សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថល Pass App ជាង១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនស្នើលុបសេវាកម្ម Save Luy

អ្នករត់រ៉ឺម៉កកង់បី តាមថ្នាលឌីជីថល Pass App ប្រមាណ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ស្នើសុំលុបកម្មវិធីឈ្មោះ Save Luy នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)
អ្នករត់រ៉ឺម៉កកង់បី តាមថ្នាលឌីជីថល Pass App ប្រមាណ១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ស្នើសុំលុបកម្មវិធីឈ្មោះ Save Luy នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/វ៉ា សុភានុត)

អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលរបស់ក្រុមហ៊ុន ផាសអ៊ែប (Pass App) ជាង១០០នាក់ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា បានប្រមូលផ្ដុំគ្នាតវ៉ានៅទីស្នាក់ការរបស់ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ស្នើ​សុំ​ឱ្យលុបចោលកម្មវិធីមានឈ្មោះ សេវលុយ ឬសន្សំប្រាក់ (Save Luy)  ដោយអះអាងថា បានតម្រូវឱ្យពួកគេបង់កម្រៃជើងសាររហូតដល់១៨ភាគរយជូនក្រុមហ៊ុន ខណៈ​សេវាកម្ម​ធម្មតាបង់ត្រឹម១៥ភាគរយចំពោះការដឹកជញ្ជូនភ្ញៀវមួយលើក ស្របពេលដែលពួកគេក៏ត្អូញត្អែរជុំវិញតម្លៃហ្គាសហក់ឡើងថ្លៃ។

អំឡុងពេលប្រមូលផ្ដុំនៅមុខទីស្នាក់ការរបស់ក្រុមហ៊ុន ក្រុមអ្នកតវ៉ា បានលើករូបថតលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ និងប្រធានព្រឹទ្ធសភាលោក​ ហ៊ុន សែន​ និងសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្ម រួមទាំងបដាដែលសរសេរសុំកិច្ចអន្តរគមន៍ពីថ្នាក់ដឹកនាំផងដែរ។

ពួកគេ បានស្រែកទាមទារឱ្យក្រុមហ៊ុន ផាសអ៊ែប គោរពតាមការព្រមព្រៀងគ្នាជាមួយក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ដែលណែនាំឱ្យផ្អាកជាបណ្ដោះអាសន្ននូវសេវាកម្មនេះក្នុងរយៈពេល៣ខែ បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថល ផាសអ៊ែប មួយរូប ដែលចូលរួមការតវ៉ាព្រឹកនេះលោក រស់ សំអឿន វ័យ៣៧ឆ្នាំ និយាយថា ក្រុមហ៊ុន ពុំបានអនុវត្តតាមការព្រមព្រៀងគ្នាជាមួយក្រសួង ចំពោះ​ការលុបសេវាកម្ម សេវលុយ (Save Luy។

ផ្ទុយទៅវិញលោក អះអាងថា ក្រុមហ៊ុនបានដំឡើងថ្លៃឱ្យដល់ ១ ១០០ រៀល ក្នុងមួយគីឡូម៉ែត្រ (សម្រាប់គីឡូម៉ែត្របន្ទាប់) ដូចកម្មវិធីធម្មតា ប៉ុន្តែក៏បានដំឡើងកម្រៃជើងសារជូនក្រុមហ៊ុនរហូតដល់១៨ភាគរយ ខណៈសេវាកម្មធម្មតាបង់ត្រឹម១៥ភាគរយ ចំពោះការដឹកជញ្ជូនភ្ញៀវក្នុងមួយលើក។

លោកលើកឡើងថា៖​ «ពេលដែលក្រុមហ៊ុន បន្តបើកកម្មវិធីនេះ  ពួកខ្ញុំដឹកបានថោក កម្រៃជើងសារខ្ពស់ ទាំងដែលបច្ចុប្បន្នថ្លៃហ្គាសថ្លៃ ចឹងស្មើនឹងខ្ញុំរករាល់ថ្ងៃ គឺអត់បានសល់ទេ គឺរកឱ្យតែក្រុមហ៊ុនទេ»។

ក្រុមអ្នកតវ៉ា ក៏បានរអ៊ូរទាំថា ប្រសិនបើពួកគេពុំបើកមុខងារសេវាកម្ម សេវលុយ (Save Luy) ទេនោះ កម្មវិធីធម្មតាដែលប្រើប្រាស់ គឺមិនងាយក្នុងការទទួលបានការហៅពីអតិថិជនឡើយ។

លោក សំអឿន បន្ថែមថា លោករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលជាមួយក្រុមហ៊ុន ផាសអ៊ែប តាំងពីឆ្នាំ២០១៨ ដែលកាលនោះ តម្លៃហ្គាសមួយលីត្រត្រឹម១២០០រៀល ខណៈតម្លៃសម្រាប់គីឡូម៉ែត្របន្ទាប់ ថ្លៃ ១ ២០០ រៀល ហើយ​ការបង់កម្រៃជើងសារជូនក្រុមហ៊ុន​ត្រឹម១២ភាគរយ ក្នុងមួយជើង។

ផ្ទុយស្រឡះនៅពេលនេះ លោក ថា តម្លៃហ្គាស បានហក់ឡើងខ្ទង់៣៥០០រៀល ទៅ ៤ ០០០ រៀល ក្នុងមួយលីត្រ ប៉ុន្តែថ្លៃដឹកជញ្ជូនបែរជាធ្លាក់មកនៅ ១ ១០០ រៀល ក្នុងមួយគីឡូម៉ែត្របន្ទាប់​ និងបង់កម្រៃជើងសារជូនក្រុមហ៊ុនដល់ទៅ១៨ភាគរយ (សម្រាប់សេវាកម្ម សេវលុយ)។

អ្នករត់រ៉ឺម៉កកង់បីមួយរូបទៀតលោក ហួន កុសល ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅចំពោះមុខទីស្នាក់ការក្រុមហ៊ុនថា សព្វថ្ងៃលោក និងអ្នករត់រ៉ឺម៉កកង់បីដទៃទៀត មានការលំបាកលំបិនជាខ្លាំង នៅពេលដែលប្រេងឥន្ធនៈ និងឧស្ម័នកំពុងឡើងថ្លៃ ហើយមកប្រឈមមុខនឹងការដំឡើងកម្រៃជើងសារពីក្រុមហ៊ុនបន្ថែមទៀត។

លោកបន្ថែមថា៖ «នៅពេលដែលហ្គាសកំពុងតែឡើងថ្លៃហើយ បែរជាក្រុមហ៊ុនដំឡើងនូវភាគរយទៀត។ ក្រុមហ៊ុនធ្វើផ្ទុយពីអ្វីដែលយើងបានជជែកគ្នាជាមួយនឹងក្រសួងពាណិជ្ជកម្មទៀត ហើយគោលបំណងដែលយើងមកនេះ គឺយើងចង់ឱ្យក្រុមហ៊ុនបិទនូវសេវាកម្មថ្មី សេវលុយ(Save Luy)ហ្នឹង»។ 

ចំណែកអ្នករត់រ៉ឺម៉កកង់បីមួយរូបទៀតគឺលោក ហេង ហុង និយាយថា លោកបានបង្ខំចិត្តក្នុងការបន្ថែមម៉ោងរត់រ៉ឺម៉កកង់បី ពីព្រោះតែប្រាក់ចំណូលបានធ្លាក់ចុះច្រើន បើប្រៀបធៀបនឹងកាលពីមុន។

លោក និយាយថា៖ «ពីមុនមកអាចថាត្រឹម១០ម៉ោងចូលផ្ទះបាន។ អីឡូវនេះ សឹងថា១៥ ទៅ១៦ម៉ោង ពេលខ្លះរកលុយអត់បាន ដេកលើកង់បីហ្មង។ បើអត់មានលុយ មានអីចូលផ្ទះធ្វើម៉េចឡូវ បើកភ្នែកមកប្រពន្ធកូនចាយលុយត្រូវអី គ្រប់សព្វបែបយ៉ាងទាំងអស់»។

សារព័ត៌មានខេមបូចា បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន ផាសអ៊ែប​ តាមរយៈលេខទូរសព្ទដែលដាក់នៅលើទំព័រហ្វេសប៊ុក ដោយអ្នកលើកទូរសព្ទ ប្រាប់ថា នៅមិនទាន់ទទួលបានព័ត៌មានជុំវិញករណីតវ៉ានៅព្រឹកនេះ ពីថ្នាក់លើនៅឡើយទេ។ 

អ្នកលើកទូរសព្ទដដែលថា គាត់មិនមានលេខទូរសព្ទថ្នាក់លើនោះទេ ក្រោយសាកសួរអំពីលេខទំនាក់ទំនង និងប្រាប់អ្នកសារព័ត៌មានខេមបូចា ថា ប្រសិនបើចង់បានព័ត៌មានអាចមកកាន់ក្រុមហ៊ុនផ្ទាល់។ 

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក​ ប៉ែន សុវិជាតិ ថ្លែងប្រាប់សារព័ត៌មានខេមបូចា នៅល្ងាចនេះថា ករណីនេះ លោកកំពុងទាក់ទងទៅកាន់មន្រ្តីពាក់ព័ន្ធ។

រីឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

លោក វន់ ពៅ​ ចាត់ទុកទង្វើរបស់ក្រុមហ៊ុន ជាការគាបសង្កត់លើដៃគូដែលជាអ្នករត់រ៉ឺម៉កកង់បី ដោយមិនខ្វល់ខ្វាយពីការកើនឡើងនូវតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន។ 

លោក ក៏បានវាយតម្លៃ ការតវ៉ារបស់ប្រជាពលរដ្ឋកើតឡើងនៅថ្ងៃនេះ ក៏ព្រោះតែជាកម្សោយរបស់ក្រសួងពាណិជ្ជកម្ម ដែលគ្មានយន្តការក្នុងការបង្ខំឱ្យក្រុមហ៊ុនអនុវត្តតាមការព្រមព្រៀងជាមួយគ្នាបាន។

លោក និយាយថា៖ «ខ្ញុំមើលឃើញថា វាជាកម្សោយរបស់ក្រសួងពាណិជ្ជកម្ម ដែលមិនមានយន្តការចាប់បង្ខំឱ្យក្រុមហ៊ុន អនុវត្តតាមកិច្ចព្រមព្រៀង»។

កាលពីដើមខែកញ្ញានេះ អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថលរបស់ក្រុមហ៊ុន Grab ជាង១០០នាក់ ក៏បានប្រមូលផ្ដុំគ្នាតវ៉ានៅទីស្នាក់ការរបស់ក្រុមហ៊ុន នៅរាជធានីភ្នំពេញ ស្នើសុំឱ្យលុបចោលកម្មវិធីបញ្ចុះតម្លៃ១៥ភាគរយ ដែលមានឈ្មោះថា សេវលុយ (Save Luy) នេះផងដែរ ដោយអះអាងថា បានធ្វើឱ្យប្រាក់កម្រៃធ្លាក់ចុះពី ១ ១០០ រៀល មកត្រឹម ៩៥០រៀល ក្នុង១គីឡូម៉ែត្រ (សម្រាប់គីឡូម៉ែត្របន្ទាប់) ដែលប៉ះពាល់ដល់ចំណូល និងជីវភាពរបស់ពួកគេ។

កាលនោះ ពួកគេលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូនតាមថ្នាលឌីជីថល​មួយចំនួន បានសហការគ្នាក្នុងការបង្កើតកម្មវិធី Save Luy នេះ ដែលដំណើរការរយៈពេលកន្លះខែមកហើយ ដោយបានបន្ថយកម្រៃរបស់អ្នកដឹកជញ្ជូន ១៥ភាគរយ ក្នុងមួយគីឡូម៉ែត្រ សម្រាប់គីឡូម៉ែត្របន្ទាប់។ 

បើតាមអ្នករត់រ៉ឺម៉កកង់បី​តាមថ្នាលឌីជីថល ផាសអ៊ែប ក្រុមហ៊ុនដែលសហការគ្នាក្នុងការបង្កើតសេវាកម្ម សេវលុយ (Save Luy) បានយល់ព្រមលុបចោលកម្មវិធីនេះអស់ហើយ នៅឡើយតែក្រុមហ៊ុន ផាសអ៊ែប ប៉ុណ្ណោះ។

នៅល្ងាចនេះ អ្នករត់រ៉ឺម៉កកង់បីតាមថ្នាលឌីជីថល ផាសអ៊ែប លោក រស់ សំអឿន ប្រាប់ថា ភាគីក្រុមហ៊ុន ពុំព្រមលុបចោលសេវាកម្ម សេវលុយ (Save Luy) នោះទេ​ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់នៅថ្ងៃនេះ ជាមួយតំណាងរបស់អ្នករត់រ៉ឺម៉កកង់បីក្រោមការសម្របសម្រួលពីអាជ្ញាធរខណ្ឌទួលគោក។

យ៉ាងណា លោក សំអឿន ថា នៅព្រឹកស្អែកភាគីក្រុមហ៊ុន និងតំណាងអ្នកតវ៉ា គ្រោងជួបគ្នានៅក្រសួងពាណិជ្ជកម្មដើម្បីរកដំណោះស្រាយបន្តទៀត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម