត្រ ក្នុងឃុំព្រែកខ្សាយ«ខ» បានបង្ហាញសារព័ត៌មានខេមបូចានូវផ្ទះចំនួន ៦ ខ្នង ដែលមានស្នាមប្រេះយ៉ាងជ្រៅតាមជញ្ជាំង និងស្រុតគ្រឹះផ្ទះ។ ពួកគាត់បានបន្ទោសការខូចខាតនេះលើប្រតិបត្តិការបូមខ្សាច់ និងបាននិយាយថា ពួកគាត់មិនទាន់ទទួលបានការគាំទ្រណាមួយពីរដ្ឋាភិបាលនៅឡើយទេ។ គ្រួសារមួយចំនួនបាននិយាយថា ពួកគាត់កំពុងចំណាយប្រាក់រាប់ពាន់ដុល្លារទិញថ្ម ដើម្បីក្រាលទប់ច្រាំងដែលកំពុងបាក់។
នៅភូមិអំពិលទឹក ស្រុកលើកដែក ដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកណ្តាលដែរនោះ ប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា ចំការស្វាយរបស់សាច់ញាតិគាត់ ដែលជាប្រភពចំណូលចម្បងរបស់គ្រួសារ កំពុងត្រូវបានបាក់ចូលក្នុងទន្លេចន្លោះពី ១ ទៅ ២ ដើមក្នុងមួយថ្ងៃ។ សារព័ត៌មានខេមបូចា បានសង្កេតឃើញដើមស្វាយ និងដីចំការបានបាក់រអិលចូលទៅក្នុងទន្លេដោយផ្ទាល់។

ការយល់ព្រមដោយស្ទាក់ស្ទើរ
ការបាក់ច្រាំង និងផ្ទះសម្បែង រួមទាំងការតវ៉ាយ៉ាងខ្លាំងពីសហគមន៍តាមដងទន្លេ នៅទន្លេមេគង្គក្រោម បានជំរុញឱ្យមានការឆ្លើយតបខ្លះៗពីអាជ្ញាធរ។
បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយបុគ្គលិកសាឡង់ក្រុមហ៊ុនចតុមុខ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បានអញ្ជើញអ្នកភូមិថ្មីឱ្យជួបគ្នានៅសាលាស្រុក។ ប៉ុន្តែអ្នកភូមិបានបដិសេធមិនចូលរួម ហើយបានតម្រូវឱ្យមន្ត្រីចុះទៅពិនិត្យការខូចខាតនៅកោះដោយផ្ទាល់វិញ។
ប្រជាពលរដ្ឋឈ្មោះ ឈុន ធឿន បាននិយាយថា៖ «មូលហេតុដែលយើងចង់ឱ្យគាត់មកដោយផ្ទាល់ គឺដោយសារតែមន្ត្រីក្រសួងម្នាក់បានអះអាងថា គ្មានការបាក់ច្រាំងនៅទីនេះទាល់តែសោះ»។ លោកបន្ថែមថា៖ «នោះហើយជាមូលហេតុដែលយើងចង់ឱ្យមន្ត្រី ចុះមកមើលស្ថានភាពជាក់ស្តែងនៅផ្ទាល់ដី»។
លោក ធឿន បាននិយាយថា លោក សួន សុម៉ាលីន ក្រោយមកបានចុះទៅកោះនោះ នៅថ្ងៃទី ៨ ខែកក្កដា ជាមួយក្រុមអ្នកជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យមើលខ្សែច្រាំងទន្លេ និងបានរៀបចំកិច្ចប្រជុំបើកចំហជាមួយប្រជាពលរដ្ឋ។
អនុប្រធានភូមិ លោក ហ៊ង បាននិយាយថា៖ «[អ្នកជំនាញដែលចុះមកថ្ងៃនោះ]បានអះអាងថា ការបាក់ច្រាំង ៥០% បណ្តាលមកពីកត្តាធម្មជាតិ និង៥០% ទៀតបណ្តាលមកពីការបូមខ្សាច់»។ លោកបន្តថា៖ «ប៉ុន្តែក្នុងនាមជាអ្នកកើតនៅទីនេះ ខ្ញុំដឹងថាធម្មជាតិមិនមែនជាមូលហេតុ បង្កដល់ ៥០% នោះទេ»។

បន្ទាប់ពីជំនួបនោះ អាជ្ញាធរបានបង្កើតគណៈកម្មការចំពោះកិច្ចរួមមួយ ដើម្បីតាមដានមើល និងរាយការណ៍អំពីសកម្មភាពបូមខ្សាច់ដែលរំលោភបំពានកៀកច្រាំងពេក។ គណៈកម្មការនេះមានសមាសភាពមកពីតំណាងប្រជាពលរដ្ឋ មន្ត្រីមូលដ្ឋាន នគរបាល និងតំណាងក្រុមហ៊ុនបូមខ្សាច់។
លោក អន ភារៈ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រៃវែង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ សុំការអត្ថាធិប្បាយនោះទេ។
អ្នកភូមិផ្សេងទៀត នៅតែមិនទាន់ជឿជាក់ទាំងស្រុងពីប្រសិទ្ធភាពរបស់ គណៈកម្មការតាមដានថ្មីនេះថានឹងនាំឱ្យមានការកែលម្អ។
អ្នកស្រី សំ សាម៉េត អាយុ ៦៥ ឆ្នាំ ដែលបានរស់នៅក្នុងភូមិថ្មីស្ទើរតែមួយជីវិតរបស់គាត់ និយាយថា គាត់ពិតជាមិនចង់ឱ្យមានការបន្តបូមខ្សាច់តែម្ដងនៅក្នុងតំបន់នេះ ដោយគាត់នៅតែមិនទុកចិត្តថា ក្រុមហ៊ុនទាំងនោះនឹងប្រតិបត្តិការក្នុងព្រំប្រទល់កំណត់ នៅពេលខាងមុខ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនទុកចិត្ត ព្រោះថាបើបូមយកអញ្ចឹងទៅ សាឡាងបូមខ្សាច់ហ្នឹងគឺចេះតែរំកិលមកហើយ ហើយបើយប់ឡើងទៀតចូលមកយកក្បែរចម្ការក្រោយផ្ទះយើងទៀត។ បូមកណ្ដាលៗអាធ្រាត មួយយប់ទល់ភ្លឺ»។
យោងតាមបទប្បញ្ញត្តិរបស់ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនបូមខ្សាច់អនុញ្ញាតឱ្យប្រតិបត្តិការចន្លោះពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាចប៉ុណ្ណោះ។
នៅពេលរំលឹកពីការប៉ះទង្គិចគ្នាដែលកើនកម្ដៅពេញបណ្ដាញសង្គមឡើងវិញ អ្នកភូមិជាច្រើននៅតែអះអាងថា ការចេញមុខដោះស្រាយដោយខ្លួនឯង គឺជាជម្រើសតែមួយគត់ដែលពួកគាត់មាន។
ដោយលោក ធឿន បាននិយាយថា៖«បើសិនជារអាក់រអួល ឬក៏ចេញតវ៉ាតែ៤-១០នាក់ ក៏មិនបានរលូនអញ្ចឹងដែរ។ ប៉ុន្តែដល់ពេល អ្នកស្រុកគ្រប់គ្រួសារតាំងចិត្តថា បើយើងមិនជំទាស់ មិនសុំរកឱ្យមានដំណោះស្រាយឱ្យគេបូមនៅគន្លងគេទេ យើងអាចនឹងប្រឈមមុខនឹង ការបាក់ដី គ្មានកន្លែងនៅទៀត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘No Authority Ever Paid Attention’: Mekong Villagers Confront Sand Dredgers, Distrust Lingers









