លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្អាកការបូមខ្សាច់ជាបណ្ដោះអាសន្ន ប្រសិនបើមានករណីបាក់ច្រាំងទន្លេនៅក្បែរតំបន់នោះ ដើម្បីបើកការស៊ើបអង្កេតរកមូលហេតុឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការបាក់ច្រាំង។
តាមរយៈវីដេអូខ្លីមានរយៈពេលជាង៣នាទី ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា កាលពីចុងខែមុន ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លោកបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការត្រួតពិនិត្យលើទីតាំងបាក់ច្រាំងទន្លេឱ្យហ្មត់ចត់ និងចុះស្រាវជ្រាវភ្លាមៗនៅពេលទទួលបានដំណឹងពីការបាក់ច្រាំង។
លោកបន្តណែនាំទៀតថា អាជ្ញាធរក៏ត្រូវផ្សព្វផ្សាយអំពីលទ្ធផលនៃការចុះស្រាវជ្រាវ ជុំវិញមូលហេតុនាំឱ្យបាក់ច្រាំងទន្លេ ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលាផងដែរ។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឱ្យផ្អាកការបូមខ្សាច់ជាបណ្ដោះអាសន្ន ក្នុងករណីមានការបាក់ច្រាំងទន្លេក្បែរទីតាំងបូមខ្សាច់ ដើម្បីបើកការស៊ើបអង្កេតរកមូលហេតុនាំឱ្យបាក់ច្រាំងឱ្យបានច្បាស់លាស់សិន។
លោកបានថ្លែងថា៖ «ចំពោះទីតាំងណាដែលកំពុងតែបាក់ ហើយមានសកម្មភាពបូមខ្សាច់ សុំផ្អាកសិនទៅ។ កុំឱ្យស្មុគស្មាញ យើងត្រូវការ២អាទិត្យ ដើម្បីវាយតម្លៃបាក់ថែមទៀត បូមនៅហ្នឹងទៀត ប្រទាក់ក្រឡា ហើយវា អត់ចំណេញអត់ខាតអីទេ សួយសារផ្អាកបន្តិចទៅ។ បើសិនជាមិនទាន់ច្បាស់ សុំធ្វើម៉េចផ្អាកសិនចុះ ឧទាហរណ៍បាក់កន្លែងហ្នឹង ផ្អាកសិន ហើយចុះសិក្សាវាយតម្លៃឱ្យបានច្បាស់លាស់ តើយ៉ាងម៉េច?»។
ពលរដ្ឋម្នាក់រស់នៅភូមិ៥ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង លោក សរ សារឿន ដែលផ្ទះសម្បែងរងការប្រេះ និងបាក់ស្រុត បម្រុងចូលក្នុងទន្លេ កាលពីខែមេសា និយាយថា លោកបានសម្រេចចាក់ដី និងថ្ម ដើម្បីពង្រឹងគ្រឹះ និងការពារកុំឱ្យផ្ទះបន្តប្រេះបន្ថែមទៀត ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ៣ម៉ឺនដុល្លារ។
លោកបន្តថា នៅពេលដែលផ្ទះរបស់លោករងការបាក់ស្រុត និងចាប់ផ្ដើមប្រេះ លោកសង្កេតឃើញ មានសាឡង់កំពុងបូមខ្សាច់ ដែលនៅចម្ងាយប្រហែល៧គីឡូម៉ែត្រពីផ្ទះរបស់លោក ខណៈលោករស់នៅតំបន់នេះអស់រយៈពេល៤០ឆ្នាំមកហើយ ពុំដែលជួបប្រទះករណីបាក់ច្រាំងទន្លេបែបនេះនោះទេ។
លោកបន្ថែមថា៖ «សំណូមពរឱ្យគាត់មកជួយមើលដោះស្រាយឱ្យខ្ញុំបាន២០ភាគរយក៏បានដែរ ១០ភាគរយក៏បាន ខាងរដ្ឋាភិបាល និងអាជ្ញាធរដែនដីហ្នឹង»។
ចំណែកពលរដ្ឋមួយរូបទៀតរស់នៅភូមិជាមួយគ្នា គឺលោក ខៅ ថង ដែលផ្ទះរងការខូចខាតពីការបាក់ច្រាំងផងដែរ បានឱ្យដឹងថា សព្វថ្ងៃលោករស់នៅផ្ទះបងប្អូន និងថា អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយអ្វីនោះទេ។
ក្នុងអំឡុងពេលអ្នកសារព័ត៌មាន ខេមបូចា ចុះយកព័ត៌មានដោយផ្ទាល់ កាលពីពាក់កណ្ដាលខែកក្កដា ពលរដ្ឋដែលផ្ទះសម្បែងខូចខាតដោយការបាក់ច្រាំងទន្លេ ស្ថិតនៅឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានប្រាប់ថា ពួកគេ សង្កេតឃើញសកម្មភាពបូមខ្សាច់ទាំងយប់ថ្ងៃរបស់ក្រុមហ៊ុនបូមខ្សាច់ ដោយអ្នកភូមិ សង្ស័យថា ការបាក់ដីច្រាំង ទំនងកើតឡើងដោយសារការបូមខ្សាច់នេះ។ ប្រជាសហគមន៍បន្តថា ពួកគេក៏បានដាក់ពាក្យបណ្ដឹងជាច្រើនលើកច្រើនសារទៅកាន់អាជ្ញាធរមូលដ្ឋានផងដែរ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក អ៊ឹង ឌីប៉ូឡា ទូរសព្ទមិនអាចទំនាក់ទំនងបាន ខណៈផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមលោកពុំទាន់ចូលអាននៅឡើយគិតត្រឹមម៉ោងចេញផ្សាយ។
ជុំវិញករណីនេះ នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍលោក សាន់ ម៉ាឡា លើកឡើងថា លោកគាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្រ្តីដែលតម្រូវឱ្យផ្អាកបូមខ្សាច់ នៅទីតាំងដែលមានបាក់ច្រាំងទន្លេ។
ស្របពេលជាមួយគ្នាលោក ក៏ទទូចឱ្យក្រសួងរ៉ែ និងថាមពល បង្ហាញព័ត៌មានពាក់ព័ន្ធនឹងអាជីវកម្មរ៉ែខ្សាច់នេះ ថាតើមានអាជ្ញាបណ្ណចំនួនប៉ុន្មានកំពុងដំណើរការ ធ្វើសកម្មភាពនៅទីតាំងណាខ្លះ រយៈពេលនៃអាជីវកម្ម និងលទ្ធភាពនៃការបូមខ្សាច់បានចំនួនប៉ុន្មាន ទៅក្នុងគេហទំព័ររបស់ក្រសួង ដើម្បីឱ្យពលរដ្ឋអាចតាមដាន និងស្វែងយល់ ក៏ដូចជាការលើកកម្ពស់សុចរិតភាពនៃអាជីវកម្មរ៉ែខ្សាច់ផង។
លោកបន្ថែមថា៖ «ការធ្វើបែបនេះជាផ្នែកមួយដើម្បីលើកកម្ពស់សុចរិតភាពនៃអាជីវកម្មបូមខ្សាច់ ជាការបង្ហាញនូវគណនេយ្យភាព ក៏ដូចជាចូលរួមទប់ស្កាត់នៃការប្រព្រឹត្តអំពើពុករលួយរវាងឈ្មួញខិលខូច និងមន្រ្តីខិលខូច»៕








